A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 August 2015

អនុ​គណៈកម្មាធិការ​កិច្ចការ​បរទេស​អាមេរិក​ធ្វើ​សិក្ខាសាលា​ស្ដីពី​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា


 ដោយ តាំង សារ៉ាដា
2015-08-22 rfa
ស្ត្រី​អ្នក​ភូមិ​ឡពាង ម្នាក់ ដួល​សន្លប់​ខណៈ​ពេល​ដើរ​មក​ភ្នំពេញ តវ៉ា​រឿង​ដី កាល​ពី​ថ្ងៃ​ទី​១៣ សីហា ២០១៤។
RFA/Uon Chhin

អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​២១ ខែ​សីហា បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា។ ប្រធានបទ​នៃ​សិក្ខាសាលា​ដែល​ដាក់​ចំណង​ជើង​ថា "សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការ​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍" ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។

តំណាង​សហគមន៍​ខ្មែរ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក លោក រី គៀ មាន​ប្រសាសន៍​ថា ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក លោក អេដ រ៉យស៍ (Ed Royce) នឹង​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ៖ «លោក អេដ រ៉យស៍ ក៏​មាន​ទឹកចិត្ត​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​ព្រៃផ្សៃ​មក​លើ​ពលរដ្ឋ​របស់​ខ្លួន។ តាម​យោបល់​របស់​ខ្ញុំ គាត់​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ជោគជ័យ»។

​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ជិត ១​ពាន់​នាក់ នាំ​គ្នា​ចូលរួម​សវនាការ​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ក្នុង​ទីក្រុង​ផូម៉ូណា (Pomona) ដើម្បី​ពិនិត្យ​លើ​ផល​ប៉ះពាល់​នានា ដោយសារ​ការ​រំលោភ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​ប្រទេស​ហ្វីលីពីន។

លោក រី គៀ បន្ត​ថា សវនាការ​កាល​ពី​ថ្ងៃ​សុក្រ នេះ គឺ​ជា​ការ​ទទូច​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​របស់​ខ្លួន៖ «ពីព្រោះ​យើង​គិត​ថា រហូត​មក​ទល់​ពេល​នេះ ប្រសិនបើ​អាមេរិកាំង អត់​ធ្វើ​អ្វី​ធំដុំ​ទេ នោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​ប្រជាពលរដ្ឋ​ហ្នឹង​នៅ​តែ​មាន​បន្ត...»។

ចំណែក​មេធាវី​អន្តរជាតិ​លោក រីឆាដ រ៉ូជើរ (Richard Rogers) ដែល​ជា​មេធាវី​ជួសមុខ​ឲ្យ​ជនរងគ្រោះ​ទាំង​ឡាយ​នៅ​កម្ពុជា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្នុង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​បាន​ចូលរួម​ក្នុង​សវនាការ​នេះ​ដែរ។

លោក​ថ្លែង​ថា សវនាការ​អំពី​ផល​ប៉ះពាល់​នៃ​ការ​រំលោភ​ដីធ្លី​នេះ គឺ​ជា​ចំណុច​សំខាន់​សម្រាប់​ពាក្យ​បណ្ដឹង​របស់​លោក​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «សវនាការ​នេះ​ខ្ញុំ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រំលោភ​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី​ទាំង​បង្ខំ។ ខ្ញុំ​នឹង​ផ្ដល់​ព័ត៌មាន​ដល់​គណៈកម្មាធិការ​នេះ​អំពី​ទំហំ​នៃ​បញ្ហា​ទាំង​នោះ ហើយ​ខ្ញុំ​នឹង​ផ្ដល់​អនុសាសន៍​អំពី​ការ​កាត់​បន្ថយ​នៃ​បញ្ហា​ទាំង​នេះ»។

សេចក្ដី​ថ្លែងការណ៍​របស់​លោក អេដ រ៉យស៍ ដែល​ចេញ​ផ្សាយ​នៅ​មុន​ការ​ធ្វើ​សវនាការ​នេះ ឲ្យ​ដឹង​ថា ជាង​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​ដែល​កំពុង​គ្រប់គ្រង​ដីធ្លី ពួកគេ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​នោះ​ទេ។ នៅ​កម្ពុជា នៅ​ពេល​ណា​មាន​ស្លាក​អភិវឌ្ឍន៍ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​គេ​ជម្លៀស។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នក​រក​ស៊ី​ក្នុង​ស្រុក ឬ​បរទេស ត្រូវ​ទទួល​ត្រូវ​ចំពោះ​ការ​រំលោភ​ដីធ្លី​នេះ។

​ផ្អែក​តាម​ការ​បំភ្លឺ​នៅ​ក្នុង​សវនាការ​នេះ លោក អេដ រ៉យស៍ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​កត់ត្រា​ទុក​នូវ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​នៅ​តែ​បន្ត​ក្ដោបក្ដាប់​អំណាច និង​សេដ្ឋកិច្ច​តាម​រយៈ​ការ​គ្រប់គ្រង​ដោយ​ការ​គាប​សង្កត់​អ្នក​ដែល​រិះគន់ និង​អ្នក​តវ៉ា​ណា​ដែល​ហ៊ាន​តវ៉ា​រារាំង។

​សេចក្ដី​ថ្លែងការណ៍​របស់​លោក អេដ រ៉យស៍ ក៏​បាន​លើក​ចំ​ឈ្មោះ លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី ប្រឆាំង​នឹង​របប​ផ្ដាច់ការ​នៅ​កម្ពុជា នេះ​ដែរ។ លោក​ថា ការ​ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​នយោបាយ​ដទៃ​ទៀត​ធ្វើ​ឡើង​យ៉ាង​អយុត្តិធម៌៕

No comments: