A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 August 2015

លោក រៀល ខេមរិន្ទ្រ រង​ការ​ចោទ​ថា​កិបកេង​លុយ​ជាង៥​ម៉ឺន​ដុល្លារ​ពេល​ចុះ​ពិនិត្យ​ព្រំដែន

ដោយ ខែ សុណង
2015-08-11 rfa

តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided


តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ រង​ការ​ប្ដឹង​ទាក់ទង​នឹង​ការ​កិបកេង​លុយ​ជាង ៥​ម៉ឺន ៥​ពាន់​ដុល្លារ ក្នុង​ពេល​ចុះ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លិខិត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ត្រូវ​បាន​គេ​ចែក​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​លិខិត​បកស្រាយ​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ការពារ​ខ្លួន​ចំពោះ​បណ្ដឹង​ចំនួន​៣ ដែល​គេ​ប្ដឹង​មក​អង្គភាព​នេះ​ពី​បទ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ៥​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ពី​ការ​រៀបចំ​ដំណើរ​ការ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម។

លិខិត​ចេញ​ពី​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដែល​គេ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា ដែល​បាន​ផ្ញើ​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដោយ​ជំរុញ​ឲ្យ​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ចំនួន​៣ ដែល​ចោទ​ថា លោក​បាន​កេង​ប្រវ័ញ្ច​យក​ប្រាក់​សរុប ៥​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ទទួល​យក​ទៅ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កន្លង​មក។



អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឃាង សេង មាន​ប្រសាសន៍​ថា អង្គភាព​នឹង​បន្ត​ស្នើ​ឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់​ត្រូវ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ ហើយ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ការពារ​ចំពោះ​ការ​ប្ដឹង​ចោទ មុន​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​នីតិវិធី​របស់​ខ្លួន៖ «ធម្មតា​គាត់​ចាំបាច់​គាត់​ត្រូវ​តែ​បំភ្លឺ​ហើយ មិន​អ៊ីចឹង​ទេ មាន​ន័យ​ថា គាត់​មាន​កំហុស​តាម​អ្វី​ដែល​គេ​ចោទ​ប្រកាន់​គាត់។ យើង​ឲ្យ​គាត់​បំភ្លឺ​ដើម្បី​គាត់​បកស្រាយ​ថា តើ​គាត់​មាន​ស្អី​ដើម្បី​និយាយ​ថា​គាត់​មាន​ភស្តុតាង​បញ្ជាក់​ផ្ទុយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ សីហា ដោយ​លោក​ជាប់​បេសកកម្ម​ទៅ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់​ថា សកម្មភាព​ដឹក​នាំ​ព្រះសង្ឃ សកម្មជន ប្រជាពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​របស់ លោក រៀល ខេមរិន្ទ្រ កន្លង​មក គឺ​លោក​បាន​រៃអង្គាស​ប្រាក់​ពី​អ្នក​គាំទ្រ ដែល​ចង់​ជួយ​ដល់​ដំណើរ​ការ​កម្មវិធី​ចុះ​មើល​ព្រំដែន។ ហើយ​ថា ថវិកា​នេះ​អ្នក​តំណាង​រាស្ត្រ​បាន​គ្រប់គ្រង​ដោយ​ខ្លួន​ឯង មិន​មែន​ជា​សកម្មភាព​ដែល​រៀបចំ​ដោយ​គណបក្ស​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ការ​ទាមទារ​ឲ្យ លោក រៀល ខេមរិន្ទ្រ បំភ្លឺ​បញ្ហា​នេះ គឺ​មិន​ត្រូវ​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ៖ «រឿង​នេះ​មិន​មែន​ជា​រឿង​អំពើ​ពុក​រលួយ​ទេ យើង​មិន​អាច​ចោទ​ជា​រឿង​ពុក​រលួយ​ទេ។ បើ​សិន​ជា​ថវិកា​របស់​ជាតិ ជា​ថវិកា​របស់​រដ្ឋ ហើយ​អ្នក​ហ្នឹង​មាន​ការ​កិបកេង ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​ផល​ប្រយោជន៍​នរណា​ម្នាក់​ទៀត ទើប​បាន​ជា​អំពើ​ពុក​រលួយ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដឹក​នាំ​ព្រះសង្ឃ សកម្មជន​របស់​ខ្លួន ប្រជាពលរដ្ឋ និង​យុវជន ទៅ​ពិនិត្យ​មើល​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ចំណុច​ស្រុក​កោះធំ ខេត្ត​កណ្ដាល ខេត្ត​ត្បូងឃ្មុំ ច្រក​តន់​ហន់ ខេត្ត​កំពត និង​ព្រំដែន​ខេត្ត​ស្វាយរៀង ជាដើម។

កន្លង​មក ការ​ដឹក​នាំ​កម្លាំង​ចុះ​មើល​ព្រំដែន​នេះ ច្រើន​មាន​ការ​រារាំង​ពី​អាជ្ញាធរ មាន​ការ​ប៉ះ​ទង្គិច​ជា​ពាក្យ​សម្ដី និង​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ប្រជាជន និង​ទាហាន​វៀតណាម បង្ក​រង​របួស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ទៀត​ផង។ បញ្ហា​នេះ រដ្ឋាភិបាល​វៀតណាម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចុះ​ទៅ​តំបន់​ព្រំដែន និង​បង្ក​ហិង្សា។

បន្ទាប់​មក រដ្ឋាភិបាល​កម្ពុជា-វៀតណាម បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដើម្បី​ចុះ​ពិនិត្យ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ព្រំដែន ហើយ​ពួក​គេ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត៕

No comments: