2015-07-26 rfa
គល់ឈើដែលត្រូវបានគេដុតក្នុងតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ |
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមនឹងប្រជាសហគមន៍នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ គ្រោងនឹងដាំកូនឈើប្រមាណ ២ពាន់ដើម នៅតំបន់ការពារព្រៃឈើក្នុងតំបន់ព្រៃឡង់។ គម្រោងដាំកូនឈើពេលនេះ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ កាន់តែយកចិត្តទុកដាក់លើបញ្ហាព្រៃឈើដែលនៅសេសសល់ ជៀសវាងការកាប់បំផ្លាញព្រៃឈើបន្តទៀត។
យុទ្ធនាការដាំកូនឈើនេះមានរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ កក្កដា រហូតដល់ថ្ងៃទី៣០ កក្កដា។ យុទ្ធនាការនេះឈ្មោះថា ទិវាបោះជំរំដាំកូនឈើ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ការស្រឡាញ់ និងការការពារព្រៃឈើដល់មជ្ឈដ្ឋានទូទៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
លើសពីនេះ គេចង់បង្ហាញដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មព្រៃឈើទាំងអស់ ឲ្យទទួលស្គាល់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយការបាត់បង់ព្រៃឈើ។ ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដើម្បីធានានូវកិច្ចការពារព្រៃឈើសេសសល់ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
នាយកប្រតិបត្តិអង្គការស្ពានសន្តិភាព ដែលជាអ្នកដឹកនាំការដាំកូនឈើនោះ លោក ស៊ុម ច័ន្ទមុនី មានប្រសាសន៍ថា នេះជាលើកទី១ សម្រាប់យុទ្ធនាការដាំកូនឈើនេះនៅតំបន់ព្រៃឡង់ដែលមានលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ លោកបន្តថា នឹងមានការចូលរួមពីអង្គការជាដៃគូមួយចំនួន និងប្រជាសហគមន៍ប្រមាណ ១៥០នាក់។ លោកបន្តថា មូលហេតុដែលជ្រើសរើសតំបន់ព្រៃឡង់សម្រាប់ដាំកូនឈើប្រមាណ ២ពាន់ដើមឡើងវិញ ព្រោះតំបន់នោះមានការកាប់បំផ្លាញព្រៃឈើជារឿយៗពីសំណាក់ឈ្មួញ និងប្រជាពលរដ្ឋ។ ជាងនេះទៀត ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួន នៅមិនទាន់យល់ច្បាស់ពីសារសំខាន់នៃព្រៃឈើនៅឡើយ៖ «ទីមួយ គឺមានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត និងទីពីរ យើងកំពុងដាំដើមឈើឡើងវិញ។ អ៊ីចឹង យើងសង្ឃឹមថា ពួកគេនឹងឆេះឆួលក្នុងការមកលើកទឹកចិត្តអ្នកដទៃផ្សេងទៀត ឲ្យចេះស្រឡាញ់ដើមឈើចេះស្រឡាញ់បរិស្ថានអ៊ីចឹង»។
កូនឈើទាំងនោះមានចម្រុះគ្នា ដូចជាប្រភេទកូនឈើធ្នង់ គ្រញូង ប៉េង នាងនួន ជាដើម ហើយកូនឈើទាំងអស់ នឹងត្រូវយកទៅដាំនៅតំបន់ដីព្រៃការពារក្បាលខ្លា ដែលជាព្រៃការពាររបស់ប្រជាសហគមន៍ក្បាលខ្លា ស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់។
អាជ្ញាធរស្រុកសម្ដែងការស្វាគមន៍ចំពោះសកម្មភាពស្ដារព្រៃឈើឡើងវិញមួយនេះ ឲ្យតែសកម្មភាពរបស់គាត់ធ្វើឡើងដោយស្មោះត្រង់។
អភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្ត មានប្រសាសន៍ថា លោករីករាយចំពោះគម្រោងដាំកូនឈើ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ នឹងអញ្ជើញចូលរួមជាមួយក្រុមអង្គការ និងប្រជាសហគមន៍ទាំងនោះ។ លោកបន្តថា កិច្ចការពារបរិស្ថាន ពិសេសព្រៃឈើពុំមែនមានតែមន្ត្រីជំនាញ ឬអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមដូចគ្នា។ លោកបញ្ជាក់ថា ព្រៃតំបន់ក្បាលខ្លា គឺសឹករិចរិលអស់មួយភាគធំជាយូរណាស់មកហើយ ដោយសារប្រជាពលរដ្ឋនៅតំបន់នោះនាំគ្នាកាប់យកមកប្រើប្រាស់៖ «ពិតជាមានគោលបំណងដាំដើមឈើប្រាកដមែន គឺល្អហើយ យើងចូលរួមអបអរសាទរ និងចូលរួមដាំជាមួយគាត់ ប៉ុន្តែយើងព្រួយបារម្ភខ្លាចគាត់ធ្វើទៅជារឿងផ្សេង សកម្មភាពផ្សេង។ យ៉ាងណា យើងនឹងតាមដានសកម្មភាពរបស់គាត់ដែរ»។
យ៉ាងណា បណ្ដាញស្នូលព្រៃឡង់ លោក ហឿន សុភាព ឲ្យដឹងថា ការដាំកូនឈើឡើងវិញ គឺមិនអាចទូទាត់ទៅនឹងការកាប់បំផ្លាញព្រៃឈើដែលបាត់បង់បានទេ ប៉ុន្តែវាជាចំណែកមួយដើម្បីដាស់ស្មារតីប្រជាពលរដ្ឋ និងអ្នកដែលពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើទាំងអស់ ងាកមកចាប់អារម្មណ៍លើបញ្ហាព្រៃឈើ និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើតទៅទៀត។ បន្ថែមលើនេះ លោកថា ការដាំដើមឈើមួយឆ្នាំបានតិចក្តី ឬច្រើនក្តី ក៏អាចជាចំណែកការពារបរិស្ថានបានមួយផ្នែកដែរ។
ដោយឡែក លោក ស៊ុម ច័ន្ទមុនី លើកឡើងដែរថា ដោយសារការបាត់បង់គម្របព្រៃឈើយ៉ាងច្រើននាពេលបច្ចុប្បន្ន ទាំងប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅលើពិភពលោក ទើបធ្វើឲ្យបញ្ហាបម្រែបម្រួលអាកាសធាតុកើតឡើងជាបន្តបន្ទាប់ ដូចជាបញ្ហាកម្ដៅកើនឡើងខ្លាំង គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment