A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 August 2015

ពលរដ្ឋ​២​ស្រុក​លើក​គ្នា​​បន្ត​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​យុវជន​បរិស្ថាន​៣​នាក់

ដោយ ដែន អយុធ្យា
2015-08-20 rfa

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើ​ឲ្យ​ដោះ​លែង​យុវជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
Photo LICADHO

ប្រជាពលរដ្ឋ​ច្រើន​នាក់​មក​ពី​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​តុលាការ​ខេត្ត​នេះ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ចេញ​ពី​ពន្ធនាគារ។

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំង ៣​នាក់ របស់​តុលាការ​ខេត្ត​នេះ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​បូម​ខ្សាច់ ថា​ជា​ការ​បំបាក់​ស្មារតី​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដទៃ​ទៀត ឲ្យ​បញ្ឈប់​សកម្មភាព​តវ៉ា។

គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​សីហា គឺ​ជា​ថ្ងៃ​ទី​២ ហើយ​ដែល​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ បាន​លើក​គ្នា​តវ៉ា និង​ស្នាក់​នៅ​ទាំង​យប់​ថ្ងៃ​នៅ​ពី​មុខ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ដែល​តុលាការ​ខេត្ត​នេះ​ចាប់​ដាក់​គុក។
ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើ​ឲ្យ​ដោះ​លែង​យុវជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ Photo LICADHO

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា គិត​មក​ដល់​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​នេះ មាន​ពលរដ្ឋ​ប្រមាណ ៥០​នាក់ នៅ​បន្ត​ស្នាក់​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង ទោះ​បី​សមត្ថកិច្ច​ខេត្ត​នេះ​មក​គំរាម​ដក​មេក្រូ​មិន​ឲ្យ​ស្រែក​តវ៉ា​បែប​ណា​ក្ដី។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​បាន​ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច ពិសេស​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​កោះកុង ដែល​លើក​យក​បណ្ដឹង​របស់​សមត្ថកិច្ច និង​ក្រុមហ៊ុន​បូម​ខ្សាច់​ប្ដឹង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំង ៣​នាក់ ថា​ជា​ការ​គំរាមកំហែង​មួយ។



​បន្ថែម​លើ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​លំនៅឋាន ឬ​ទីស្នាក់ការ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ថែម​ទៀត នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​សីហា ក្នុង​រូបភាព​ធ្វើ​រដ្ឋបាល​មនុស្ស​ចេញ​ចូល​ជាមួយ​អង្គការ​នេះ៖ «ករណី​ការ​ចាប់​ខ្លួន​ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​នេះ តាំង​ពី​ដើម​របស់​តុលាការ គឺ​ជា​ការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​ការពារ​ធនធាន​ធម្មជាតិ។ យើង​ស្នើ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ត្រូវ​ពិចារណា និង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំងឡាយ និង​ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ»។

​ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចុះ​ឆែកឆេរ​ទីតាំង​លំនៅឋាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ឬ​កា​រក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង បាន​ទេ តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​សីហា។

​យ៉ាង​ណា​ក៏ដោយ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​បរិស្ថាន នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន ៣​នាក់​ដាក់​ពន្ធនាគារ​ក្នុង​យុទ្ធនាការ​ការពារ​ធន​ធាន​ធម្មជាតិ ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ក្រៅ​ប្រទេស លោក អាឡិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​គ្រប់រូប​ត្រូវ​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ពី​ការ​ឃុបឃិត​បំផ្លាញ​ដោយ​ឈ្មួញ ឬ​ជន​មានអំណាច​មួយ​ចំនួន​ឲ្យ​បាន​ច្រើន​ថែម​ទៀត បើ​មិន​ដូច្នេះ​ទេ​ធនធានធម្មជាតិ ពិសេស​ធនធាន​ដែល​មាន​នៅ​ក្នុង​សមុទ្រ​កម្ពុជា នឹង​ត្រូវ​រលាយ​ហិនហោច​នៅ​ថ្ងៃ​ខាង​មុខ៖ «ប៉ូលិស​បាន​មក​ឆែកឆេរ​ផ្ទះ​ដែល​យើង​ជួល​នៅ​ខេត្ត​កោះកុង និង​ថត​រូប​ថត​ផ្សេងៗ ដោយ​គ្មាន​បង្ហាញ​ដីកា​អ្វី​ទាំងអស់។ យើង​ព្រួយ​បារម្ភ​ប៉ូលិស​ទាំង​នោះ ដាក់​គ្រឿង​ញៀន​ធ្វើ​បាប​សកម្មជន​របស់​យើង»។

​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​នាក់ មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ឹម សំណាង ត្រូវ​សមត្ថកិច្ច​ខេត្ត​កោះកុង ចាប់​ខ្លួន ខណៈ​ដែល​ពួកគេ​ចុះ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ធ្នង់ ឃុំ​កណ្ដោល និង​នៅ​ភូមិ​តាមាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់។
ក្រោយ​ពេល​ចាប់​ខ្លួន សមត្ថកិច្ច​ក៏​បាន​បញ្ជូន​យុវជន​ទាំង ៣​នាក់ ទៅ​កាន់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ហើយ​ត្រូវ​តុលាការ​ខេត្ត​នេះ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង និង​ក្រុម​យុវជន ដែល​ជា​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ទាមទារ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ជាង​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា នឹង​មិន​រំសាយ​ការ​ប្រមូល​ផ្តុំ​ការ​តវ៉ា​នៅ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង​ទេ ដរាប​ណា​តុលាការ​ខេត្ត​កោះកុង មិន​ដោះលែង​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ​ទេ៕

No comments: