A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

អ្នក​វិភាគ​នយោបាយ​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ទន់​ឥរិយាបថ​វិល​រក​តុ​ចរចា


អ្នក​វិភាគ​នយោបាយ​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ទន់​ឥរិយាបថ​វិល​រក​តុ​ចរចា
ដោយ សាន សែល
2016-05-27

សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya


ខណៈ​នយោបាយ​ឡើង​កម្តៅ​ខ្លាំង អ្នកវិភាគ​ស្នើ​ឲ្យ​អ្នកនយោបាយ ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បន្ទន់​ឥរិយាបថ​រក​តុ​ចរចា ផ្អែក​តាម​កិច្ច​ព្រម​ព្រាង​វប្បធម៌​សន្ទនា​ដែល​មាន​ស្រាប់​ ​បន្ធូរបន្ថយ​ភាព​តាន​តឹង​នយោបាយ ដើម្បី​ប្រយោជន៍​ប្រជាជន និង​ជាតិ​រួម។ គណបក្ស​ទាំង​ពីរ​ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​គម្រោង​បើ​ក​ចរចា​ នៅឡើយ​ទេ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​តាម​ដាន​នយោបាយ លោក សូ ចន្ថា ថ្លែង​ថា​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នឹង​អាច​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​បាន ល្គឹកណា​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បន្ទន់​ឥរិយាបថ។ លោក​ថា​អ្នក​នយោបាយ​ពី​គណបក្ស​ទាំង​ពីរ បើ​ទោះ​ជា​គូ​ប្រកួតប្រជែង ក៏​ប៉ុន្តែ​ជា​ខ្មែរ ដែល​មាន​មាតុភូមិ​កំណើត​រួម​គ្នា។

លោក​ថា​ប្រសិន​បើ​អ្នកនយោបាយ​ខ្មែរ បណ្ដែត​បណ្ដោយ​ ឲ្យ​មាន​ហិង្សា​កើត​ឡើង តាម​រយៈ​ការ​ធ្វើ​បាតុកម្ម និង​ការ​បង្ក្រាប​របស់​អាជ្ញាធរ កម្ពុជា នឹង​ជួប​ហានិភ័យ​នយោបាយ៖ «អ្វី​ដែល​ខ្ញុំ​ និង​ប្រជាជន​ខ្មែរ​មិន​ចង់​ឃើញ គឺ​បាតុកម្ម​ប្រឆាំង​គ្នា រវាង​ខ្មែរ និង​ខ្មែរ បង្ហូរ​ឈាម​គ្នា។ ខ្មែរ​ជា​អ្នក​ខាត ក៏​ប៉ុន្តែ​បរទេស​ជា​អ្នក​ចំណេញ។ អ៊ីចឹង​ភាគី​នីមួយៗ គួរ​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ឲ្យ​បាន​ច្រើន»។

លោក​មាន​សុទិដ្ឋិនិយម​ថា អ្នកនយោបាយ​ខ្មែរ ដែល​អះអាង​ក្ដែងៗ ថា​បម្រើ​ផល​ប្រយោជន៍​ជាតិ នឹង​អាច​យក​បទ​ពិសោធ​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​វៀតណាម និង​សហរដ្ឋ​អាមេរិក ដែល​ប្រែក្លាយ​ពី​សត្រូវ​ហុត​ឈាម មក​ជា​មិត្ត​នឹង​គ្នា​វិញ។



ស្រប​ពេល​​​​​តំណាងរាស្ត្រ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស បន្ត​បន្ទាប់​គណបក្ស​ទាំង​ពីរ កំពុង​រក​ផ្លូវ​រួម ដើម្បី​ចរចា ប៉ុន្តែ​នៅ​មិន​ទាន់​លេច​ជា​រូបរាង​នៅ​ឡើយ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា គណបក្ស​លោក នឹង​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា។ លោក ចង់​ឃើញ​អាជ្ញាធរ ដោះលែង​សកម្មជន​គណបក្ស​លោក និង​មន្ត្រី​សិទ្ធិ​មនុស្ស ដែល​កំពុង​ជាប់​ឃុំ​ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ស្ថានភាព​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ៖ «បើ​ថា ប្រធាន​ភាគ​តិច និង​ប្រធាន​ភាគ​ច្រើន (នៅ​ក្នុង​រដ្ឋសភា) មិន​ទាន់​អាច​ជជែក​គ្នា​បាន ក៏​យើង​អាច​ជជែក​តាមរយៈ គណៈកម្មការ​ពង្រឹង​វប្បធម៌​សន្ទនា។ ដូច្នេះ សង្ឃឹម​ថា យើង​នឹង​រក​វិធី​ណា​មួយ​ ដើម្បី​ឲ្យ​ក្រុម​ទាំង​ពីរ អាច​ជួប​គ្នា និង​ជជែក​គ្នា។ មិន​គួរ​លើក​ពី​ករណី​ ឯកឧត្ដម សម រង្សី ឯកឧត្ដម កឹម សុខា ជា​ឧបសគ្គ​អី»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន លោក​ស្វាគមន៍​ចំពោះ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ចរចា។ ក៏​ប៉ុន្តែ លោក យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​បញ្ឈប់​ទម្លាប់​ចាប់​ដៃ ជាន់​ជើង៖ «គណបក្ស​ប្រជាជន​ មិន​ដែល​ចង់​បាន​អ្វី​ពី​គណបក្ស​សង្គ្រោះជាតិ​ទេ។ យើង​ស្នើ​ឲ្យ​(​គណបក្ស​សង្គ្រោះជាតិ) អនុវត្ត​បាន​ត្រឹមត្រូវ និង​អនុវត្ត​បាន​ត្រឹមត្រូវ ទៅ​តាម​កិច្ច​ព្រមព្រៀង ហើយ​គោរព​ទៅ​តាម អ្វី​ដែល​យើង​បានសម្រេច​ជាមួយគ្នា តាមរយៈ​វប្បធម៌​សន្ទនា។ នឹង​សំខាន់។ គណបក្ស​សង្គ្រោះជាតិ ចាប់ដៃ វ៉ៃជើង។ ដូច​សម្ដេច​នាយក មាន​ប្រសាសន៍​អ៊ីចឹង បោះបង់​គំនិត​នឹង​ចោល​ទៅ។ អា​គំនិត ញុះញង់​នឹង។ បោះបង់​ចោល​ទៅ»។

សម្រាប់​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ផ្ដល់​អនុសាសន៍​ថា គណបក្ស​ទាំង​ពី​រ គួរ​កំណត់​លក្ខខណ្ឌ​រៀង​ខ្លួន​ឲ្យ​បាន និង​សម​ហេតុ​តាម​ស្ថានការណ៍​ជាក់ស្ដែង៖ «ជា​ការ​ពិត នៅ​ពេល​លក្ខខណ្ឌ​នឹង​ខ្ពស់ យើង​ឃើញ​ថា ការចរចា​​នឹង មិន​បាន​ជោគជ័យ​ទេ។​ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ជជែក​គ្នា នៅ​ទីនេះ​វិញ ធ្វើ​យ៉ាងណា ឲ្យ​កម្ដៅ​នយោបាយ​ថយ​ចុះ ដែល​បង្ហាញ​ពី​ការ​ឯកភាព​ជាតិ ជាជាង​ការ​បង្ហាញ​ឲ្យ​បរទេស​ឃើញ​ពី​ការ​បែកបាក់​គ្នា។ នៅ​ពេល​នោះ​ហើយដែល​​បរទេស​ញញឹម ហើយ​សង្ឃឹម​ទទួល​បាន​ផល​ប្រយោជន៍​ពី​ខ្មែរ​យើង»។

កិច្ច​ព្រមព្រៀង​នយោបាយ ស្ដី​ពី​ដំណោះស្រាយ​នយោបាយ បាន​បង្កើត​ជា​វប្បធម៌​សន្ទនា តាមរយៈ​កិច្ច​ពិភាក្សា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​មាន​៧​ប្រការ៕

1 comment:

Anonymous said...

What a load of shit, mr so chantha!!!!.