A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 August 2015

លោក ហ៊ុន សែន ខក​ចិត្ត​ចំពោះ​លោក សម រង្ស៊ី ដែល​យក​ប្រៀប​ខាង​នយោបាយ


ដោយ ម៉ម មុនីរតន៍
2015-08-26 rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ចំពោះ លោក សម រង្ស៊ី ដែល​យក​ប្រៀប​ខាង​នយោបាយ​លើ​គណបក្ស​កាន់​អំណាច។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ការ​ធ្វើ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពី​មុខ​ល្អ ក្រោយ​ខ្នង​មាន​ល្បិច ថា​ជា​ការ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង។

ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក សម រង្ស៊ី បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​បារាំង ដែល លោក ហ៊ុន សែន ហៅ​ការ​ជា​ផ្ដល់​បទសម្ភាសន៍​របស់ លោក សម រង្ស៊ី ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រួសារ​លោក​ជា​ខ្លាំង។

គិត​មក​ដល់​ពេល​នេះ គណបក្ស​ជំទាស់​នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម​តប​ណា​មួយ ជុំវិញ​សារ​នយោបាយ​ជា​សាធារណៈ​របស់ លោក ហ៊ុន សែន នៅ​ឡើយ​ទេ។ ការ​ស្ងប់ស្ងាត់​នេះ ទំនង​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​ដែល​កំពុង​តែ​ផ្ទុះ​ឡើង។

ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ក្នុង​ពេល​លោក​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម នៅ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា។ ក្រុម​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ប្រសិន​បើ លោក ហ៊ុន សែន នៅ​បន្ត​ប្រើប្រាស់​វេទិកា​សាធារណៈ​ដោយ​វាយ​ប្រហារ​ដៃគូ​របស់​ខ្លួន​ដូច​នេះ​ទៀត អាច​នឹង​រុញ​ច្រាន​ការ​គាំទ្រ​របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ ត្រូវ​ថយ​ចុះ​ប្រជាប្រិយភាព។



លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​យ៉ាង​ខ្លី​ថា លោក​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជុំវិញ​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​គ្រួសារ​លោក​ទាំង​ពីរ​ទេ»។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គណបក្ស​ជំទាស់​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ឆ្លើយឆ្លង​ពេល​មាន​ប្រតិកម្ម​របស់ លោក ហ៊ុន សែន ឬ​មន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី។ បើ​ទោះ​ជា​បែប​ណា គេ​មើល​ឃើញ​ថា ការ​បន្ថយ​យុទ្ធនាការ​រិះគន់ ដែល​ជា​ញឹកញយ គណបក្ស​ប្រឆាំង​តែង​ចោទ​រដ្ឋាភិបាល​ថា​មាន​កំហុស ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​នៅ​ពេល​នេះ បើ​ទោះ​ជា​មាន​រលក​នៃ​ការ​ប្រតិកម្ម​ពី លោក ហ៊ុន សែន ក៏​គណបក្ស​ដែល​ធ្លាប់​ជា​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ​មួយ​នេះ ហាក់​មិន​តប​ត​អ្វី​ឡើយ បើ​ទោះ​ជា​ដឹង​ថា ត្រូវ ឬ​ក៏​ខុស​ក៏ដោយ​ចុះ?

ការ​បន្ទន់​ដៃ​ក្នុង​ការ​ឆ្លើយ​ឆ្លង​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ខណៈ​ដែល​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ផង ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប្រហែល​ជា​ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ​មើល​ទៅ ដែល​ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​បន្ត​ភាព​ស្ងប់ស្ងាត់។

ពាក់ព័ន្ធ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ថា លោក​ខក​ចិត្ត​ចំពោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​នឹង​លោក រហូត​ទម្លាយ​ទំនាក់ទំនង​លក្ខណៈ​គ្រួសារ​តាម​បណ្ដាញ​ផ្សព្វផ្សាយ ដែល លោក ហ៊ុន សែន ហៅ​ថា​ជា​ការ​អាម៉ាស់​សម្រាប់​គ្រួសារ​របស់​លោក និង​រូប​លោក​ផ្ទាល់។ លើស​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ថែម​ទាំង​ជំរុញ​ឲ្យ អ្នកស្រី ជូឡុង សូមូរ៉ា ដែល​ជា​ប្រពន្ធ​របស់ លោក សម រង្ស៊ី ក្រើន​រំឭក​ស្វាមី​របស់​ខ្លួន​ផង។ លោក​បន្ត​ថា «បើ​ធ្វើ​យ៉ាង​ដូច្នេះ​សូម្បី​តែ​បញ្ហា​ទំនាក់ទំនង​គ្រួសារ​យើង​ទាំង​ពីរ ក៏​យក​ប្រៀប​ខាង​នយោបាយ​ចំពោះ​ខ្ញុំ​ដែរ។ តើ​ខ្ញុំ​អត់​ទ្រាំ​បាន​ទេ? ខ្ញុំ​ឲ្យ​អ្នក​ឯង​ចំណេញ​លើ​គោក​បាន​ទេ? សង្ឃឹម​ថា​លោក​ជំទាវ​ប្រដៅ​ប្ដី​ផង»។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ចំអក​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ថា ដល់​ពេល​អស់​ស្នៀត​នយោបាយ​ដែល​ត្រូវ​លេង បែរ​ជា​លើក​រឿង​ចាស់​អំពី​ការ​លួច​សន្លឹក​ឆ្នោត ហើយ​ទម្លាក់​កំហុស​រដ្ឋាភិបាល​ជា​ថ្មី​ឡើង​វិញ។ លោក​នាយក​រដ្ឋមន្ត្រី បាន​ឡកឡឺយ​បន្ថែម​ថា បើ លោក សម រង្ស៊ី ចិត្ត​សឿង​មិន​ពេញ​ចិត្ត​ទេ អាច​ដើរ​ចេញ​ពី​សភា​ពេល​ណា​ក៏​បាន​ដែរ។

លោក តេង ដឺលុច អ្នក​ឯកទេស​ផ្នែក​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ យល់​ឃើញ​ថា បាក់​មុខ ឬ​មិន​បាក់​មុខ ដូច​ដែល លោក ហ៊ុន សែន លើក​ឡើង​នោះ វា​ពុំ​មែន​ជា​រឿង​សំខាន់​ទេ​សម្រាប់​អ្នក​នយោបាយ ក៏ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ គឺ​គណបក្ស​នយោបាយ​ត្រូវ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព និង​ស្មោះ​ត្រង់ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​គោល​នយោបាយ ជា​ជាង​បែង​ជើង​គ្នា​ដើម្បី​ជ័យជម្នះ​សម្រាប់​ផល​ប្រយោជន៍​បុគ្គល។ លោក​បន្ត​ថា «បើ​សិន​ជា​អ្នក​ថ្នាក់​ដឹក​នាំ​បញ្ហា​តូចៗ អ៊ីចឹង​យើង​ឥត​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ។ បញ្ហា​សំខាន់​បំផុត តើ​គណបក្ស​មួយ​ណា​អ្នក​ដឹក​នាំ​មួយ​ណា ដែល​បង្ហាញ​អំពី​សមត្ថភាព»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​គណបក្ស​ប្រឆាំង ថា​នឹង​លុប​ចោល​វប្បធម៌​សន្ទនា ប្រសិន​បើ លោក សម រង្ស៊ី និង​មន្ត្រី​ក្រោម​បង្គាប់ នៅ​តែ​បន្ត​វាយ​ប្រហារ និង​រិះគន់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា វប្បធម៌​សន្ទនា​ដែល​បាន​បង្កើត​ឡើង​នេះ គឺ​គ្រាន់​តែ​ដោះស្រាយ​ភាព​ទាល់ច្រក​មួយ​គ្រា និង​ពុំ​មាន​តម្លៃ​សម្រាប់​នយោបាយ​អ្វី​ឡើយ៕

2 comments:

henry said...
This comment has been removed by the author.
henry said...


ហ៊ុន សែន​​ ចាប់ពួក CNRP ដាក់គុក ឡើងគរដៃគរជើងហើយ
នៅថាគេយក​ប្រៀប​ខាង​ នយោបាយទៀត?

ម៉្យាងដែរ ឣាស្វា សែន ឣើយ !