A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

Vietnamese migrants built a statue for worship at an isolated area in Siem Reap province ជនជាតិ​វៀតណាម​សង់​រូប​សំណាក​សក្ការបូជា​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​សៀមរាប

រូប​សំណាក​វៀតណាម​សាងសង់​នៅ​សៀមរាប ៦២០
រូប​សំណាក​ព្រះពុទ្ធ​ដែល​ជនជាតិ​វៀតណាម លួច​កសាង​មិន​ទាន់​ហើយ នៅ​ក្នុង​ភូមិ​ផ្ចឹកជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥
ផ្ដល់​ដោយ​ការិយាល័យ​ធម្មការ និង​សាសនា ខេត្ត​សៀមរាប

កាល​ពី ៦-៧​ខែ​មុន គេ​ធ្លាប់​តែ​ឮ​ថា ជនជាតិ​វៀតណាម ជាច្រើន​នាក់​បាន​នាំ​គ្នា​ឡើង​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត ហើយ​បាន​សាងសង់​រូប​សំណាក​ជាច្រើន​ដើម្បី​ធ្វើ​ជា​កន្លែង​សក្ការបូជា​នៃ​ជំនឿ​សាសនា​នៅ​ទីនោះ។ ក៏ប៉ុន្តែ បន្ទាប់​ពី​សមាជិក​សភា​បាន​ឡើង​ទៅ​ពិនិត្យ​នៅ​លើ​ភ្នំ​បូកគោ ហើយ​ទី​សក្ការបូជា​របស់​ជនជាតិ​វៀតណាម ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​មក ស្រាប់​តែ​ឥឡូវ​នេះ​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​សៀមរាប ក៏​មាន​ជនជាតិ​វៀតណាម ចូល​ទៅ​សង់​រូប​សំណាក​សក្ការបូជា​ដូច​កាល​ពី​នៅ​លើ​ភ្នំ​បូកគោ ដែរ។
អាជ្ញាធរ​ខេត្ត​សៀមរាប និង​ស្រុក​ស្វាយលើ ទើប​តែ​សម្ដែង​ការ​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល​ប្រហែល ១​សប្ដាហ៍​កន្លង​មក​នេះ ជុំវិញ​ព័ត៌មាន​ដែល​ថា មាន​ជនជាតិ​វៀតណាម មួយ​ចំនួន បាន​ចូល​ទៅ​សាងសង់​រូប​សំណាក​សម្រាប់​សក្ការបូជា​បែប​សាសនា​ជាច្រើន​នៅ​ក្នុង​ភូមិ​ផ្ចឹកជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយលើ។
ទីនោះ គឺ​ជា​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​នៃ​ភាគ​ឧត្តរ​ពី​ទី​រួម​ខេត្ត​សៀមរាប ហើយ​ជាប់​ភូមិសាស្ត្រ​គ្នា​នឹង​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។
សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្វាយលើ ១​រូប ដែល​ជា​អ្នក​ដឹង​រឿង​នេះ គឺ​លោក ហុង ប៊ុនឆៃ។ លោក​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​ឧសភា ថា កាល​ពី ២-៣​ថ្ងៃ​មុន គឺ​លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​បាន​ចូល​មក​សង់​រូប​សំណាក​សក្ការបូជា​នៅ​ក្នុង​ភូមិ​ផ្ចឹកជ្រុំ នៃ​ឃុំ​កន្ទួត ស្រុក​ស្វាយលើ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ដដែល​ឲ្យ​ដឹង​ថា ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា បាន​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​សាងសង់​រូប​សំណាក​សក្ការបូជា​នោះ​ម្ដង​មក​ហើយ៖ «រូប​នោះ​មាន​រូប​ដូច​កាតូលិក រូប​អី​ខ្លះ​ទេ ខ្ញុំ​ស្គាល់​មិន​ច្បាស់​អស់​ដែរ ទាំង​តូច​ទាំង​ធំ​ចំនួន ១២​រូប»
ចំណែក​ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​ស្វាយលើ លោក យ៉ាន់ ង៉ិក ឲ្យ​ដឹង​ថា កាល​ពី ៣​ថ្ងៃ​មុន គឺ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​សាងសង់​រូប​សំណាក​សក្ការៈ​បែប​សាសនា​នោះ ហើយ​បាន​ពិនិត្យ​ឃើញ​រូប​សំណាក​ទាក់ទង​នឹង​សាសនា​ជាច្រើន ត្រូវ​បាន​ជនជាតិ​វៀតណាម កំពុង​កសាង​ឡើង។
រូប​សំណាក​ទាំង​នោះ​មាន​ដូចជា ព្រះនាង​គង់ស៊ីអ៊ីម និង​រូប​ព្រះ ប៉ុន្តែ​មិន​មែន​ជា​លក្ខណៈ​ព្រះពុទ្ធ​សាសនា​ទេ។ ក្រៅ​ពី​ពិនិត្យ​មើល​ឃើញ​ការ​សាងសង់​នោះ លោក​ក៏​បាន​ឃើញ​ជនជាតិ​វៀតណាម រស់នៅ​ជា​លក្ខណៈ​គ្រួសារ ដោយ​រួម​ទាំង​ជាង​សាងសង់​ផង​ចំនួន ៦​គ្រួសារ។
ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ដដែល​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ឃើញ​ការ​សាងសង់​រូប​សក្ការបូជា​ទាំង​នោះ ដោយ​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ក៏ដោយ ក៏​នៅ​ពេល​ដែល​លោក​សាកសួរ​ទៅ​កាន់​ជនជាតិ​វៀតណាម ថា​តើ​រូប​ទាំង​នេះ​បាន​សាងសង់​តាំង​ពី​ពេល​ណា គឺ​ពួក​គេ​មិន​បាន​ឆ្លើយ​ប្រាប់​តាម​ត្រង់​ឡើយ៖ «សំណង់​នោះ​គាត់​អត់​បកស្រាយ​ព័ត៌មាន​ជូន​ខ្ញុំ​ច្បាស់លាស់​ទេ ព្រោះ​ខ្ញុំ​បាន​ធ្វើ​សម្ភាស​ជាមួយ​គាត់ គាត់​ប្រាប់​ថា​ទើប​តែ​ធ្វើ​បាន​រយៈពេល ១​ខែ ក៏ប៉ុន្តែ​អ្នក​ដឹង​រឿង​ខ្លះ​ថា​ការ​ធ្វើ​នេះ​លឿន​ណាស់ ដូច​រូប​គង់ស៊ីអ៊ីម​ទំហំ ១,២​ម៉ែត្រ​គុណ​នឹង ៤​ម៉ែត្រ​អី ធ្វើ​តែ ៤-៥​ថ្ងៃ​រួច»

ការ​បែក​ធ្លាយ​សកម្មភាព​ជនជាតិ​វៀតណាម ដែល​ចូល​ទៅ​សង់​រូប​សំណាក​លួចលាក់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​សៀមរាប នេះ បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​បន្ទាប់​ពី​មាន​អ្នក​ទៅ​ដល់​ទីនោះ ហើយ​បាន​ថត​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចែក​រំលែក​តៗ​គ្នា​មក។
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្រុក​ស្វាយលើ ឲ្យ​ដឹង​ថា ការ​សាងសង់​រូប​សំណាក​សក្ការបូជា​នេះ គឺ​ធ្វើ​ឡើង​នៅ​លើ​ដី​កម្មសិទ្ធិ​ឯកជន​ទំហំ ១០​ហិកតារ ដែល​ម្ចាស់​រស់នៅ​ឯ​សង្កាត់​ច្បារអំពៅ ទីក្រុង​ភ្នំពេញ ដោយ​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ហើយ​ប្ដី​ជា​ជនជាតិ​វៀតណាម។ ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា មាន​ព្រះសង្ឃ​វៀតណាម ១​អង្គ​ឈ្មោះ តាំង មិន តែង​ចេញ​ចូល​ពី​ប្រទេស​វៀតណាម ទៅ​សាងសង់​រូប​សំណាក​ទីនោះ។
រូប​សំណាក​ព្រះនាង​គង់ស៊ីអ៊ីម សៀមរាប ៦២០
រូប​សំណាក​ព្រះនាង​គង់ស៊ីអ៊ីម ទទឹង​ជាង ១​ម៉ែត្រ និង​កម្ពស់ ៤​ម៉ែត្រ ត្រូវ​ជនជាតិ​វៀតណាម លួច​សង់​នៅ​ភូមិ​ផ្ចឹកជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥ ផ្ដល់​ដោយ​ការិយាល័យ​ធម្មការ និង​សាសនា ខេត្ត​សៀមរាប

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ប្រាប់​ថា គាត់​បាន​ដឹង​ពី​រឿង​ជនជាតិ​វៀតណាម ចូល​ទៅ​សាងសង់​រូប​សំណាក​ទីនោះ​រយៈពេល ៥​ខែ​ហើយ។ ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ថា គាត់​បាន​ដឹង​រឿង​ជនជាតិ​វៀតណាម ចូល​ទៅ​សង់​រូប​សំណាក​ទីនោះ​តាម​រយៈ​មន្ត្រី​យោធា​ម្នាក់ ដែល​មាន​ដី​ចម្ការ​នៅ​ម្ដុំ​ភូមិសាស្ត្រ​អូរអាកុក ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ប្រាប់​ទៅ​មនុស្ស​ជាច្រើន គឺ​ពួក​គេ​មិន​ចាប់​អារម្មណ៍៖ «ទាហាន​នោះ​ប្រាប់​ថា ឃើញ​យួន ទៅ​បោះ​ជំរំ ហើយ​យក​អំណោយ​ទៅ​ចែក​អ្នក​ស្រុក ហើយ​គេ​ទៅ​តាំង​សីល​ភាវនា​អី។ វា​នៅ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម មាន​ឡាន​ក្រុង​ឡាន​អី​គេ​ចូល​ទៅ​លេង​គ្នា​គេ​ដល់​កន្លែង​នោះ​ឯង»
អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទៅ​សាងសង់​រូប​សំណាក​សក្ការបូជា ថែម​ទាំង​មិន​ដឹង​អ្វី​សោះ​នោះ។
អភិបាល​រង​ខេត្ត​សៀមរាប លោក ប៊ុន ថាឬទ្ធិ មាន​ប្រសាសន៍​ថា កាល​ពី ២​ថ្ងៃ​មុន ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​បញ្ជូន​កម្លាំង​ទៅ​ដល់​កន្លែង​នោះ ហើយ​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម ៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​នោះ​មក​សាកសួរ។ ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ៤​នាក់​នោះ គឺ ២​នាក់​មាន​លិខិត​ឆ្លង​ដែន ចំណែក ២​នាក់​ទៀត​មាន​តែ​អត្តសញ្ញាណប័ណ្ណ​វៀតណាម។ ទោះ​យ៉ាង​ណា សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​បញ្ជូន​ជនជាតិ​វៀតណាម ទាំង ៤​នាក់ បន្ត​ទៅ​នាយកដ្ឋាន​ជន​បរទេស​ឯ​ទីក្រុង​ភ្នំពេញ​ហើយ។
ពាក់ព័ន្ធ​នឹង​កន្លែង​សង់​រូប​សំណាក​សក្ការបូជា​វិញ​នោះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ត្រឹម​តែ​ផ្អាក​ជា​បណ្ដោះអាសន្ន ហើយ​កំពុង​រង់ចាំ​ការ​សម្រេច​ពី​អភិបាល​ខេត្ត​ថា តើ​ត្រូវ​វាយ​បំផ្លាញ ឬ​ក៏​យ៉ាង​ណា?៖ «រឿង​នេះ​ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ជូន​អភិបាល​ខេត្ត ហើយ​មិញ​នេះ គាត់​ទើប​តែ​ចុះ​ពី​លើ​យន្តហោះ​មក​ពី​ប្រជុំ អ៊ីចឹង​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ ខ្ញុំ​នឹង​ដាក់​ជូន​គាត់។ ខ្ញុំ​គិត​ថា យើង​អាច​បិទ​មិន​ឲ្យ​មាន​ការ​សាងសង់​ទៀត​ទេ»
អាជ្ញាធរ​ខេត្ត​សៀមរាប អះអាង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខេត្ត​នេះ​មាន​ករណី​ជនជាតិ​វៀតណាម បាន​ចូល​ទៅ​សាងសង់​រូប​សំណាក​សក្ការបូជា​នៅ​តំបន់​ដាច់​ស្រយាល​ដោយ​លួចលាក់ និង​គ្មាន​អាជ្ញាធរ​ណា​ដឹង​ឮ​ទាល់​តែ​សោះ​នោះ៕

No comments: