A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 August 2015

មេ​ឃុំ​អូរជ្រៅ​ខេត្ត​ព្រះសីហនុ​ថា​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​បទល្មើស​នេសាទ​គ្រែង​ឈាម

ដោយ ដែន អយុធ្យា
2015-08-13 rfa

សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo/Provided


មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អះអាង​ថា បទល្មើស​នេសាទ​សមុទ្រ ពិសេស​បទល្មើស​នេសាទ​គ្រែង​ឈាម បាន​បន្ត​កើត​មាន ហើយ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​ជំនាញ​ណា​មួយ ចេញ​មុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ពលរដ្ឋ​ចោទ​ថា មន្ត្រី​ជំនាញ​ស្ថាប័ន​ជលផល និង​មន្ត្រី​ជំនាញ​ស្ថាប័ន​បង្ក្រាប​បទល្មើស​នៅ​លើ​លំហ​សមុទ្រ​ជាដើម ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​នេសាទ ពិសេស​បទល្មើស​គ្រែង​ឈាម ទើប​គ្មាន​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​មូលដ្ឋាន​តំបន់​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ជា​ថ្មី​ម្តង​ទៀត​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ធនធាន​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម​ក្នុង​មូលដ្ឋាន​នេះ ដោយសារ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កើត​មាន​អនាធិបតេយ្យ និង​គ្មាន​ការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ជំនាញ។



បញ្ហា​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ដល់​តំបន់​កោះ​ខ្យង មាន​ប្រសាសន៍​ថា ពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​បង្ហាញ​កង្វល់​ជុំវិញ​បទល្មើស​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ និង​ឈាន​ដល់​រលាយ​ផុត​ពូជ​នា​ថ្ងៃ​អនាគត ព្រោះ​បទល្មើស​គ្រែង​ឈាម​ដែល​ឈ្មួញ​ល្មើស​ប្រើ​ឧបករណ៍​ខុស​ច្បាប់ គឺ​បាន​ចាប់​យក​ទាំង​កូន​គ្រែង​ឈាម​ទាំង​តូច​ទាំង​ធំ និង​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម៖ «ឧបករណ៍​រនាស់​កៀរ ឬ​អូស​កូន​គ្រែង គឺ​ចាប់​យក​កូន​គ្រែង​ទាំង​តូច​ធំ​គ្មាន​សល់​ទេ។ ហើយ​កូន​គ្រែង​តូចៗ គឺ​គេ​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម។ ខ្ញុំ​មិន​ដឹង​ថា ខាង​មន្ត្រី​ជំនាញ​មិន​អាច​បង្ក្រាប​បទល្មើស​នេះ​មិន​បាន ឬ​មិន​មាន​ប្រសិទ្ធភាព ហើយ​បទល្មើស​នេះ​មិន​មែន​សមត្ថកិច្ច​មិន​ដឹង​ទេ គឺ​ដឹង​គ្រប់​គ្នា​នៅ​ទូទាំង​ស្រុក​ព្រៃនប់»។

អ្នកស្រី ជៀប សុធារី ឲ្យ​ដឹង​ទៀត​ថា បទល្មើស​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម​នា​តំបន់​កោះ​ខ្យង ស្រុក​ព្រៃនប់ រាល់​ថ្ងៃ​នេះ មាន​ទាំង​អ្នក​នេសាទ​ជនជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម។ អ្នកស្រី​បន្ថែម​ថា បទល្មើស​គ្រែង​ឈាម​ដែល​កើត​មាន​រ៉ាំរ៉ៃ និង​គ្មាន​មន្ត្រី​ជំនាញ​ទប់ស្កាត់​នា​តំបន់​កោះ​ខ្យង នឹង​អាច​ឈាន​ដល់​ផុត​ពូជ​ពី​តំបន់​កោះ​ខ្យង នៃ​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ដ៏​ឆាប់ បើ​អាជ្ញាធរ​គ្មាន​ការ​ទប់ស្កាត់។

ទាក់ទង​បញ្ហា​នេះ លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​សមុទ្រ ពិសេស​គ្រែង​ឈាម ពិត​ជា​កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ និង​គ្មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​ថា បទល្មើស​ទាំង​នេះ រូប​លោក និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ បារម្ភ​ខ្លាច​បាត់បង់​ធនធាន​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម ត្រូវ​ផុត​ពូជ ព្រោះ​បទល្មើស​នេះ​ឈ្មួញ​បាន​ចាប់​យក​ទាំង​តូច​ទាំង​ធំ ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់៖ «នៅ​តំបន់​កោះ​ខ្យង​មាន​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន​ប្រចាំ​ការ​នៅ​ទីនោះ គឺ​មាន​មន្ត្រី​បរិស្ថាន មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ច្រើន​ទៀត ប៉ុន្តែ​មិន​ដឹង​ថា មន្ត្រី​ជំនាញ​ទាំង​នោះ​គាំទ្រ​ជន​បង្ក​បទល្មើស​នេសាទ ឬ​គាំទ្រ​ខាង​ណា​ទេ ទើប​ឈ្មួញ​ល្មើស​នេសាទ​សមុទ្រ បាន​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ និង​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នេះ​ទេ»។

លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ បញ្ជាក់​បន្ថែម​ថា បទល្មើស​នេសាទ​ដែល​កើត​មាន​យូរ​ឆ្នាំ​នា​តំបន់​កោះ​ខ្យង រូប​លោក​ធ្លាប់​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រហូត​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់ ប៉ុន្តែ​បទល្មើស​នៅ​តែ​បន្ត​កើត​មាន។

ឆ្លើយ​តប​បញ្ហា​នេះ លោក នេន ចំរើន ប្រធាន​ខណ្ឌ​ជលផល​ខេត្ត​ព្រះសីហនុ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ថាប័ន​នេះ​បាន​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​ជា​បន្តបន្ទាប់ និង​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​ទទួល​បាន​លទ្ធផល​ជាច្រើន​ករណី។ យ៉ាង​ណា មន្ត្រី​ជលផល​រូប​នេះ បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​បទល្មើស​គ្រែង​ឈាម ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នា​តំបន់​កោះ​ខ្យង​នោះ​ទេ៖ «មន្ត្រី​ជំនាញ​ជលផល​ខេត្ត បាន​ចុះ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បទល្មើស​នេសាទ ឬ​បទល្មើស​នេសាទ​សមុទ្រ​ជា​បន្តបន្ទាប់»។

ទោះ​ជា​បែប​នេះ​ក្តី ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នា​មូលដ្ឋាន​តំបន់​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់  បាន​ចោទ​មន្ត្រី​ជលផល​ខេត្ត​ព្រះសីហនុ ជាពិសេស​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ថា​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេសាទ​សមុទ្រ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ ទើប​បើក​ដៃ​ឲ្យ​ឈ្មួញ អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​ហាម​ឃាត់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក តេង សួន ប្រធាន​នាយកដ្ឋាន​ព្រំដែន​ទឹក ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​ពលរដ្ឋ​ទៅ​លើ​បទល្មើស​នេសាទ​សមុទ្រ ពិសេស​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​បាន​ទេ។

ប៉ុន្តែ មន្ត្រី​ក្រោម​ឱវាទ​របស់​លោក គឺ​លោក ឌឹម សំបូរ អនុប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ធ្លាប់​ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជា​បន្តបន្ទាប់ នៅ​ពេល​មាន​សំណើ​សុំ​កិច្ច​សហការ​ពី​ស្ថាប័ន​ជំនាញ​នានា ពិសេស​នៅ​ពេល​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។

ត្រង់​ចំណុច​នេះ លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​បញ្ជាក់​ថា ធ្លាប់​លើក​យក​បទល្មើស​នេសាទ​សមុទ្រ​អនាធិបតេយ្យ​នៅ​តំបន់​កោះ​ខ្យង ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត មាន​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ជាដើម ដើម្បី​ជួយ​មាន​វិធានការ​ទប់ស្កាត់ ប៉ុន្តែ​មក​ដល់​ពេល​នេះ បទល្មើស​នេសាទ​បាន​បន្ត​កើត​មាន​រាល់​ថ្ងៃ ពិសេស​បទល្មើស​គ្រែង​ឈាម៕

No comments: