A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 August 2015

សាក្សី​ទី​៨​បញ្ជាក់​ថា​មាន​ការ​សម្លាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម

ដោយ ឡេង ម៉ាលី
2015-08-20 rfa

សាក្សី​ទី​៨ ឈ្មោះ យី ឡៃសូវ អតីត​ជា​នារី​កង​ចល័ត​មួយ​រូប​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
Photo courtesy of ECCC

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​២០ សីហា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ តក់ ប៊ុយ ហើយ​ចាប់​ផ្ដើម​ស្ដាប់​សក្ខីកម្ម​សាក្សី​ទី​៨ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ដដែល។ សាក្សី​ទី​៨ ឈ្មោះ យី ឡៃសូវ អតីត​ជា​នារី​កង​ចល័ត​មួយ​រូប​នៅ​ការដ្ឋាន​នោះ។

សាក្សី យី ឡៃសូវ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោកស្រី​ធ្លាប់​បាន​ឃើញ​គេ​វាយ​សម្លាប់​មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម៖ «បាន​ឃើញ​តែ​គេ​វាយ​មួយ​ដំបង​ទៅ ទម្លាក់​ក្នុង​រណ្ដៅ​គេ​ជីក​ស្ពាន​ទី​១ ខាង​លិច។ ដាក់​តែ​មួយ​ប៉ូស មិន​ដឹង​ថា​ស្លាប់ ឬ​មិន​ស្លាប់ តែ​គេ​ទម្លាក់​ដុំ​ថ្ម​ពី​លើ។ គ្រាន់​តែ​ឃើញ​ប៉ុណ្ណោះ ខ្ញុំ​មក​កន្លែង​វិញ។ ប្រុស ឬ​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ? ស្ត្រី​មាន​ផ្ទៃ​ពោះ»។

លោកស្រី យី ឡៃសូវ មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ហេតុការណ៍​សម្លាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​នោះ លោកស្រី​ក៏​ធ្លាប់​ឃើញ​គេ​បណ្ដើរ​មនុស្ស​ជាច្រើន​នាក់ យក​ទៅ​សម្លាប់​នៅ​ពេល​យប់​ដែរ៖ «គេ​ឲ្យ​ខ្ញុំ​យាម​នៅ​កន្លែង​ជើង​ក្រាន​បាយ។ ខ្ញុំ​ឃើញ​តែ​ម្ដង។ ខ្ញុំ​ដឹង​ដោយសារ​ឮ​មាត់​ស្រែក ហើយ​ឮ​មាត់​យំ ខ្ញុំ​ឱន​មើល​ទៅ​ឃើញ។ ឮ​សំឡេង​ជាច្រើន​យំ​រំពង​ដើរ​ទៅ។ អត់​មែន​ព្រាល​ទេ មើល​ទៅ​ឃើញ​ច្បាស់ ប៉ុន្តែ​មិន​ដឹង​ថា​ស្រី​ប៉ុន្មាន​ប្រុស​ប៉ុន្មាន។ ប្រហែល​ពី​ម៉ោង ១២​យប់​ឡើង​ទៅ មាន​តែ​ពន្លឺ​លោក​ខែ»។



ការ​អះអាង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ការដ្ឋាន​អាង​ត្រពាំង​ថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​ទៅ​លើ​សក្ខីកម្ម​របស់​សាក្សី​មុនៗ ដែល​និយាយ​ថា បាន​ឃើញ​សាកសព​គេ​សម្លាប់ ហើយ​កប់​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម។

សាក្សី យី ឡៃសូវ ក៏​រៀប​រាប់​អំពី​ការងារ​ដោយ​បង្ខំ លំបាក ព្រម​ទាំង​ការ​មិន​មាន​អាហារ និង​មិន​មាន​អនាម័យ​គ្រប់គ្រាន់​ទេ​នៅ​ការដ្ឋាន​នោះ។

ទាក់ទង​នឹង​អង្គ​ហេតុ​រៀប​ការ លោកស្រី​ឲ្យ​ដឹង​ថា អង្គការ​ខ្មែរ​ក្រហម បាន​បង្ខំ​ឲ្យ​លោកស្រី​រៀប​ការ​ជាមួយ​យុវជន​ដែល​មិន​បាន​ស្គាល់​គ្នា​មុន​ទេ។ លោកស្រី​ថ្លែង​ថា លោកស្រី​មិន​ហ៊ាន​ប្រកែក​ទេ ព្រោះ​ខ្លាច​គេ​យក​ទៅ​សម្លាប់​ទាំង​គ្រួសារ។

អង្គ​ហេតុ​ស្ដីពី​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម ដែល​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ នេះ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គ្រោង​ស្ដាប់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១១​នាក់​នៅ​ក្នុង​អង្គ​ហេតុ​នេះ ដែល​អាច​នឹង​បញ្ចប់​នៅ​ចុង​ខែ​សីហា។

បន្ទាប់​ពី​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី យី ឡៃសូវ នេះ​ទៅ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​បន្ត​សវនាការ​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត នៅ​ថ្ងៃ​ព្រឹក​ច័ន្ទ ទី​២៤ សីហា។ នៅ​ថ្ងៃ​ច័ន្ទ នោះ​ដែរ អង្គ​ជំនុំ​ជម្រះ ក៏​គ្រោង​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ដែរ ដែល​មាន​រហស្សនាម​ថា 2TCW269៕

No comments: