Fri, 5 February 2016 ppp
មាស សុខជា
ភ្នំពេញៈ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែនកម្ពុជា‑វៀតណាមបានអះអាងថាវៀតណាមបានបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជាជាង ១០ ហិកតានៅក្នុងខេត្តត្បូងឃ្មុំខណៈដែលកម្ពុជាបានបោះបង្គោលព្រំដែននៅចំពាក់កណ្តាលផ្ទះវៀតណាមនៅក្នុងខេត្តស្វាយរៀងដែលនេះជាលទ្ធផលបន្ទាប់ពីក្រុមរបស់លោកបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនខែ។
លោក សុខ ទូច បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅរាជបណ្ឌិត្យសភាកម្ពុជាថាបង្គោលព្រំដែនលេខ ៩៤ លេខ ៩៥ និងលេខ ១០៩ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងខេត្តត្បូងឃ្មុំត្រូវបានដាំក្នុងទឹកដីកម្ពុជាជាច្រើនហិកតា។
លោកបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំបានប្រាប់ប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភពីការបាត់បង់ដីនេះ។ យើងនឹងដោះដូរដីមកវិញ។ នេះចូលក្នុង [ដីកម្ពុជា] ជាង ១០ ហិកតា។ កន្លែងមួយចំនួន [ចូលក្នុងដីកម្ពុជា] ៥ ម៉ែត្រ។ កន្លែងខ្លះទៀត ១០ ម៉ែត្រ។ កន្លែងផ្សេងទៀត ៥០ ម៉ែត្រ»។
លោក សុខ ទូច បានចោទជាសំណួរថាបើបង្គោលព្រំដែនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ត្រឹមត្រូវហេតុអ្វីបានជារដ្ឋាភិបាលចុះកិច្ចព្រមព្រៀងឆ្នាំ ២០០៥ ដើម្បីបោះបង្គោលព្រំដែនជាថ្មីទៀត? លោកបន្ថែមថា បង្គោលព្រំដែនលេខ ១៧១ នៅក្រុងបាវិត ខេត្តស្វាយរៀងត្រូវបានបោះចំពាក់កណ្តាលផ្ទះវៀតណាមហើយបង្គោលមួយទៀតបោះចំក្នុងចម្ការកៅស៊ូវៀតណាម។
លោក សុខ ទូច ក៏បានទម្លាក់កំហុសលើប្រវត្តិសាស្រ្តដែលបារាំងដាក់អាណានិគមមកលើកម្ពុជា វៀតណាម និងឡាវដោយគូសបន្ទាត់ព្រំដែនប្រទេសទាំងនេះធ្វើឱ្យប្រទេសទាំងពីរបាត់បង់ទឹកដីទៅវិញទៅមក។ លោកក៏បានថ្លែងទៅកាន់សមាជិកសភាគណបក្សប្រឆាំងជាពិសេសលោក អ៊ុំ សំអាន ថាសូមឲ្យឈប់បង្កបញ្ហាព្រំដែនទៀត។
លោកបានបញ្ជាក់ថា៖ «តើអ្នកណា [ធ្វើឱ្យបាត់បង់ទឹកដីកម្ពុជា]? គឺប្រវត្តិសាស្រ្ត។ មិនមែន ហ៊ុន សែន មិនមែន លន់ នល់។ មិនមែន ប៉ុល ពត។ អ្នកជំនាន់ក្រោយបានទទួលឧក្រិដ្ឋកម្មនៃប្រវត្តិសាស្រ្ត។ បើយើងមិនបន្តការសិក្សាពីបញ្ហានេះតើពេលណាខ្មែរយើងមានព្រំដែនច្បាស់លាស់?»។
ដោយឆ្លើយតបពីសហរដ្ឋអាមេរិកលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសកម្មលើបញ្ហាព្រំដែនបានច្រានចោលការចោទប្រកាន់របស់លោក សុខ ទូច ដោយលើកឡើងថាអ្វីដែលលោក សុខ ទូច និយាយគឺគ្រាន់តែដើម្បីផលប្រយោជន៍ចំពោះតួនាទីរបស់គាត់ក្នុងរដ្ឋាភិបាល និងដើម្បីការពាររដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក សំអាន បានលើកឡើងថា៖ «យើងមិនបានបង្កបញ្ហាព្រំដែនទេ។ យើងចង់ស្វែងរកការពិតពីការបាត់បង់ទឹកដី ចង់ការពារពលរដ្ឋបាត់បង់ដីតាមបណ្តោយព្រំដែន។ ចង់ដឹងថាពិត ឬអត់ទៅសួរពលរដ្ឋតាមបណ្តោយព្រំដែនទៅថាតើពួកគាត់បានបាត់បង់ដីស្រែចម្ការឬអត់? ក្រុមខ្ញុំជាតំណាងរាស្រ្តបើមិនការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនការពារផលប្រយោជន៍ជាតិ [យើង] ធ្វើការងារជាតំណាងរាស្រ្តដើម្បីអ្វី?»។ លោក អ៊ុំ សំអាន បានជំរុញឱ្យលោក សុខ ទូច ទៅជួបជាមួយប្រជាពលរដ្ឋតាមបណ្តោយព្រំដែនកុំជួបតែអាជ្ញាធរហើយសួរប្រជាពលរដ្ឋថាតើពួកគេមានបាត់បង់ដីស្រែចម្ការទៅវៀតណាមឬអត់?
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានបដិសេធធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ។
ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទទួលស្គាល់ពីតួនាទីរបស់អ្នកស្រាវជ្រាវក្នុងបេសកកម្មពីបញ្ហាព្រំដែននេះដោយលើកឡើងថាក្រុមអ្នកស្រាវជ្រាវរបស់លោក សុខ ទូច ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល។ ប៉ុន្តែលោកថាក្រុមអ្នកស្រាវជ្រាវនេះគឺឯករាជ្យដែលនិយាយពីការពិតជួយដល់រដ្ឋាភិបាល និងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោកបានថ្លែងថា៖ «អ្វីដែលលោក សុខ ទូច លើកឡើងជាការពិតដែលគាត់បានឃើញ។ វាគ្រាន់តែជាដំណឹងបន្ថែមទៀតដើម្បីជួយរាជរដ្ឋាភិបាលជួយអ្នកជំនាញរបស់ភាគីទាំងពីរក្នុងការពិភាក្សា។ អ៊ីចឹងអ្វីដែល [ក្រុមឯករាជ្យ] បានលើកឡើងអ្វីដែលគាត់ឃើញគាត់និយាយអ្វីដែលគាត់ឃើញនោះ»។
ទោះជាយ៉ាងណាលោក កែម ឡី អ្នកស្រាវជ្រាវពីសង្គមដែលធ្លាប់ចុះទៅពិនិត្យមើលព្រំដែនកម្ពុជាវៀតណាមជាច្រើនកន្លែងបានថ្លែងថាផ្អែកលើការពិតបង្គោលព្រំដែនអាចបោះចូលក្នុងទឹកដីកម្ពុជាបានតែ «ដាច់ខាតបង្គោលព្រំដែនមិនអាចបោះចូលក្នុងទឹកដីវៀតណាមបានទេ»។ លោកបានសង្កត់ធ្ងន់ថានៅពេលដែលបង្គោលព្រំដែន [បោះ] នៅទីណាវៀតណាមទៅដល់ទីនោះដែរ។
លោកលើកឡើងថា៖ «ការសិក្សាពីបញ្ហាព្រំដែនទាល់តែមានការចូលរួមពីភាគីទាំងអស់ទើបធ្វើឲ្យមានជំនឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ រដ្ឋាភិបាលបានអះអាងថាមិនបាត់ [ដី] សូម្បីតែមួយសង់ទីម៉ែត្រ។ រដ្ឋាភិបាលបានសិក្សា និងបានអះអាងបែបនេះគឺគ្រាន់តែជារឿងគួរឲ្យចង់សើចប៉ុណ្ណោះ»៕ TK
No comments:
Post a Comment