A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

លោក ឈាង វុន ថា​ចំណាត់​ការ​របស់​សមត្ថកិច្ច​​គឺ​​ដើម្បី​នាំ​ខ្លួន​លោក កឹម សុខា ទៅ​តុលាការ


ដោយ ប្រាជ្ញ ចេវ
2016-05-26

ឈាង វុន ២០១៦ ៨៥៥
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ផ្តល់​បទសម្ភាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន យល់​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​ក្បួន​រថយន្ត​របស់​លោក កឹម សុខា និង​ចុះ​ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ដើម្បី​នាំ​ខ្លួន​លោក កឹម សុខា ទៅ​តុលាការ ព្រោះ​លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ការ​នាំ​ខ្លួន គឺ​ស្មើ​នឹង​ការ​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន ដែល​សកម្មភាព​នេះ​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ខណៈ​លោក កឹម សុខា កំពុង​មាន​អភ័យ​ឯកសិទ្ធិ។

តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន យល់​ថា គឺ​លោក កឹម សុខា ជា​អ្នក​រុញ​ឲ្យ​មាន​ស្ថានការណ៍​ធ្លាក់​ទៅ​បែប​នេះ ខណៈ​តុលាការ​កោះ​ហៅ​លោក​ធ្វើ​ជា​សាក្សី​ជាច្រើន​ដង ប៉ុន្តែ​លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា។ លោក ឈាង វុន បន្ត​ថា លោក កឹម សុខា កំពុង​ធ្វើ​ឲ្យ​មាន​ករណី​នេះ​ក្លាយ​ជា​បទល្មើស​ជាក់ស្តែង​ហើយ៖ «ឯកឧត្តម កឹម សុខា គាត់​បង្ក​ការ​លំបាក​ឲ្យ​ខ្លួន​គាត់ បើ​តាម​ខ្ញុំ​ដឹង គាត់​អញ្ជើញ​ទៅ​ជា​សាក្សី​ទេ ហើយ​នៅ​ក្នុង​ការងារ​ដំបូង​របស់​តុលាការ​គាត់​ត្រូវ​ឆ្លើយ»។



មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ពន្យល់​ណា​មួយ​ពី​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ទាក់ទង​ចំណាត់​ការ​នៅ​ពេល​នេះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ដែល​កាន់​សំណុំ​រឿង​នេះ កំពុង​ពិនិត្យ​លើ​ឯកសារ និង​នីតិវិធី​សម្រាប់​ចំណាត់​ការ​បន្ត​ទៅ​លើ​លោក កឹម សុខា។

កាល​ពី​ម៉ោង ១១​កន្លះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា កង​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ បាន​ស្ទាក់​ឃាត់​ក្បួន​រថយន្ត​របស់​លោក កឹម សុខា នៅ​លើ​កំណាត់​ផ្លូវ​នរោត្តម​ក្បែរ​សាលា​ពញាហុក ដែល​ក្បួន​រថយន្ត​ធ្វើ​ដំណើរ​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ប៉ុន្តែ​នៅ​ក្នុង​រថយន្ត​នោះ គ្មាន​វត្តមាន​លោក កឹម សុខា ទេ។ បន្ទាប់​ពី​គ្មាន​វត្តមាន​នៅ​ទីនោះ សមត្ថកិច្ច​ប្រមាណ ២០​នាក់ បាន​សម្រុក​ចូល​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​ប្រមាណ ១២​កន្លះ​ថ្ងៃ​ដដែល ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ដែល​ចុះ​មក​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ដីកា និង​លិខិត​ស្នាម​អ្វី​ទេ។ លោក​បន្ត​ថា បន្តិច​ក្រោយ​មក ក្រុម​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​អាវុធ ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​វិញ ដោយ​មិន​បាន​និយាយ​អ្វី​ទាំងអស់៖ «នាំ​ខ្លួន! នាំ​ខ្លួន​ឃាត់​ខ្លួន ស្មើ​នឹង​ចាប់​ខ្លួន​បាត់​ហើយ! ឯកឧត្តម កឹម សុខា កំពុង​មាន​អភ័យ​ឯកសិទ្ធិ»។

លោក យឹម សុវណ្ណ បដិសេធ​មិន​និយាយ​ពី​វត្តមាន​លោក កឹម សុខា ថា​នៅ​ឯណា​នោះ​ទេ។ លោក​ក៏​មិន​ទាន់​ឲ្យ​ដឹង​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពី​មាន​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។ ប៉ុន្តែ​លោក​ស្នើ​ទៅ​គណបក្ស​នយោបាយ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ខណៈ​តុលាការ​កំពុង​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់​លើ​តំណាង​រាស្ត្រ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វះ​ស្វែងរក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​ទេ។

ទាក់ទង​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ជា​សមាជិក​ចរចា​ម្នាក់​នៃ​គណបក្ស​កាន់​អំណាច បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិបាក​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ណាស់ ព្រោះ​គណបក្ស​នេះ​គ្មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​សភា​ជា​ផ្លូវ​ការ ខណៈ​លោក សម រង្ស៊ី កំពុង​មាន​ទោស ហើយ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ លោក​ថា លោក កឹម សុខា សព្វថ្ងៃ​ដែល​ជា​ប្រធាន​ស្តីទី​នោះ​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទៅ​និយាយ​ជាមួយ​លោក ស ខេង ដែល​ជា​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា​ទេ។

មន្ត្រី​គណបក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​មតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដាក់​លិខិត​មក​ប្រធាន​រដ្ឋសភា បង្ហាញ​ពី​បេក្ខភាព​ប្រធាន​ក្រុម​ភាគ​តិច​នេះ​ជា​ផ្លូវ​ការ ទើប​ជជែក​អាច​ធ្វើ​ឡើង​ដោយ​ស៊ី​ជម្រៅ ដែល​មិន​មែន​ជា​ការ​ជជែក​ចែក​លុយ​ចែក​ឡាន៖ «គន្លឹះ​មាន​ម៉ា​គំនរ​ហ្នឹង តែង​តាំង​អនុប្រធាន​ទី​១ រដ្ឋសភា​ទៅ បើ​ថា​មិន​ទាន់​ដាក់​អនុប្រធាន​ទី​១ សភា​ក៏​មិន​អី​ដែរ តែង​តាំង​ប្រធាន​សំឡេង​ភាគ​តិច​ហ្នឹង​ឲ្យ​បាន​ច្បាស់លាស់​មក»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​ការ​លើក​ឡើង​របស់​លោក ឈាង វុន។ លោក​ថា លោក កឹម សុខា បាន​ទទួល​សិទ្ធិ​ពេញលេញ​ពី​លោក សម រង្ស៊ី រួច​ហើយ ហើយ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាំបាច់​ព្រួយ​បារម្ភ​ទេ៕

1 comment:

Anonymous said...




Mad dog Chien Vun, your government style of chiseling the head to fit the hat is too old and repetitive for ordinary people.