A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 August 2015

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្រាប់​ឲ្យ​អ្នក​កាសែត​ជួយ​ដុស​ក្អែល​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋ

ដោយ យាង សុជាមេត្តា
2015-08-21 rfa

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

បើ​ទោះ​ជា​លោក ផៃ ស៊ីផាន លើក​ឡើង​ថា អ្នក​នយោបាយ​ត្រូវ​តែ​មាន​ក្រមសីលធម៌​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ថ្លែង​របស់​លោក ផៃ ស៊ីផាន ដោយ​យក​ស្ត្រី​មក​ប្រៀបធៀប នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ផៃ ស៊ីផាន មិន​មែន​ជា​អ្នក​នាំ​ពាក្យ ឬ​ជា​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​សីលធម៌​នោះ​ឡើយ។


សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ទទូច​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន ចូល​រួម​ដុស​ក្អែល​អ្នក​នាំ​ពាក្យ​ក្នុង​ស្ថាប័នរដ្ឋ​នានា ក្នុង​ពេល​បច្ចុប្បន្ន។ ការ​សាទរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា  ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​រាយការណ៍​ទៅ​លោក​បើ​មាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ណា​មួយ​ស្ពឹក​ស្រពន់។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី ក៏​បាន​រិះគន់​លោក ផៃ ស៊ីផាន ដែល​បាន​យក​ភរិយា​លោក សម រង្ស៊ី មក​ធ្វើ​ជា​ឧទាហរណ៍​ដើម្បី​ប្រៀបធៀប​សកម្មភាព​របស់​បក្ស​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កន្លង​មក។ សង្គម​ស៊ីវិល​លើក​ឡើង​ថា បើ​លោក ផៃ ស៊ីផាន ចង់​ឲ្យ​អ្នក​ដទៃ​កែ​ខ្លួន លោក​ក៏​ត្រូវ​កែខ្លួន​ជា​មុន​ផង​ដែរ។

នេះ​គឺ​ជា​ការ​លើក​ទី​១​ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ជា​ចំហ​ឲ្យ​អ្នក​កាសែត​ជួយ​ចូលរួម​ដុស​​ក្អែល​មន្ត្រី​នាំ​ពាក្យ​ស្ថាប័នរដ្ឋ​ដែល​ស្ពឹក​ស្រពន់ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​នាំ​ពាក្យ​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័នរដ្ឋ​នានា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ មក។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា លោក ផៃ ស៊ីផាន បាន​ថ្លែង​កោត​សរសើរ​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​ការងារ​របស់​ខ្លួន។  លោក ផៃ ស៊ីផាន ដែល​កន្លង​មក​ធ្លាប់​រៀប​ឫក​ជា​គ្រូ​ប្រដៅ​អ្នក​សារព័ត៌មាន និង​បាន​រិះគន់​បណ្ដាញ​សារព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាល​នោះ  លោក​បាន​ថ្លែង​ថា ការងារ​ជា​អ្នក​សារព័ត៌មាន គឺ​ជា​ការងារ​មួយ​ដែល​មាន​កាតព្វកិច្ច​ធ្ងន់ សម្រាប់​អ្នក​ទទួល​ព័ត៌មាន​ទូទៅ បើ​ទោះ​ជា​ត្រូវ​ជួប​ឧបសគ្គ ឬ​មិន​ទទួល​បាន​បុណ្យស័ក្ដិ​ជា​ឯកឧត្ដម ឬ​ឧកញ៉ា ដូច​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ក្តី។



ប្រហែលជា​មើល​ឃើញ​ពី​ភាព​លំបាក​របស់​អ្នក​សារព័ត៌មាន​នេះ​ហើយ ទើប​លោក ផៃ ស៊ីផាន ថ្លែង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​អ្នកសារព័ត៌មាន និង​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ចូលរួម​ដុះ​ក្អែល​មន្ត្រី​នាំ​ពាក្យ​ស្ថាប័នរដ្ឋ​នានា ដែល​ស្ពឹក​ស្រពន់​ក្នុង​ការ​ឆ្លើយតប​ជាមួយ​អ្នក​កាសែត៖ «មន្ត្រី​នាំ​ពាក្យ​ណា​ស្ពឹក​ស្រពន់​សរសេរ​សំបុត្រ​មក​ខ្ញុំ ប្រាប់​អត្តចរិត។ សម្ដេច​តេជោ លោក​តែង​ប្រាប់​ថា យើង​ខ្ញុំ​ជា​អ្នក​ផ្ដល់​សេវាកម្ម​ឲ្យ​បាន​ប្រសើរ និង​មាន​គុណភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ហើយ​អ្នក​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​អ្នក​យក​ព័ត៌មាន​ឲ្យ​លោក​យល់​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​យើង ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល អភិវឌ្ឍ និង​ការពារ​ស្រុក​យើង​ទាំង​អស់​គ្នា»។

រដ្ឋាភិបាល​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​បញ្ចេញ​បញ្ជី​រាយ​នាម​មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង ស្ថាប័ន​រដ្ឋ​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ស្វែងរក​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏ដោយ អ្នក​សារព័ត៌មាន​នៅតែ​ជួប​បញ្ហា​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​មន្ត្រី​នាំ​ពាក្យ​មួយ​ចំនួន​នៅ​ឡើយ ដោយ​ពេល​ខ្លះ​ពួកគេ​បាន​បិទ​ទូរស័ព្ទ ពេល​ខ្លះ​មិន​លើក​ទូរស័ព្ទ ហើយ​ពេល​ខ្លះ​មិន​ឆ្លើយ​សំណួរ​នឹង​អ្នក​សារព័ត៌មាន​តែម្ដង ដោយ​លើក​ឡើង​ថា ពួកគេ​កំពុង​ជាប់រវល់​ប្រជុំ ឬ​មិន​បាន​ដឹង​រឿង​ជា​ដើម ខណៈ​អ្នក​នាំ​ពាក្យ​ខ្លះ​ទៀត​ផ្ដល់​ព័ត៌មាន តែ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ទៅ​វិញ។

​បន្ថែម​ពី​លើ​នេះ ក៏​មាន​មន្ត្រី​នាំ​ពាក្យ​ស្ថាប័នរដ្ឋ​ខ្លះ​ទៀត ជាពិសេស​គឺ​អ្នក​នាំ​ពាក្យ​រដ្ឋសភា គឺ​លោក ឈាង វុន។ លោក​ក៏​ធ្លាប់​បាន​ដេញ​អ្នក​កាសែត​ចេញ​ពី​បរិវេណ​រដ្ឋសភា បាន​គំរាម​បោក​ម៉ាស៊ីន​ថត​រូប​របស់​អ្នក​កាសែត ឬ​បាន​ណែនាំ​មិន​ឲ្យ​អ្នក​កាសែត​ថតរូប​លោក​ជិត​ពេក ព្រោះ​ខ្លាច​ឃើញ​មុខ​លោក​អាក្រក់​ជាដើម។

លោក ផៃ ស៊ីផាន លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់​ចូលរួម​ដុស​​ក្អែល​មន្ត្រី​នាំ​ពាក្យ ដោយ​លោក​សន្យា​ថា លោក​នឹង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​សារព័ត៌មាន​ណា​ដែល​ផ្ដល់​ព័ត៌មាន​ឲ្យ​លោក​នោះ​ឡើយ។ យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​ជាមួយគ្នា​នោះ លោក ផៃ ស៊ីផាន នៅ​ពេល​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ពី​រឿង​ដែល​លោក សម រង្ស៊ី ថ្លែង​ថា បក្ស​ប្រឆាំង​ត្រូវ​ឈប់​ចាក់​ក្រឡេក​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បែរ​ជា​បាន​លើក​ឧទាហរណ៍​ដោយ​យក​ប្រពន្ធ​លោក សម រង្ស៊ី មក​ធ្វើការ​ប្រៀបធៀប​ជាមួយ​រឿង​នេះ​ទៅ​វិញ។

លោក ផៃ ស៊ីផាន៖ «ចាក់​ក្រឡេក​បាន​សេចក្ដី​ថា គាត់​ប្រើ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ពី​រាជរដ្ឋាភិបាល ហើយ​ទី​២ ជា​ភាសា ជា​យុទ្ធសាស្ត្រ​មួយ​ថោកទាប ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ឥឡូវ​ខ្ញុំ​និយាយ​បញ្ច្រាស​ទៅ​វិញ ទៅ​ដល់​កេះ​ឯកឧត្ដម សម រង្ស៊ី ខ្ញុំ​ឃើញ​ប្រពន្ធ​ឯកឧត្ដម​ចូល​ទៅ​ដេក​ជាមួយ​គេ​នៅ​ក្នុង​អូតែល សម​ដែរ? អា​ហ្នឹង​វា​អត់​មាន​សីលធម៌ និង​គុណធម៌។ ខ្ញុំ​មិន​អាច​និយាយ​ថា ខ្ញុំ​ឃើញ​ប្រពន្ធ​ឯកឧត្ដម​ចូល​ដេក​នៅ​ក្នុង​អូតែល ខ្ញុំ​ពិបាក​និយាយ​ណាស់ ព្រោះ​វា​គ្មាន​សីលធម៌ អ្នក​នយោបាយ​ត្រូវ​មាន​ក្រមសីលធម៌»។

បើ​ទោះ​ជា​លោក ផៃ ស៊ីផាន លើក​ឡើង​ថា អ្នក​នយោបាយ​ត្រូវ​តែ​មាន​ក្រមសីលធម៌​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ថ្លែង​របស់​លោក ផៃ ស៊ីផាន ដោយ​យក​ស្ត្រី​មក​ប្រៀបធៀប នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ផៃ ស៊ីផាន មិន​មែន​ជា​អ្នក​នាំ​ពាក្យ ឬ​ជា​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​សីលធម៌​នោះ​ឡើយ។

​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន មិន​មែន​ជា​រឿង​ល្អ​សម្រាប់​លោក​ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​នោះ​ឡើយ តែ​វា​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល និង​រូបភាព​មិន​ល្អ​ទៅ​លើ​រដ្ឋាភិបាល និង​សង្គម​ជាតិ​ទៅ​វិញ​ទេ។

អ្នកស្រី​ថា លោក ផៃ ស៊ីផាន គួរ​តែ​ដុះ​ក្អែល​ខ្លួន​ឯង​ជា​មុន​សិន៖ «ខ្ញុំ​ថា​វា​ល្អ​ដែល​គាត់​និយាយ​ឲ្យ​ជួយ​ដុស​ក្អែល។ ចំពោះ​យោបល់​របស់​ខ្ញុំ​វិញ សុំ​ឲ្យ​អ្នក​កាសែត​ជួយ​ដុះ​ក្អែល​ដែល​រើស​អើង​ចំពោះ​ស្ត្រី ហើយ​រឿង​ដែល​បុរស​តែងតែ​ស៊ុមគ្រលុំ​គ្នា​ក្នុង​ការ​មាក់ងាយ​ស្ត្រី ការ​លើក​ឡើង​ជា​ការ​មាក់ងាយ ហើយ​មើល​ទៅ​ដូចជា​គ្មាន​ក្រមសីលធម៌ សូម​ឲ្យ​អ្នក​កាសែត​ជួយ​ដុះ​ក្អែល​គាត់​មុន​គេ»។

ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន លោក មឿន ឈានណារិទ្ធ វិញ​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​លោក ផៃ ស៊ីផាន ដែល​ថ្លែង​ឲ្យ​អ្នក​កាសែត​ចូលរួម​កែលំអ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។ យ៉ាង​ណា​ក៏ដោយ លោក​នៅ​តែ​គិត​ថា មាន​តែ​រដ្ឋាភិបាល​ខ្លួន​ឯង​ទេ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អ្នក​សារព័ត៌មាន ក្នុង​ការ​ពង្រឹង​សមត្ថភាព ឬ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​នាំ​ពាក្យ​ទាំង​អស់​ឲ្យ​យល់​ពី​សេរីភាព​សារព័ត៌មាន ពី​កាតព្វកិច្ច និង​តួនាទី​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​ដល់​អ្នក​កាសែត និង​សាធារណជន។

​លោក មឿន ឈានណារិទ្ធ៖ «សាធារណជន​ទូទៅ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ដឹង​ឮ​គ្រប់​ព័ត៌មាន​ទាំង​អស់​ដែល​កើត​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល គ្រាន់​តែ​អ្នក​សារព័ត៌មាន​យើង​គឺ​ជា​ស្ពាន​ជា​អ្នក​នាំ​សារ ដើម្បី​ទៅ​ស្វែង​រក​សារព័ត៌មាន​ទៅ​ជូន​សាធារណជន សូម​ឲ្យ​អ្នក​នាំ​ពាក្យ និង​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​យល់​ឃើញ​ថា នៅ​ពេល​អ្នក​សារព័ត៌មាន​ទៅ​រក​គាត់ ទៅ​សម្ភាស​គាត់ គឺ​មិន​មែន​អ្នក​សារព័ត៌មាន​យើង​ទៅ​ឯកឯង​ក្នុង​នាម​ឯកជន​នោះ​ទេ គឺ​ទៅ​ក្នុង​នាម​សាធារណជន​ដែល​ជា​អ្នក​បោះ​ឆ្នោត​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​អំណាច»។

បច្ចុប្បន្ន ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ។ យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​លើក​ឡើង​ថា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​តែ​មាន​កាតព្វកិច្ច និង​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច ខណៈ​ដែល​អ្នក​កាសែត​គឺ​ជា​អ្នក​នាំ​យក​សារព័ត៌មាន​ទៅ​ឲ្យ​ពលរដ្ឋ។ ដូច្នេះ​ពួកគេ​ថា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ទាំង​អស់​ត្រូវ​តែ​សហការ​ជាមួយ​អ្នក​កាសែត​ក្នុង​នាម​ជា​ដៃគូ ហើយ​រដ្ឋាភិបាល​ក៏​គួរ​តែ​មាន​វិធានការ​រដ្ឋបាល​ផ្សេងៗ​ចំពោះ​អ្នក​នាំ​ពាក្យ​ដែល​ខ្វះ​សីលធម៌ និង​មាន​ឥរិយាបថ​មិន​ល្អ​ចំពោះ​អ្នក​កាសែត៕

No comments: