A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 October 2015

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​អនុប្រធាន​ព្រឹទ្ធសភា​ថា​ខ្ជះខ្ជាយ​ថវិកា​ជាតិ

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​អនុប្រធាន​ព្រឹទ្ធសភា​ថា​ខ្ជះខ្ជាយ​ថវិកា​ជាតិ
ដោយ ប្រាជ្ញ ចេវ
2015-10-06 rfa
ព្រឹទ្ធសភា​កម្ពុជា
Photo: RFA

សង្គម​ស៊ីវិល​រិះគន់​ថា ការ​តែងតាំង​ទីប្រឹក្សា​របស់​អនុប្រធាន​ព្រឹទ្ធសភា ចំនួន ១៥​រូប ជា​ចំនួន​ច្រើន ដែល​ខ្ជះខ្ជាយ​ថវិកា​ជាតិ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា បញ្ជាក់​ថា ចំនួន​ទីប្រឹក្សា​ទាំង​នោះ មិន​បាន​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​លុយ​រដ្ឋ​នោះ​ទេ ម៉្យាង​វិញ​ទៀត ការ​តែងតាំង​ទីប្រឹក្សា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ដើម្បី​ជួយ​ការងារ ព្រោះ​អនុប្រធាន​ទើប​តែ​ឡើង​កាន់​តំណែង។

ការ​លើក​ឡើង​បែប​នេះ ព្រោះ​ក្រុម​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា ស្ថាប័ន​មួយ​នេះ​ពុំ​សូវ​មាន​សកម្មភាព និង​មិន​ចង់​ឲ្យ​ចាយ​ថវិកា​រដ្ឋ​ខ្ជះខ្ជាយ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ និយាយ​ថា ស្ថាប័ន​ព្រឹទ្ធសភា បង្កើត​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ ដូច្នេះ​មិន​ចាំបាច់​ឲ្យ​មាន​ទីប្រឹក្សា​អនុប្រធាន​ព្រឹទ្ធសភា នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា គួរ​តែ​រំលាយ​ស្ថាប័ន​មួយ​នេះ​ចោល​តែ​ម្តង៖ «ខ្ញុំ​ថា​មិន​មាន​ប្រយោជន៍ មិន​មាន​ការងារ មិន​មាន​អំណាច​ជាក់លាក់ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​អនុម័ត​ច្បាប់​ទេ។ ស្ថាប័ន​នេះ ជា​ស្ថាប័ន​បំផ្លាញ​លុយ​ជាតិ។ ព្រឹទ្ធសភា បើ​តាម​ចិត្ត​ខ្ញុំ បិទ​ចោល​តែ​ម្តង មិន​មាន​តួនាទី​អី​សោះ ទុក​ធ្វើ​អី»។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ចុះ​ហត្ថលេខា​ដោយ លោក សាយ ឈុំ ជា​ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​តែងតាំង និង​ផ្តល់​ឋានៈ​ទីប្រឹក្សា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា លោក នៃ ប៉េណា ចំនួន ១៥​រូប។ ទីប្រឹក្សា​ទាំង​នោះ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​តែងតាំង​ទីប្រឹក្សា​ទាំង​នេះ គឺ​ជា​ការ​ចាយ​ថវិកា​ជាតិ​ច្រើន មិន​សម​នឹង​ការ​ចំណាយ។ លោក អំ សំអាត ស្នើ​ថា មុន​នឹង​ឲ្យ​មាន​ការ​តែងតាំង​ទីប្រឹក្សា​របស់​ប្រមុខ​ស្ថាប័ន​របស់​រដ្ឋ​នីមួយៗ គួរ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តម្រូវ​ការ​ការងារ មុន​នឹង​តែងតាំង៖ «ខ្ញុំ​ឯកភាព​ថា តែងតែ​មាន​ទីប្រឹក្សា ប៉ុន្តែ​ប្រហែល​កម្ពុជា ទេ​ដែល​ថ្នាក់​ដឹក​នាំ​មាន​ទីប្រឹក្សា​ច្រើន​នោះ។ ខ្ញុំ​គិត​ថា គួរ​មាន​កម្រិត​មួយ​ជាក់លាក់ ដែល​កំណត់​ពី​ប្រឹក្សា អ្នក​ជួយ​ធ្វើ​ការ​ប្រធាន ឬ​អនុប្រធាន​ព្រឹទ្ធសភា ឬ​រដ្ឋសភា»។

សង្គម​ស៊ីវិល តែងតែ​រិះគន់​ថា ប្រមុខ​ស្ថាប័ន​របស់​រដ្ឋ​មាន​ទីប្រឹក្សា​ច្រើន បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​អ្នក​ខ្លះ​យក​ងារ​ជា​ទីប្រឹក្សា​ទៅ​រំលោភ​យក​ដី​ពលរដ្ឋ​ក៏​មាន។

ស្ថាប័ន​ព្រឹទ្ធសភា បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៨ ខណៈ​ដែល​មាន​វិបត្តិ​នយោបាយ ដែល​គេ​ដឹង​ថា បង្កើត​ឡើង​ដើម្បី​រក​កន្លែង​ឲ្យ លោក ជា ស៊ីម ដែល​កាល​នោះ​លោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម នាង មាន​ប្រសាសន៍​ថា ចំនួន​ទីប្រឹក្សា​ទាំងអស់ គឺ​ជា​អ្វី​ដែល​អនុប្រធាន​ព្រឹទ្ធសភា ត្រូវ​ទទួល​បាន ព្រោះ លោក នៃ ប៉េណា ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី។ លោក​បន្ត​ថា ទីប្រឹក្សា​ទាំង ១៥​រូប​នេះ នឹង​ជួយ​ការងារ​ផ្នែក​ច្បាប់​នៅ​ខុទ្ទកាល័យ​អ្នក​ស្រាវជ្រាវ និង​មាន​អ្នក​ផ្សេង​ទៀត ដើម្បី​ជួយ​ការងារ​រដ្ឋបាល៖ «គាត់ (អនុប្រធាន​ព្រឹទ្ធសភា) ទើប​តែ​ស្នើ​តែងតាំង​ទីប្រឹក្សា​ថ្មី ព្រោះ​គាត់​ត្រូវ​ឡើង​កាន់​មុខ​តំណែង​ថ្មី កាល​ពី​មុន​គាត់​ប្រធាន​គណៈកម្មការ​ទី​៧ ទេ។ ចឹង គឺ​គាត់​សុំ​ស្នើ​ទីប្រឹក្សា​ជាន់​ខ្ពស់ អ្នក​ច្បាប់ និង​អ្នក​ផ្សេង​ទៀត ដើម្បី​បម្រើ​ការងារ​របស់​គាត់»។

អ្នក​នាំ​ពាក្យ​ដដែល​ពន្យល់​ថា ក្នុង​ចំណោម​ទីប្រឹក្សា​ទាំង ១៥​រូប មាន​ទីប្រឹក្សា​ខ្លះ​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍​បន្ថែម គ្រាន់​តែ​បន្ថែម​មុខងារ​បច្ចុប្បន្ន។ លោក​ថា ទីប្រឹក្សា​ដែល​ជួយ​សម្រួល​ដល់​អនុប្រធាន​ព្រឹទ្ធសភា ជា​អ្នក​ច្បាប់ និង​អ្នក​បច្ចេកទេស។

យ៉ាង​ណា​ក៏ដោយ​ចុះ សង្គម​ស៊ីវិល​តែងតែ​ហៅ​ស្ថាប័ន​រដ្ឋ ថា​មាន​ក្បាល​ធំ​ជាង​ខ្លួន ខណៈ​ដែល​ការ​តែងតាំង​ទីប្រឹក្សា​គ្មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​លុយ​ជាតិ និង​គ្មាន​តម្លាភាព។ នៅ​អាណត្តិ​ទី​៥ នេះ រដ្ឋាភិបាល លោក ហ៊ុន សែន អម​ដោយ​ឧបនាយករដ្ឋមន្ត្រី ៩​រូប ទេសរដ្ឋមន្ត្រី ១៥​រូប និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ចំនួន ១៣​នាក់ ដែល​គេ​មិន​ទាន់​រាប់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​រាប់​រយ​នាក់​ផ្សេង​ទៀត​ផង៕

No comments: