A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Villagers in Memot district say Vietnamese authority prevented them from visit their ancestors' graves near the "disputed" area អ្នក​ស្រុក​មេមត់​ថា​អាជ្ញាធរ​វៀតណាម​ឃាត់​មិន​ឱ្យ​ឆ្លង​កាត់​​ផ្លូវ​ក្បែរ​តំបន់​ដី​ជម្លោះ

ដោយ​ សូត សុខប្រាថ្នា

2015-06-14
ព្រំដែន ត្បូងឃ្មុំ ៦២០
ប៉ូលិស​ព្រំដែន​ខ្មែរ​អន្តរាគមន៍​ខ្លាច​ពលរដ្ឋ​ខ្មែរ​ប៉ះទង្គិច​ខ្លាំង​ជាមួយ​ប៉ូលិស​ព្រំដែន​វៀតណាម នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។
RFA/Uon Chhin

ពលរដ្ឋ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​ក្បែរ​ចំណុច​ដី​មាន​ជម្លោះ​ដូច​​សព្វដង​បាន​ទេ ពីព្រោះ​មាន​ឃាត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ទី​នោះ។ សកម្មភាព​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​ក្រោយ​ពេល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​​វៀតណាម កាល​ពី​ពេល​កន្លង​មក។ យ៉ាង​ណា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បញ្ជាក់​ថា ការ​បិទ​នោះ គឺ​បិទ​តែ​ការ​នាំ​ទំនិញ​ចេញ​ចូល​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មនុស្ស​វិញ គឺ​គេ​មិន​ហាម​ឃាត់​ឡើយ។
ពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ត្រូវ​ខកខាន​មិន​អាច​ឆ្លង​កាត់ ឬ​ដឹក​ផលិតផល​របស់​ខ្លួនដូច​ជា​ដំឡូង ជ័រ ឬ​កំណាត់​ឈើ​ចេញ​តាម​ច្រក​របៀង​ក្នុង​ភូមិ​បាន​ដោយ​ជំនួស​ឱ្យ​ការ​ដឹក​ចេញ​ទៅ​តាម​ច្រក​តំបន់​នៅ​ឆ្ងាយៗ​ពី​ភូមិ​របស់​ខ្លួន​វិញ។ បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ជើង ត្រូវ​ជួប​បញ្ហា​ជីវភាព​មួយ​ចំណែក ពីព្រោះ​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​បង់​ឱ្យ​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​ត្រូវ​នាំ​ទំនិញ​ចេញ​កាន់តែ​ច្រើន។
ពលរដ្ឋ​ភូមិ​ជើង​ម្នាក់ លោក ញាណ ថាន ឱ្យ​ដឹង​ថា ពលរដ្ឋ​មិន​អាច​ចេញ​ចូល​តាម​ច្រក​របៀង ក្បែរ​បង្គោល​ព្រំដែន​លេខ ៩៥ ​ដូច​មុន​ទៀត​ទេ ព្រោះ​តែ​អាជ្ញាធរ​វៀតណាម ហាម​ឃាត់។ លោក​ថា ប្រសិនបើ​គេ​បិទច្រក​របៀង​នោះ លោក​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​ឱ្យ​អាជ្ញាធរ​ព្រំដែន​អនុវត្ត​ឱ្យ​បាន​ស្មើ​គ្នា ទាំង​ពលរដ្ឋ​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ៖ «ពេល​ជម្លោះ​ហ្នឹង​គេ​មិន​ឱ្យ​ចូល។ ពី​មុន​គេ​ឱ្យ​ចេញ​ចូល​បាន ប៉ុន្តែ​ពេល​មាន​ជម្លោះ​អ៊ីចឹង​ទៅ​គេ​មិន​ឱ្យ​យើង​ចូល»
ច្រក​របៀង​នៅ​ក្នុង​ភូមិ​ជើង ឃុំ​ជាំ ចំណុច​បង្គោល​ព្រំដែន លេខ​៩៥ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​កាត់​ទាំង​ស្រុង​​ជា​លើក​ទី​ពីរ​ហើយ ​បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​អាជ្ញាធរ​វៀតណាម កាល​ពី​ខែ​មេសា។ ក្រោយ​មក​ពួកគេ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​ឆ្លង​កាត់​ដូច​ធម្មតា ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ដឹក​ទំនិញ​ចេញ​ចូល​ឡើយ ស្រាប់​ពីរ​ថ្ងៃ​មក​នេះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ខាង​អាជ្ញាធរ​វៀតណាម បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ឆ្លង​កាត់​តាម​ច្រក​របៀង​ជាប់​បង្គោល​ព្រំដែន​លេខ ៩៥ ម្ដង​ទៀត។
យ៉ាង​ណា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ព្រំដែន​ឃុំ​ជាំ លោក ថេន ចិន្តា មាន​ប្រសាសន៍​ថា ការ​ហាមឃាត់​នោះ គឺ​សម្រាប់​តែ​ការ​ដឹក​ទំនិញ​តែប៉ុណ្ណោះ ព្រោះ​អាជ្ញាធរ​ចង់​ឱ្យ​ពលរដ្ឋ​ដឹក​ទំនិញ​របស់​ខ្លួន​ចេញ​ចូល​តាម​ច្រក​តំបន់​វិញ ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​ទំនិញ​គេច​ពន្ធ​ឆ្លង​កាត់។ លើស​ពីនេះ លោក​ថា ចំពោះ​មនុស្ស​វិញ គេ​មិន​បាន​ហាមឃាត់​ទេ៖ «ប៉ុន្មាន​ឆ្នាំ​មុន​គេ​មិន​បាន​បើក​ឱ្យ​ចេញ​ចូល​តាម​នោះ​ទេ សូម្បី​តែ​អីវ៉ាន់ ក៏​គេ​មិន​ឱ្យ​ចេញ​ចូល​ដែរ។ គឺ​គេ​ឱ្យ​យើង​មក​ចេញ​ចូល​នៅ​ផ្លូវ​បឹងជ្រោង ដែរ អា​ប៉ុន្មាន​ឆ្នាំ​មុន»
ដោយ​ឡែក​មេ​ភូមិ​ជើង លោក ពុធ សុផាត់ មាន​ប្រសាសន៍​ថា ​លោក​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​បិទ​ច្រក​នៅ​ក្នុង​ភូមិ​ជើង​ប្រាកដ​ទេ ប៉ុន្តែ​លោក​យល់​ថា អាច​មក​ពី​រឿងហេតុ​ដែល​កើត​ឡើង​កន្លង​ទៅ​នៅ​មិន​ទាន់​ដោះស្រាយ​បាន ទើប​គេ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ភាគី​ទាំង​ពីរ​ឆ្លង​កាត់​បាន ជៀសវាង​ក្រែង​មាន​បញ្ហា​កើត​ឡើង។
លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ភាគី​ទាំង​ពីរ​អនុវត្ត​ទៅ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ដោះស្រាយ​​ឱ្យ​ពលរដ្ឋ​ចេញ​ចូល​ដូច​ធម្មតា៖ «ដូច​គ្នា​ដែរ​ហ្នឹង ខាង​វៀតណាម ក៏​គេ​មិន​ឱ្យ​ចេញ​ចូល​ដែរ គឺ​គេ​ឱ្យ​ចេញ​តាម​បឹងជ្រោង ឬ​តាម​ច័ន្ទមូល​វិញ»
ចំណែក​ខាង​សង្គម​ស៊ីវិល​វិញ លើក​ឡើង​ថា ប្រសិន​បើ​ច្រក​របៀង​នោះ ជា​ច្រក​ស្រប​ច្បាប់ ការ​បិទ​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ចូល​យ៉ាង​ណា​វា​នឹង​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​ខាត​បង់​ផលប្រយោជន៍​ទាំង​អស់​គ្នា។
មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក​ ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ភាគី​វៀតណាម បិទ​ច្រក​របៀង​នោះ អាច​ដោយសារ​ពួកគេ​បារម្ភ​ចំពោះ​សុវត្ថិភាព​សន្តិសុខ​របស់​ខ្លួន​ទើប​មាន​ការ​ហាម​ឃាត់​បែប​នេះ ប៉ុន្តែ​លោក​យល់​ថា វា​មិនមែន​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ភាគី​វៀតណាម នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បន្ថែម​ថា​ ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជើង ដែល​មាន​ផលិតផល​ត្រូវ​ដឹកជញ្ជូន​​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នឹង​ត្រូវ​ខាតបង់​ពេល​វេលា ព្រមទាំង​ប្រាក់​ចំណូល​មួយ​ចំណែក​ផង ​ពីព្រោះ​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​ដើម្បី​ដឹក​ទំនិញ​ខ្លួន​ទៅ​ចេញ​តាម​ច្រក​តំបន់ ឬ​ច្រក​អន្តរជាតិ។
មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​យល់​ថា គប្បី​អាជ្ញាធរ​វៀតណាម គិតគូរ​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ដោយ​ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​ចេញ​ចូល​ដូច​ធម្មតា សំខាន់​ឱ្យ​តែ​ការ​ចេញចូល​ពួកគេ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​ច្បាប់៕

No comments: