A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 August 2015

លោក ផៃ ស៊ីផាន៖ លោក សម រង្ស៊ី ថ្លែង​សារ​នយោបាយ​ខ្វះ​ក្រម​សីលធម៌​

ដោយ ម៉ម មុនីរតន៍
 

2015-08-19 rfa
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth


មន្ត្រី​នាំ​ ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចំអក​ឲ្យ​លោក សម រង្ស៊ី ដែល​ថ្លែង​ថា លោក​ឈប់​ចាក់​ចង្កេះ​ពី​ចំណុច​រសើប​របស់​រដ្ឋាភិបាល​ត​ទៅ​ទៀត​ហើយ​នោះ ថា​ជា​សារ​នយោបាយ​ដែល​ខ្វះ​ក្រម​សីលធម៌​ជា​អ្នក​នយោបាយ ហើយ​ជា​សម្ដី​ដែល​គេ​មិន​គួរ​និយាយ​ថែម​ទៀត​ផង។ ក្នុង​ន័យ​នយោបាយ​នេះ លោក ផៃ ស៊ីផាន បែរ​ជា​ប្រៀបធៀប​ថា ការ​ថ្លែង​របស់​លោក សម រង្ស៊ី នេះ មិន​ខុស​គ្នា​ទេ ប្រសិន​បើ​លោក​ឃើញ​ប្រពន្ធ​របស់​លោក សម រង្ស៊ី ទៅ​មាន​សម្ពន្ធភាព​ជាមួយ​អ្នក​ផ្សេង​នោះ។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ ចុះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ពុំ​មាន​ប្រតិកម្ម​តប​ណា​មួយ​ជុំវិញ​ការ​ចំអក​ឡកឡឺយ​របស់​លោក ផៃ ស៊ីផាន ចំពោះ​ការ​យក​ភរិយា​លោក សម រង្ស៊ី មក​ប្រៀបធៀប​​នេះ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ទុក​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​វិនិច្ឆ័យ​វិញ​ចុះ។

ការ ​ថ្លែង​បែប​នេះ​របស់​លោក ផៃ ស៊ីផាន ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​ឡើង ៣​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​ថា បើ​ដឹង​ថា មាន​ចំណុច​ដែល​រដ្ឋាភិបាល​រសើប គឺ​ឈប់​ចាក់​ចង្កេះ ហើយ​ងាក​មក​លួងលោម​វិញ។

ពាក់ព័ន្ធ ​ក្នុង​រឿង​នេះ លោក ផៃ ស៊ីផាន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ដែល​ជា​ការ​ឆ្លើយ​តប​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ជំទាស់ ដោយ​ចំអក​ឲ្យ​ក្នុង​ន័យ​នយោបាយ​ថា ការ​លើក​ឡើង​ដូច​នេះ​របស់​លោក សម រង្ស៊ី គឺ​មិន​ខុស​ពី​អ្វី​ដែល​ប្រពន្ធ​របស់​លោក​ត្រូវ​គេ​ឃើញ​មាន​សម្ព័ន្ធ​ស្នេហា ​ជាមួយ​អ្នក​ផ្សេង ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​លោក សម រង្ស៊ី វិញ ដូច្នេះ​ដែរ។ សន្និសីទ​កាសែត​ដែល​ផ្ដោត​លើ​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ នោះ​ បែរ​ជា​លោក ផៃ ស៊ីផាន ឆ្លើយ​តប​ហាក់​ដូច​ជា​ទាល់ច្រក ចំអក​មក​លោក សម រង្ស៊ី បែប​នេះ​ទៅ​វិញ។ លោក​បន្ត​ថា «ឥឡូវ​ខ្ញុំ​និយាយ​បញ្ច្រាស​ទៅ​វិញ​ទៅ​ដល់​ផ្ទះ​ឯកឧត្ដម សម រង្ស៊ី ខ្ញុំ​ឃើញ​ប្រពន្ធ​ឯកឧត្ដម​ទៅ​ដេក​ជាមួយ​គេ​ក្នុង​សណ្ឋាគារ។ គាត់​សួរ​ថា​ឯង​ម៉េច​និយាយ​អ៊ីចឹង បរិហារ​កេរ្តិ៍ ទេ​ខ្ញុំ​ចាក់​ក្រឡេក​ទេ​តើ សម​ដែរ។ អា​ហ្នឹង​យើង​និយាយ​មក​ថា​វា​ឥត​គុណធម៌ និង​សីលធម៌»។

ឆ្លើយ​តប​រឿង​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​ជុំវិញ​ការ​ចំអក​ពី​លោក ផៃ ស៊ីផាន បែប​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា ទុក​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ធ្វើ​សេចក្ដី​សម្រេច​ចុះ។ លោក​បន្ថែម​ថា អ្វី​ដែល​ជា​បញ្ហា​ចំពោះ​មុខ​នៅ​ពេល​នេះ គឺ​រឿង​​ជាតិ​ទើប​ជា​រឿង​​ជា​ធំ។ លោក​បន្ត​ថា «ចំណែក​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ យើង​កំពុង​តែ​គិតគូរ​បញ្ហា​ព្រំដែន បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​សំខាន់ៗ​ដទៃ​ទៀត ដែល​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ»។

សារ​នយោបាយ​ របស់​លោក ផៃ ស៊ីផាន នេះ ជា​ការ​ថ្លែង​សារ​នយោបាយ​ឆ្លើយ​តប​ភ្លាមៗ​ក្រោយ​ពី​ប្រធាន​គណបក្ស​ជំទាស់ លោក សម រង្ស៊ី ​និយាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ថា លោក​នឹង​ឈប់​ចាក់​ចង្កេះ​ត្រង់​ចំណុច​រសើប​របស់​រដ្ឋាភិបាល​នោះ។ រី​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏​ឆ្លើយ​តប​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក ដោយ​ហៅ​លោក សម រង្ស៊ី និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ថា ជា​មេ​ចោរ ហើយ​និង​កូន​ចោរ​ចេញ​សារភាព។

ជុំវិញ​ការ​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចាត់​ទុក​ថា នេះ​ជា​ការ​ប្រមាថ​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស។ ជាង​នេះ​ទៀត ក្នុង​ឋានៈ​ជា​មន្ត្រី​សាធារណៈ​របស់​រដ្ឋ លោក អំ សំអាត យល់​ឃើញ​ថា គួរ​មាន​ក្រម​សីលធម៌ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជាង​នេះ​ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​នៃ​ ស្ថាប័ន​កំពូល​របស់​រដ្ឋាភិបាល​នោះ ព្រោះ​សារ​នយោបាយ​នីមួយៗ អាច​ជា​គំរូ​នៃ​ការ​ដឹកនាំ​ប្រទេស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​​ទៀត។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​វា​ប៉ះពាល់​បើ​ទោះ​ជា​លើក​ឧទាហរណ៍ ពីព្រោះ​បើ​យើង​ថា​អ៊ីចឹង វា​បីដូច​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​គេ។ បើ​យើង​ពិនិត្យ​ពី​ចំណុច​រសើប​វា​ខុស​គ្នា គេ​ឥត​ប្រៀបធៀប​ទៅ​លើ​កិត្តិយស​របស់​មនុស្ស​ទេ»។

បើ​ទោះ​បែប​ណា ក្នុង​ពេល​កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ប្រសិន​បើ​គណបក្ស​នេះ​នៅ​តែ​បន្ត​ប៉ែង​ជើង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដៃគូ​សន្ទនា​នោះ។ ជុំវិញ​រឿង​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា វប្បធម៌​សន្ទនា​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​បង្កើត​ឡើង​នេះ គ្រាន់​តែ​ការ​ដោះស្រាយ​បញ្ហា​មួយ​គ្រា វា​នឹង​មិន​មាន​ន័យ​ពេញលេញ​សម្រាប់​នយោបាយ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ចំអកឡកឡឺយ​ដោយ​យក​ស្ត្រី​មក​ប្រៀបធៀប​បែប​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ជា​ការ​ប្រមាថ​ដល់​ស្ត្រី​ខ្មែរ និង​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​ មូល៕

1 comment:

Unknown said...

ខ្ញំុមិនចង់បុ៉ន្តែអត់ផាមិនបាន ព្រោះឆ្កែផៃសីុផាន ជាឆ្កែបំបង់បាយ ជាខ្មែរតែរស់គ្មានប្រយោជន៏សំរាប់ជាតិ ជាមនុស្សចង្រៃបំផុត គឺពួកCPP នរណាក៏ដូចតែគ្នា ព្រៀបបានជាសត្វ ចូលចិត្តភូតកុហក បង្កើតពាក្សបង្កាច់បង្ខូច បង្កើតអំយង់គ្នង ហើយទម្លាក់កំហុសទៅអ្នកដ៏ទៃ ចៅហ្វាយហើយនឺងកូនចៅមានមារយាទដូចគ្នា យកពួកព្រែតទាំងនេះកុំសូវបង្ហាញ មុខពេក កូនខ្មែរឥឡូវនេះឆ្លាតណាស់ មានតែមួយក្រុមតូចប៉ុណ្ណោះ ដែលសុខចិត្តដើរតាមក្រោមជាមសំពត់ ប៊ុនរា៉នី មុខយក្យខេណី ខ្ញំុមិនមានគណបក្សណាមួយទេ តែខ្ញំុបាន តាមដាន មនុស្សល្អនឺងអាក្រក់អស់រយៈពេលជាង៣០ឆ្នាំហើយ ហើយត្រូវដឺងផាអ្វីដែលមនុស្សអាក្រក់គេយល់ច្បាស់ណាស់ លើកលែងតែអាល្ងើ សូមឆ្កែ ផៃសីុផានយល់ ។