A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 February 2016

តើ​នយោបាយ​ការ​បរទេស​កម្ពុជា​ពិត​ជា​មិន​លម្អៀង​ទៅ​ចិន​មែន​ឬ​យ៉ាង​ណា?


ដោយ យាង សុជាមេត្តា
2016-02-07  rfa
វ៉ាង យី ហោ ណាំហុង ២០១៣ ៨៥៥
រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) [ឆ្វេង] និង​លោក ហោ ណាំហុង [ស្ដាំ] ថ្លែង​បន្ទាប់​ពី​ជំនួប​នៅ​សណ្ឋាគារ​អ៊ីនធឺកុងទីណង់តាល់ (InterContinental Hotel) នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA


ស្រប​ពេល​ដែល​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា ភាគ​ច្រើន​មើល​ឃើញ​ថា កម្ពុជា ហាក់​មិន​ទាន់​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការ​បរទេស​អព្យាក្រឹត​ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្លួន​នៅ​ឡើយ​ទេ ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា-ចិន និង​កម្ពុជា-សហរដ្ឋ​អាមេរិក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នយោបាយ​ការ​បរទេស​របស់​កម្ពុជា គឺ​ឯករាជ្យ មិន​លម្អៀង​ទៅ​រក​មហា​អំណាច​ចិន ឬ​សហរដ្ឋ​អាមេរិក ឡើយ។

តើ​នយោបាយ​ការ​បរទេស​កម្ពុជា ពិត​ជា​មិន​លម្អៀង​ទៅ​រក​ចិន មែន​ឬ​យ៉ាង​ណា?

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ។

ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កន្លង​មក​ធ្លាប់​រិះគន់​ថា ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា-ចិន និង​កម្ពុជា-សហរដ្ឋ​អាមេរិក កម្ពុជា ហាក់​មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​ឯករាជ្យ អព្យាក្រឹត ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នៅ​ឡើយ ដោយ​ជញ្ជីង​ទំនាក់ទំនង​ការ​បរទេស​កម្ពុជា ហាក់​ផ្អៀង​ទៅ​ខាង​ប្រទេស​ចិន ច្រើន​ជាង។

ទំនាក់ទំនង​គ្មាន​តុល្យភាព​រវាង​កម្ពុជា-ចិន និង​កម្ពុជា-សហរដ្ឋ​អាមេរិក នេះ បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​គ្នា​ជា​ថ្មី​ទៀត​ក្នុង​ចំណោម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ការ​បរទេស​កម្ពុជា នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ និង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ នេះ។

ដោយសារ​តែ​មាន​មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា លោក ហោ ណាំហុង ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ពេល​នេះ គឺ​ដើម្បី​លួង​ចិត្ត​មហា​អំណាច​ចិន ក្រោយ​ពេល​មាន​ទស្សនកិច្ច​របស់ លោក ចន ឃែរី មក​កម្ពុជា និង​មុន​ពេល លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទើប​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​បកស្រាយ​ជា​ថ្មី​ទៀត​នូវ​ជំហរ​គោល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា ពិសេស​គឺ​គោល​នយោបាយ​ក្នុង​ទំនាក់ទំនង​កម្ពុជា-ចិន និង​កម្ពុជា-សហរដ្ឋ​អាមេរិក នេះ​តែ​ម្តង។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ថា នយោបាយ​ការ​បរទេស​របស់​កម្ពុជា មិន​បាន​លម្អៀង​ទៅ​កាន់​ប្រទេស​មហា​អំណាច​ណា​មួយ​ឡើយ មិន​ថា​ទៅ​កាន់​ប្រទេស​ចិន ឬ​សហរដ្ឋ​អាមេរិក នោះ​ទេ៖ «គ្មាន​ការ​ចាំបាច់​ទៅ​រាយការណ៍​ឲ្យ​ចិន ថា​ខ្ញុំ​ធ្វើ​ជាមួយ​អាមេរិក អ៊ីចេះ ហើយ​គ្មាន​ការ​ចាំបាច់​ទៅ​និយាយ​រាយការណ៍​ឲ្យ​អាមេរិក ថា​ខ្ញុំ​ធ្វើ​ជាមួយ​ចិន អ៊ីចុះ ហើយ​គ្មាន​ការ​ចាំបាច់​ទៅ​ក្រុង​តូក្យូ (Tokyo) ដើម្បី​ប្រាប់​ជប៉ុន ថា ខ្ញុំ​ត្រូវ​ធ្វើ​អ៊ីចេះ។ វា​អត់​មាន​ការ​ចាំបាច់​អី​បន្តិច​សោះ។ ខ្មែរ​គឺ​ខ្មែរ គ្មាន​អ្នក​ណា​ស្គាល់​ខ្មែរ​លើស​ខ្មែរ​ទេ ហើយ​មាន​តែ​ខ្មែរ​មួយ​គត់​ដែល​មាន​សិទ្ធិ​សម្រេច​ជោគ​វាសនា​របស់​ខ្មែរ គ្មាន​ការ​ចាំបាច់​ទៅ​ប្រាប់​ថៃ ថា​ខ្ញុំ​ធ្វើ​ជាមួយ​វៀតណាម អ៊ីចេះ ហើយ​ទៅ​ប្រាប់​វៀតណាម ថា​ខ្ញុំ​ត្រូវ​ធ្វើ​ជាមួយ​ថៃ អ៊ីចេះ។ ក្នុង​ឋានៈ​ជា​ប្រទេស​ពីរ​ធំ មួយ​ជិត ១០០​លាន​នាក់ មួយ ៦០​លាន​នាក់​នៅ​សង​ខាង យើង​អត់​ទេ។ យើង​ត្រូវ​ធ្វើ​មិត្ត​ទាំងអស់»។

ជំនួយ​ចិន ៦១០
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។


បើ​ទោះ​ជា​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ចិន ក្រោយ​ឆ្នាំ​១៩៩៧ ក្តី ប៉ុន្តែ​ចិន ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា​ជា​ប្រទេស​មហា​មិត្ត​របស់​ខ្លួន ហើយ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ទាំង​សង​ខាង ជំរុញ​រហូត​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៀត​ផង។

បច្ចុប្បន្ន ចិន គឺ​ជា​ប្រទេស​ដែល​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ជាង ៣​ពាន់​លាន​ដុល្លារ។ កម្ពុជា-ចិន ប្ដេជ្ញា​ថា​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧។

ចិន ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា ជាពិសេស​គឺ​ជំនួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ មាន​ស្ពាន ថ្នល់ ហើយ​ដែល​សូម្បី​តែ​អគារ​ធ្វើ​ការ​របស់​រដ្ឋ ដូចជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឬ​អគារ​រដ្ឋបាល​របស់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ជាដើម ក៏​ត្រូវ​បាន​សាងសង់​ក្រោម​ជំនួយ និង​កម្ចី​របស់​ចិន។ កម្ពុជា ក៏​កំពុង​សុំ​ជំនួយ​ពី​ចិន ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​រដ្ឋាភិបាល​ដាក់​ឈ្មោះ​ថា "មរតក​តេជោ" ផង​ដែរ។

បើ​និយាយ​ពី​វិស័យ​យោធា​វិញ ចិន គឺ​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ច្រើន​ជាង​គេ​មក​កម្ពុជា។ ជំនួយ​ទាំង​នោះ​មាន​ដូចជា រថយន្ត​យោធា ឧទ្ធម្ភាគចក្រ ឯកសណ្ឋាន​កងទ័ព ថ្នាំ​សង្កូវ ការ​សាងសង់​សាលា​បណ្តុះបណ្តាល​យោធា​ឲ្យ​កម្ពុជា ជាដើម។ ថ្មីៗ​នេះ​ទៀត កម្ពុជា ក៏​ត្រូវ​បាន​ប្រទេស​ចិន ស្វាគមន៍​ឲ្យ​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ពន្ធ​អាស៊ី អេ.អាយ.អាយ.ប៊ី (AIIB) ដែល​មាន​ចិន ជា​ប្រទេស​នាំ​មុខ។

រឹត​តែ​អស្ចារ្យ​ទៀត​នោះ ទោះ​បី​ជា​ចិន ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​ឲ្យ​កម្ពុជា ក្តី តែ​ចិន មិន​ដែល​និយាយ​សូម្បី​មួយ​ម៉ាត់​ពី​ភាព​អវិជ្ជមាន​នៅ​កម្ពុជា ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ ឬ​អយុត្តិធម៌​សង្គម។ ប្រការ​នេះ គឺ​ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក ដែល​មិន​ត្រឹម​តែ​ផ្តល់​ជំនួយ​មក​កម្ពុជា តិច​ជាង​ចិន ប៉ុណ្ណោះ​ទេ តែ​តែង​រិះគន់​ទៅ​លើ​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ពិសេស​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ពលរដ្ឋ ប្រព័ន្ធ​តុលាការ អំពើ​និទ្ទណ្ឌភាព ជាដើម ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​សប្បាយ​ចិត្ត ហើយ​តែង​ប្រតិកម្ម​តប​ថា សហរដ្ឋ​អាមេរិក ជា​ប្រទេស​តែង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​មិន​មែន​ជា​ទម្លាប់​របស់​ប្រទេស​ចិន។


ហោ ណាំហុង ចន ឃែរី ២០១៦ ៨៥៥
ហោ ណាំហុង ចន ឃែរី ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (Jonh Kerry) នា​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ទោះ​ជា​បែប​នេះ​ក្តី លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា កម្ពុជា មិន​ត្រូវ​ការ​រើស​អ្នក​ណា​មួយ ហើយ​ត្រូវ​ចោល​អ្នក​ណា​មួយ​នោះ​ទេ។ លោក​ថា កម្ពុជា ត្រូវ​ការ​ធ្វើ​ជា​មិត្ត​របស់​ប្រទេស​ទាំងអស់៖ «ចន ឃែរី បាន​និយាយ​ជាមួយ​ខ្ញុំ​យ៉ាង​ច្បាស់​ថា ខ្ញុំ​មក​នេះ​មិន​មែន​ដើម្បី​ឲ្យ​មាន​ការ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន នោះ​ទេ។ ខ្ញុំ​បាន​ប្រាប់ ចន ឃែរី ភ្លាម។ ខ្ញុំ​ថា ខ្ញុំ​ក៏​អត់​មាន​ការ​ចាំបាច់​រើស​អ្នក​ណា​ដែរ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ធ្វើ​មិត្ត​ទាំងអស់។ តើ​វា​មាន​ប្រយោជន៍​អី​ឲ្យ​ខ្ញុំ​រើស​អ្នក​នេះ ចោល​អ្នក​នោះ ហើយ​ឲ្យ​ខ្ញុំ​ចូល​ជាមួយ​អ្នក​នេះ ប្រឆាំង​អ្នក​នោះ គឺ​អត់​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ សមាជិក​អាស៊ាន​ទាំង​១០ មិន​អាច​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​របស់​ខ្លួន​នៅ​ក្រោយ​កិច្ច​ប្រជុំ​ជុំវិញ​ការ​បង្កើត​ក្រម​ប្រតិបត្តិ (COC = Code of Conduct) ក្នុង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង នោះ​ឡើយ។

ការ​អាក់​ខាន​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ដោយសារ​មាន​ចិន នៅ​ពី​ក្រោយ​កម្ពុជា ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​មាន​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា មិន​បាន​ទទួល​រង​គំនាប​អ្វី​ពី​ចិន នោះ​ទេ។ លោក​ថា មិន​មែន​មាន​តែ​កម្ពុជា ទេ​ដែល​មិន​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង លេច​ចេញ​ជា​រូប​រាង ប៉ុន្តែ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​មុន​កម្ពុជា និង​ក្រោយ​កម្ពុជា ក៏​មិន​មាន​សមត្ថភាព​បង្កើត​ក្រម​ប្រតិបត្តិ​នេះ​ដូច​គ្នា។ លោក ហ៊ុន សែន ក៏​មិន​មាន​សង្ឃឹម​ថា ក្រម​ប្រតិបត្តិ​នេះ​អាច​ចេញ​ជា​រូប​រាង​ក្នុង​ឆ្នាំ​២០១៦ នេះ​ឡើយ។ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នេះ កម្ពុជា គាំទ្រ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេ​ភាគី​រវាង​ប្រទេស​ជម្លោះ ដូច​ប្រទេស​ចិន ដែរ ប៉ុន្តែ​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន និង​សហរដ្ឋ​អាមេរិក ចង់​ឃើញ​ជម្លោះ​នេះ​ដោះស្រាយ​តាម​រយៈ​យន្តការ​ពហុ​ភាគី​វិញ។

ទោះ​ក្នុង​ហេតុផល​ណា​ក៏ដោយ​ចុះ កម្ពុជា ហាក់​កំពុង​បង្ហាញ​ខ្លួន​ឯង​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​មហា​អំណាច​ណា​មួយ ហើយ​ក៏​ហាក់​សំអាង​ថា មាន​ប្រទេស​អ្នក​មាន​ណា​មួយ​នៅ​ពី​ក្រោយ​ជា​បង្អែក ជាពិសេស​នៅ​ពេល​ដែល​មាន​ការ​គំរាម​ពី​មជ្ឈិម​ប្រទេស ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ពី​ការ​កាត់​ផ្តាច់​ជំនួយ​មក​កម្ពុជា ម្តងៗ​ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស។ ជាក់ស្តែង​កាល​ពី​ឆ្នាំ​២០០៩ បើ​ទោះ​ជា​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​ការ​គំរាម​ពី​សហរដ្ឋ​អាមេរិក ថា នឹង​ផ្តាច់​ជំនួយ​យោធា​មក​កម្ពុជា បើ​កម្ពុជា បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ។ កម្ពុជា មិន​បាន​ចាប់​អារម្មណ៍​ឡើយ។ ទីបំផុត ជន​ភៀស​ខ្លួន​ទាំង ២០​នាក់​នោះ ត្រូវ​បាន​កម្ពុជា បញ្ជូន​ទៅ​ឲ្យ​ចិន។ ពីរ​ថ្ងៃ​ក្រោយ​មក ចិន បាន​ផ្តល់​ជំនួយ និង​កម្ចី​ប្រមាណ ១​ពាន់​លាន​ដុល្លារ​មក​ឲ្យ​កម្ពុជា។

ក្នុង​នាម​ជា​ប្រទេស​ក្រីក្រ ប្រាកដ​ណាស់ កម្ពុជា ត្រូវ​ការ​ឲ្យ​មាន​មិត្ត​ច្រើន​ដូច​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ការ​ដែល​មាន​មិត្ត​ច្រើន​នេះ អាច​ផ្តល់​ប្រយោជន៍​ច្រើន​មក​ដល់​កម្ពុជា ទាំង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ទាំង​ការ​ទាក់ទាញ​លំហូរ​នៃ​ទុន​វិនិយោគ​របស់​ប្រទេស​ជា​មិត្ត​ទាំង​នោះ​មក​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា។

ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាល​ហាក់​ពុំ​សូវ​ខ្វល់​ពី​ការ​បាត់បង់​ផល​ប្រយោជន៍​ពី​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ឡើយ ពិសេស​ពី​មិត្ត​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចំៗ​ពី​រឿង​ធ្វើ​បាប​បក្ស​ប្រឆាំង ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ពី​អំពើ​ពុក​រលួយ ឬ​ពី​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​រដ្ឋាភិបាល។ នៅ​ពេល​មាន​ការ​គំរាម​ផ្តាច់​ជំនួយ​ពី​ប្រទេស​ទាំង​នោះ​ម្តងៗ រដ្ឋាភិបាល​តែង​ឆ្លើយ​តប​ទៅ​វិញ​ថា កម្ពុជា មិន​ខ្វល់​ឡើយ។ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ក៏​ងាក​ទៅ​លេង​ស្និទ្ធ​ជាមួយ​មហា​អំណាច​ចិន ដែល​មិន​ដែល​រិះគន់​ពី​ការ​ដឹក​នាំ​របស់​ខ្លួន​ម្តង​ណា​នោះ។ ប្រការ​នេះ ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន ដែល​ថា​កម្ពុជា ត្រូវ​ធ្វើ​ជា​មិត្ត​របស់​ប្រទេស​ទាំងអស់៕

No comments: