Thu, 1 October 2015 ppp
គឹម សារុំ
ជនជាតិវៀតណាមប្រុសស្រីជាប់ចោទជួញគ្រឿងញៀននៅតុលាការកំពូលពីម្សិលមិញ។ រូបថត គឹម សារុំ |
ភ្នំពេញៈ តុលាការកំពូលពីថ្ងៃពុធម្សិលមិញបានលើកពេលជំនុំជម្រះសំណុំរឿង ឧក្រិដ្ឋគ្រឿងញៀនជាង ១ គីឡូក្រាមទៅខែក្រោយវិញដោយសារគ្មានអ្នកបកប្រែ និងអវត្តមានមេធាវីដែលម្នាក់ៗត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស ដាក់ពន្ធនាគារពី ២០ ទៅ ៣០ ឆ្នាំ។
លោកចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថារឿងឧក្រិដ្ឋគ្រឿងញៀនមួយ នេះមានជនជាប់ចោទបីនាក់តែពីរនាក់មានវត្តមាន និងម្នាក់ទៀតឈឺមកមិនរួចហើយក៏គ្មានអ្នកបកប្រែដែរ។ លោកថ្លែងក្នុងសវនាការថា៖ «ការលើកពេលព្រោះអត់មានអ្នកបកប្រែ និងអវត្តមានមេធាវីម្នាក់» ។
អង្គហេតុនេះជនជាប់ចោទ មានឈ្មោះ សុខ លី ហៅ ញ៉ាញ់ ហៅ ដាឡែន ភេទស្រីអាយុ ៣៦ ឆ្នាំ,ឈ្មោះ DANHLUTEN ហៅ យ៉ាន់ សៀង ភេទប្រុសអាយុ ៣៧ ឆ្នាំ និងឈ្មោះ តាំងប៊ូ ហៅ WongChieng ភេទប្រុសអាយុ ៤៩ ឆ្នាំដែលទាំង៣នាក់ជាជនជាតិវៀតណាម។
ឯកសារ តុលាការបញ្ជាក់ថាសមត្ថកិច្ចក្រសួងមហាផ្ទៃក្លែងជាអ្នកទិញថ្នាំញៀន បានទាក់ទងជាមួយក្រុមជនជាប់ចោទហើយក្រុមជនល្មើសបានបញ្ជាឲ្យ សមត្ថកិច្ចបន្លំខ្លួននោះយកលុយទៅដាក់នៅហាងវេរលុយឈ្មោះ ញ៉ាសិត ។ ពេលនោះឈ្មោះ តាំង ប៊ូ ជាអ្នកទទួលថ្នាំញៀនចំនួន ១ គីឡូក្រាមពីឈ្មោះ សុខ លី ហើយយកទៅបន្ទប់លេខ ១០៣ ក្នុងសណ្ឋាគារណាណានៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ តែត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សុខ លី ខណៈដែលឈ្មោះនេះកំពុងបើកលុយនៅហាងវេរលុយ ញ៉ាសិត និងរកឃើញថ្នាំញៀន ២ ខាំទៀត។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានី ភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១៣ ផ្តន្ទាទោសឈ្មោះ ដាញ យ៉ានលៀង ហៅ យ៉ាន់ សៀងដាក់ពន្ធនាគារ ៣០ ឆ្នាំ និងពិន័យប្រាក់ ៨០ លានរៀល សុខ លី ដាក់ពន្ធនាគារ ២៥ ឆ្នាំ និងពិន័យប្រាក់ ៦០ លានរៀល និង តាំង ប៊ូ ហៅ ជី ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យប្រាក់ ៤០ លានរៀលពីបទជួញដូរគ្រឿងញៀនតាមមាត្រា ៤០ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន៕
No comments:
Post a Comment