A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 August 2015

តុលាការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​៣​នាក់​បន្ថែម​នៅ​គុក​ព្រៃ​ស​រឿង​ហិង្សា​នៅ​ស្ពាន​នាគ

ដោយ ម៉ម មុនីរតន៍
2015-08-05 rfa

សកម្មជន​បក្ស​សង្គ្រោះជាតិ​២នាក់​ គឺ​លោក រឿន ចិត្រា (ឆ្វេង) និង​លោក យន់ គឹមហួយ (ស្ដាំ) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​ក្នុង​ចំណោម ៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ភ្លាមៗ បន្ទាប់​ពី​ចំណាយ​ពេល​សួរ​ដេញដោល​អស់​ពេល​ជាច្រើន​ម៉ោង នៅ​ថ្ងៃ​ទី​៥ សីហា។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ ដោយ​ថ្កោលទោស​ប្រឆាំង​ការ​ចាប់​ខ្លួន​នេះ ហើយ​ទាមទារ​ឲ្យ​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ។

រយៈពេល​សឹង​មិន​ដល់ ២៤​ម៉ោង​នៅ​ឡើយ​ផង​បន្ទាប់​ពី លោក ហ៊ុន សែន ប្រកាស​តាម​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ​មិន​យូរ​ប៉ុន្មាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​ទៀត ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម។

ភ្លាមៗ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​ប្រមាណ ៣​នាក់​បន្ថែម​ទៀត​នេះ គណបក្ស​ជំទាស់​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ធំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៥ សីហា ដោយ​ថ្កោលទោស​ការ​ចាប់​ខ្លួន​នេះ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​ទាំង​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន។ គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​ធ្វើ​ដូច​នេះ​របស់​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​ឡើង​ក្នុង​បំណង​គំរាម​កំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​បំពេញ​តួនាទី​របស់​ខ្លួន​បាន ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។



ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ចំណាយ​ពេល​សាកសួរ​ប្រមាណ ៦​ម៉ោង​នៅ​ថ្ងៃ​ទី​៥ សីហា។

ទាំង លោក រឿន ចិត្រា អាយុ ៣៣​ឆ្នាំ និង​លោក យន់ គឹមហួរ អាយុ ២៨​ឆ្នាំ បាន​និយាយ​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​ថា ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ។ ក្រៅ​ពី​នេះ សកម្មជន​ទាំង​នេះ​អះអាង​ទៀត​ថា ក្នុង​ហេតុការណ៍​កាល​ណោះ ពួក​គេ​ពិត​ជា​បាន​ចូលរួម​មែន ប៉ុន្តែ​ការ​ចូលរួម​នោះ ពុំ​បាន​ធ្វើ​សកម្មភាព​អ្វី​ល្មើស​នឹង​ច្បាប់ ក្រៅ​ពី​ទាមទារ​ដោយ​សន្តិវិធី​នោះ​ឡើយ។ លោក​បន្ត​ថា «សូម​ផ្ដាំផ្ញើ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ជួយ​គាំទ្រ​ដល់​យុវជន​យើង​ខ្ញុំ​ផង ព្រោះ​ថា​ពួក​យើង​ត្រូវ​គេ​ចោទ​ប្រកាន់​ទេ។ តាម​ពិត រូបភាព​ទាំងអស់​ហ្នឹង គឺ​មិន​ពិត​ទេ។ បាទ! បាន​ទៅ ប៉ុន្តែ​និយាយ​ឲ្យ​ចំ​ទៅ គឺ​មិន​បាន​ប្រើ​ហិង្សា​ទេ គ្រាន់​តែ​យើង​ទៅ​ធម្មតាៗ»។

ជុំវិញ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជា​បន្តបន្ទាប់​នេះ ដែល​គណបក្ស​ជំទាស់​ចាត់​ទុក​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​រួម កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ម្យ៉ាង​វិញ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា មាន​ករណីយកិច្ច​សហការ​គ្នា ដើម្បី​បញ្ចប់​ភាព​តានតឹង​ផ្នែក​នយោបាយ ហើយ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រពន្ធ​របស់ លោក រឿន ចិត្រា គឺ​អ្នកស្រី អាត សុភា ថ្លែង​នៅ​ខាង​មុខ​បរិវេណ​របង​តុលាការ ដោយ​ចាត់​ទុក​ថា នីតិវិធី​ដែល​តុលាការ​កំពុង​អនុវត្ត​នេះ គឺ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ស្វាមី​របស់​គាត់​ឡើយ។ ដីកា​តាម​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ថែម​ទៀត​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ចំនួន ១១​នាក់​មុន ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក លឹម មករន្ទ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កាល​ពី​ខែ​កក្កដា ចន្លោះ​ពី ៧ ទៅ ២០​ឆ្នាំ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់​បន្ថែម​ទៀត ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន ៣​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​សាកសួរ​រួច​កាល​ពី​ថ្ងៃ​ទី​៥ សីហា។ ចំណែក​មនុស្ស ២​នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​នោះ អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់​ខ្លួន។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ គឺ​លោក សំ សុគង់ ថ្លែង​ថា ការ​ចាប់​ខ្លួន​កូន​ក្តី​របស់​លោក​នេះ ទំនង​ធ្វើ​ឡើង​តាម​រយៈ​ខ្សែអាត់​វីដេអូ ហើយ​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​តែ​ម្ដង។ បន្ថែម​ពី​លើ​នេះ លោក​អះអាង​ថា អាច​នឹង​មាន​មនុស្ស​ច្រើន​ជាង​នេះ​ទៀត​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ​ច្រើន​ជាង​ហេតុផល​ផ្សេង។ លោក​បន្ត​ថា ក្រោយ​ពី លោក ហ៊ុន សែន ប្រតិកម្ម​មិន​បាន​ប៉ុន្មាន​ម៉ោង ទាំង​មន្ត្រី​តុលាការ និង​សមត្ថកិច្ច ចាប់​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា «វា​មិន​មែន​ជា​ទិដ្ឋភាព​មួយ​អនុវត្ត​តាម​បែប​នីតិវិធី​ប្រព័ន្ធ​ច្បាប់។ នេះ​បើ​សិន​ជា​យើង​មើល គឺ​ឲ្យ​គេ​មើល​ឃើញ​យ៉ាង​ដូច្នេះ ពីព្រោះ​រឿង​នេះ​វា​ជាង​មួយ​ឆ្នាំ​ហើយ ដំណើរ​ការ​វា​ជា​បន្តបន្ទាប់ ហើយ​ហេតុ​អី​ជន​ត្រូវ​ចោទ​ហ្នឹង ទើប​តែ​សម្ដេច​ស្រែក ទើប​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ដូច្នេះ»។

ទាក់ទិន​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ប្រទេស​កម្ពុជា សព្វថ្ងៃ កំពុង​អនុវត្ត​ស្តង់ដារ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។ មន្ត្រី​មាន​អំណាច ឬ​មនុស្ស​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល តួយ៉ាង​ដូច លោក ឈូក បណ្ឌិត ជាដើម កម្រ​ឃើញ​អនុវត្ត​ទោស​បាន​ឆាប់​ដូចនេះ​ណាស់ ឬ​មួយ​បណ្ដឹង​ចេញ​ពី​ប្រជាពលរដ្ឋ​ប្រឆាំង​ក្រុមហ៊ុន គឺ​កម្រ​ឃើញ​តុលាការ​ចាត់​វិធានការ​ដោយ​ប្រញាប់​ណាស់។ ដោយឡែក​ការ​អនុវត្ត​ដោយ​តក់​ក្រហល់ ឬ​ជា​បន្ទាន់​វិញ ភាគ​ច្រើន​គេ​សង្កេត​ឃើញ​ទៅ​លើ​បណ្ដឹង​របស់​អាជ្ញាធរ ក្រុមហ៊ុន ឬ​តាម​ការ​ប្រកាស​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​តែ​ម្ដង៕

1 comment:

Kim Ea said...

Khmer is so passive and so coward . when they use force to shoot and kill us or brutally harm Khmer ,they said they protect the security of the country and democracy . But when Khmer innocent fightback to protect their life from their ferocious act, they accuse us as an agitator thug intend to put down the government . Did this is a ridiculous and farcical lough of the century or what else you can say ? where are Khmer as a whole, what they think about it ? Mum hiding behind the veil of cowardice Buddhist teaching methodology ?