A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 July 2015

មន្ត្រី​សមាគម​អាដហុក​ចូល​បំភ្លឺ​សាលា​ដំបូង​ភ្នំពេញ​រឿង​បរិហារ​កេរ្តិ៍​មន្ត្រី​តុលាការ


ដោយ ឡេង ម៉ាលី 2015-07-13 rfa
លោក​ នី ​ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ​ចុះ​ឃ្លាំមើល​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA


សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មួយ​រូប​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ក្នុង​រឿង​ដែល​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​សៀមរាប ប្ដឹង​មន្ត្រី​សមាគម​រូប​នេះ​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ការ​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​គ្រប់គ្រង​ផ្នែក​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី ចរិយា ថ្លែង​នៅ​បន្ទាប់​ពី​ការ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា បណ្ដឹង​របស់​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប គ្មាន​ចំណុច​ណា​មួយ​ដែល​ត្រូវ​នឹង​បទ​ចោទ​ប្រឆាំង​លោក​ទេ៖ «គ្មាន​ចំណុច​ណា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​បទ​បរិហារ​កេរ្តិ៍ ក៏ដូចជា​បរិហារ​បង្កាច់​កេរ្តិ៍​ទេ ដោយសារ​តែ​អ្វីៗ​ដែល​យើង​ធ្វើ គឺ​យើង​សំដៅ​ទៅ​លើ​ការ​ចាប់ និង​ឃុំ​ខ្លួន​ប្រជាជន​ពីរ​រូប ដោយ​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើប​អង្កេត លោក គី ឫទ្ធី ហ្នឹង ដោយ​ខុស​នីតិវិធី និង​ខុស​ច្បាប់ ដោយសារ​មិន​មាន​អង្គហេតុ​ទេ»។

ក្នុង​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​លោក សៀង សុខ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា បញ្ជាក់​ថា ការ​កោះ​ហៅ លោក នី ចរិយា នៅ​ថ្ងៃ​ទី​១៣ កក្កដា គឺ​ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប ដែល​ប្ដឹង លោក នី ចរិយា ពី​បទ​បទ​បរិហារ​បង្កាច់​កេរ្តិ៍ បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​តុលាការ។

លោក នី ចរិយា បាន​ជាប់​ចោទ​ពី​បទ​នេះ គឺ​បន្ទាប់​ពី​លោក និង​មេធាវី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​សៀមរាប គឺ​អ្នកស្រី ពូក យ៉ារ៉ាន់ ធ្វើ​សន្និសីទ​សារព័ត៌មាន​ពីរ​លើក​នៅ​ក្នុង​ខែ​ឧសភា ដោយ​បង្ហាញ​ការ​មិន​សុខ​ចិត្ត ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ក្នុង​ករណី​ទំនាស់​ដីធ្លី​ពីរ​រូប នៅ​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ លោក​ហៅ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ទាំង​នោះ ថា​មិន​ត្រឹមត្រូវ​តាម​មូលដ្ឋាន​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ទេ នៅ​ថ្ងៃ​ទី​១៣ កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ចេញ​សេចក្ដី​ថ្លែងការណ៍​បំភ្លឺ​ថា បុរស​អ្នក​ភូមិ​ជប់រំដេង ២​នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ឈ្មោះ​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម គឺ​ពិត​ជា​បាន​ទៅ​បំផ្លាញ​ដំណាំ និង​សង់​ខ្ទម​លើ​ដី​សហគមន៍​មែន ទើប​តុលាការ​សម្រេច​ឃុំ​ខ្លួន។ ស្ថាប័ន​អយ្យការ​ខេត្ត​សៀមរាប ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់ លោក នី ចរិយា ក្នុង​សន្និសីទ​សារព័ត៌មាន ថា​ជា​ការ​បំផ្លើស ញុះញង់។

លោក នី ចរិយា បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា សហគមន៍​ឈ្មោះ​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ទទួល​សិទ្ធិ​គ្រប់គ្រង​ដី​នៅ​ភូមិ​រលំរុនថ្មី គឺ​មិន​មែន​នៅ​ភូមិ​ជប់រំដេង ទេ។ ដូច្នេះ​លោក​ហៅ​ការ​ចាប់​ខ្លួន​នោះ​ខុស​ច្បាប់ ក៏​ព្រោះ​តែ​ទីតាំង​ដី​មាន​ជម្លោះ​ខុស​គ្នា៖ «ចៅក្រម ព្រះរាជអាជ្ញា​ទៅ​ចាប់​ប្រជាជន​ភូមិ​ជប់រំដេង ដែល​មិន​មែន​ទីតាំង​ដែល​សហគមន៍​តាខ្មៅ​ហ្នឹង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​លើ​ដី។ ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​បាន​ដាក់​ជូន និង​បំភ្លឺ​ទៅ​ដល់​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ឆ្នាំ​២០១៤ សាលា​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ (ស.ជ.ណ) លេខ ៧៤៣ គឺ​ផ្អាក​មិន​ឲ្យ​សហគមន៍​តាខ្មៅ​ហ្នឹង​ធ្វើ​សកម្មភាព​នៅ​លើ​ដី ៤១៩​ហិកតារ​ទេ ដោយសារ​តែ​សហគមន៍​ហ្នឹង​ធ្វើ​សកម្មភាព​ខុស​ទីតាំង។ អ៊ីចឹង​យើង​ឃើញ​ថា តាំង​ថ្ងៃ​ទី​៦ ខែ​៨ ឆ្នាំ​២០១៤ មក សហគមន៍​ហ្នឹង​បាន​ផ្លោះ​សិទ្ធិ​ទាំងអស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខេត្ត​សៀមរាប»។

លើស​ពី​នេះ​ទៀត នៅ​ថ្ងៃ​ទី​២០ ឧសភា លោក នី ចរិយា ក៏​ធ្វើ​ជា​ដើម​បណ្ដឹង​ដាក់​ពាក្យ​ប្ដឹង​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប នោះ ទៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​សាលា​ឧទ្ធរណ៍។ លោក​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ លោក នី ចរិយា បាន​ស្នើសុំ​ឲ្យ​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ពិនិត្យ​ពិចារណា​លើ​ភស្តុតាង និង​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ កក្កដា ដើម្បី​អាច​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ចំពោះ​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ស៊ើបសួរ​ខេត្ត​សៀមរាប នោះ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ​បដិសេធ ដោយ​ហេតុ​ផល​ថា រឿង​នេះ​កើត​នៅ​ខេត្ត​សៀមរាប គឺ​ជា​យុត្តាធិការ​របស់​តុលាការ​ខេត្ត​សៀមរាប៕

No comments: