A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

ហេតុ​អ្វី​កូន​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​ភាសា​ជាតិ

ព្យញ្ជនៈ​ខ្មែរ​ដែល​ត្រូវ​បាន​យក​មក​ដាក់​នៅលើ​វត្ថុ​អនុស្សាវរីយ៍​។ រូបថត សហការី

ppp



អក្សរ​ភាសា​គឺ​មាន​សារៈសំខាន់​​ខ្លាំង​ណាស់​ហើយ​ក៏​ជា​វប្បធម៌​ដួង​ព្រលឹង​ជាតិ​ផង​ដែរ ដូច្នេះ​ខ្មែរ​យើង​ត្រូវ​តែ​ប្រឹង​ថែរក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា។ ប៉ុន្តែ​ហេតុអ្វី​ខ្មែរ​យើង​ភាគច្រើន​ហាក់បី​ដូចជា​មិន​សូវ​ឲ្យ​តម្លៃ​ភាសា​ជាតិ​ខ្លួន​បែរ​ជា​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​ភាសា​បរទេស​ទៅ​វិញ?
តើ​ភាសា​ជាតិ​យើង​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​មួយ​ចំនួន​ផ្ដល់​តម្លៃ​មែន​ទេ? មិន​ថា​នៅ​ទីក្រុង​ ឬ​ជនបទ​ទេ​សព្វ​ថ្ងៃ​នេះ​គ្រួសារ​ភាគច្រើន​ដែល​មាន​លទ្ធភាព​ឲ្យ​កូន​សិក្សា​ភាសា​បរទេស​ពួកគាត់​នឹង​ជំរុញ​បញ្ជូន​កូន​គាត់​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ហើយ។
នៅពេល​ដែល​កូនចៅ​ពួកគាត់​ពូកែ​ភាសា​បរទេស​នោះ​ពួកគាត់​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ព្រម​ទាំង​ដើរ​អួត​ប្រាប់​អ្នក​ជិត​ខាង​ថា​កូនចៅ​គាត់​ពូកែ​ភាសា​បរទេស​ខ្លាំង​ណាស់ ប៉ុន្តែ​កម្រ​ឃើញ​ពួកគាត់​អួត​ប្រាប់​អ្នក​ជិត​ខាង​ថា​កូនចៅ​គាត់​ពូកែ​ខាង​ភាសា​ជាតិ​ណាស់។
ចំណែក​កូនចៅ​អ្នក​មាន​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​ខ្លាំង​តែងតែ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ដែល​គេ​និយាយ​ភាសា​បរទេស​ជា​គោល​ទៀត​ផង ហើយ​មាន​កូន​អ្នក​មាន​មួយ​ចំនួន​សរសេរ​ និង​និយាយ​ភាសា​ជាតិ​ខ្លួន​​មិន​​ច្បាស់​ទេ​តែ​ភាសា​បរទេស​វិញ​គឺ​និយាយ​បាន​ច្បាស់​ល្អ​ទៀត​ផង។ កូន​ខ្មែរ​យើង​ឥឡូវ​សរសេរ​ភាសា​ជាតិ​ខ្លួនឯង​​មិន​សូវ​ជា​ត្រូវ​អក្ខរាវិរុទ្ធ​ប៉ុន្មាន​ទេ ព្រោះ​មិន​សូវ​យក​ចិត្ត​ទុកដាក់​មិន​ខ្វល់​នឹង​វចនានុក្រម​ ប៉ុន្តែ​បើ​ភាសា​បរទេស​វិញ​ពេល​សរសេរ​គឺ​ប្រិតប្រៀង​ខ្លាំង​ណាស់​ហើយ​ថែម​ទាំង​ដាក់​វចនានុក្រម​តាម​ខ្លួន​ទៀត​ផង​ព្រោះ​ខ្លាច​ខុស ប៉ុន្តែ​បើ​ការ​​សរសេរ​ខ្មែរ​វិញ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មើល​ពាក្យ​ណា​ត្រូវ​ពាក្យ​ណា​ខុស​នោះ​ទេ។
Content image - Phnom Penh Post
ជា​ការពិត​ណាស់​សព្វថ្ងៃ​នេះ​ជា​សម័យ​សកល​ភាវូប​នីយកម្ម​ហើយ​ភាសា​អន្តរជាតិ​មួយ​ចំនួន​គឺជា​ភាសា​ដែល​គេ​ធ្វើការ​ទាក់ទង​ជា​សកល​ជាពិសេស​ភាសា​អង់គ្លេស ចិន ជាដើម​ដូច្នេះ​បើ​​យើង​ចេះ​ភាសា​បរទេស​ច្រើន​វា​ងាយស្រួល​ក្នុង​ការ​ទាក់ទង​គ្នា។ ពេល​ខ្លះ​គេ​និយាយ​ភាសា​បរទេស​លាយឡំ​ជាមួយ​ភាសា​ជាតិ​ខ្លួន​ដើម្បី​អួត​បង្ហាញ​ថា​ខ្លួន​ចេះ​ភាសា​បរទេស​ច្រើន​រហូត​ស្ទើរតែ​ភ្លេច​ភាសា​ជាតិ​ខ្លួន​ហើយ​តែ​វា​ក៏​ពិបាក​បន្ទោស​ដែរ​ព្រោះ​ពាក្យ​អង់គ្លេស​ខ្លះ​មិន​ទាន់​មាន​ពាក្យ​ខ្មែរ​យើង​សម្រាប់​ប្រើ​នៅ​ឡើយ​ទេ។
តើ​បញ្ហា​ទាំងនេះ​បន្ទោស​អ្នក​ណា? តើ​ជា​កំហុស​របស់​ពួកគាត់​មែន​ទេ​ដែល​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​បរទេស​ខ្លាំង​ជាង​ភាសា​ជាតិ​នោះ?
ទាំង​នេះ​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​បន្ទោស​អ្នក​ណា​ម្នាក់​ឡើយ​គឺ​ត្រូវ​គិតគូរ​ឡើង​វិញ​ទាំងអស់​គ្នា​ព្រោះ​មិនមែន​ជា​កំហុស​អ្នក​ណា​ម្នាក់​ឡើយ។ ទាំង​នេះ​គឺជា​បញ្ហា​សង្គម​ដែល​បង្ខំ​ឲ្យ​ពួកគាត់​មាន​ចំណាប់​អារម្មណ៍​​ និង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ចំពោះ​ភាសា​បរទេស បើ​ពួក​គាត់​ចេះ​ភាសា​បរទេស​បាន​ល្អ​នោះ​ពួកគាត់​នឹង​មាន​ឱកាស​ជាច្រើន​ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ​ និង​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ជាមួយ​វិយោគិន​បរទេស។ ចុះ​ហេតុអ្វី​បរទេស​ដែល​មក​ធ្វើ​វិនិយោគទុន​ក្នុង​ស្រុក​យើង​មិន​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​ជាតិ​យើង​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​យើង​វិញ​ទៅ?
នេះ​មកពី​ប្រទេស​យើង​ក្រីក្រ​តូចតាច ហេតុ​ដូច្នេះ​ហើយ​ទើប​ខំប្រឹង​សិក្សា​ភាសា​​គេ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពួកគេ​មក​វិនិយោគទុន​ក្នុង​ស្រុក​យើង។ ម្យ៉ាង​ទៀត​ក្រុមហ៊ុន​ភាគច្រើន​គឺជា​ក្រុមហ៊ុន​បរទេស​មាន អង់គ្លេស ចិន ជប៉ុន ថៃ ជាដើម ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ខិតខំ​ប្រឹងប្រែង​រៀន​ដើម្បី​ទទួល​​បាន​​ការងារ​ធ្វើ​ព្រោះ​ពួកគាត់​រៀន​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​មាន​ប្រាក់ខែ​សមរម្យ​ដើម្បី​ចិញ្ចឹម​ជីវិត។


មិនមែន​និយាយ​ដូច្នេះ​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មិន​យក​ចិត្ត​ទុកដាក់​នឹង​ភាសា​ជាតិ​របស់​ខ្លួន​នោះ​ទេ ជាក់​ស្តែង​​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​មិថុនា​ឆ្នាំ ២០១៥ ​សាលា​បញ្ញាសាស្ត្រ​កម្ពុជា​ និង​វិទ្យាស្ថាន​លីង​បាន​ឯកភាព​គ្នា​បង្កើត​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​ខ្មែរ​សម្រាប់​ជនបរទេស​ និង​ជ្រើសរើស​អ្នក​ដែល​បាន​ល្អ​ជាង​គេ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​​អារម្មណ៍​ជាង​គេ​គឺ​អ្នក​ដែល​បាន​ទទួល​ជ័យលាភី​លេខ​មួយ​និយាយ​ និង​ជំរុញ​ដល់​កូន​ខ្មែរ​មួយ​ចំនួន​ថា៖ «ខ្ញុំ​ជា​អ្នក​​សេ្នហា​ភាសា​ខ្មែរ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខំ​រៀន សំខាន់​​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាសា​ខ្មែរ​រក្សា​លក្ខណៈ​ខ្មែរ​ជា​ភាសា​ខ្មែរ​ព្រោះ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ថា​ខ្មែរ​មួយ​ចំនួន​គាត់​ប្រើ​ភាសា​អង់គ្លេស​ច្រើន ខ្ញុំ​គិត​ថា​ខេមរភាសា​​គឺជា​ភាសា​មួយ​ដ៏ល្អ​បំផុត​អ៊ីចឹង​គួរ​ប្រើ​ពាក្យ​ខ្មែរ​នៅ​ពេល​ណា​មាន​ពាក្យ​ខ្មែរ​មិន​បាច់​បញ្ចូល​ពាក្យ​អង់គ្លេស បារាំង ពាក្យ​អី​ទេ។ ការ​ប្រើ​ពាក្យ​ខ្មែរ​លាយឡំ​ជាមួយ​ភាសា​បរទេស​អាច​នឹង​ងាយស្រួល​ឲ្យ​កូន​ខ្មែរ​យើង​ភ្លេច​ពាក្យ​មួយ​ចំនួន​របស់​ខ្លួន ដូច្នេះ​បើ​និយាយ​ភាសា​បរទេស​ឲ្យ​ចំ​ភាសា​បរទេស​បើ​ខ្មែរ​ឲ្យ​ចំ​ជា​ខ្មែរ​កុំ​លាយឡំ​គ្នា»​។
កម្មវិធី​នេះ​ជា​កម្មវិធី​ល្អ​ដែល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អក្សរ​ភាសា​ជាតិ​ដើម្បី​បង្ហាញ​ដល់​ជាតិ​សាសន៍​ដទៃ​ថា​អក្សរ​ភាសា​ជាតិ​ខ្មែរ​ពិត​ជា​មាន​តម្លៃ​ណាស់។
ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា​គួរតែ​គិតគូរ​ចាប់​អារម្មណ៍​ភាសា​ជាតិ​ឡើង​វិញ​ជាពិសេស​ពេល​សរសេរ​អ្វី​មួយ​ត្រូវ​តែ​យក​វចនានុក្រម​សម្តេច​ ជួន ណាត ជា​គោល​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ច្រើន​ខ្លាំង​ពេក។ គ្មាន​អ្នក​ណា​សរសេរ​ភាសា​ជាតិ​ខ្លួន​មិន​ខុស​ទាំង​ស្រុង​ និង​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កំហុស​តិច​ប្រសើរ​ជាង​មាន​កំហុស​ច្រើន៕
ទឹម វណ្ណធឿន, ភ្នំពេញ
អ៊ីមែលៈ vannthoeuntim@gmail.com

No comments: