A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 February 2016

អតីត PM ធ្លាប់​ភ្ជង់​អភិបាល​ស្រុក​គេច​ខ្លួន​ក្រោយ​ពី​បាញ់​គំរាម​ក្រុម​សមត្ថកិច្ច

អតីត PM ធ្លាប់​ភ្ជង់​អភិបាល​ស្រុក​គេច​ខ្លួន​ក្រោយ​ពី​បាញ់​គំរាម​ក្រុម​សមត្ថកិច្ច
Fri, 5 February 2016 rfa
ផាក់ ស៊ាងលី


មណ្ឌលគិរីៈ អតីត​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់​ដែល​ធ្លាប់​ដក​កាំភ្លើង​ភ្ជង់​ក្បាល​អភិបាល​ស្រុក​កែវសីមា​រឿង​ចាប់​ឈើ​កាល​ពី​ឆ្នាំ​ ២០១៤ ​នោះ​កំពុង​តែ​រត់​គេច​ខ្លួន​បន្ទាប់ពី​បាញ់​គំរាម​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ដេញ​តាម​ចាប់​ឡាន​ដឹក​ឈើ​រត់​ចូល​ភូមិគ្រឹះ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​រួច​មក។

រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង​ចេញ​ពី​ស្រុក​អូររាំង​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដេញ​ចាប់​ក្នុង​ស្រុក​កែវសីមា​ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ស្ទាក់​ចាប់​បាន​ និង​ឃាត់​ខ្លួន​បាន​អ្នក​បើកបរ​ម្នាក់​រីឯ​មួយ​​គ្រឿង​ទៀត​បាន​រត់​ចូល​ក្នុង​ភូមិគ្រឹះ​របស់​អតីត​ប៉េអឹម​ឈ្មោះ​ ស៊ួ ម៉ារឹទ្ធ នៅ​ឃុំ​ស្រែក្ទម្ព​ហើយ​ពេល​នោះ​ក៏​មាន​ការ​បាញ់​គំរាម​សំដៅ​ទៅ​ក្រុម​សមត្ថកិច្ច​ដែល​កំពុង​តែ​ដេញ​ចាប់​ផង​ដែរ។

លោក​ ស៊ិន វណ្ណវុឌ្ឍ អភិបាល​ស្រុក​កែវសីមា​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា៖ «កម្លាំង​ប៉េអឹម​ដេញ​តាំងពី​អូររាំង​រហូត​មក​ដល់​កែវសីមា។ កូនចៅ​ហ្នុង​រត់​ចូល​ក្នុង​ផ្ទះ។ ​នៅ​លើ​ផ្ទះ​ហ្នឹង​​បាញ់​សំដៅ​មក​លើ​កម្លាំង​បង្ក្រាប​ហើយ​ឃើញ​កម្លាំង​មក​ព្រោងព្រាត»។

កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤ លោក​អភិបាល​ ស៊ិន វណ្ណវុឌ្ឍ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ប្រមាណ​ជា​ ២០ ​នាក់​ដើម្បី​ទប់ស្កាត់​បទល្មើស​នៅក្នុង​មូលដ្ឋាន​ហើយ​ស្ទាក់​ចាប់​រថយន្ត​ម៉ាក Luxus ​មួយ​គ្រឿង​ដែល​កំពុង​តែ​ដឹក​ឈើ​ប្រណីត​ជាង​ ១០ ​ដុំ។ រថយន្ត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​របស់​កូនចៅ​លោក​ ស៊ួ ម៉ារឹទ្ធ ហើយ​ការ​ចាប់​នោះ​បាន​ធ្វើ​ឲ្យ​លោក​ ម៉ារឹទ្ធ ខឹង និង​បាន​ប្រើ​ហិង្សា​រំដោះ​យក​រថយន្ត​នោះ​ទៅ​វិញ។

លោក​អភិបាល​បាន​រំឭក​ហេតុការណ៍​នោះ​កាលពី​ម្សិលមិញ​ថា៖ «យើង​ចាប់​ឈើ​ហ្នឹង​ទៅ​គេ​មក​សំឡុត​ភ្ជង់​ក្បាល​ខ្ញុំ​ហ្នឹង​ដើម្បី​រក​សោ​ឡាន​រំដោះ​ឡាន​គាត់​ទៅ​វិញ។ កាល​នោះ​កម្លាំង​អភិរក្ស​ក៏​បាន​ទៅ​ឆែក​ឆេរ​ និង​ឃើញ​ឈើ​ ៧០ ​ម៉ែត្រ​គុប​ផង​ដែរ»។ បន្ទាប់ពី​មាន​ការ​ភ្ជង់​គំរាម​នោះ​មក​លោក​អភិបាល​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ ស៊ូ ម៉ារឹទ្ធ ​ផង​ដែរ​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្ប​នេះ​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។ លោក​បាន​សម្ដែង​ការ​ងឿង​ឆ្ងល់​ផង​ដែរ​ថា​ «ប៉េអឹម​ហ្នឹង​ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចោល​ពីរ​ឆ្នាំ​ហើយ​តែ​នៅ​មាន​កាំភ្លើង​ប្រើ​ទៀត​ខ្ញុំ​ឆ្ងល់​ដែរ។ គាត់​បាញ់​ត​កម្លាំង​អាហ្នឹង​ជា​អាវុធ​ខុស​ច្បាប់»។

លោក​ វណ្ណវុឌ្ឍ ​បាន​ឲ្យ​ថ្លែង​ថា​ភូមិគ្រឹះ​របស់​លោក​ ស៊ូ ម៉ារឹទ្ធ ​គឺ​ស្ថិត​នៅ​ជាប់​នឹង​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​ក្រចេះ​ និង​ស្រុក​កែវសីមា​ដែល​ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​នោះ​ក៏​ទំនង​មាន​ការ​កែច្នៃ​ និង​លក់​ចេញ​ផង​ដែរ។

លោក​ថា​បន្ទាប់​ពី​មាន​ការ​បាញ់​គំរាម​កាល​ពី​ថ្ងៃ​ពុធ​នោះ​មក​កម្លាំង​អាវុធហត្ថ​មិន​ទាន់​ហ៊ាន​ចូល​ឆែកឆេរ​នោះ​ទេ​គឺ​គ្រាន់តែ​បាន​ព័ទ្ធ​ផ្ទះ​តែ​ប៉ុណ្ណោះ​ដើម្បី​រង់ចាំ​ដីកា​របស់​តុលាការ​ខេត្ត​ហើយ​ប្រមាណ​ជា ២-៣ ​ម៉ោង​ក្រោយ​មក​លោក​ ស៊ូ ម៉ារឹទ្ធ ​បាន​ជិះ​រថយន្ត​គេច​ខ្លួន​បាត់​ទៅ។ នៅ​ពេល​មាន​ដីកា​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ខេត្ត​លោក​ ឡុង ហុកម៉េង កម្លាំង​បាន​ចុះ​ទៅ​ឆែកឆេរ​ហើយ​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​បេង​ជាង ២០០ ដុំ និង​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ចន្លោះ​ពេល​ចាំ​ដីកា​ហ្នឹង សូម៉ារិទ្ធ ​ហ្នឹង​ក៏​គេច​ខ្លួន​បាត់​ទៅ​ព្រោះ​ពេល​ហ្នុង​អត់​ទាន់​មាន​ដីកា​ពី​តុលាការ​ចូល​ឆែកឆេរ​នោះ​ទេ។ គាត់​ធ្វើ​កន្លង​មក​ហ្នឹង​មិន​ដែល​មាន​ច្បាប់​ទេ។ សំណុំ​រឿង​គាត់​ច្រើន​ណាស់។ តែ​គ្មាន​ចំណាត់​ការ​នោះ​ទេ​ក្នុង​នោះ​គំរាម​បាញ់​ខ្ញុំ​ក៏​ដោយសារ​រឿង​បទល្មើស​ព្រៃឈើ​ដែរ»។

លោក​ព្រះរាជអាជ្ញា ហុកម៉េង ​បាន​ឲ្យ​ដឹង​ថា​វត្ថុតាង​ទាំងអស់​ត្រូវ​បាន​រឹបអូស​បណ្តោះ​អាសន្ន និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​អភិរក្ស​កែវសីមា​ហើយ។ ដោយឡែក​ចំពោះ​អ្នក​បើក​ឡាន​ដឹក​ឈើ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ។

លោក​ សាក់ សារ៉ាង ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

ប៉ុន្តែ​លោក​ អេង ហ៊ី ​អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា​លោក​ ស៊ូ ម៉ារឹទ្ធ ​ត្រូវ​បាន​លុប​ឈ្មោះ​ចោល​មែន​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​មូល​ហេតុ​នោះ​ទេ​ដោយលោក​ថ្លែង​ថា៖ «​មិន​ចង់​រំឭក​រឿង​ចាស់ៗ​»។

ដោយឡែក​ចំពោះ​ការ​បង្រ្កាប​បទល្មើស​នៅ​នឹង​ផ្ទះ​លោក ស៊ូ ម៉ារឹទ្ធ ​នោះ​លោក​ក៏​មិន​ទាន់​ហ៊ាន​ធ្វើការ​អត្ថាធិប្បាយ​ផង​ដែរ​​ដោយសារ​តែ​សមត្ថកិច្ច​នៅ​កំពុង​តែ​បន្ត​ការ​ស្រាវជ្រាវ​នៅ​ឡើយ។

ទាក់ទង​ទៅ​នឹង​បទល្មើស​ព្រៃឈើ​នោះ​ដែរ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​មណ្ឌលគិរី​បាន​ចុះ​ទៅ​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា​ជាមួយ​នឹង​សហគមន៍​ភូមិ​ចក់ចារ​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។

មន្រ្តី​អង្គការ និង​សហគមន៍​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​រកឃើញ​ប្រមាណ​ជា​ ២០ ដើម​ និង​កំណាត់​ដែល​ត្រូវ​បាន​ជនល្មើស​លួច​អារ​នៅក្នុង​ព្រៃ​សហគមន៍​កាលពី​មិន​ទាន់​មាន​បញ្ជា​ឲ្យ​បង្រ្កាប​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន។

ប្រជាជន​ជាតិ​ដើម​ព្នង​លោក​ យិន សិង ​បាន​ថ្លែង​ថា​មាន​ឈើ​រាប់​សិប​ដើម ឬ ដុំ​ផ្សេង​ទៀត​ដែល​ពួក​លោក​បាន​ឃើញ​ព្រោះ​ថា​មុន​ពេល​មាន​ការ​បិទ​ឈើ​មិន​ទាន់​ឲ្យ​នាំ​ទៅ​ប្រទេស​វៀតណាម​នោះ​មាន​បទល្មើស​ជាច្រើន​ក្នុង​ព្រៃ​សហគមន៍​ពួកគាត់​ដែល​នៅ​ជាប់​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​វៀតណាម​ប៊ិញហ្វៀក​ ១ ៕

1 comment:

Anonymous said...

ខ្ញំុផាសុខ ទូច បើកឆាកល្ខោនៗរបស់សុខទូចរហ័សយល់ ចាំមើលគាត់លេងល្បែងដល់ណា ?