A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 February 2016

ម៉ម សូណង់ដូ មាន​មោទន​ភាព​ដោយសារ​តែ​ធ្វើ​ជា​ម្ចាស់​រង្គសាល​ ២ ​នៅ​បារាំង


Fri, 5 February 2016 ppp
សូ វិសាល

លោក​ ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ហេង ជីវ័ន

បើ​ទោះបី​ជា​​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​រង្គសាល​ដំបូង​គេ​នៅ​ក្នុង​ទីក្រុង​ ប៉ារីស​ ក្នុង​ចំណោម​អាណិកជន​ខ្មែរ ចិន និង ​វៀតណាម ​ដែល​រស់នៅ​ទី​នោះ​ បន្ទាប់ពី​លោក​បាន​កើប​​ប្រមូល​ប្រាក់​ចំណេញ​​យ៉ាង​ងាយស្រួល​រាប់​ម៉ឺន​ហ្វ្រង់​ក្នុង​មួយ​ខែៗ​ពី​មុខរបរ​បើក​ហាង​ថតរូប​ក៏ដោយ ក៏​ប្រាក់​ចំណេញ និង​ការ​រស់នៅ​បែប​ស៊ីវិល័យ​នៅក្នុង​ប្រទេស​បារាំង​មិន​បាន​ធ្វើ​ឲ្យ​លោក​ ម៉ម សូណង់ដូ ភ្លេច​ស្រុក​​កំណើត​ដែល​លោក​ថា​តែងតែ​ត្រូវ​បាន​វៀតណាម​ «អង្កៀម​យក​ទឹក​ដី​» ​នៅ​គ្រប់​សម័យ​កាល​នោះ​ឡើយ។

លោក ម៉ម សូណង់ដូ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​ជា​​នាយក​វិទ្យុ​សំបុក​ឃ្មុំ​កើត​នៅ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ១៩៤២ នៅ​ក្នុង​គ្រួសារ​មន្ត្រី​រាជការ​ដែល​មាន​ជីវភាព​មធ្យម​មួយ​ក្នុង​​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម។

លោក​មាន​បងប្អូន​បង្កើត ៩ នាក់​ស្រី​ ៥ នាក់​ហើយ​​ប្អូន​ប្រុស​ម្នាក់​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​។ បច្ចុប្បន្ន​បង​​​របស់​លោក​ម្នាក់​រស់នៅ​ស្រុក​ខ្មែរ​ជាមួយ​លោក​ ប្អូន​ម្នាក់​រស់​នៅ​អាមេរិក​ហើយ​ក្រៅពី​នេះ​រស់នៅ​ប្រទេស​បារាំង​ទាំងអស់​។

លោក​ សូណង់ដូ មិន​បាន​រស់នៅ​ស្រុក​កំណើត​យូរ​ទេ​ដោយ​ក្រុម​គ្រួសារ​​របស់​លោក​ត្រូវ​ផ្លាស់​លំនៅ​ទៅ​រស់នៅ​តាម​ឪពុក​របស់​លោក​ដែល​ត្រូវ​ទៅ​​ធ្វើ​ជា​អភិបាល​ស្រុក​កញ្ជ្រៀច​ក្នុង​ខេត្ត​ព្រៃវែង​នៅក្នុង​អំឡុង​ឆ្នាំ ១៩៤៥។ បន្ទាប់​ពី​បាន​ទៅ​រស់នៅ​ក្នុង​ស្រុក​កញ្ជ្រៀច​បាន​ប្រមាណ​ជា ៥ ឆ្នាំ​គឺ​នៅក្នុង​អំឡុង​ឆ្នាំ ១៩៥០ ក្រុម​គ្រួសារ​លោក សូណង់ដូ ក៏​បាន​ផ្លាស់​លំនៅ​ជាថ្មី​ទៀត​មក​រស់នៅ​ក្នុង​សង្កាត់​វាលវង់​ក្រុង​ភ្នំពេញ។

បន្ទាប់ពី​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​អំឡុង​ឆ្នាំ ១៩៦៤ នៅ​ពេល​មាន​អាយុ​ប្រហែល​ជា​ ២១ ឆ្នាំ​យុវជន សូណង់ដូ មាន​សំណាង​បាន​ទៅ​សិក្សា​ខាង​ជំនាញ​​​សរសេរ និង​ថត​​ខ្សែ​ភាពយន្ត​នៅ​ប្រទេស​បារាំង។

លោក​និយាយ​ថា​៖ ​«បំណង​ខ្ញុំ​​ទៅ​រៀន​សរសេរ និង​ថត​ខ្សែ​ភាពយន្ត​នៅ​បារាំង​បាន​សម្រេច​ទាំងអស់​ប៉ុន្តែ​មុន​នឹង​សម្រេច​ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ហួស​ពេល​កំណត់​ពីព្រោះ​ពេល​ទៅ​ស្មាន​តែ​ស្រួល​ដល់​ទៅ​ដល់​វា​ពិបាក ​ហេតុ​ដូច្នេះ​ បាន​តស៊ូ​រក​ការងារ​ធ្វើ​ផង​ហើយ​ចូល​រៀនសូត្រ​ផង​ហើយ​ការ​​រៀនសូត្រ​នៅ​ស្រុក​គេ​ពិបាក​ណាស់​ទៅ​មុន​ដំបូង​យើង​ត្រូវ​ប្រឡង​ចូល​ការ​ប្រឡង​​ចូល​យើង​ប្រឡង​ធ្លាក់​ពីព្រោះ​ភាសា​បារាំង​យើង​វា​ស្ទើរ​ដល់​​ប្រឡង​ចូល​ម្តង​ទៀត​បាន​ប្រឡង​ជាប់​»។

បើ​ទោះបី​ជា​ បាន​ប្រឡង​ជាប់​ក៏​មិន​មែន​ជា​ការ​ងាយស្រួល​សម្រាប់​យុវជន​ សូណង់ដូ ឡើយ​ពីព្រោះ​ត្រូវ​​​រៀនសូត្រ​បណ្តើរ និង​​រក​ការងារ​ធ្វើ​​បណ្តើរ​ខណៈ​ដែល​​នៅ​ពេល​នោះ​អាណិកជន​ខ្មែរ​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​បារាំង​ឡើយ​ហើយ​នៅ​ពេល​នោះ​លោក​​មាន​លុយ​ត្រឹម​តែ ១៥០០ ហ្វ្រង់​ប៉ុណ្ណោះ​នៅក្នុង​ហោប៉ៅ​។

លោក សូណង់ដូ បាន​បន្ត​និយាយ​រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​លោក​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ក្នុង​បទសម្ភាស​នៅ​ក្នុង​​ភូមិគ្រឹះ​ប្រណីត​​មួយ​ដែល​ជា​ទីស្នាក់ការ​វិទ្យុ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខណ្ឌ​មានជ័យ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «​ពូ​ធ្វើការ​ប្រហែល​ជា​ ៥-៦ ឆ្នាំ​លាង​ចាន លីសែង ជួន​កាល​អត់​បាយ​ ៣ ​ថ្ងៃ​ក៏មាន​ហើយ​ពេល​ណា​យើង​អត់​លុយ​យើង​ចូល​​ទៅ​ក្នុង​ភោជនីយដ្ឋាន​កូន​សិស្ស​ហើយ​យក​នំបុ័ង​ដែល​គេ​កាត់​ដុំៗ​ដាក់​កញ្ឆេ​យក​ដាក់​ក្នុង​ស្បោង​ទុក​ញ៉ាំ​ពេល​​រស់នៅ​ជាមួយ​ពួកម៉ាក​ម្នាក់...ពេល​នោះ​គឺ​ដូច​រស់នៅ​ក្នុង​គុក​អ៊ីចឹង​ជីវភាព​គឺ​ពិបាក​មែន​ទែន...»។

លោក ម៉ម សូណង់ដូ នៅពេល​ចូលរួម​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក​។
លោក ម៉ម សូណង់ដូ នៅពេល​ចូលរួម​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក

ប៉ុន្តែ​បន្ទាប់​ពី​រស់នៅ​ដ៏​សែន​លំបាក រៀន​ផង​លួច​ធ្វើការ​ផង​នៅក្នុង​អំឡុង​ឆ្នាំ ១៩៦៩-៧០ បន្ទាប់ពី​រៀន​បាន​ឌីប្លូម​ខាង​សរសេរ​ និង​ថត​ខ្សែ​ភាពយន្ត​លោក សូណង់ដូ បាន​ទៅ​ដាក់​ពាក្យ​​ធ្វើ​តេស្ត​​ជា​អ្នក​ថតរូប​នៅ​ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​​កិច្ចការងារ​ដើម្បី​​ផ្សព្វផ្សាយ​ពេញ​មួយ​ពិភពលោក​ទៅ​តាម​ការ​ប្រាប់​របស់​មិត្ត​ភក្តិ​ម្នាក់​ហើយ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​នោះ​ជ្រើសរើស​ឲ្យ​ធ្វើការ​បន្ទាប់ពី​ឲ្យ​ធ្វើការ​សាកល្បង​មួយ​ថ្ងៃ​។

លោក​និយាយ​ថា​៖ «ដល់​ខ្ញុំ​សាក​ទៅ​តាំង​ពី​នោះ​មក​ខ្ញុំ​ធ្វើការ​នៅ​កន្លែង​ហ្នុង​ជាប់​មិន​ត្រឹម​តែ​ជា​អ្នក​ថត​ទេ​ក្លាយ​ទៅ​ជា​អ្នក​ត្រួតត្រា​នៅ​កន្លែង​ហ្នឹង​ក្លាយ​ទៅ​ជា​អគ្គនាយក​នៅ​កន្លែង​ហ្នឹង»។

បន្ទាប់​ពី​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​នេះ​លោក​ សូណង់ដូ មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​មួយ​នៅ​សង្កាត់​ទី ៤ ក្នុង​ក្រុង​ប៉ារីស​ជា​សង្កាត់​ដែល​មាន​តម្លៃ​ផ្ទះ​ថ្លៃ​ជាង​គេ​ដោយសារ​​តែ​សង្កាត់​នោះ​មាន​អាយុកាល​ចាស់​ជាង​គេ​បំផុត​ដែល​មាន​ការ​ទាក់ទាញ​អ្នក​ទេសចរ​យ៉ាង​ខ្លាំង។ បន្ទាប់ពី​ទិញ​ផ្ទះ​បាន​ខ្លួន​ឯង​លោក​ សូណង់ដូ បាន​បើក​មុខ​របរ​ថតរូប​នៅ​ក្នុង​ផ្ទះ​នោះ​ដោយ​អាច​រក​ចំណូល​បាន​​ក្នុង​មួយ​ខែៗ​រាប់​ម៉ឺន​ហ្វ្រង់។

លោក​ឲ្យ​ដឹង​ថា​៖ «សប្បាយ​មែន​ទែន​ពីព្រោះ​គ្រាន់​តែ​ថត​ម៉ាប្រុច​ម៉ាប្រុច​ ២០០០ ហ្វ្រង់ ម៉ាប្រុច​ ២០០០ ​ហ្វ្រង់ ហើយ​ពូ​ប្រមូល​លុយ​ហ្នឹង​ដូច​ប្រមូល​លៀស​ប្រមូល​ខ្ចង​អ៊ីចឹង​»។

ប៉ុន្តែ​ជា​កម្ម​អកុសល ឬ​អាច​ថា​ជា​វាសនា​ក៏​ថា​បាន​មុខរបរ​កើប​ប្រមូល​លុយ​ហ្វ្រង់​យ៉ាង​ងាយ​ស្រួល​នោះ​មិន​បាន​ស្ថិតស្ថេរ​យូរ​អង្វែង​ទេ​ដោយសារ​តែ​លោក សូណង់ដូ មាន​ភាព​​តក់ស្លុត​យ៉ាង​ខ្លាំង​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​ចូល​កាន់កាប់​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥។ «ដល់​ពេល​ឮ​ថា​ពួក​ខ្មែរ​​ក្រហម​ចូល​កាន់​កាប់​ប្រទេស ពូ​ក៏​ក្រហត​ក្នុង​បេះដូង​ក្នុង​សតិអារម្មណ៍​នឹក​ឃើញ​ថា​ជាង​យល់​សប្តិ​ទៅ​ទៀត​ពីព្រោះ​យើង​ធ្លាប់​យល់​សប្តិ​ថា​បាត់​លុយ​បាត់​បងប្អូន អ្នក​ណា​ស្លាប់​ដល់​បាត់​ប្រទេស​មួយ​វា​ no way វា​ទៅ​អត់​រួច​វា​មិន​គួរ​ឲ្យ​ជឿ​ដល់​ពេល​ហ្នុង​ជីវិត​ពូ​ត្រូវ​ប្តូរ​ ១៨០ ឌឺក្រេ​ហ្មង​»​។

នៅ​ពេល​នោះ​និស្សិត​​ខ្មែរ​ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​​អ្នក​ដែល​ទៅ​រស់នៅ​ធ្លាប់​ទទួល​បាន​លុយ​កាក់​ឧបត្ថម្ភ​ពី​ឪពុក​ម្តាយ​នៅ​កម្ពុជា​លែង​ទទួល​បាន​អ្វី​ទាំងអស់​គឺ​មាន​តែ​លោក​ សូណង់ដូ ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ជីវភាព​លេចធ្លោ​ជាង​គេ​។​ នៅក្នុង​ស្ថានភាព​បែប​នោះ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង​បាន​ជួប​ប្រជុំ​គ្នា​ហើយ​បាន​ជំរុញ​ឲ្យ​លោក សូណង់ដូ ផ្លាស់ប្តូរ​មុខរបរ​ពី​ការ​ថតរូប​ឲ្យ​មក​បើក​រង្គសាល​វិញ​។

លោក​ថ្លែង​ថា៖ «​ចំណេះ​វិជ្ជា​អាជីវកម្ម​ដែល​ពូ​ធ្វើ​ចំណេញ​រាប់​ម៉ឺន​ក្នុង​មួយ​ខែៗ​ហើយ​ស្រួល​ជា​ទី​បំផុត​​ហ្នឹង​គឺ​ខ្មែរ​ទាំងអស់​គ្នា​ហ្នឹង​បបួល​ពូ​ឲ្យ​បើក​រង្គសាល​វិញ​មក​អង្វរ​ពូ​ថា សូណង់ដូ ​ដឹង​ហើយ​ឥឡូវ​​យើង​បាត់​ស្រុក​មួយ​ហើយ សូណង់ដូ គួរ​តែ​យក​អា​កន្លែង​ថត​ហ្នឹង​ធ្វើ​រង្គសាល​សម្រាប់​ខ្មែរ​ឲ្យ​ខ្មែរៗ​ជួប​គ្នា...»។

នៅពេល​លោក​ប្តូរ​ទៅ​បើក​រង្គសាល​គឺ​ត្រូវ​ឆ្លង​កាត់​​ដំណាក់កាល​តស៊ូ​យ៉ាង​ស្វិតស្វាញ​ពីព្រោះ​អ្វីៗ​គឺ​ត្រូវ​ចាប់ផ្តើម​ថ្មី​ទាំងអស់​ដោយ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ថែម​ទៀត​ខណៈ​ដែល​ជនជាតិ​វៀតណាម​ និង​ចិន​ដែល​រស់នៅ​ប្រទេស​បារាំង​រាប់រយ​ឆ្នាំ​មក​ហើយ​មិន​ហ៊ាន​បើក​មុខរបរ​រង្គសាល​ទេ​ដោយសារ​តែ​មាន​ពួក​ម៉ាហ្វីយ៉ា​មក​ជំរិត​យក​លុយ​។ «វា​អត់​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​ទេ​ដូច្នេះ​ពូ​មាន​​មោទនភាព​ដែរ​ក្នុង​ប្រវត្តិសាស្រ្ត​នៅ​ប៉ារីស​គឺ​អ្នក​ដែល​បើក​រង្គសាល​មុន​គេ​គឺ​ខ្មែរ​ម្នាក់ ខ្មែរ​ម្នាក់​គឺ​អ្នក​ណា​គឺ​ ម៉ម សូណង់ដូ ហ្នឹង​ហ្មង​អាហ្នឹង​មោទនភាព​មែនទែន​»។ រង្គសាល​របស់​លោក សូណង់ដូ មាន​ឈ្មោះ អប្សរា ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ដូរ​ឈ្មោះ​ទៅ ហ្គាឡាក់ស៊ី ទៅ ឡឺប៊ូសអាអហ្វី ​វិញ​ដើម្បី​ទាក់ទាញ​​ភ្ញៀវ​បារាំង​ដោយសារ​តែ​ភ្ញៀវ​ខ្មែរ​មួយ​ចំនួន​ដែល​​ចូល​ទៅ​ផឹក​ស្រវឹង​បាន​បង្ក​សំឡេង​ស្រែក​ឡូឡា​រំខាន​ដល់​អ្នក​ជិត​ខាង​ហើយ​លោក​ សូណង់ដូ ទទួល​ការ​ព្រមាន​បិទ​រង្គសាល​ពី​នគរបាល​បារាំង​។

បើ​ទោះបី​ជា​លោក​ សូណង់ដូ បាន​ប្តូរ​ឈ្មោះ​រង្គសាល​ពី​ឈ្មោះ​ខ្មែរ​ទៅ​ជា​ឈ្មោះ​បារាំង​ដោយ​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​បារាំង​ក្តី​ក៏​នៅ​តែ​មិន​អាច​បញ្ចប់​បញ្ហា​បាន​ដែរ​ដោយ​លោក​ថា​រង្គសាល​គឺជា​កន្លែង​ដែល​បង្ក​បញ្ហា​ពីព្រោះ​ភ្ញៀវ​ដែល​ចូល​មក​មាន​តាំង​ពី​អ្នក​ជួញ​អាភៀន​រហូត​ដល់​មេចោរ​។ បន្ទាប់ពី​បាន​ឆ្លង​​កាត់​ការ​តស៊ូ​យ៉ាង​លំបាក​លោក​ សូណង់ដូ បាន​ទទួល​ជោគជ័យ​ក្នុង​មុខរបរ​បើក​រង្គសាល​នេះ​ហើយ​នៅ​ពេល​ក្រោយ​មក​លោក​បាន​​បើក​​រង្គសាល​ថ្មី​មួយ​​ទៀត​។

លោក​និយាយ​ថា ក្នុង​​ពេល​រស់នៅ​ប្រទេស​បារាំង​លោក​តែងតែ​ជួយ​ខ្មែរ​រហូត​សូម្បីតែ​ខ្មែរ​ណា​ដែល​ត្រូវ​ពួក​អារ៉ាប់​ពួក​ស្បែកខ្មៅ​ ឬ ​ពួក​បារាំង​ដេញ​វ៉ៃ ឬ​មាន​ជម្លោះ​ផ្សេងៗ​លោក​តែងតែ​ទៅ​ជួយ​ជានិច្ច​។

ប៉ុន្តែ​បើ​ទោះបី​ជា​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​មុខរបរ​រកស៊ី​នៅ​ក្នុង​ប្រទេស​បារាំង​ក្តី​ក៏​លោក​ សូណង់ដូ មិន​​ដែល​ភ្លេច​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ​គឺ​តែងតែ​ចិញ្ចឹម​ចិត្ត​ថា​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​តែ​វិល​ត្រឡប់​មក​រស់នៅ​ក្នុង​ទឹកដី​កំណើត​​​វិញ​។ លោក​ថ្លែង​ថា៖ «ពូ​ពិចារណា​ថា​យើង​កូន​ខ្មែរ​យើង​មិនមែន​កូន​បារាំង​ទេ​ទី ១ ហើយ​ទី ២ ពូ​ថា​គួរ​តែ​យើង​កើត​នៅ​ស្រុក​ណា​យើង​ត្រឡប់​ទៅ​ងាប់​នៅ​ស្រុក​ហ្នឹង​វិញ​»។

នៅ​ទី​បំផុត​លោក​ សូណង់ដូ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​​ផ្ញើ​ប្រាណ​នៅ​លើ​ទឹកដី​កំណើត​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ គឺ​មួយ​ឆ្នាំ​បន្ទាប់ពី​ការ​បោះឆ្នោត​។ នៅ​ពេល​វិល​មក​ដល់​ស្រុក​ខ្មែរ​លើក​ដំបូង​លោក​ សូណង់ដូ គ្រាន់តែ​គិត​ថា​តើ​នឹង​ត្រូវ​រក​ស៊ី​អ្វី​ដើម្បី​ឲ្យ​បាន​លុយ​។ ប៉ុន្តែ​បន្ទាប់ពី​បាន​រស់នៅ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ជាច្រើន​អស់​រយៈពេល​ប្រមាណ​ ៥-៦ ខែ​ទើប​លោក​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​គឺ​វេទនា។ វេទនា​ គឺ​ដោយសារ​តែ​អ្នក​នយោបាយ​ខ្មែរ​ភរ ភូត ប្រជាពលរដ្ឋ​ដែល​មិន​សូវ​មាន​ការ​យល់ដឹង​ហើយ​​លោក​គិត​ថា​បើ​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​បែប​នេះ​​តទៅ​ទៀត «ស្រុក​ខ្មែរ​យើង​អាច​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ពូជសាសន៍​តែ​ម្តង​»។

នៅ​ទី​បំផុត​គឺ​នៅ​ក្នុង​ឆ្នាំ ១៩៩៨ លោក​ សូណង់ដូ បាន​សម្រេច​បង្កើត​គណបក្ស​មួយ​មាន​ឈ្មោះ​ថា​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ការ​បើក​គណបក្ស​នេះ​មិនមែន​សង្ឃឹម​បាន​ឈ្នះ​ឆ្នោត​ដើម្បី​ទៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​គឺ​គ្រាន់តែ​បើក​ដើម្បី​ឲ្យ​គេ​ស្គាល់​ឲ្យ​មាន​សំឡេង​ក្នុង​នាម​ជា​មេ​គណបក្ស​ដើម្បី​មាន​ឱកាស​​បាន​និយាយ​តតាំង​​ជាមួយ​មេដឹកនាំ​គណបក្ស​ដទៃ​ទៀត​ដែល​លោក​ថា​តែងតែ​និយាយ​ភរភូត​ប្រជាពលរដ្ឋ​​តែ​ប៉ុណ្ណោះ​។ បន្ទាប់ពី​មិន​ទទួល​បាន​អាសនៈ​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ លោក សូណង់ដូ ក៏​បិទ​​គណបក្ស​​របស់​លោក​ចោល​។

លោក សូណង់ដូ ដែល​មាន​មាឌ​​មិន​ធំ​មិន​តូច​ប៉ុន្តែ​មើល​ទៅ​រឹងមាំ​ដោយសារ​តែ​លោក​តែងតែ​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ​ក៏​ជា​ប្រធាន​​សមាគម​អ្នក​ប្រជាធិបតេយ្យ​​ផង​ដែរ​ហើយ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​សមាគម​នេះ​បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​បញ្ជាក់​ថា​សមាគម​​របស់​លោក​មិន​​ទៅ​ដណ្តើម​អំណាច​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក​និយាយ​ថា​៖ «សមាគម​នេះ​ក៏​ពូ​មិន​ផ្អៀង​​ទៅ​អ្នក​ណា​មួយ​ដែល​ក្បត់​ជាតិ​ដែរ​ហើយ​ពេល​ណា​ដែល​យើង​សង្កេត​ឃើញ​ថា​គណបក្ស​នយោបាយ​ណា​ដែល​ល្អ​ដែល​យើង​អាច​ពឹង​បាន​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ហ្នឹង​យើង​ទាំងអស់​គ្នា​ត្រូវ​ទៅ​គាំទ្រ​គណបក្ស​ហ្នឹង​»។ បន្ទាប់ពី​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ប្តូរ​ផ្តាច់​លោក សូណង់ដូ មើល​ឃើញ​ថា​ជំហរ​របស់​មេដឹកនាំ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ​មិន​រឹងមាំ​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​លោក​ក៏​ដក​ការ​គាំទ្រ។

«នរោត្តម រណឫទ្ធិ យើង​ស្គាល់​ហើយ ហើយ​បន្ទាប់​មក សម រង្ស៊ី យើង​ស្គាល់​ហើយ ហើយ​ឥឡូវ​ កឹម សុខា ក៏​យើង​ស្គាល់​ទៀត​ហើយ​យើង​បាន​ជួយ​ទៀត​ផ្តាច់ប្តូរ​ជាមួយ​ទៀត​ហើយ​អ្នក​ទាំង​ហ្នឹង​អត់​ទៅ​មុខ​តើ​យើង​ចាំ​រំពឹង​អ្នក​ណា​ទៀត! ដោយសារ​តែ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ថា​បើ​អ្នក​ឯង​ធ្វើ​មិន​កើត​ឲ្យ​ខ្ញុំ​ធ្វើ​ម្តង​ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​បាន​ល្អ​ជាង​អ្នក​ឯង​ហើយ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​បាន​សម្រេច...​»​។​

នៅ​ទី​បំផុត​លោក​ សូណង់ដូ បាន​​បើក​ដំណើរការ​គណបក្ស​​របស់​លោក​ឡើង​វិញ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាថ្មី​ទៀត​របស់​លោក ម៉ម សូណង់ដូ នៅ​ពេល​នេះ​គឺ​អាច​ដោយសារ​តែ​ទទួ​ល​បាន​លាភសក្ការៈ​ពី​គណបក្ស​កាន់​អំណាច​ដើម្បី​មក​បំបែក​សំឡេង​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​កើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​លោក​ សូណង់ដូ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ដោយ​ជំរុញ​ឲ្យ​អ្នក​ដែល​ចោទប្រកាន់​រូប​លោក​នោះ​បង្ហាញ​ភ័ស្តុតាង​។

ជាមួយ​គ្នា​នេះ​លោក​ សូណង់ដូ បាន​ធ្វើការ​រិះគន់​ជាច្រើន​ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាពិសេស​ការ​យល់​ព្រម​យ៉ាង​តក់ក្រហល់​ក្នុង​ការ​ចូល​ទៅ​ប្រជុំ​នៅ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​ដោយ​មិន​បាន​ចុះ​កិច្ចសន្យា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​ជាពិសេស​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​បញ្ហា​មួយ​ចំនួន​ទៀត​ទើប​សព្វ​ថ្ងៃ​គណបក្ស​ប្រជាជន​អាច​ប្រែ​ក្រឡាស់​បាន​តាម​អំពើ​ចិត្ត។ «​ខ្ញុំ​បើក​គណបក្ស​គឺ​ដោយសារ​តែ​ខ្ញុំ​អស់​ជំនឿ​ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​ទៅ​ទៀត» មិនមែន​ទទួល​បាន​លាភសក្ការៈ​ពី​អ្នក​ណា​នោះ​​ទេ​។

លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ដង​ដែល​លើក​ទី​ ១ ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ក្នុង​រឿង​ដុត​ស្ថានទូត​ថៃ​លើក​ទី ​២ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​កម្ពុជា​វៀតណាម និង​លើក​ទី ៣ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​នោះ​បាន​ថ្លែង​ថា​លោក​ចង់​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ ​។

ការ​ចង់​ឈ្នះ​ឆ្នោត​ដោយសារ​តែ​លោក​មើល​ឃើញ​​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​នោះ​ឡើយ​នៅពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ និង​បញ្ហា​ព្រំដែន​ហើយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ត្រឹមតែ​ភូតភរ​បោកប្រាស់​​ពលរដ្ឋ​។ «បញ្ហា​អន្តោប្រវេសន៍​ប្រទេស​ជិត​ខាង​គឺ​យួន​ហ្នឹង​ហ្មង​ខ្ញុំ​អត់​ស្អប់​យួន​ទេ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការពារ​ទឹកដី​ខ្ញុំ...​»​។

លោក​ថា​៖ «ខ្ញុំ​រំពឹង​បាន​ប៉ុន្មាន​កៅអី​ខ្ញុំ​អត់​រំពឹង​ទេ​គឺ​ខ្ញុំ​ចង់​បាន​ឈ្នះ​ឈ្នះ​ដោយ​ខ្ញុំ​នឹក​ឃើញ​ថា​នៅក្នុង​ឆ្នាំ ២០១៣ ប្រជាពលរដ្ឋ​បាន​ក្រោក​ឈរ​ទាំងអស់​គ្នា​ហើយ​គឺ​ចង់​បាន​ការ​ផ្លាស់ប្តូរ​...យើង​ឃើញ​បញ្ហា​ប្រទេស​ជិត​ខាង​ជាពិសេស​ប្រទេស​យួន​វា​កំពុង​តែ​អង្កៀម​ព្រំដែន​ខ្មែរ​កាន់តែ​ខ្លាំង​ឡើងៗ​ប៉ុន្តែ​ក្នុង​ន័យ​ថា​បើ​សិន​យើង​អត់​កាន់​អំណាច​យើង​អត់​អាច​ដោះស្រាយ​បាន​បើ​យើង​ហ៊ាន​យក​អាបញ្ហា​ព្រំដែន​យក​មក​និយាយ​គឺ​គេ​ចាប់​យើង​ដាក់​គុក​ហេតុ​ដូច្នេះ​​យើង​ស្តុប​អត់​និយាយ​ទេ​និយាយ​ពេល​ណា​ដែល​យើង​កាន់​អំណាច​»​។

លោក សូណង់ដូ ដែល​កាន់​សញ្ជាតិ​ពីរ​គឺ​ខ្មែរ​ និង​បារាំង​បាន​វិល​ត្រឡប់​ពី​ទីក្រុង​ប៉ារីស​មក​ស្រុក​ខ្មែរ​ដើម្បី​រៀបការ​ភរិយា​ខ្មែរ​នៅ​ក្នុង​ឆ្នាំ ១៩៧៤ រួច​នាំ​យក​ទៅ​រស់នៅ​ប្រទេស​បារាំង​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ក្នុង​ឆ្នាំ ១៩៧៥​។ លោក​មាន​កូន​ប្រុស​តែ​ម្នាក់​គត់​បច្ចុប្បន្ន​មាន​ចៅ​ ៣ នាក់​ពួកគេ​សុទ្ធ​តែ​រស់នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង៕

1 comment:

Anonymous said...

Khmer people can judge Mam Sonando easily when he opened 2 Bars for a living.
Normal people don't open bars for a living.
Mostly the sex maniac people will open bar. Therefore, it is highly likely that this Mam Sonando is a SEX MANIAC. And a sex maniac must not do something to confuse people.