A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

The government asks the oppositionn leader to compare border maps រដ្ឋាភិបាល​ជំរុញ​ឲ្យ​មេ​បក្ស​ប្រឆាំង​យក​ផែនទី​មក​ផ្ទៀងផ្ទាត់

ដោយ យាង សុជាមេត្តា

2015-07-23
វ៉ា គឹមហុង បង្ហាញ​ផែនទី ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទទូច​ជា​ផ្លូវ​ការ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ចេញ​ផែនទី​ដែល​លោក​មាន ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល។ ការ​ទទូច​របស់​មន្ត្រី​រដ្ឋាភិបាល​ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​តុ​មូល​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដើម្បី​បកស្រាយ​អំពី​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ ក្នុង​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា-វៀតណាម។
មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ផែនទី​ដែល​ពួក​គេ​កំពុង​ប្រើប្រាស់ គឺ​ជា​ផែនទី​ដែល​បន្សល់​ទុក​ដោយ​អាណានិគម​និយម​បារាំង ហើយ​ដែល​ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤ គឺ​មិន​មែន​ផែនទី​ក្លែងក្លាយ​ដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​នោះ​ទេ។
នេះ គឺ​លើក​ទី​បី​ហើយ​ដែល​រដ្ឋាភិបាល រៀបចំ​ឲ្យ​មាន​វេទិកា​តុ​មូល​ពិភាក្សា​បកស្រាយ​អំពី​ផែនទី ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ចាប់​តាំង​ពី​បញ្ហា​ព្រំដែន​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​កាល​ពី​ខែ​មេសា មក។

ស្រដៀង​ទៅ​នឹង​វេទិកា​តុ​មូល​មុនៗ​ដែរ នៅ​ក្នុង​វេទិកា​តុ​មូល​លើក​នេះ មន្ត្រី​រដ្ឋាភិបាល​ដែល​រួម​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង និង​លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ព្រម​ទាំង​មន្ត្រី​មួយ​ចំនួន​ទៀត បាន​ព្យាយាម​បង្ហាញ​នូវ​ភាព​ត្រឹមត្រូវ និង​ស្រប​ច្បាប់​របស់​ខ្លួន ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស គឺ​ការ​ប្រើប្រាស់​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​បន្សល់​ទុក​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ដំណើរ​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​នៅ​ពេល​បច្ចុប្បន្ន។
ក្រៅ​ពី​បកស្រាយ​ពី​ភាព​ស្រប​ច្បាប់ និង​ភាព​ច្បាស់លាស់​របស់​ខ្លួន​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​រិះគន់​ទៅ​លើ​ប្រធាន និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​តែង​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​របស់​បក្ស ទាំង​ដែល​ពួក​គេ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការងារ​ព្រំដែន​នេះ។
សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Rann Samnang

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា បើ​ទោះ​ជា​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៨២ ១៩៨៣ ១៩៨៥ និង​ឆ្នាំ​២០០៥ ក្តី ប៉ុន្តែ​ពួក​គេ​ថា កិច្ច​ព្រមព្រៀង​ទាំងអស់​នេះ​សុទ្ធតែ​យោង​ទៅ​លើ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ជា​មូលដ្ឋាន​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន គឺ​មិន​មែន​យោង​ទៅ​លើ​ផែនទី យូ.ធី.អឹម (UTM) ឬ​ផែនទី​ណា​ផ្សេង​ទៀត ដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ឡើយ។ ពួក​គេ​បញ្ជាក់​ថា គឺ​មាន​តែ​ផែនទី​បោន​នេះ​មួយ​គត់​ដែល​បន្សល់​ទុក​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ហើយ​ដែល​ប្រទេស​វៀតណាម ក៏​បាន​ទទួល​ស្គាល់​ដូច​គ្នា ដើម្បី​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។
ក្នុង​ពេល​ជាមួយ​គ្នា លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ចំពោះ​ការងារ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល ក្រោយ​ពី​ព្រះអង្គ​បាន​កោះ​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ព្រឹទ្ធសភា រដ្ឋសភា បក្ស​កាន់​អំណាច មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក សម រង្ស៊ី និង​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ។
លោក សុខ អាន អះអាង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៥ នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នោះ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ហ្មត់ចត់ និង​ត្រឹមត្រូវ​នៅ​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ហើយ​ដែល​គ្រប់​គ្នា​គួរ​ទទួល​យក​បាន។ លោក សុខ អាន លើក​ឡើង​ដែរ​ថា នៅ​ពេល​នោះ លោក សម រង្ស៊ី មិន​បាន​បង្ហាញ​ផែនទី​ច្បាស់លាស់​ថ្វាយ​ព្រះមហាក្សត្រ​នោះ​ទេ តែ​បែរ​ជា​យក​ផែនទី​គេ​សិក្សា​នៅ​សាលា ដែល​មិន​អាច​យក​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន​ទៅ​វិញ៖ «ព្រះករុណា​លោក​មាន​ឱកាស​ទ្រង់​ព្រះ​សណ្ដាប់​លើ​ទឡ្ហីករណ៍​ទាំងអស់ ពេល​ចុង​ក្រោយ​ព្រះករុណា​លោក​បូក​សរុប​ដោយ​យុត្តិធម៌ ដោយ​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​បំផុត។ លោក​មាន​ព្រះ​បន្ទូល​ច្បាស់​ថា ឥឡូវ​យើង​ជជែក​គ្នា​សព្វគ្រប់​អស់​ហើយ អ៊ីចឹង​យើង​ឃើញ​ថា រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ព្រំដែន​នេះ​ដោយ​ហ្មត់ចត់ ត្រឹមត្រូវ គឺ​មាន​ការ​ខិតខំ​ច្បាស់លាស់​ណាស់ ហើយ​បាន​លទ្ធផល​ល្អ​ណាស់។ អ៊ីចឹង​ការងារ​នេះ​ល្មម​ហើយ ល្មម​ទទួល​យក​បាន​ហើយ អ៊ីចឹង​ខ្ញុំ​គិត​ថា ជា​ចំណុច​សំខាន់​ណាស់ ចឹង​បើ​យើង​ប្រៀបធៀប​អ្វី​ដែល លោក សម រង្ស៊ី គាត់​បញ្ចេញ​នៅ​ក្នុង បេ.អឹម.ដេ (BMD) ហើយ​នឹង​ខ្លឹមសារ​បូក​សរុប​ច្បាស់លាស់​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០០៥ ឃើញ​ថា​ផ្ទុយ​ទាំងអស់»
លោក សុខ អាន ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​លើ​រដ្ឋាភិបាល ដែល​ថា​យក​ផែនទី​ក្លែងក្លាយ​ទៅ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ថា​គ្រាន់​តែ​ជា​គំនិត​ល្ងង់ខ្លៅ​ប៉ុណ្ណោះ។
ចំណែក លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស បាន​ទទូច​ឲ្យ លោក សម រង្ស៊ី យក​ផែនទី​ដែល​លោក​ទិញ​ពី​ប្រទេស​បារាំង តម្លៃ ១៦៨​ដុល្លារ​នោះ ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល។ លោក ឡុង វិសាលោ ថ្លែង​បន្ត​ថា បើ លោក សម រង្ស៊ី ពិត​ជា​អ្នក​គិតគូរ​ពី​រឿង​ជាតិ​មែន​នោះ លោក​គួរ​យក​ផែនទី​នោះ​ប្រគល់​ឲ្យ​រដ្ឋសភា ឬ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល មិន​មែន​យក​ទៅ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ទេ។ លោក ឡុង វិសាលោ ចាត់​ទុក​សកម្មភាព​របស់ លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​គ្រាន់​តែ​ចង់​បង្អួត​ដើម្បី​ប្រជាប្រិយភាព​នយោបាយ​ប៉ុណ្ណោះ។
លោក​ថា លោក សម រង្ស៊ី គួរ​ហ៊ាន​យក​ផែនទី​មក​បង្ហាញ​ដល់​រដ្ឋសភា ឬ​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល ទើប លោក សម រង្ស៊ី អាច​លុបលាង​មុខ​មាត់​របស់​លោក​បាន៖ «ពាក្យ​នេះ​យើង​ធ្លាប់​បាន​ឮ​សូរ​នៅ​ប៉េកាំង ហើយ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​បាន​លើក​ឡើង​ថា វា​ជា​ល្បែង​កូន​ក្មេង។ ឥឡូវ​គាត់​យក​បញ្ហា​នេះ​មក​និយាយ​ម្តង​ទៀត ដែល​យើង​មើល​ឃើញ​ថា គ្មាន​អ្វី​ក្រៅ​ពី​យក​ភាសា​ដដែល​មក​និយាយ ហើយ​លើក​យក​មក​និយាយ​ឆ្លៀត​ក្នុង​ឱកាស​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី លោក​ទើប​តែ​ធ្វើ​លិខិត​ទៅ​សុំ​ពី​មហា​អំណាច​ធំៗ ព្រម​ទាំង​អ្នក​ឯកទេស​មក​ជួយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់ រក​មើល​ការ​ខុស​ត្រូវ​ផែនទី​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ។ ដូច្នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន្ទាបបន្ថោក ឬ​ក៏​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ការងារ​ដ៏​ហ្មត់ចត់ ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ដើម្បី​ខ្ចី​ផែនទី​ពី​ស្ថាប័ន​កំពូល​អន្តរជាតិ និង​ប្រទេស​មហា​អំណាច​ទាំង​នេះ យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ណា​មួយ​ឡើយ។
យ៉ាង​ណា​ក៏ដោយ លោក សុខ អាន បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ហើយ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ទទួល​បាន​ផែនទី​ពី​ភាគី​នានា​ហើយ រដ្ឋាភិបាល​នឹង​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។
ទោះ​ជា​យ៉ាង​ណា កន្លង​មក​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​តវ៉ា និង​រអ៊ូរទាំ​ពី​ការ​បាត់បង់​ទឹក​ដី ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​វៀតណាម។ ការ​តវ៉ា បាន​ចាប់​កើត​ឡើង​ជា​ថ្មី​នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម បាន​ចូល​បាញ់​ថ្នាំ​ពុល​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​ជាង ១០​ហិកតារ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា។ ក្រោយ​មក បញ្ហា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​កើត​មាន​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ស្រុក​ចន្ទ្រា ស្រុក​រំដួល ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាដើម។ វិវាទ​ព្រំដែន​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​គ្នា​ម្តង​រួច​ហើយ​កាល​ពី​ចុង​ខែ​មិថុនា នៅ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង។
ចំណែក​រដ្ឋាភិបាល​វិញ ក៏​ទទួល​ស្គាល់​ដែរ​ថា វៀតណាម ពិត​ជា​បាន​រំលោភ​ចូល​បូរណភាព​ទឹក​ដី​ខ្មែរ​នៅ​កន្លែង​ខ្លះ​ពិត​មែន ហើយ​ក៏​បាន​ធ្វើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ឲ្យ​ប្រទេស​វៀតណាម បញ្ឈប់​សកម្មភាព​ជីក​ស្រះ សាងសង់​ផ្លូវ ឬ​ប៉ុស្តិ៍​យោធា​រំលោភ​ចូល​ទឹក​ដី​កម្ពុជា។ យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​វៀតណាម ធ្លាប់​បាន​លើក​ឡើង​ហើយ​ថា សំណង់​ទាំងឡាយ​ដែល​វៀតណាម បាន​សាងសង់ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង ដើម្បី​បកស្រាយ​បាន​នៅ​ឡើយ​ទេ ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។
យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ការ​យក​ផែនទី​ពី​គ្រប់​ភាគី ដើម្បី​ផ្ទៀងផ្ទាត់​គ្នា។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​បង្ហាញ​ផែនទី​ទៅ​រដ្ឋាភិបាល​នៅ​ពេល​ណា​ក៏​បាន។ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ការពារ​ថា លោក សម រង្ស៊ី ពុំ​ដែល​មាន​គំនិត​កេង​ចំណេញ​នយោបាយ​នោះ​ទេ ហើយ​ការ​ដែល លោក សម រង្ស៊ី បង្ហោះ​ផែនទី​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) គឺ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​មាន​តម្លាភាព​ប៉ុណ្ណោះ៖ «អត់​មាន​បញ្ហា​ទេ ព្រោះ​ឯកឧត្តម សម រង្ស៊ី គាត់​បាន​ផែនទី​ពី​វិទ្យាស្ថាន​ភូមិសាស្ត្រ​នៅ​ប្រទេស​បារាំង ហើយ​ផែនទី​ក្រដាស​ផ្ទាំង​ធំៗ​នោះ គេ​ថត​ចម្លង​ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដូច្នេះ​ឯកឧត្តម សម រង្ស៊ី បាន​ប្រាប់​ឯកឧត្តម ហុង សុខហួរ ដែល​ថែរក្សា​ផែនទី​នោះ គេ​អាច​ប្រគល់​យក​ទៅ​ប្រើប្រាស់​ពេល​ណា​ក៏​បាន»
ចំណែក​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ នៅ​តែ​ជឿជាក់​ថា ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន គឺ​មិន​មែន​ជា​ផែនទី​ដើម​ដែល​បន្សល់​ទុក​ដោយ​បារាំង នោះ​ទេ ប៉ុន្តែ​វា​ជា​ផែនទី​ដែល​ត្រូវ​បាន​វៀតណាម បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧០ ដោយ​ចម្លង​មក​ពី​ផែនទី​បារាំង និង​យក​
បង្ហាញ​ផែនទី ៦២០
មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang
ផែនទី​គូរ​ដោយ​សហរដ្ឋ​អាមេរិក ខ្នាត ១/៥០.០០០ មក​កែច្នៃ​បន្ថែម​ទៀត​ប៉ុណ្ណោះ៖ «ជាក់ស្តែង គឺ​ខុស​ទាំងអស់​នៅ​តាម​ព្រំប្រទល់​ដែន​យួន និង​ខ្មែរ តាំង​ពី​ខេត្ត​កំពត ដល់​រតនគិរី បើ​សិន​ណា​ធ្វើ​ត្រឹមត្រូវ យើង​អត់​មាន​ហៅ​ថា ដូច​សព្វថ្ងៃ​នេះ​ទេ ពីព្រោះ​នៅ​តាម​ប្រទល់​ដែន​សព្វថ្ងៃ​នេះ គឺ​វា​ខុស​គ្នា។ នេះ យើង​អត់​ទាន់​បាន​មើល​ទាំងអស់​គ្នា​ផង នេះ​ធ្វើ​តែ​ម្នាក់​ឯង»

ទាក់ទង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ខែ​ឧសភា ឆ្នាំ​២០០៥ ដែល​មាន លោក ស៊ាន ប៉េងសែ ចូលរួម​ដែរ​នោះ លោក ស៊ាន ប៉េងសែ ឲ្យ​ដឹង​ថា អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​មិន​បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន ដូច​ដែល លោក សុខ អាន លើក​ឡើង​នោះ​ទេ ហើយ​ថា ពេល​នោះ​ព្រះអង្គ​ថែម​ទាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល លុប​ចោល​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​វៀតណាម ទៀត​ផង។ លោក​ថា ប្រសិន​បើ​ព្រះអង្គ​គាំទ្រ​រដ្ឋាភិបាល​មែន​នោះ ម្ល៉េះ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​បន្ថែម​ជាមួយ​វៀតណាម ឆ្នាំ​២០០៥ បាត់​ទៅ​ហើយ។
លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​បញ្ហា​ការងារ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម អាច​ឲ្យ​ខ្មែរ​ទទួល​យក​បាន​ទាំងអស់​គ្នា​នោះ រដ្ឋាភិបាល​គួរ​លុប​ចោល​ឲ្យ​អស់​ជា​មុន​នូវ​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​នានា ដែល​កម្ពុជា បាន​ចុះ​ជាមួយ​វៀតណាម ក្នុង​ពេល​ដែល​វៀតណាម គ្រប់គ្រង​កម្ពុជា តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ លោក​ថា បន្ទាប់​ពី​លុប​កិច្ចព្រមព្រៀង​រួច​ហើយ កម្ពុជា អាច​ចាប់​ផ្តើម​ការងារ​បង្គោះ​ព្រំដែន​វៀតណាម ជា​ថ្មី​ឡើង​វិញ៕

No comments: