A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 August 2015

ក្រុម​យុវជន​បារម្ភ​ពី​ការ​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​ក្រោម​ដី​គ្មាន​តម្លាភាព


ដោយ ហ៊ុំ ចំរើន
2015-08-06  rfa

ក្រុម​យុវជន និង​ព្រះសង្ឃ ចូលរួម​វេទិកា​ស្ដីពី​ធនធាន​យើង អនាគត​យើង ដែល​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Hum Chamroeun


ក្រុម​យុវជន​ប្រមាណ​ជាង ២០០​នាក់ និង​ព្រះសង្ឃ​ប្រមាណ ៥០​អង្គ កាល​ពី​ថ្ងៃ​ទី​១ សីហា បាន​បង្ហាញ​ការ​ខ្វល់ខ្វាយ​ទៅ​លើ​ការ​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​ក្រោម​ដី​របស់​រដ្ឋ ថា​គ្មាន​តម្លាភាព នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី​ធនធាន​យើង អនាគត​យើង ដែល​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង​១ ខេត្ត​បាត់ដំបង។

ក្រុម​យុវជន និង​ព្រះសង្ឃ​ទាំង​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត។

យុវជន និង​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​រ៉ែ​ក្រោម​ដី​របស់​រដ្ឋ ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​អត្ថប្រយោជន៍​ដែល​រដ្ឋ​ទទួល​បាន​ពី​ការ​វិនិយោគ​នោះ។ ក្រុម​យុវជន និង​ព្រះសង្ឃ​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​ធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធនធាន​ធម្មជាតិ​ក្រោម​ដី​របស់​រដ្ឋ រួម​មាន​ការ​រុក​រក​រ៉ែ​មាស និង​ប្រេងកាត ជាដើម ទាំង​នៅ​ក្នុង​ដែនដី​គោក និង​ដែន​សមុទ្រ​កន្លង​ទៅ តើ​រដ្ឋាភិបាល​បាន​សិក្សា​ពី​ផល​ចំណេញ និង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ?

ព្រះតេជព្រះគុណ សយ ចាន់សុមាលី គង់​នៅ​វត្ត​ប៉ាឆា ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ព្រះ​ថេរ​ដីកា​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​នានា ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ស្រុក​កែវសីមា និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​វាគ្មិន​ដែល​ចូលរួម​ក្នុង​កម្មវិធី ពន្យល់​អំពី​ហេតុផល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ក្រុមហ៊ុន​នានា ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ។

ព្រះអង្គ និង​យុវជន ហាក់​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​វិនិយោគ​នេះ ខ្លាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ច្រើន​ជាង​ផល​ប្រយោជន៍​ដែល​រដ្ឋ​ទទួល​បាន​ពី​ការ​វិនិយោគ​នោះ៖ «ក្នុង​ការ​វិនិយោគ​រ៉ែ​នោះ តើ​ខាង​ក្រសួង​មាន​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែរ​ឬ​ទេ? ហើយ​ធ្វើ​ឡើង​ដោយ​របៀប​ណា?»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​នោះ​ថា រាល់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​ការ​វិនិយោគ​រ៉ែ ក្រសួង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​ផល​ប៉ះពាល់​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ផល​ប្រយោជន៍​ដែល​រដ្ឋ​ទទួល​បាន​រួច​មក​ហើយ។ លោក​អះអាង​ថា លុះ​ណា​ផល​ប្រយោជន៍​ដែល​រដ្ឋ​ទទួល​បាន​ច្រើន​ជាង​ផល​ប៉ះពាល់​ទ្វេ​ដង ទើប​ខាង​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​នោះ​បាន៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ថា ការ​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​ដែល​អង្គការ​បាន​យក​មក​បង្ហាញ​ក្នុង​វេទិកា​នេះ គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ចំណាក​ស្រុក រួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ខុស​ច្បាប់​ទេ»។

លោក​បន្ត​ថា ក្រសួង​រ៉ែ និង​ថាមពល កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​ជុំវិញ​បញ្ហា​នេះ និង​រួម​ចំណែក​ការពារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​រុក​រក​រ៉ែ​អនាធិបតេយ្យ​បន្ត​ទៀត។

ក្រៅ​អំពី​ធនធាន​រ៉ែ​ក្រោម​ដី​នេះ​ហើយ ក្រុម​យុវជន និង​ព្រះសង្ឃ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​រុក​រក​រ៉ែ​ប្រេងកាត​នៅ​ដែន​សមុទ្រ​របស់​កម្ពុជា ដូច​គ្នា​នេះ​ដែរ។ ក្រុម​យុវជន និង​ព្រះសង្ឃ​ខ្លះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល មិន​អាច​គ្រប់គ្រង​ប្រាក់​ចំណូល​ដែល​រដ្ឋ​ទទួល​បាន​ពី​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​ប្រេងកាត​នៅ​ដែន​សមុទ្រ​កម្ពុជា នោះ ដោយ​លើក​ឡើង​ថា ប្រទេស​កម្ពុជា ខ្វះខាត​ធនធាន​មនុស្ស និង​ខ្វះ​ថវិកា​ក្នុង​ការ​គ្រប់គ្រង​ចាត់​ចែង​ទៅ​លើ​ផ្នែក​នេះ។ បញ្ហា​នេះ​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ផ្នែក​នេះ​មិន​បាន​ល្អ វា​អាច​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​ជាតិ ធ្លាក់​ទៅ​លើ​ឯកជន​បាន៖ «បើ​សិន​ជា​យើង​ខ្វះ​ធនធាន​មនុស្ស​ក្នុង​ការ​កែច្នៃ​បែប​នេះ តើ​វា​ជា​ការ​ចំណេញ ឬ​ខាត​យ៉ាង​ណា​ដែរ? ប្រសិន​បើ​ប្រៀបធៀប​ការ​ប៉ះពាល់​ទៅ​បរិស្ថាន​នោះ តើ​ការ​បែង​ចែក​ប្រេងកាត​តាម​របៀប​កិច្ច​ព្រមព្រៀង និង​កិច្ចសន្យា​បែង​ចែក​ផលិតផល​នោះ មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វី​ខ្លះ​ដល់​រដ្ឋ?»។

ជីក​រ៉ែ​មាស​ត្បូង ប៉ៃលិន ៦២០
សកម្មភាព​រុក​រក​រ៉ែ​ត្បូង​របស់​ក្រុមហ៊ុន​មរតក​ជីម នៅ​ចំណុច​ធូរេន​២​ដើម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤។ Photo Provided




ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ដែរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា លោក ជៀប សួរ មាន​ប្រសាសន៍​ថា តំបន់​ប្រេងកាត​របស់​កម្ពុជា បែង​ចែក​ជា ២៥​ប្លុក ឬ​ក្រុម គឺ​នៅ​តំបន់​ដែន​គោក​ចំនួន ១៩​ប្លុក និង​ដែន​សមុទ្រ​ចំនួន ៦​ប្លុក ក្នុង​នោះ​តំបន់​ប្រេងកាត​នៅ​ដែន​សមុទ្រ​ចំនួន ២​ប្លុក កំពុង​ធ្វើ​ការ​រុក​រក ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​ប្រេងកាត​នោះ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ប្រាក់​ចំណូល​ដែល​រដ្ឋ​ទទួល​បាន​ពី​វិស័យ​នេះ ត្រូវ​ឆ្លង​កាត់​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ពោល​គឺ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​ធ្វើ​អាជីវកម្ម​ប្រេងកាត​ទាំងអស់ ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​យ៉ាង​តិច​ពី ៦៨% ទៅ ៧៨% នៃ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​នេះ៖ «គឺ​មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ឲ្យ​មាន​ការ​វិនិយោគ​ណា យើង​មាន​ការ​វិភាគ​សេដ្ឋកិច្ច​ជា​មុន​សិន ថា​ផល​ប្រយោជន៍​ពី​គម្រោង​នោះ​បាន​ទៅ​ខាង​ឯកជន​ប៉ុន្មាន? គឺ​ធ្វើ​យ៉ាង​ណា​យើង​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​បំផុត»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​សម្ព័ន្ធ​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន អ្នកស្រី គឹម ណាតាសា មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ទាំង​វិស័យ​ប្រេងកាត និង​ការ​រុក​រក​រ៉ែ​ក្រោម​ដី​ជា​ប្រាក់​ចំណូល​សំខាន់​របស់​ប្រទេស​ជាតិ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ក្នុង​វិស័យ​ផ្សេងៗ​ឲ្យ​រីក​ចម្រើន។ អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​ប្រាក់​ចំណូល​នេះ​ឲ្យ​មាន​តម្លាភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទៅ​ថ្ងៃ​អនាគត៖ «ពីព្រោះ​ថា​ត្រូវ​រាល់​ការ​អភិវឌ្ឍ​ទាំងអស់ យើង​ចាំបាច់​ត្រូវ​ការ​ខ្លួន​ឲ្យ​បាន​រឹងមាំ មាន​ន័យ​ថា យើង​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ការ​គ្រប់គ្រង​ចំណូល ទៅ​លើ​វិស័យ​ប្រេងកាត​នោះ​ជា​មុន​ឲ្យ​បាន​ល្អ»។

ទោះ​យ៉ាង​ណា អ្នកស្រី​បញ្ជាក់​ថា ទាំង​ការ​រុក​រក​រ៉ែ និង​ប្រេងកាត ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ គឺ​រដ្ឋាភិបាល​កម្ពុជា ពុំ​ទាន់​ទទួល​បាន​ប្រាក់​ចំណូល​លើ​ផ្នែក​ធនធាន​ធម្មជាតិ​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​រុក​រក​ធនធាន​រ៉ែ​នេះ ខាង​រដ្ឋាភិបាល​ហាក់​មិន​ទាន់​បង្ហាញ​ឯកសារ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ៕

No comments: