A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 June 2015

Will the death of Chea Sim cause the CPP's internal divisions? តើ​ការ​បាត់បង់​លោក ជា ស៊ីម នឹង​អាច​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បាក់​បែក​ផ្ទៃ​ក្នុង​ដែរ​ឬ​ទេ?

ហ៊ុន សែន ហេង សំរិន ៧​មករា ៦២០
ប្រធាន​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ុន សែន ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៣៦ នៃ​ថ្ងៃ​៧ មករា (១៩៧៩-២០១៥) នា​ទីស្នាក់ការ​គណបក្ស​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​៧ មករា ២០១៥។
RFA/Brach Chev

គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​ដែល​ទទួល​ជ័យជម្នះ​លើ​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​កម្ពុជា ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង គឺ​របប​ប្រជាធិបតេយ្យ ដោយ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​តាម​រយៈ​ការ​បោះ​ឆ្នោត ទោះ​បី​ជា​គណបក្ស​នេះ ពេល​បោះ​ឆ្នោត​ម្ដងៗ​ទទួល​រង​នូវ​ការ​រិះគន់​អំពី​ជ័យជម្នះ​ក្ដី។
អ្វី​ដែល​គួរ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​គណបក្ស​នេះ​បាន​បាត់បង់​ប្រធាន​បក្ស​របស់​ខ្លួន គឺ​លោក ជា ស៊ីម ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ២០​ឆ្នាំ​មក​ហើយ​នោះ។ តើ​ការ​បាត់បង់ លោក ជា ស៊ីម នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ដែរ​ឬ​ទេ?
គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​មួយ​កម្រ​លេច​ចេញ​នូវ​រឿង​អាស្រូវ​ផ្ទៃ​ក្នុង​គណបក្ស ចុះ​ផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ណាស់។ ការ​បាត់បង់​ប្រធាន​គណបក្ស​ដែល​បាន​ដឹក​នាំ​គណបក្ស​នេះ​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ ក៏​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បាន​ដែរ។
អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង​យូរ​មក​ហើយ ទន្ទឹម​នឹង លោក ជា ស៊ីម បាន​បាត់​មុខ​នៅ​លើ​ឆាក​នយោបាយ​នៅ​គ្រា​ដែល​លោក​មាន​វ័យ​ជរា និង​មាន​ជំងឺ​នោះ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹង​ខ្លួន​ច្បាស់​ថា បើ​សិន​ជា​គណបក្ស​នេះ​បែក​បាក់​ផ្ទៃ​ក្នុង គឺ​ជា​ការ​បរាជ័យ​របស់​បក្ស​នេះ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង។ ម្យ៉ាង​ទៀត គណបក្ស​នេះ​មាន​ចំណុច​ខ្លាំង​ចេះ​ថែរក្សា​គ្នា ទោះ​បី​សមាជិក​ណា​ម្នាក់​មាន​វ័យ​ចំណាស់​ក៏ដោយ ក៏​គេ​នៅ​តែ​ថែរក្សា​ឲ្យ​មាន​តួនាទី​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល៖ «សម្ដេច ជា ស៊ីម មុន​នឹង​លោក​ទទួល​មរណភាព​ទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹង​ពី​អ្នក​ស្នង​អស់​ហើយ គឺ​មិន​មាន​បញ្ហា​អី​ដណ្ដើម​តំណែង ឬ​ទាមទារ​តំណែង​នៅ​ក្នុង​បក្ស​ទេ»

ទាក់ទង​នឹង​ប្រជាប្រិយភាព​គណបក្ស​នេះ​វិញ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នឹង​អាច​ប៉ះពាល់​ប្រជាប្រិយភាព​ខ្លះ​នៅ​ពេល​អវត្តមាន លោក ជា ស៊ីម តែ​វា​មិន​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ជាទូទៅ​នោះ​ទេ។
លើស​ពី​នេះ​ទៀត នរណា​ក៏​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ដោយ​ចាក់​ឫស​យ៉ាង​មាំ​នៅ​ក្នុង​គណបក្ស ដោយ​សមាជិក​គណបក្ស​នេះ​ស្ទើរ​តែ​ជា​គ្រួសារ​តែ​មួយ​ទៅ​ហើយ ដើម្បី​បែង​ចែក​អំណាច​គ្នា។ មេ​ដឹក​នាំ​គណបក្ស​នេះ បាន​ផ្សារភ្ជាប់​សាច់​ឈាម​ផ្សំផ្គុំ​កូន​ចៅ​ឲ្យ​ការ​ជាមួយ​គ្នា​ជាដើម ដើម្បី​រក្សា​តួនាទី និង​ពង្រឹង​អំណាច​របស់​ខ្លួន ទោះ​បី​ជា​គណបក្ស​នេះ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ជា​គណបក្ស​គ្រួសារ​និយម និង​បក្ខពួក​និយម​ក៏ដោយ។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​ប្រធាន​គណបក្ស​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​គណបក្ស​នេះ​បាត់បង់​មេ​បក្ស​ដ៏​ធំ​នេះ​ក្ដី តែ​នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​បាន​ឡើយ។ លោក​បណ្ឌិត ឈឹម ផលវរុណ សង្កត់​ធ្ងន់ៗ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រឹងមាំ​នោះ គឺ​គណបក្ស​នេះ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​គណបក្ស៖ «គ្រាន់​តែ​គេ​ទន្ទឹង​បែក​បាក់​ទេ តែ​គណបក្ស​ប្រជាជន​មិន​ដែល​បែក​បាក់​ទេ តែ​អ្នក​ដែល​ទន្ទឹង​បែក​បាក់​ទេ​ដែល​បែក​បាក់​មិន​ចេះ​ចប់ ព្រោះ​អី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាធិបតេយ្យ​ក្នុង​បក្ស មាន​បទបញ្ជា​ផ្ទៃ​ក្នុង​បក្ស​ត្រឹមត្រូវ និង​គោល​នយោបាយ​ជាក់លាក់»
លោក​បណ្ឌិត ឈឹម ផលវរុណ អះអាង​ថា នៅ​ក្នុង​ដំណាក់​កាល​កំពុង​កាន់​ទុក្ខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​គិតគូរ​ពី​ការ​ជ្រើសរើស​មេ​បក្ស​ថ្មី​នៅ​ឡើយ។ លោក​បញ្ជាក់​ថា បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស គឺ​គណៈកម្មការ​អចិន្ត្រៃយ៍ នឹង​តែង​តាំង​ប្រធាន​ស្ដីទី​ដើម្បី​ដឹក​នាំ​បក្ស​បន្ត នៅ​ក្រោយ​ពេល​ពិធី​កាន់​ទុក្ខ​បញ្ចប់។ លោក​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​គណបក្ស​នោះ គេ​ធ្វើ​ឡើង​នៅ​ក្នុង​មហា​សន្និបាត​ទូទាំង​ប្រទេស។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឈឹម ផលវរុណ លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឡើង​ជា​ប្រធាន​បក្ស​ដូច​ដែល​លោក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា ពេល​អត់​ពី លោក ជា ស៊ីម ទៅ លោក​នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស។
អ្នក​វិភាគ​លើក​ឡើង​ថា លោក ជា ស៊ីម បាន​បន្សល់​ស្នាដៃ​ធំៗ​មួយ​ចំនួន​សម្រាប់​សង្គម​ជាតិ រួម​មាន លោក​ជា​ស្ថាបនិក​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ ២​ធ្នូ ជា​ស្ថាបនិក​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ជា​ស្ថាបនិក​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ជា​អ្នក​សម្រប​សម្រួល​ជាមួយ​នឹង​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ក្រោយ​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម រហូត​សម្រប​សម្រួល​ឲ្យ​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​នោះ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រធាន​បក្ស​ជា​អ្នក​នៅ​ពី​ក្រោយ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ មិន​មែន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​ប្រធាន​បក្ស​ផង​នោះ​ទេ៖ «ករណី​កាន់​ទាំង​ពីរ​នេះ ទាល់​តែ​មាន​ការ​ព្រមព្រៀង​ណា​មួយ​ពី​ផ្ទៃ​ក្នុង​បក្ស ចឹង​យើង​ចាំ​មើល​ទៀត តើ​រឿង​នេះ​នឹង​មាន​ការ​ព្រមព្រៀង​ផ្ទៃ​ក្នុង​បក្ស​ដែរ​ឬ​ទេ​នៅ​ពេល​ខាង​មុខ? តែ​នៅ​លើ​ពិភពលោក ដឹក​នាំ​ប្រធាន​បក្ស​ផង នាយក​រដ្ឋមន្ត្រី​ផង យើង​កម្រ​ឃើញ​មាន​ណាស់»
អ្នក​វិភាគ​លើក​ឡើង​ទៀត​ថា លោក ជា ស៊ីម មិន​មែន​ជា​អ្នក​នយោបាយ​ប្រើ​បាត​ដៃ​ក្ដៅ​នោះ​ទេ លោក​ជា​អ្នក​នយោបាយ​ចាស់​ទុំ និង​មិន​ឆេវឆាវ ឬ​បញ្ចេញ​ប្រតិកម្ម​ទៅ​គូបដិបក្ខ​នោះ​ទេ ទោះ​បី​ក្នុង​យុទ្ធនាការ​ឃោសនា​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ក៏ដោយ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ជា​រូបភាព​ខាង​ក្រៅ លោក ជា ស៊ីម មើល​ទៅ​គ្មាន​អំណាច​ដូច លោក ហ៊ុន សែន នោះ​ទេ អ្វីៗ​ហាក់​បីដូចជា លោក ហ៊ុន សែន ក្ដោបក្ដាប់​ទាំង​ស្រុង តែ​ផ្ទៃ​ក្នុង​គណបក្ស​វិញ លោក ជា ស៊ីម ជា​មេ​បក្ស​ដ៏​មាន​ឥទ្ធិពល៖ «ទោះ​បី​ជា​គាត់​អត់​មាន​អំណាច​ចេញ​មក​ខាង​ក្រៅ​ក្ដី គាត់​នៅ​តែ​មាន​អំណាច​នៅ​ក្នុង​ជួរ​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​បក្ស ចឹង​ដូចជា​គាត់​មាន​អំណាច​ចឹង តែ​អំណាច​របស់​គាត់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ពួក​គាត់​គ្មាន​ទេ ចឹង​ខ្សែ​ខាង​គាត់​កាន់​តែ​ខ្សោយ​ទៅៗ រីឯ​ខ្សែ​ខាង ហ៊ុន សែន កាន់​តែ​ខ្លាំង​ទៅៗ»
អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា នៅ​គ្រា​ដែល​ប្រធាន​អង្គរក្ស និង​ពិធីការ​របស់ លោក ជា ស៊ីម ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​នោះ គឺ​ជា​ពេលវេលា​មួយ​ដែល​គេ​មើល​ឃើញ​ថា គណបក្ស​នេះ​នឹង​រង្គោះរង្គើ​ផ្ទៃ​ក្នុង តែ​ផ្ទុយ​ទៅ​វិញ គណបក្ស​ប្រជាជន​កម្ពុជា អាច​ទប់​ស្ថានការណ៍​បាន គឺ​មិន​មាន​លេច​ឮ​ព័ត៌មាន​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​ឡើយ។ នៅ​ទីបំផុត គណបក្ស​នេះ​នៅ​ទប់​លំនឹង​បាន​ដដែល។ ម្យ៉ាង​វិញ​ទៀត កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​ឈ្នះៗ​របស់​ខ្លួន​ដល់​សមាជិក​បក្ស​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​គោល​នយោបាយ​នេះ។
គោល​នយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ជា ស៊ីម និង​លោក ហ៊ុន សែន ជាង ២០​ឆ្នាំ​មក​នេះ​មាន​បី​ចំណុច​សំខាន់ៗ គឺ​ទី​១ ការ​រក្សា​អាយុ​ជីវិត ទី​២ រក្សា​ទ្រព្យ​សម្បតិ្ត និង​ទី​៣ រក្សា​ឋានៈ និង​តួនាទី។
ទោះ​បី​ជា​គណបក្ស​នេះ​មាន​គោល​នយោបាយ​ឈ្នះៗ​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា ក្រោម​ការ​ដឹក​នាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង ២០​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​សង្គម​មាន​បញ្ហា​ជាច្រើន ដែល​ជា​ឧបសគ្គ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ៕

1 comment:

Anonymous said...

Heng Samrin was born in 1934. He served as political commissar and commander of the Khmer Rouge's 4th Infantry Division from 1976 to 1978. follow the history.