A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 July 2015

“រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ស្ដីពី​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី"


ដោយ ម៉ម មុនីរតន៍
2015-07-28 rfa


ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត កាល​ពី​អាណត្តិ​ទី​៥ ថា នឹង​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​សន្តិវិធី ជាពិសេស​ជាមួយ​វៀតណាម។ ក៏ប៉ុន្តែ​​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន។

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​ជា​ខួប​រយៈពេល ២​ឆ្នាំ​ហើយ​នៃ​ការ​បោះឆ្នោត​សកល​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។ គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ គឺ​ពេល​ឃោសនា​បោះ​ឆ្នោត គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​កាល​ណោះ បាន​សន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​ថា ខ្លួន​នឹង​លះបង់​គ្រប់​បែប​យ៉ាង ​ដើម្បី​ពលរដ្ឋ​ខ្លួន និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ជាពិសេស ការ​ជ្រើសរើស​ប្រធានបទ​ឃោសនា​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន ក្រៅ​ពី​ធ្វើ​អោយ​សេដ្ឋកិច្ច​រីក​លូត​លាស់ ពង្រឹង​ការ​អប់រំ និង​សេវា​សង្គម​ដទៃ​ទៀត​ឲ្យ​ល្អ​ប្រសើរ​ហើយ រឿង​ដែល​ចាំបាច់​ជាង​នេះ​ទៀត គឺ​ទឹក​ដី ដែល​ជា​ចំណុច​ដ៏​មុត​ស្រួច​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​បក្ស​នយោបាយ​នីមួយៗ។

កាល​ពី​ជាង ១​ឆ្នាំ​មុន ការ​ចងចាំ​របស់​ម្ចាស់​ឆ្នោត​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​នៅ​ឡើយ ដោយ​ពិនិត្យ​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ​រហូត​ដល់ ៦៨​អាសនៈ ក្នុង​ចំណោម ១២៣​អាសនៈ នៅ​ក្នុង​រដ្ឋសភា ហើយ​ឈាន​ទៅ​គ្រប់គ្រង​រដ្ឋាភិបាល​ក្រោយ​ពី​បោះឆ្នោត។

ក្បួន​ហែ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគ​ច្រើន​មាន​រថយន្ត​ទំនើបៗ និង​មួយ​ចំនួន​គ្មាន​ស្លាក​លេខ ក្នុង​យុទ្ធនាការ​ឃោសនា​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA



ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ដ៏​ចំណាស់​មួយ​នេះ រឿង​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព គឺ​កម្មវិធី​នយោបាយ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​កម្មវិធី​នយោបាយ​ទាំង ១១​ចំណុច​ផ្សេង​ទៀត។

នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​កាល​ពី​ពេល​កន្លង​ទៅ​នេះ គណបក្ស​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ ហើយ​មាន​ឈ្មោះ​ដើម​ថា "បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ" នោះ ត្រង់​ប្រកា​១១ និយាយ​យ៉ាង​ពិស្ដារ​ពី​ការ​​ការពារ និង​យន្តការ​ជា​អន្តរជាតិ រឿង​ទឹកដី​នេះ។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ ទាំង​សកម្មជន​ព្រំដែន អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​យល់​ឃើញ​ថា រដ្ឋាភិបាល​ពិត​ជា​ខកខាន ថែម​ទាំង​​ពុំ​បាន​ធ្វើ​ដូច​ការ​សន្យា​នៅ​មុន​ការ​បោះឆ្នោត​ឡើយ ចំពោះ​រឿង​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នេះ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន មើល​ឃើញ​ថា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទាំង​ខាង​លិច​ជាមួយ​ថៃ និង​ខាង​កើត​ជា​មួយ​វៀតណាម ភាគី​ទាំង​ពីរ​នេះ នៅ​តែ​​បន្ត​រំកិល​ព្រំដែន​តាម​គ្រប់​រូបភាព​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា។ លើស​ពី​នេះ បើ​និយាយ​ពី​រដ្ឋាភិបាល​វិញ កុំ​​ថា​ឡើយ​ស្នើ​ឲ្យ​វៀតណាម អនុវត្ត​តាម​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា សូម្បី​ថ្មីៗ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​កំណត់​ទូត​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​រឿង​ព្រំដែន​នេះ ក៏​រដ្ឋាភិបាល​វៀតណាម មិន​បាន​អើពើ​អ្វី​ដែរ។

ហេតុ​នេះ លោក អ៊ុំ សំអាន ចាត់​ទុក​ថា រដ្ឋាភិបាល​ធ្វើ​បាន​តិចតួច​ណាស់ បើ​ផ្អែក​លើ​កម្មវិធី​នយោបាយ ដែល​ខ្លួន​ធ្លាប់​បាន​សន្យា​នៅ​មុន​ការ​បោះឆ្នោត​នោះ៖ «ខ្ញុំ​ឃើញ​រដ្ឋាភិបាល​មិន​បាន​គោរព​ទៅ​តាម​ពាក្យ​សន្យា​ចំពោះ​ម្ចាស់​ឆ្នោត​មុន​បោះឆ្នោត​នោះ​ទេ។ ពាក់ព័ន្ធ​បូរណភាព​ទឹក​ដី យើង​មើល​ខាង​លិច​ក៏​ចូល ខាង​កើត​ក៏​ចូល។ យួន​យក​ក៏​ច្រើន ថៃ​យក​ក៏​ច្រើន ហើយ​អត់​មាន​វិធានការ​ទប់ស្កាត់​ទេ»។

សេចក្ដី​ប្រកាស​ស្ដីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ក្នុង​រយៈពេល ៥​ឆ្នាំ ត្រង់​ចំណុច​ទី​១១ ក្នុង​ចំណោម​គោលនយោបាយ​ទាំង ១១​ចំណុច​ជា​អាទិភាព​នោះ បាន​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ខិតខំ​ដោះស្រាយ​ព្រំដែន​គោក និង​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​សម្រេច​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ប្រទេស​ឡាវ ឲ្យ​បាន​ចប់​សព្វគ្រប់។ ដោយ​ឡែក ជា​មួយ​ប្រទេស​ថៃ​វិញ ក៏​ខិតខំ​បន្ត​រុករក​បង្គោល​សីមា​ចាស់​ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់។ បន្ថែម​ពី​លើ​នេះ​ទៀត ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​លើ​ទីតាំង​បង្គោល​ដែល​បាន​រក​ឃើញ ដើម្បី​ធានា​នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដ៏​ពេញលេញ​របស់​កម្ពុជា។

ជុំវិញ​រឿង​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ថ្លែង​ថា ការ​ពិត​ក្នុង​ដំណោះស្រាយ​រឿង​គោលនយោបាយ​ព្រំដែន​នេះ រដ្ឋាភិបាល​ហាក់​មុជ​​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ឡើយ។ លោក​បន្ត​ថា ជា​ច្រើន​អាណត្តិ​ណាស់​មក​ហើយ រដ្ឋាភិបាល​ហាក់​ធ្វើ​មិន​បាន​សម្រេច​ទាល់​តែ​សោះ ក្នុង​ការ​ការពារ និង​រក្សា​បាន​ភាព​ស្ងប់ស្ងាត់​រឿង​ការ​រំកិល​ព្រំដែន​នេះ ជាពិសេស​ជាមួយ​វៀតណាម។

លោក​បន្ត​ថា មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ក្នុង​រឿង​ព្រំដែន​នេះ ប្រហែល​ជា​រដ្ឋាភិបាល​មាន​រឿង​ដែល​ត្រូវ​បិទបាំង​រហូត​មិន​ហ៊ាន​អារ​កាត់​ថា ខុស ឬ ត្រូវ ជា​មួយ​វៀតណាម ថែម​ទៀត​ផង៖ «គាត់​ដូច​ជា​មាន​រឿង​អាថ៌កំបាំង​ពី​ក្រោយ មើល​ឃើញ​មិន​ហ៊ាន​និយាយ​ចេញ មិន​ហ៊ាន​តវ៉ា មិន​ហ៊ាន​ធ្វើ។ ខ្ញុំ​មើល​ឃើញ​ខុស​គ្នា​ស្រឡះ។ បើ​ថៃ មាន​ការ​ចូល​មក​តិចតួច នាំ​ទ័ព ប្រកាស​រៃអង្គាស​លុយ យក​លុយ​រដ្ឋ​ទៅ​ជួយ​ការពារ ប៉ុន្តែ​ពេល​ដែល​វៀតណាម ទន្ទ្រាន​វិញ សឹង​គ្រប់​ខេត្ត ក្រុង ១១​ខេត្ត​ក្រុង បែរ​ជា​រដ្ឋាភិបាល​នៅ​ស្ងាត់ច្រៀប»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ការពារ​គោលជំហរ​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា ប្រសិន​បើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ផ្ទុយ​ពី​លក្ខន្តិកៈ​ដែល​មាន​ចែង​នៅ​ក្រសួង​មហាផ្ទៃ បាន​ន័យ​ថា ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល គឺ​កំពុង​ប្រើប្រាស់​តួនាទី​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ទៅ​វិញ​ទេ៖ «បើ​គ្រាន់​តែ​មន្ទិល​ទៅ​លើ​ការ​អះអាង​របស់​បុគ្គល​អ្នក​នយោបាយ ដូច្នេះ​អង្គការ​សង្គម​ស៊ីវិល​មួយ​នោះ ឬ​ក៏​មួយ​ចំនួន​នោះ ក៏​ជា​ក្រុម​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដែរ»។

