A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 August 2015

លោក សម រង្ស៊ី ថា​សកម្មជន​ជាប់​ឃុំ​ស្នើ​កុំ​ឲ្យ​យក​ពួក​គេ​ជា​ថ្នូរ​ក្នុង​ការ​ចរចា​នយោបាយ

ដោយ ម៉ម មុនីរតន៍
2015-08-17


ប្រធាន​គណបក្ស​ជំទាស់​បញ្ជាក់​ពី​មោទនភាព ចំពោះ​ការ​លះ​បង់​ខ្ពស់​របស់​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ដាក់​ពន្ធនាគារ​ក្នុង​ពេល​ថ្មីៗ​នេះ។ បញ្ហា​នេះ លោក សម រង្ស៊ី ថ្លែង​ថា សកម្មជន​បក្ស​ទាំង​នោះ​បាន​ស្នើ​មក​គណបក្ស​ដោយ​លើក​ឡើង​ថា ប្រសិន​បើ​មាន​ការ​ចរចា​ណា​មួយ​ជាមួយ​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​កុំ​ប្រើប្រាស់​ពួក​គេ​ជា​ថ្នូរ​នឹង​ហេតុផល​អ្វី​មួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​កិច្ចការ​ជាតិ​ជា​ធំ។

ការ​ចំណាយ​ពេល​ជួប​អ្នក​ជាប់​ឃុំ​ប្រមាណ​ជិត ២​ម៉ោង ប្រធាន​គណបក្ស​ប្រឆាំង ចាត់​ទុក​សារ​នយោបាយ​សកម្មជន​របស់​ខ្លួន​នៅ​ពេល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ជាតិ ដែល​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​មុខ ថ្វី​បើ​ការ​រួម​ចំណែក​របស់​ពួក​គេ ពុំ​បាន​ចូលរួម​ដោយ​ផ្ទាល់​យ៉ាង​ណា​ក៏ដោយ​ចុះ។

លោក សម រង្ស៊ី បាន​យក​ពេលវេលា​ជួប​សកម្មជន​បក្ស និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដែល​មិន​ទាំង​បាន​មួយ​ថ្ងៃ​ស្រួល​បួល​នៅ​ឡើយ​ផង បន្ទាប់​ពី​លោក​ត្រឡប់​ពី​ក្រៅ​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា នោះ។



លោក សម រង្ស៊ី ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ក្រោយ​ចេញ​ពី​ពន្ធនាគារ​វិញ​ថា សំណើ​របស់​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ គឺ​ជា​តម្លៃ​សម្រាប់​ជាតិ​ដ៏​កម្រ។ លើស​ពី​នេះ​ទៀត សកម្មជន​ដែល​កំពុង​ស្ថិត​ក្រោម​បទ​ចោទ ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទទូច​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង កុំ​ឲ្យ​យក​ស្ថានភាព​របស់​ពួក​គេ​ក្នុង​ការ​ពេល​ចរចា ទៅ​ដោះដូរ​ជាមួយ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា «ពួក​គាត់​បាន​ផ្ដាំផ្ញើ​មក​ខ្ញុំ​ឲ្យ​ជម្រាប​បង​ប្អូន​ទាំងអស់​ទូទាំង​ប្រទេស​ថា កុំ​យក​ពួក​គាត់​ធ្វើ​ជា​ថ្នូរ​ឲ្យ​យើង គណបក្ស​សង្គ្រោះ​ជាតិ បំពេញ​ការងារ​របស់​យើង​តាម​ការ​ចាំបាច់ គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ កុំ​បារម្ភ​ចំពោះ​ពួក​គាត់»។

ជុំវិញ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​ដោយ​សម្ដី​ធ្ងន់ៗ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​ចាត់​ទុក​ថា លោក​ក៏​នឹង​មិន​រវល់ ឬ​ឈឺ​ក្បាល​វិល​មុខ​អី​ដែរ​ជាមួយ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អម្បាលម៉ាន ដែល​មាន​ចិត្ត​សឹង​មិន​ឲ្យ​ពួក​គេ​ក្លាយ​ជា​ថ្នូរ​ក្នុង​ការ​ចរចា​ពិត​មែន​នោះ។ លោក ហ៊ុន សែន ថែម​ទាំង​ព្រលយ​បន្ថែម​ថា លោក​នឹង​ទុក​ឲ្យ​ពួក​គេ​ទទួល​ទោស​តាម​អំណាច​សាលក្រម​ទៅ​ចុះ។ លោក​បន្ត​ថា «បើ​តាម​គេ​ដឹង អ្នក​នៅ​ខាង​ក្នុង​គេ​ថា​កុំ​យក​គេ​ដែល​ជាប់​គុក ធ្វើ​ជា​ថ្នូរ​នយោបាយ។ អូខេ​ល្អ​ណាស់! ធ្វើ​តាម​អ្នក​នៅ​ក្នុង​គុក​នោះ​ទៅ»។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​អះអាង​ទៀត​ថា លោក​នឹង​មិន​ចូលរួម​រាល់​ការ​ចរចា​ណា​មួយ​ជាមួយ​គណបក្ស​ប្រឆាំង ប្រសិន​បើ​ការ​ចរចា​នោះ ផ្ដោត​ពី​រឿង​ថា គណបក្ស​កាន់​អំណាច​ជា​ក្បាល​ម៉ាស៊ីន​ក្នុង​ការ​បញ្ជា​តុលាការ។

បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន តែង​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ពី​ការ​រិះគន់​ជា​ញឹកញយ​ក៏ដោយ​ចុះ ក៏​គេ​សង្កេត​ឃើញ​ថា តុលាការ​ក្រុង​ភ្នំពេញ តែង​ចាត់​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ក្រោយ​ពី លោក ហ៊ុន សែន ប្រតិកម្ម​ម្ដងៗ​នោះ។ សំណុំ​រឿង​ជាច្រើន​ដែល លោក ហ៊ុន សែន ស្រែក​ហើយ សមត្ថកិច្ច និង​តុលាការ តែង​អនុវត្ត​ភ្លាមៗ ក្នុង​នោះ​មាន​ករណី លោក ឈូក បណ្ឌិត។ សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ បាន​អូស​បន្លាយ​ជិត ៤​ឆ្នាំ​ទើប​ចាប់​ខ្លួន​បាន។ ករណី​សើរើ​សំណុំ​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១៤​នាក់​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ បញ្ហា​ទាំង​នេះ នៅ​ពុំ​ទាន់​គិត​ដល់​សំណុំ​រឿង​ឧកញ៉ា សុខ ប៊ុន និង​សំណុំ​រឿង​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ ទៀត​នៅ​ឡើយ​ផង។

ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​នេះ លោក សម រង្ស៊ី បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា នៅ​ពេល​ណា​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ មាន​សកម្មជន​របស់​គណបក្ស​ជំទាស់​ជាច្រើន​តែង​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ក្រោយ​ពី លោក ហ៊ុន សែន ប្រតិកម្ម​ម្ដងៗ។ លោក សម រង្ស៊ី យល់​ឃើញ​ថា បញ្ហា​នេះ​បាន​រុញ​ច្រាន​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​មាន​ភាព​អួអាប់​ថែម​ទៀត​ទៅ​វិញ។ លោក​បន្ត​ថា «បាទ! យើង​ធ្លាប់​ឃើញ​អ៊ីចឹង។ ឃើញ​ថា​ឲ្យ​តែ​ស្ថានការណ៍​នយោបាយ​តានតឹង មាន​ការ​ចាប់​ខ្លួន​ហើយ ហើយ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង»។

លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ទទួល​ស្គាល់​ថា ការ​ប្រកាន់​ជំហរ​របស់​សកម្មជន​គណបក្ស​ជំទាស់ ដែល​កំពុង​ជាប់​ឃុំ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព ឬ​ក្នុង​ហេតុផល​ផ្សេង ក៏ប៉ុន្តែ​អ្វី​ដែល​ប្រសើរ​ជាង​នេះ គឺ​គណបក្ស​នយោបាយ គួរ​តម្កល់​ផល​ប្រយោជន៍​ជាតិ​រួម​គ្នា ដែល​ជា​យន្តការ​អាច​ធ្វើ​ឲ្យ​ជាតិ​រឹងមាំ ហើយ​មាន​ភាព​ខ្លាំង​បាន។ លោក​បន្ត​ថា «ការ​ប្រកាន់​ច្បាស់លាស់​របស់​សកម្មជន​នេះ វា​បង្ហាញ​នូវ​ទឹក​ចិត្ត​មួយ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ប្រមូល​ផ្ដុំ គឺ​ខ្មែរ​ត្រូវ​សាមគ្គី​គ្នា មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ណា​មួយ​ទេ»។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​គណបក្ស​ជំទាស់​ចាត់​ទុក​ថា ការ​ដោះស្រាយ​បញ្ហា​ជាតិ គឺ​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​សមាសភាព​គណបក្ស​នយោបាយ ទើប​អាច​រក​ឃើញ​ពី​ភាព​ជោគជ័យ​នៃ​ជាតិ​បាន។ លើស​ពី​នេះ ការ​ប៉ែង​ជើង​គ្នា ការ​ចង់​ឈ្នះ​ចង់​ចាញ់ និង​ចង់​បាន​រស់​តែ​ម្នាក់​ឯង លែង​ជា​មធ្យោបាយ​សម្រាប់​ស្ដារ​ប្រទេស​ជាតិ​ត​ទៅ​ទៀត​ហើយ។ លោក សម រង្ស៊ី ថ្លែង​ថា គណបក្ស​ជំទាស់​នឹង​ប្រើប្រាស់​លទ្ធភាព​ដែល​គណបក្ស​ទាំង​ពីរ​ធ្លាប់​មាន បន្ត​អនុវត្ត​រួម​គ្នា​ក្នុង​គោល​នយោបាយ​ជាតិ៕

No comments: