ដោយ ថា កិត្យា និង យាង សុជាមេត្តា
2015-07-19 rfa
ពលរដ្ឋត្រៀមចេញដំណើរពីភ្នំពេញទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ នាខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ RFA/Uon Chhin |
ពលរដ្ឋខ្មែរពីរក្រុមប្រឈមមុខដាក់គ្នា និងប៉ះទង្គិចពាក្យសម្ដី ដោយពលរដ្ឋមួយក្រុមមានគ្នាប្រហែល ១០០នាក់អាជ្ញាធរបានរៀបចំ ប្រដាប់ដោយដំបងស្ទើរគ្រប់ដៃ ដែលត្រូវបានគេត្រៀមសម្រាប់រារាំងពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញជាង ២ពាន់នាក់ ទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ នាខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១៩ កក្កដា។
ប៉ុន្តែក្រោយការសម្រុះសម្រួលគ្នា អាជ្ញាធរព្រំដែនខ្មែរបានអនុញ្ញាតឲ្យមនុស្ស ១០០នាក់ រួមទាំងអ្នកកាសែតផង ដើម្បីបានចូលទៅដល់ទីតាំងបង្គោលព្រំដែនលេខ២០៣ នៅត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញ ត្រូវបានពលរដ្ឋខ្មែរមួយក្រុមទៀតឈរធ្វើជារបងរារាំងមិនឲ្យចូលទៅពិនិត្យមើលបង្គោលព្រំដែន ដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីកន្លែងប្រឈមមុខដាក់គ្នាទៅបង្គោលព្រំដែនលេខ២០៣។ ទោះបីជាពលរដ្ឋខ្មែរ និងព្រះសង្ឃទាំងនោះ ព្យាយាមទម្លាយការរារាំងដើម្បីចូលទៅមើលតំបន់នៃបង្គោលព្រំដែនក៏ដោយ ក៏ពលរដ្ឋមួយក្រុមទៀតដែលឈរជារបងរារាំង នៅតែមិនអនុញ្ញាតឲ្យពលរដ្ឋពីភ្នំពេញ បានចូលទៅតំបន់ដែលធ្លាប់ប៉ះទង្គិចគ្នាកាលពីមុនដែរ។ ចំណែកខាងភាគីវៀតណាម វិញ មានទាំងកងទ័ព និងពលរដ្ឋរាប់សិបនាក់ប្រដាប់ដោយដំបងដែរ ឈរត្រៀបត្រានៅផ្នែកម្ខាងទៀត។
ទោះជាយ៉ាងណាក៏ដោយ មិនមានប៉ះទង្គិចគ្នាដោយហិង្សានៅឡើយទេរវាងពលរដ្ឋខ្មែរពីរក្រុម និងភាគីវៀតណាម។
ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម អះអាងកាលពីថ្ងៃទី១៦ កក្កដា ថា គម្រោងសំណង់ដែលវៀតណាម បានសាងសង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺស្ថិតនៅលើទឹកដីរបស់វៀតណាម។ ការបញ្ជាក់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការតវ៉ារបស់កម្ពុជា ដែលជំរុញឲ្យវៀតណាម លុបស្រះ និងបញ្ឈប់ការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលមិនទាន់មានការបោះបង្គោលព្រំដែនផ្លូវការរួច។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានវៀតណាម ថា ប្រទេសវៀតណាម បានគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងដែលបានចុះជាមួយកម្ពុជា ក្នុងការគ្រប់គ្រងតំបន់ព្រំដែនក្នុងអំឡុងពេលដំណើរការបោះបង្គោល និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម រូបនេះបញ្ជាក់ដែរថា ក្នុងកំណត់ទូតរបស់ខ្លួនផ្ញើទៅកាន់ក្រសួងការបរទេសកម្ពុជា និងទៅគណៈកម្មការកិច្ចការព្រំដែន ក៏ដូចជានៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការកិច្ចការព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ កក្កដា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ច្បាស់ហើយថា រាល់ការសាងសង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ គឺសុទ្ធតែធ្វើឡើងនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
លោក ឡេ ហាយប៊ិញ ថ្លែងបន្តថា ភាគីវៀតណាម ថែមទាំងបានស្នើដល់ភាគីកម្ពុជា ជាផ្លូវការ ឲ្យគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសទាំងពីរបានចុះជាមួយគ្នាកាលពីឆ្នាំ២០១១ ទៀតផង នោះគឺការរក្សាស្ថានភាពនៅតាមព្រំដែនឲ្យនៅដដែល រហូតដល់មានការបោះបង្គោលព្រំដែនត្រឹមត្រូវ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះអះអាងថា ភាគីកម្ពុជា មិនបានឆ្លើយតបចំពោះសំណើប្រកបដោយសុឆន្ទៈរបស់វៀតណាម នោះឡើយ។
យ៉ាងណាក៏ដោយ អ្វីដែលរដ្ឋាភិបាលវៀតណាម លើកឡើងនៅពេលនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅបន្ទាប់ពីកិច្ចប្រជុំជាមួយភាគីវៀតណាម នារាជធានីភ្នំពេញ។
រដ្ឋាភិបាលកម្ពុជា អះអាងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីវៀតណាម បានសន្យាថានឹងលុបស្រះជីកនៅក្នុងខេត្តរតនគិរី ផ្អាកការសាងសង់ប៉ុស្តិ៍យោធានៅស្រុកកោះធំ ខេត្តកណ្ដាល និងផ្អាកការសាងសង់ផ្លូវនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តាមការតវ៉ារបស់កម្ពុជា។
ជុំវិញការអះអាងរបស់អ្នកនាំពាក្យការបរទេសវៀតណាម នេះ រហូតមកទល់ថ្ងៃទី១៩ ខែកក្កដា ទាំងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ទាំងអនុប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី អះអាងថា ពួកគេមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីក្រសួងការបរទេសវៀតណាម នៅឡើយទេ។ យ៉ាងណាក៏ដោយ អ្នកស្រី កុយ ពិសី បញ្ជាក់ថា ដរាបណាប្រទេសវៀតណាម ធ្វើការសាងសង់សំណង់រំលោភចូលទឹកដីកម្ពុជា នោះ កម្ពុជា នឹងនៅតែបន្តការតវ៉ា។
No comments:
Post a Comment