បើ​ទោះ​ជា​បែប​ណា ជិត​ពាក់​កណ្ដាល​អាណត្តិ​ទៅ​ហើយ សម្រាប់​អាណត្តិ​ទី​៥ នេះ បើ​ពិនិត្យ​ទៅ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល រឿង​ព្រំដែន​​ ក្នុង​ចំណោម​គោលនយោបាយ​ទាំង ១១​ចំណុច​ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​ភាព​ចម្រូងចម្រាស​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម បាន​បង្កើន​កម្ដៅ​ជា​ថ្មី​ទៀត រហូត​បង្ក​ទៅ​ជា​ជម្លោះ និង​មាន​ហិង្សា​ថែម​ទៀត​ផង។

បញ្ហា​នេះ​ហាក់​ផ្ទុយ​ពី​ការ​ធានា និង​សន្យា​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​មាន​សន្តិភាព​នៅ​តាម​ព្រំដែន។ ចំពោះ​ករណី​នេះ រដ្ឋាភិបាល​ចោទ​ប្រកាន់​​ថា ភាព​ល្អក់​កករ​នេះ គឺ​ផ្ដើម​ចេញ​ពី​មហិច្ឆតា​របស់​គណបក្ស​ប្រឆាំង ដែល​ដើរ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​នៅ​តាម​ព្រំដែន រហូត​បង្កើត​ទៅ​ជា​បញ្ហា​ថែម​ទៀត​ផង។ ក៏ប៉ុន្តែ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​វិញ គណបក្ស​ប្រឆាំង​រក​ឃើញ​ថា វៀតណាម​ពិត​ជា​​បាន​រំកិល​ព្រំដែន​ចូល​មក​ក្នុង​អធិបតេយ្យភាព​កម្ពុជា ជា​ច្រើន​គីឡូម៉ែត្រ ត្រង់​ចំណុច​ខ្លះ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដូច​ជា​​នៅ​ខេត្ត​រតនគិរី ស្រុក​មេមត់ ខេត្ត​កំពង់ចាម ស្រុក​ចន្ទ្រា និង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ចំណុច​តន់ហន់ ខេត្ត​កំពត និង​ស្រុក​ភ្នំដិន ខេត្ត​តាកែវ ជាដើម។ បញ្ហា​ទាំង​នេះ នៅ​មិន​គិត​ដល់​មធ្យោបាយ​ដែល​វៀតណាម ប្រើប្រាស់​តាម​រូបភាព​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម នៅ​តាម​ព្រំដែន​នៅ​ឡើយ​ផង។

ពាក់ព័ន្ធ​រឿង​នេះ លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា បើ​សិន​ជា​ទាំង​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ មាន​មន្ទិល​សង្ស័យ​ថា ការ​កំណត់​បង្គោល​ព្រំដែន​មាន​ភាព​មិន​ច្បាស់លាស់ គួរ​លើក​បញ្ហា​នេះ ពិគ្រោះ​យោបល់​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល ជា​ជាង​ការ​បកស្រាយ​ជា​សាធារណៈ​ក្នុង​រូបភាព​អ្វី​ផ្សេង ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន៖ «គាត់​គួរ​តែ​ប្រើ​យន្តការ​នៃ​វប្បធម៌​សន្ទនា ដែល​គាត់​មាន​ឱកាស​កំពូល​បំផុត ក្នុង​ឋានៈ​ស្មើគ្នា​ជា​គូ​សន្ទនា​ជាមួយ​នឹង​សម្ដេច​នាយករដ្ឋមន្ត្រី ពីរ​នាក់​ជជែក​គ្នា​ទៅ ចាំបាច់​ឲ្យ​នរណា​ដឹង ជជែក​គ្នា​ឲ្យ​អស់​សេចក្ដី​ទៅ»។

ដោយ​ឡែក រដ្ឋធម្មនុញ្ញ​មាត្រា ២ ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ។

បើ​ទោះ​បី​ជា​ទឹកដី​កម្ពុជា មាន​ការ​កំណត់​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ថែម​ទាំង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាំពារ​ចំពោះ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង​ក្ដី ក៏​រឿង​ព្រំដែន​នេះ ជាពិសេស​ជា​មួយ​វៀតណាម បាន​បន្ត​ភាព​រកាំរកូស​ស្ទើរ​ពុំ​អាច​មើល​មុខ​គ្នា​បាន។

ផ្ដើម​ចេញ​ពី​ជម្លោះ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​សិទ្ធិ​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហាអំណាច​បី​ផ្សេង​ទៀត រួម​មាន សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​បារាំង ដើម្បី​ផ្ទៀងផ្ទាត់​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​វៀតណាម ដែល​កំពុង​មាន​វិវាទ។ ករណី​នេះ អាច​ចាត់​ទុក​ថា ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ប្រតិកម្ម​ជាមួយ​មិត្ត​ដ៏​ជិត​ស្និត​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ។ ក៏ប៉ុន្តែ​ក្រុម​សកម្មជន​ឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​ថា ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ​ ជា​ជាង​ការ​អនុវត្ត​យន្តការ​ដែល​មាន​ក្នុង​កម្មវិធី​នយោបាយ​ជាតិ​របស់​ខ្លួន។ មួយ​វិញ​ទៀត គណបក្ស​ចាស់​វស្សា​មួយ​នេះ ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ រហូត​ដល់ ៩០​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត កាល​ពី​ឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ​គណបក្ស​ដែល​គ្រង​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ ក៏​បាន​ធ្លាក់​ចុះ​សំឡេង​ឆ្នោត​កាល​ពី​​ឆ្នាំ​២០១៣ វិញ ជាង ២០​អាសនៈ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​នយោបាយ​របស់​ខ្លួន។

ប្រហែល​ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ​មើល​ទៅ ទើប​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ធ្វើ​កំណែ​ទម្រង់​រឿង​ព្រំដែន និង​មាន​ពេល​ខ្លះ​ហ៊ាន​ប្រតិកម្ម​ជាមួយ​វៀតណាម ដែល​ជា​មិត្ត​ដ៏​ច្រើន​ឆ្នាំ​មក​នេះ។ ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ចំ​ពេល​គណបក្ស​ប្រឆាំង​ព្យាយាម​ចុះ​ពិនិត្យ​រឿង​​បោះ​បង្គោល​​ព្រំដែន ដែល​ពលរដ្ឋ​អះអាង​ថា បាន​ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ត្រូវ​ខាតបង់​ទៅ​វៀតណាម ជា​ច្រើន​គីឡូម៉ែត្រ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការបរទេស បាន​ចេញ​កំណត់​ទូត​ដ៏​កម្រ​ប្រឆាំង​ការ​រំកិល​ព្រំដែន​ដោយ​វៀតណាម ជា​ច្រើន​លើក​មក​ហើយ បន្ទាប់​ពី​មាន​វិវាទ។ ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ គិត​មក​ដល់​ពេល​នេះ ប្រទេស​វៀតណាម ហាក់​បង្ហាញ​ភាព​សោះ​អង្គើយ នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​មិន​អើពើ​ចំពោះ​ប្រតិកម្ម​នេះ​ទេ។ បញ្ហា​ទាំង​នេះ នៅ​មិន​គិត​ដល់​ជម្លោះ​ប្រាសាទ​ព្រះវិហារ ដ៏​រ៉ាំរ៉ៃ ដែល​មិន​ទាន់​អាច​បញ្ចប់ ហើយ​ចុង​ក្រោយ ភាគី​ថៃ បន្ត​ធ្វើ​ស្រែ​ក្នុង​ទឹកដី​កម្ពុជា នៅ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថែម​ទៀត​នៅ​ឡើយ៕

1 comment:

Kim Ea said...

This communist regime khmer of to day, have utmost willingness to stay imbed with communist yuon enemy for 30 years plus in a plan to transform Khmer mind and sole to trust enemy as a good friend . this fake mechanism work for a l0t of Khmer, who need power, money and yuon pushy, but not all of Khmer who been abused with brutality and repression . Khmer poor,who lost livelihood farming land, lost all belonging from atrocity or force to leave by action were in anger and frustration . The propaganda , the demagogue and repeat the same slogan again and again of every election cycle was not ever see any fruitful result was in disgrace mood. people outside their influence cycle start to fed up with lie, untruthful vie a vie any promise they made . The border in both side of equation still lost at the same rate . This government of absolute incompetent and most corrupt in the world still can't serve as a vibrant and relivable tool to control our border . Until to day,if Khmer people want retain a survival government you ought to develop a new strategy of a popular revolt to crust this communist regime out . We're khmer know for sure that the scheme of peaceful culture of negotiation are under the trick of this fascist ploy to subdue your party to surrender, you can not forward any of your vision and calendar in this term under this provision . they use all tool in their disposition to obstruct, denial, or pour blame than appreciate your out come .It enough to move beyond this culture of surrender and stay strong with sacrifice gut an dignity to fightback to this deception government .