2015-08-08 rfa
មន្ត្រីជំនាញផ្នែកផែនទីបញ្ជាក់នៅថ្ងៃទី៨ ខែសីហា នេះថា ផែនទីដែលអង្គការសហប្រជាជាតិ ឲ្យកម្ពុជា ខ្ចីនោះ ជាផែនទីអាមេរិក ទម្លាក់គ្រាប់បែកនៅកម្ពុជា ដែលអតីតព្រះមហាក្សត្រ សម្ដេច ព្រះសីហនុ បានយកទៅប្ដឹងនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤។
អនុប្រធានកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី គ្មានជំនឿថា អង្គការសហប្រជាជាតិ នឹងរកឃើញផែនទីដែលកម្ពុជា ស្នើសុំនោះទេ។ ចំណែកមន្ត្រីគណបក្សប្រឆាំងថា ខ្លួននឹងចូលរួមការងារនេះដែរ។
ប្រសិនគ្មានការប្រែប្រួលទេ នៅអំឡុងខែសីហា នេះ អង្គការសហប្រជាជាតិ នឹងប្រគល់ផែនទី យូធីអិម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨ផ្ទាំង ជាផែនទីច្បាប់ដើមមកឲ្យរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានមន្ត្រីអង្គការសហប្រជាជាតិ អមមកជាមួយផង។ ទាក់ទងរឿងនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការមួយដែលដឹកនាំដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីបំពេញភារកិច្ចក្នុងការទទួលផែនទី និងធ្វើការផ្ទៀងផ្ទាត់។
អនុប្រធានកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ថ្លែងថា ផែនទីដែលអង្គការសហប្រជាជាតិ គ្រោងផ្តល់ឲ្យនេះ ពុំអាចយកទៅប្រើប្រាស់រឿងវាស់វែងព្រំដែនបានទេ។ ទោះបែបនេះ អ្នកស្រីថា ក្រុមការងាររបស់រដ្ឋាភិបាលនៅតែធ្វើការងារនេះ ព្រោះ កម្ពុជា ទទួលបានការឆ្លើយតបរួចហើយ។ ជាងនេះទៅទៀត អ្នកស្រីមិនអាចបញ្ជាក់ថា តើកម្ពុជា អាចទទួលផែនទីដែលស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ឬយ៉ាងណានោះទេ?៖ «តាមពិតទៅ ផែនទីដែលយើងទទួលមកហ្នឹង ខ្ញុំពិតជាមិនមានសារសំខាន់ចំពោះយើងនៅឡើយទេ ព្រោះផែនទីយើងចង់បាន គឺផែនទីបោនខ្នាត ១/១០០.០០០ តែទទួលបានផែនទី យូធីអិម (UTM) ខ្នាត ១/១០០.០០០»។
កាលពីថ្ងៃទី៦ ខែកក្កដា រដ្ឋាភិបាលកម្ពុជា បានស្នើសុំខ្ចីផែនទីដើមពីអង្គការសហប្រជាជាតិ ខ្នាត ១/១០០.០០០ ដែលពាក់ព័ន្ធនឹងព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីទាំងនោះ ត្រូវបានផលិតឡើងនៅចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន (Indo-Chian Geogaphical Service) ដោយស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែជាការឆ្លើយតបកាលពីថ្ងៃទី៥ ខែសីហា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ប្រាប់វិញថា អង្គការសហប្រជាជាតិ មិនអាចរកឃើញផែនទីតាមការស្នើសុំទេ ប៉ុន្តែរកឃើញផែនទីមួយចំនួន ទាំងក្នុងប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ចម្លងបោះពុម្ពរួច ដែលអាចមានប្រយោជន៍ចំពោះរដ្ឋាភិបាលកម្ពុជា។
មន្ត្រីរដ្ឋាភិបាល អ្នកស្រី កុយ ពិសី គ្មានរំពឹងថា រដ្ឋាភិបាលនឹងទទួលបានផែនទីបោនដែលរដ្ឋាភិបាលស្នើសុំពីអង្គការសហប្រជាជាតិនោះទេ៖ «រឿងហ្នឹងខ្ញុំហ៊ានថា ម៉េចទេ ព្រោះសម្ដេចនាយករដ្ឋមន្ត្រីស្នើទៅអង្គការសហប្រជាជាតិ សុំខ្ចីផែនទីឆ្នាំ១៩៦៤ ប៉ុន្តែបានតែផែនទី ១៨ផ្ទាំងដែលគេឲ្យមកយើង»។
ទាក់ទងរឿងនេះដែរ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ ឲ្យដឹងតាមទូរស័ព្ទពីប្រទេសបារាំង ថា ប្រសិនបើសម្ដេច សីហនុ បានដាក់តម្កល់ផែនទីបោនរបស់កម្ពុជា តាមច្បាប់អន្តរជាតិ នឹងមានលិខិតឆ្លើយជាលាយលក្ខណ៍អក្សររវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា។
ចំណែកមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមពិនិត្យផែនទីនៅពេលអង្គការសហប្រជាជាតិ ផ្តល់ឲ្យ ប្រសិនជារដ្ឋាភិបាលអញ្ជើញ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងប្រគល់ផែនទីដែលខ្លួនមាននៅថ្ងៃទី១០ ខែសីហា ថ្វាយព្រះមហាក្សត្រ រដ្ឋាភិបាល រាជបណ្ឌិត្យសភា និងអ្នកពាក់ព័ន្ធផ្សេងទៀត៖ «យើងនឹងត្រៀមខ្លួនចូលតាមការអញ្ជើញ»។
មន្ត្រីរដ្ឋាភិបាល អ្នកស្រី កុយ ពិសី រំពឹងថា ប្រទេសមហាអំណាចទាំងបីរួមមាន ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ដែលអាចផ្តល់ផែនទីតាមការស្នើសុំ និងមានប្រយោជន៍ដល់ប្រទេសកម្ពុជា ប៉ុន្តែមកដល់ពេលនេះ ប្រទេសទាំងបីមិនទាន់ឆ្លើយតបមកកម្ពុជា វិញនៅឡើយទេ៕
1 comment:
You are Khmer people they start to demonize and
All of Khmer patriot can see and hear, this dictator regime use their dogs to put a blame to degrade or discredit this map even before they see it. It's so extraordinary to hear that. It seem this group without any verification the fact but refused to recognized this map as fake map and preferred to his usual fake map as a legitimated one . Did you believe this gangster team tell you all the truth or subversive scheme to help their patron ?
Post a Comment