A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 6 October 2015

ជនជាតិ​វៀតណាម​បន្ត​ដើរ​លក់​ឆ្នោត​ក្នុង​ខេត្ត​ស្វាយរៀង​ឡើង​វិញ

ជនជាតិ​វៀតណាម​បន្ត​ដើរ​លក់​ឆ្នោត​ក្នុង​ខេត្ត​ស្វាយរៀង​ឡើង​វិញ
ដោយ ថា កិត្យា
2015-10-05 rfa
ស្ត្រី​ជនជាតិ​វៀតណាម ដើរ​កាន់​សន្លឹក​ឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ កន្លែង ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Tha Kitya

ជនជាតិ​វៀតណាម ចាប់​ផ្ដើម​លក់​សន្លឹក​ឆ្នោត​ពេញ​ខេត្ត​ស្វាយរៀង ឡើង​វិញ​ហើយ ក្រោយ​ពី​ស្ងប់ស្ងាត់​ប្រហែល​មួយ​សប្ដាហ៍ នៅ​បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​ចុះ​បង្ក្រាប​កាល​ពី​ខែ​កញ្ញា កន្លង​ទៅ។ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ក្នុង​ការ​បង្ក្រាប​ជនជាតិ​វៀតណាម ដើរ​លក់​សន្លឹក​ឆ្នោត មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ មិន​មាន​ប្រសិទ្ធភាព ព្រោះ​ជនជាតិ​វៀតណាម នៅ​តែ​ដើរ​លក់​សន្លឹក​ឆ្នោត​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​នៅ​តាម​ទីប្រជុំជន​ក្នុង​ខេត្ត​ស្វាយរៀង ដដែល។

ពលរដ្ឋ​ម្នាក់​រៀបរាប់​ថា ជនជាតិ​វៀតណាម យ៉ាង​ហោច​ណាស់​ប្រហែល ៧០​នាក់​ទៅ ៨០​នាក់ នៅ​តែ​ដើរ​លក់​សន្លឹក​ឆ្នោត​ដដែល បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​ចាត់​វិធានការ​តាម​ច្បាប់​អន្តោប្រវេសន៍ ចំពោះ​ជន​បរទេស​រូប​ណា​ដែល​ចូល​ទឹក​ដី​កម្ពុជា មិន​ស្រប​ច្បាប់៖ «បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​អាជ្ញាធរ​បើក​ច្រក​ព្រំដែន​ទូលាយ​ពេក។ បើ​ធ្វើ​ដូច​ប្រទេស​វៀតណាម គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ពេល​ចូល​វៀតណាម ធម្មតា​រយៈពេល​មួយ​ថ្ងៃ​ត្រូវ​ត្រឡប់​ចូល​ប្រទេស​ខ្មែរ​វិញ តែ​ជនជាតិ​វៀតណាម ដែល​ចូល​មក​លក់​ឆ្នោត​នៅ​ខ្មែរ​យើង គឺ​នៅ​ម៉ោង ៦​ល្ងាច ដែល​ឆ្នោត​ចេញ​ហើយ គឺ​នៅ​តែ​ក្នុង​ស្រុក​ខ្មែរ​ដដែល អត់​មាន​ទៅ​ណា​ទេ។ មិន​ដឹង​ថា​យ៉ាង​ម៉េច​អាច​មក​ពី​ចំណាត់​ការ​ធូរ​រលុង»។

សន្លឹក​ឆ្នោត​ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​គេ​នាំ​ចូល​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​ផ្ទៀង​នោះ គឺ​ក្នុង​តម្លៃ ២​ពាន់​រៀល ទៅ ២.៥០០​រៀល​ក្នុង ១​សន្លឹក ដែល​ជនជាតិ​វៀតណាម ចំណេញ​ចាប់​ពី ១ពាន់​រៀល ទៅ ១.៥០០​រៀល​ក្នុង ១​សន្លឹក​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក នុត បូពិណ្ណរ័ត្ន សង្ស័យ​ថា ការ​ដែល​អាជ្ញាធរ​ខ្មែរ​មិន​អាច​បោស​សម្អាត​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត​បាន​នេះ ដោយសារ​អាច​មាន​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ខ្នង ហើយ​អាជ្ញាធរ​មាន​ឋានៈ​តូចតាច មិន​ហ៊ាន​ប៉ះពាល់​ជនជាតិ​វៀតណាម ទាំង​នោះ​ទេ ព្រោះ​ខ្លាច​របូត​តំណែង​មិន​ដឹង​ខ្លួន។ ជាង​នេះ​ទៅ​ទៀត អាច​ជា​ការ​ត្រូវរ៉ូវ​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ស្រុក​ផង​ដែរ៖ «ការ​ដែល​វៀតណាម មក​លក់​ឆ្នោត​នេះ គឺ​បង្ក្រាប​ដូច​វែក​ចក​អ៊ីចឹង ហើយ​យើង​ឃើញ​ថា ធ្វើ​អត់​មាន​ការ​ជាក់លាក់​ចំពោះ​ផ្លូវ​ច្បាប់​ស្រុក​ខ្មែរ​ទេ តែ​ចំពោះ​អ្នក​ដែល​លក់​ឆ្នោត​ជា​ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ គឺ​ធ្វើ​ក្នុង​នីតិវិធី​ច្បាប់​ល្បែង។ ដោយឡែក​ចំពោះ​វៀតណាម ដែល​មក​ប្រព្រឹត្ត​បទល្មើស​លក់​ឆ្នោត​វិញ មិន​ធ្វើ​ការ​ផ្ដន្ទាទោស​អី គឺ​ធ្វើ​កិច្ចសន្យា​ដោះ​លែង​វិញ ហើយ​ឥឡូវ​មក​លក់​ពេញ​ហាង​កាហ្វេ​វិញ​ដដែល»។

អង្គការ​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ជាទូទៅ​ជនជាតិ​វៀតណាម ដើរ​លក់​សន្លឹក​ឆ្នោត​ស្ទើរ​គ្រប់​ខេត្ត-ក្រុង សូម្បី​តែ​រាជធានី​ភ្នំពេញ ក៏​បាន​កើត​ឡើង​ពេញ​បន្ទុក​ផង​ដែរ។

ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​ប្រជាពលរដ្ឋ​វិញ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ល្បែង​ឆ្នោត​នេះ គឺ​ផ្ទុយ​នឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ទាមទារ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ចាត់​វិធានការ​បង្ក្រាប​គ្រប់​ទីកន្លែង​ជា​បន្ទាន់៖ «ប្រឆាំង​ដាច់ខាត​រឿង​នេះ សូម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ព្រោះ​អា​នេះ​វា​ផ្ទុយ​នឹង​គោលការណ៍​ភូមិ-ឃុំ​មាន​សុវត្ថិភាព»។

បញ្ហា​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម លក់​ឆ្នោត​ដោយ​គ្មាន​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​មិន​ត្រឹមត្រូវ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម និង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។ ប៉ះពាល់ ព្រោះ​ថា លំហូរ​សាច់​ប្រាក់​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​រយៈ​ការ​ទិញ​សន្លឹក​ឆ្នោត ដែល​គេ​មិន​អាច​ប៉ាន់ស្មាន​បាន​ក្នុង​មួយ​ថ្ងៃៗ។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថា វៀតណាម មិន​បាន​បង់​ពន្ធ​ជូន​កម្ពុជា ឡើយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ទៀត​ផង៕

No comments: