A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 August 2015

សង្គម​ស៊ីវិល​ជាង​៥០​មិន​ពេញ​ចិត្ត​លោក ហ៊ុន សែន ដែល​ហៅ​ស្រី​ថា​ញី​នៅ​ទី​សាធារណៈ

ដោយ ប្រាជ្ញ ចេវ
2015-08-05 rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hum Chamroeun



អង្គការ​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ សំដែង​ការ​សោកស្ដាយ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ពាក្យ​ប្រមាថ​លើ​ស្ត្រី និង​ប៉ះពាល់​ដល់​ស្ត្រី​ទូទៅ និង​សង្គម​ជាតិ​ទាំង​មូល។ ទោះ​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា សេចក្តី​ថ្លែងការណ៍​នេះ មាន​ចរិត​នយោបាយ និង​ថា ក្រុម​សង្គម​ស៊ីវិល​នោះ​មិន​មើល​ឃើញ​ទង្វើ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា។

ពាក្យ​ប្រមាថ​ស្ត្រី​នៅ​ទី​សាធារណៈ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ជាពិសេស​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា សំដែង​ការ​សោកស្ដាយ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​របស់​មេដឹកនាំ​បែបនេះ។

អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ទៀត​ថា ពាក្យ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​សង្គម​ជាតិ​ទាំងមូល ព្រមទាំង​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នានា និង​ជា​ឧបសគ្គ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី។



នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ ​ហៅ​កាត់ GAD/C អ្នកស្រី រស់ សុភាព រំពឹង​ថា សេចក្ដី​ថ្លែងការណ៍​នេះ​អាច​ដាស់តឿន​ដល់​ការ​ប្រើ​ពាក្យ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋ។ អ្នកស្រី​បន្ត​ថា ពាក្យពេចន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ស្ត្រី​ទូទៅ បើ​ទោះ​ជា​លោក​ប្រមាថ​ស្ត្រី​តែ​ម្នាក់​ក៏ដោយ ហើយ​ស្ត្រី​ម្នាក់​នោះ មាន​ឋានៈ​ជា​អ្វី​ក៏ដោយ ព្រោះ​លោក​ថ្លែង​ជា​សាធារណៈ និង​ក្នុង​តួនាទី​លោក​ជា​នាយករដ្ឋមន្ត្រី៖«ខ្ញុំ​គិត​ថា ទោះ​សម្ដេច ហ៊ុន សែន និយាយ​សំដៅ​ទៅ​បុគ្គល​ម្នាក់ ក៏​ប៉ុន្តែ​មាន​ប្រសាសន៍​ជា​សាធារណៈ និង​ជា​ថ្នាក់ដឹកនាំ​កំពូល អាច​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​សង្គម​ជាតិ។ មួយ​ទៀត ពាក្យ​នេះ​អាច​ជា​គំរូ​មិន​ល្អ​ដល់​មន្ត្រី​ផ្សេង​ទៀត»។

ទន្ទឹម​នឹង​មាន​លិខិត​ជូនពរ លោក ហ៊ុន សែន របស់​មន្ត្រី​គ្រប់​ស្ថាប័ន​របស់​រដ្ឋ ព្រោះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។ អង្គការ​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ក៏​ផ្ញើ​លិខិត​ទៅ លោក ហ៊ុន សែន ដែរ ប៉ុន្តែ​លិខិត​នេះ មិន​មែន​ជា​សារ​ជូនពរ​ក្នុង​ថ្ងៃ​ខួប​កំណើត​លោក​នោះ​ទេ លិខិត​នោះ​ជា​សារ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ប្រមាថ​ស្ត្រី និង​ប្រាប់​ទៅ លោក ហ៊ុន សែន សុំ​ឲ្យ​បញ្ឈប់​ការប្រមាថ​ស្ត្រី និង​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​ស្ត្រី។

ការ​ចេញ​លិខិត​ជា​ចំហ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ព្រមាន​ធ្ងន់​ទៅ​នារី​ម្នាក់​ដោយ​មិន​ចំ​ឈ្មោះ​ថា នារី​ម្នាក់​នោះ​អាក្រក់​ហួស។ លោក​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ប្រើ​ហិង្សា​ឲ្យ​សន្តិសុខ​រង​របួស​ធ្ងន់ ដោយ​នារី​ម្នាក់​នោះ​ធាត់​ធាក់​លើ​សន្តិសុខ៖ «នៅ​ក្នុង​ចំណោម​អ្នក​ដែល​វ៉ៃ​ដ៏​សាហាវ​ហ្នឹង មាន​ស្រី​ម្នាក់​ទាត់ ឈូស​ដូច​គេ​ហៅ​ថា កីឡាកាស​អ៊ីចឹ តាម​ចាប់​មី​ស្រី​មួយ​ហ្នឹង​ឲ្យ​បាន! អា​ហ្នឹង​គេ​មិន​មែន​ហៅ​នារី​ទេ​ណា គេ​ហៅ​មី​ស្រី ឬ​គេ​ហៅ​មី។ វ៉ៃ​សុទ្ធ​តែ​ធាក់ វា​ហួស​ហេតុ​ពេក មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​ស្រ្តី​ទេ ក៏ប៉ុន្តែ​វា​អាក្រក់​ហួស អ៊ីចឹង​លោក​ប៉ូលិស​នៅ​បន្ត​ការងារ»។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​រំលឹក​ទៅ​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នារី​ភេទ (CEDAW) ឆ្នាំ​១៩៩២។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល និង​សង្គម​ស៊ីវិល កំពុង​លើក​កម្ពស់ និង​លុប​បំបាត់​ការ​រើស​អើង​លើ​ស្ត្រី ដូច​នេះ​រាល់​ពាក្យ​សម្ដី​មិន​សមរម្យ​ចំពោះ​ស្ត្រី​គួរ​ជៀសវាង។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា សេចក្ដី​ថ្លែង​នេះ​គ្រាន់តែ​ការ​ធ្វើ​របស់​ក្រុម​តូច​មួយ​ដែល​តែងតែ​មិន​ឃើញ​ទង្វើ​ល្អ​របស់​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សុខ ឥសាន ថ្លែង​ការពារ​ប្រសាសន៍​លោក ហ៊ុន សែន ទៀត​ថា លោក ហ៊ុន សែន មិន​ប្រមាថ​ស្ត្រី​ទូទៅ​ទេ គឺ​លោក​ប្រមាថ​តែ​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ ហើយ​លោក​ថា លោក ហ៊ុន សែន ក៏​ជា​ពលរដ្ឋ​ទូទៅ​ម្នាក់​ដែរ ដែល​អាច​បញ្ចេញ​មតិ​របស់​ខ្លួន​បាន៖ «សម្ដេច​នាយករដ្ឋមន្ត្រី​លោក​ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែល​មាន​សិទ្ធិ​បញ្ចេញ​មតិ ដូច​ជា​អ្នក​ផ្សេង​ដែរ»។

បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ដើរ​តួ​ជា​គំរូ និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ក្នុង​ករណី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ឈាន​ទៅ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ៕

No comments: