A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

បណ្តាញ​ព្រៃឡង់​អំពាវនាវ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ចេញ​លិខិត​បញ្ជាក់​ថា ​ឈប់​កាប់​ឈើ


Fri, 24 July 2015 ppp
ម៉ៃ ទិត្យថារ៉ា

លោក​ឧកញ៉ា ទ្រី ភាព នៅពេល​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក​។ ហេង ជីវ័ន

ភ្នំពេញៈ បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព ចេញ​លិខិត​ជា​ផ្លូវការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បញ្ឈប់​ធ្វើ​អាជីវកម្ម​ឈើ​ និង​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជា​សាធារណៈ​ក្រោយពី​លោក​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ឈប់​ធ្វើ​ជំនួញ​ព្រៃឈើ​ដោយ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដំា​ដំណាំ​កសិឧស្សាហកម្ម​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​លើក​ឡើង​ថា​ការ​សម្រេច​ចិត្ត​របស់​លោក ទ្រី ភាព ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ និង​ទាន់​ពេលវេលា​ក្នុង​ការ​ចូលរួម​ចំណែក​បញ្ចប់​អាជីវកម្ម​ឈើ​ និង​ជា​គំរូ​ដ៏ល្អ​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ឈើ និង​​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​​ដទៃ​ទៀត​ផង​ដែរ​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា៖ «​រយៈពេល​ ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តែ​អ្នក​មាន​អំណាច និង​​ឈ្មួញ​ក្រោម​រូបភាព​ដី​សម្បទាន​ដោយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាសហគមន៍ និង​បរិសា្ថន​»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​អំពាវនាវ​ដល់​លោក ទ្រី ភាព ឲ្យ​ចេញ​លិខិត​ជា​ផ្លូវការ​ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​ការ​កាប់​ព្រៃឈើ និង​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ជា​សាធារណៈ និង​បង់​ភាគ​លាភ​ដែល​បាន​មកពី​ការ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ដើម្បី​ជួយ​អ្នក​ការពារ​បរិស្ថាន និង​ស្តារ​ស្ថានភាព​ព្រៃឈើ​ឡើង​វិញ​​។



លោក សេង សុខហេង អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​សហគមន៍​បាន​ថ្លែង​ថា​លោក​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ឧកញ៉ា ទ្រី ភាព ពីព្រោះ​ការ​សម្រេច​ចិត្ត​នេះ​ទាន់​ពេលវេលា​ដែល​បណ្តាល​ឲ្យ​សហគមន៍​ព្រៃឡង់​ការពារ​ព្រៃ​ដែល​នៅ​សល់​ចុងក្រោយ​នេះ​បាន​គង់វង្ស​។

លោក​បាន​ថ្លែង​ថា៖ «​ពួក​យើង​ទាំង​បួន​ខេត្ត​មាន​ការ​ព្រួយបារម្ភ​បំផុត​ចំពោះ​ការ​កាប់​ព្រៃឈើ​នៅពេល​បច្ចុប្ប​ន្នេះ​នេះ​នៅ​ព្រៃឡង់​ពីព្រោះ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​មក​ការពារ​នោះ​ទេ​»។

លោក​ឧកញ៉ាទ្រី ភាព ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​ប៉ុន្តែ​លោក​ធ្លាប់​បាន​ផ្តល់​បទសម្ភាស​ដល់​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​កន្លង​មក​ថា៖ «ខ្ញុំ​បាន​ឈប់​កាប់​ឈើ​ជាង​មួយ​ឆ្នាំ​ហើយ​ខ្ញុំ​នឹង​ឈប់​កាប់​ឈើ​ហើយ​ដាំ​ដើម​កៅស៊ូ​ និង​បំពេញ​តួនាទី​របស់​ខ្ញុំ​ជាមួយ​ដី ៩៩០០ ហិកតា​ក្នុង​ខេត្ត​ព្រះវិហារ និង ៥០០០ ហិកតា​ទៀត​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ឲ្យ​បៃតង​វា​រីក​គ្រប់​កន្លែង​សម្រាប់​ខ្ញុំ​វា​អស់​ស្រមៃ​ឃើញ​ដាំ​អា​នេះ ដាំ​អា​នោះ...អាយុកាល​ខ្ញុំ​ថែ​តែ​កៅស៊ូ​ និង​ម្រេច​​ប៉ុណ្ណឹង​វា​បាន​ហើយ»។

លោក​បន្ត​ថា៖ «យើង​ជា​ក្រុមហ៊ុន​មួយ​យើង​មិន​ពុករលួយ​ទេ​ពីព្រោះ​យើង​ធ្វើ​​អាជីវកម្ម​ដោយ​សុចរិត​ និង​​បម្រើ​កម្ពុជា»។

កាលពី​ថ្ងៃ​ទី​ ២២ ខែ​កក្កដា កន្លង​មក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លិខិត​ស្នើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឧកញ៉ា​ ទ្រី ភាព ក្នុង​ខេត្ត​រតនគិរី។

ដោយ​លោក​អះអាង​ថា ​លោក​បាន​ទទួល​ព័ត៌មាន​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឧកញ៉ា ទ្រី ភាព មិន​មាន​រោងចក្រ​នោះ​ទេ​គឺ​មាន​តែ​គំនរ​ឈើ​ច្រើន​កុងតឺន័រ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​វៀតណាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​យោង​តាម​របាយការណ៍​របស់ Global Witness ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៥​ បាន​ចោទ​ថា​លោក​ ទ្រី ភាព ​និង​បណ្តាញ​របស់​គាត់​កំពុង​តែ​បំផ្លាញ​ព្រៃឈើ​ចុងក្រោយ​របស់​កម្ពុជា និង​ទន្ទ្រាន​ការ​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផង​​ដែរ​។ ក្រុមហ៊ុន​ ទ្រី ភាព ក៏​កំពុង​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​របស់​ខ្លួន​ដើម្បី​ធ្វើការ​ឈូសឆាយ​​ឈើ​លើស​ពី​ព្រំដែន​​កំណត់​កាប់​ឈើ​មាន​តម្លៃ និង​ឈើ​ដែល​ត្រូវ​បាន​ការពារ​ពី​តំបន់​ជុំវិញ​៕

No comments: