A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 October 2015

អាជ្ញាធរ​គ្រោង​រៀបចំ​តំបន់​ចម្ការ​ឈើ​និង​វាល​ផ្កា​ព្រៃ​ជា​កន្លែង​ទេសចរណ៍​មួយ​ទៀត​នៅ​សៀមរាប

អាជ្ញាធរ​គ្រោង​រៀបចំ​តំបន់​ចម្ការ​ឈើ​និង​វាល​ផ្កា​ព្រៃ​ជា​កន្លែង​ទេសចរណ៍​មួយ​ទៀត​នៅ​សៀមរាប
ដោយ ហង្ស សាវយុត
2015-09-30 rfa
២៧-កញ្ញា-២០១៥៖ ផ្កា​ចាហួយ​ដែល​ដុះ​នៅ​លើ​ផ្ទៃដី​ចម្ការ​ឈើ​គ្រញូង​ជា​ច្រើន​ហិកតារ​ជាប់​ ព្រំប្រទល់​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ ផ្កា​នេះ​រីក​ចាប់​ខែ​កក្កដា ដល់​ខែ​កញ្ញា ជា​រៀងរាល់​ឆ្នាំ។
រូបថត​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប

អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​បាន​សម្លឹង​ឃើញ​តំបន់​ចំការ​ឈើ​គ្រញូង និង​វាល​ផ្កា​ព្រៃ ទំហំ​ជិត ២​ពាន់​ហិកតារ នៅ​ជាប់​ព្រំប្រទល់​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ថា​ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ​ទៀត ដែល​អាច​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពេល​អនាគត។

មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​សៀមរាប កំពុង​សហការ​គ្នា​ជំរុញ​ឱ្យ​តំបន់​ចម្ការ​ឈើ​គ្រញូង និង​វាល​ផ្កា​ព្រៃ​ធម្មជាតិ​មួយ ទំហំ​ជិត ២​ពាន់​ហិកតារ ព្រមទាំង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់​នៅ​ផង អាច​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ថ្មី និង​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត។

ចម្ការ​ឈើ​គ្រញូង​និង​វាល​ផ្កា​ព្រៃ​ធម្មជាតិ ដែល​ស្ថិត​នៅ​ភូមិ​ខ្នារង្វះ ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ចម្ងាយ​ជិត ៧០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប នោះ កំពុង​ការពារ​និង​គ្រប់គ្រង​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​កញ្ញា ថា ​តំបន់​ចម្ការ​ឈើ​គ្រញូង និង​ធ្នង់ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​គ្នា​រវាង​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ នោះ ក្រៅ​តែ​ពី​មាន​ដើម​ឈើ​កម្រ​ដ៏​ស្រស់​ស្អាត​រាប់​ម៉ឺន​ដើម គឺ​នៅ​ខែ​កក្កដា រហូត​ដល់​ខែ​កញ្ញា ជា​រៀងរាល់​ឆ្នាំ ក៏​មាន​ផ្កា​ព្រៃ​ប្រភេទ​ត្រថុក និង​ផ្កា​ចាហួយ រីក​ស្គុះស្គាយ ហើយ​កន្លែង​ខ្លះ​ទៀត មាន​ទេសភាព​ត្រពាំង​ទឹក និង​វាលស្មៅ​ស្រស់​ស្អាត​ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​ចង់​គយគន់។

លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍​ជាមួយ​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពុង​សហការ​គ្នា​រៀបចំ​តំបន់​នោះ ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ ដែល​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ពី​លើ​ប្រាសាទ​បុរាណ និង​បឹង​ទន្លេសាប ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ៖ «យើង​នឹង​រៀបចំ​កម្មវិធី​មួយ ហើយ​យើង​នឹង​ផ្សាយ​ឱ្យ​គ្រប់​បណ្ដា​ទីភ្នាក់ងារ​ទេសចរណ៍ រៀបចំ​កញ្ចប់​ទស្សនា ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កម្សាន្ត​ទី​នោះ»។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប មាន​បំណង​ពង្រីក​ការ​ដាំ​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​ទី​នោះ​នៅ​លើ​ផ្ទៃដី​ធំ​ទូលាយ​ថែម​ទៀត ហើយ​ក៏​មាន​គម្រោង​រៀបចំ​ឱ្យ​ក្លាយ​ទៅជា​សួន​ចម្ការ​ឈើ អនុស្សាវរីយ៍​នៃ​គូ​អាពាហ៍ពិពាហ៍​ថ្មោងថ្មី​ណា​ដែល​ចង់​ទៅ​ដាំ​ដែរ។

នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ ជឿ​ថា ចំការ​ឈើ​គ្រញូង​នេះ​គឺ​តំបន់​តែមួយ​គត់​ដែល​មាន​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ក៏​ប្រហែលជា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ លោក ទា គឹមសុទ្ធ យល់​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរ​បរទេស​ចង់​ទៅ​ទស្សនា​ចម្ការ​ឈើ​គ្រញូង​នោះ គឺ​មិន​ត្រឹមតែ​បាន​ឃើញ​ប្រភេទ​ឈើ​ដ៏​មាន​តម្លៃ​បំផុត​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ ពួកគេ​ក៏​អាច​ទស្សនា​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ដូចជា​ក្ងោក ឈ្លូស ដែល​រស់​នៅ​ជុំវិញ​ដែរ៖ «នៅ​ក្នុង​ព្រៃ​វា​មាន​ភាព​ទាក់ទាញ​ជាមួយ​ជីវចម្រុះ ដុះ​លូតលាស់​ដោយ​ធម្មជាតិ អ៊ីចឹង​វា​អាច​មាន​ផ្កា​ព្រៃ ជាពិសេស​សត្វ​ព្រៃ​នៅ​តំបន់​នេះ គឺ​ឃើញ​មាន​ច្រើន»។

ពេល​បច្ចុប្បន្ន ការ​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ចម្ការ​ឈើ​គ្រញូង​នោះ គឺ​ទីភ្នាក់ងារ​អាច​ដឹក​ជញ្ជូន​ភ្ញៀវ​របស់​ខ្លួន​តាម​រថយន្ត​បាន ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​គឺ​អ្នក​ទេសចរណ៍​ត្រូវ​ចំណាយ​ពេល​ជិះ​កង់​ដោយ​មាន​អ្នក​ជូន​ដើរ​ទស្សនា​ធម្មជាតិ​ជា​ច្រើន​ប្រភេទ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា កន្លង​ទៅ មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ដឹកនាំ​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​មួយ​ចំនួន​ទៅ​កាន់​ចម្ការ​ឈើ​គ្រញូង​នោះ ដើម្បី​នាំ​គ្នា​ប្រារព្ធ​ពិធី​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក ហើយ​មាន​ទីភ្នាក់ងារ​ទេសចរណ៍​ខ្លះ​បាន​ចាប់​អារម្មណ៍​លើ​ការ​នាំ​ភ្ញៀវ​ទៅ​ទស្សនា​តំបន់​ធម្មជាតិ​នោះ៕

No comments: