A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

លោក អ៊ុំ សំអាន សរសេរ​លិខិត​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រធាន​រដ្ឋ​សភា

ដោយ ប្រាជ្ញ ចេវ
2015-07-25 rfa

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទន់​ឥរិយាបថ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្ដៅ ដោយ​ផ្ញើ​លិខិត​សុំ​អធ្យាស្រ័យ​ពី​ប្រធាន​រដ្ឋសភា និង​បញ្ឈប់​គម្រោង​ប្ដឹង​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ប្រធាន​រដ្ឋ​សភា ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សូម​ប្រធាន​រដ្ឋ​សភា​មេត្តា​អធ្យាស្រ័យ និង​អត់ឱន​ឲ្យ​រូប​លោក​ដោយ​ក្តី​អនុគ្រោះ។  ចារ​នៅ​លិខិត​របស់​លោក អ៊ុំ សំអាន ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ផ្ដល់​នូវ​ការ​អធ្យាស្រ័យ​ចំពោះ​លោក អ៊ុំ សំអាន ដោយ​បញ្ចប់​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ដូច​មាន​ចែង​ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លឹមសារ​លិខិត​របស់​លោក គឺ​ដើម្បី​បញ្ចប់​កម្ដៅ​នយោបាយ និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​លោក និង​ប្រធាន​រដ្ឋ​សភា។ ក្រៅ​ពី​ផ្ញើ​លិខិត​សុំ​អធ្យាស្រ័យ លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា  គម្រោង​ដែល​លោក​ប្ដឹង​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​ត្រូវ​បញ្ចប់​ដែរ៖ «ខ្ញុំចង់បញ្ចប់បញ្ហាហ្នឹងជាមួយសម្ដេច ហេង សំរិន ដើម្បីបើកផ្លូវកុំឲ្យមានការប្ដឹងផ្ដល់ទៅប្រព័ន្ធតុលាការ។ វារឿងត្រូវវែងឆ្ងាយទៀត បើសិនជាយើងមិនចរចាគ្នាទេ។ រឿងខ្ញុំត្រូវតែប្ដឹងគាត់ទៅក្រុមប្រឹក្សាធម្មនុញ្ញ គាត់ត្រូវតែប្ដឹងខ្ញុំទៅតុលាការ ដូច្នេះយើងបញ្ចប់រឿងតែម្ដងទៅ»។



​លិខិត​របស់​លោក អ៊ុំ សំអាន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បាន​ដាក់​ពិន័យ​ដោយ​ព្យួរ​ការងារ ហាម​មិន​ឲ្យ​ចូល​រួម​ប្រជុំ​សភា​ចំនួន ១៥​លើក និង​កាត់​ប្រាក់ខែ ៥០​ភាគរយ រយៈពេល ២​ខែ ដោយ​ចោទ​ថា ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ប្រធាន​រដ្ឋ​សភា។

អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ស្វាគមន៍​លិខិត​របស់​លោក អ៊ុំ សំអាន និង​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​លិខិត​នេះ។ ក្រោយ​ពី​ផ្ញើ​លិខិត​ទៅ​លោក​ប្រធាន​រដ្ឋ​សភា លោក អ៊ុំ សំអាន គ្រោង​ចូល​ជួប​សំណេះសំណាល​ជាមួយ​លោក ហេង សំរិន ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: