A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 June 2015

Sam Rainsy to request the government to cancel (illegal) ownership of coastal lands by powerful government officials លោក សម រង្ស៊ី ថា​នឹង​ស្នើ​ឲ្យ​លុប​កម្មសិទ្ធិ​ដី​ឆ្នេរ​ឬ​កោះ​ពី​មន្ត្រី​មាន​អំណាច​បើ​សិន​ឈ្នះ​ឆ្នោត

ដោយ ដែន អយុធ្យា

2015-06-16
របង​ព័ទ្ធ​ឆ្នេរ​ខេត្ត​ព្រះសីហនុ ៦២០
របង​ដែក​ហ៊ុមព័ទ្ធ​នៅ​ឆ្នេរ​សុខា ឬ​ឆ្នេរ​កន្ទុយនាគ របស់​សណ្ឋាគារ សុខា ប៊ិច (Sokha Beach Hotel) នា​សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Den Ayuthyea

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង មាន​គម្រោង​ស្នើ​ឲ្យ​លុប​ចោល ឬ​មោឃភាព​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​លើ​ដី​ឆ្នេរ​សមុទ្រ ព្រែក ឬ​ដី​កោះ​មួយ​ចំនួន ដែល​ក្រុម​ឈ្មួញ​មាន​ទ្រព្យ​ធន​កាន់​កាប់​ដោយ​ខុស​ច្បាប់។ សារ​ព្រមាន​នេះ កើត​មាន​ក្រោយ​ពេល​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ ពេល​បច្ចុប្បន្ន ត្រូវ​ឈ្មួញ និង​អ្នក​មាន​អំណាច ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ និង​ហ៊ុមព័ទ្ធ​របង​ថ្ម​មិន​ឲ្យ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​បាន​ទេ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ប្រាប់​ពិភពលោក ជាពិសេស​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ថា​នៅ​ពេល​គណបក្ស​នេះ​ជាប់​ឆ្នោត​ដឹក​នាំ​ប្រទេស នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រំលោភ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ដូច​រាជ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ទៀត​ទេ។
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ថា ត្រូវ​មាន​ក្តី​សង្ឃឹម ហើយ​ចូលរួម​តស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន មាន​ដូចជា ដី​ឆ្នេរ​សមុទ្រ ដី​កោះ បឹង ស្ទឹង និង​ព្រែក ជាដើម ដែល​ត្រូវ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ៖ «យើង​នឹង​ទាមទារ​មក​វិញ​នូវ​ដី​ឆ្នេរ​សមុទ្រ ឬ​បឹង​ព្រែក​ទប់ និង​ទីកន្លែង​ផ្សេងៗ​ទៀត​ដែល​ជា​សម្បត្តិ​សាធារណៈ​ទាំងឡាយ ដែល​ជន​ខិលខូច​ជន​ពុក​រលួយ បាន​យក​ទៅ​លក់​ដោយ​ខុស​ច្បាប់។ យើង​នឹង​ទាមទារ​មក​វិញ។ ទ្រព្យ​សម្បត្តិ​ជាតិ គឺ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ជាតិ ហើយ​ទ្រព្យ​សម្បត្តិ​ប្រជារាស្ត្រ នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជារាស្ត្រ​វិញ​ឲ្យ​ទាល់​តែ​បាន»
បន្ថែម​លើ​នេះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ក៏​នឹង​លើក​យក​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​តាម​មាត់​សមុទ្រ ដី​កោះ ភ្នំ បឹង និង​ព្រែក ជាដើម នា​ខេត្ត​ព្រះសីហនុ ទៅ​ជជែក​ជាមួយ​ដៃគូ​សន្ទនា​របស់​លោក គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឈាន​ដល់​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។
សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Rann Samnang

សារ​ព្រមាន​របស់ លោក សម រង្ស៊ី ពេល​នេះ ស្រប​ពេល​លោក​ធ្វើ​ដំណើរ​ចុះ​ទៅ​តំបន់​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ហើយ​បាន​ឃើញ​ឆ្នេរ​សុខា ឬ​ឆ្នេរ​កន្ទុយ​នាគ និង​ឆ្នេរ​ផ្សេងៗ​ទៀត ត្រូវ​គេ​យក​ស័ង្កសី ឬ​របង​ថ្ម​ហ៊ុមព័ទ្ធ​ជិត មិន​ឲ្យ​មនុស្ស ឬ​ភ្ញៀវ​ទេសចរ​អាច​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​ងូត​ទឹក​កម្សាន្ត​តាម​ឆ្នេរ​ទាំង​នោះ​បាន​ដូច​មុន​ទៀត​ទេ។

សកម្មភាព​យក​របង​ដែក​ហ៊ុមព័ទ្ធ​ដី​តំបន់​ឆ្នេរ​សុខា ឬ​ឆ្នេរ​កន្ទុយ​នាគ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទៅ​លើ​ដៃ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច ដូច​ឆ្នេរ​អារីស្តុន និង​ឆ្នេរ​ដទៃ​ទៀត ហើយ​ស្នើ​ឲ្យ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​តាមដាន និង​មាន​វិធានការ​ទប់ស្កាត់​ជា​មុន។
ត្រង់​ចំណុច​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​កំពុង​អង្កេត​តាមដាន​រឿង​នេះ បាន​ស្នើ​ដល់ លោក ឈិត សុខុន ដែល​បាន​ជាប់​ពាក់ព័ន្ធ​ការ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ហ៊ុមព័ទ្ធ​របង​នៅ​ឆ្នេរ​សុខា ឬ​ឆ្នេរ​កន្ទុយ​នាគ ដើម្បី​ស្ថាបនា​ឆ្នេរ ឬ​អភិវឌ្ឍ​លើ​គម្រោង​ផ្សេងៗ គួរ​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព​រំលោភ​ដី​ឆ្នេរ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​កើត​មាន​ជា​បន្តបន្ទាប់ និង​គ្មាន​ការ​ទប់ស្កាត់។
លោក ប៊ួន ណារិទ្ធ ថ្លែង​ថា កន្លង​មក​ដី​នៅ​តំបន់​កន្ទុយ​នាគ គឺ​មាន​សែស្រឡាយ​មន្ត្រី​មាន​តួនាទី​ដឹក​នាំ​ក្រុង និង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​តំបន់​ឆ្នេរ​សុខា ជា​បន្តបន្ទាប់ ហើយ​ពួក​គេ​បន្ត​មាន​មហិច្ឆតា​ចង់​បាន​ដី​តំបន់​ឆ្នេរ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ៖ «ពាក់ព័ន្ធ​ការ​ធ្វើ​សួនច្បារ​នៅ​កន្ទុយ​នាគ​នេះ ខ្ញុំ​គិត​ថា មិន​ចាំបាច់​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​នោះ​ទេ គឺ​អាច​ស្ថាបនា​សួនច្បារ​នេះ​ដោយ​ចំហ។ ការ​ធ្វើ​សួន​នេះ គឺ​នៅ​ចំ​ទីតាំង​ដី​ដែល​កូន​អ្នក​មាន​អំណាច​ពីរ​នាក់ ធ្លាប់​សុំ​ច្បាប់​កម្មសិទ្ធិ។ ដូច្នេះ​ខ្ញុំ​គិត​ថា ដី​ឆ្នេរ​មួយ​នេះ​អាច​នឹង​ត្រូវ​បាត់បង់​បន្ត​ទៀត។ សំណូមពរ​ដល់ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​ដី​តំបន់​ឆ្នេរ​កន្ទុយ​នាគ​នេះ ព្រោះ​បើ​ព័ទ្ធ​របង​ហើយ គឺ​មិន​ងាយ​រុះរើ​វិញ​នោះ​ទេ ដូច​នៅ​ឆ្នេរ​អារីស្តុន ជា​ឧទាហរណ៍​ជាដើម»
ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ថ្លែង​រិះគន់​រាល់​ការ​ឃុបឃិត ឬ​បង្កើត​ឲ្យ​មាន​ការ​រំលោភ​ទ្រព្យ​សម្បត្តិ​រដ្ឋ មាន​ដី​ឆ្នេរ ជាដើម បាន​បន្ត​កើត​មាន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។ លោក​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ដី​ភ្នំ បឹង ស្ទឹង ព្រែក កោះ ឬ​ដី​ឆ្នេរ​សមុទ្រ ជាដើម គឺ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​មិន​ត្រូវ​ឲ្យ​មាន​សកម្មភាព​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ និង​ត្រូវ​រួម​គ្នា​ថែរក្សា​ឲ្យ​គង់វង្ស។ លោក​ស្នើ​ឲ្យ​លោក​អភិបាល​ខេត្ត​ព្រះសីហនុ គួរ​ពិនិត្យ​តាមដាន​ចំពោះ​លិខិត​អនុញ្ញាត​របស់​លោក​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន ឲ្យ​មាន​ការ​ស្ថាបនា ឬ​អភិវឌ្ឍ​អ្វី​មួយ ត្រូវ​តាម​ដាន​ឲ្យ​បាន​ដិតដល់​ជា​មុន មុន​នឹង​ផ្តល់​ច្បាប់​អនុញ្ញាត៖ «កន្លង​មក​ដី​នៅ​ឆ្នេរ​កន្ទុយ​នាគ​ហ្នឹង​មាន​មន្ត្រី​ធ្វើ​ការ​នៅ​សាលា​ខេត្ត និង​ក្រុង​ព្រះសីហនុ បាន​ស្នើសុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ម្តង​រួច​ហើយ ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ពី​អាជ្ញាធរ​សាលា​ខេត្ត​នេះ​មួយ​ចំនួន ហើយ​ក៏​ត្រូវ​ខកខាន​ទៅ​វិញ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខាង​ក្រុមហ៊ុន​សណ្ឋាគារ​សុខា ក៏​បាន​ស្នើសុំ​អភិវឌ្ឍ ឬ​ជួសជុល​សួនច្បារ​តំបន់​កន្ទុយ​នាគ​នេះ​ឡើង​វិញ។ បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​តែ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ឯកជន ឬ​ក្រុមហ៊ុន​សាងសង់​ទីកន្លែង​ណា​មួយ ដើម្បី​ជៀសវាង​អនុញ្ញាត​ឲ្យ​សាងសង់​សួនច្បារ ប៉ុន្តែ​ចុង​ក្រោយ​ក្លាយ​ទៅ​ជា​សណ្ឋាគារ ឬ​ក្លាយ​ទៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន។ សំណួរ​សួរ​ថា តើ​ខេត្ត​ហ៊ាន​ទទួល​ខុស​ត្រូវ​ទេ​នៅ​ថ្ងៃ​ក្រោយ បើ​សិន​ជា​ដី​នៅ​តំបន់​កន្ទុយ​នាគ​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន និង​ក្លាយ​ទៅ​ជា​សំណង់​រឹង​មាំ​នោះ»
ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥ បាន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា ឡាវ កាង មាន​លំនៅឋាន​ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ ដែល​បាន​ស្នើ​បើក​ការដ្ឋាន និង​ហ៊ុមព័ទ្ធ​ការដ្ឋាន ដើម្បី​រៀបចំ​ធ្វើ​សួនច្បារ​កន្ទុយ​នាគ សណ្ឋាគារ​សុខា ប៊ិច មាន​ទីតាំង​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ។
សំណើ​នេះ លោក ឈិត សុខុន បញ្ជាក់​ក្នុង​លិខិត​ដោយ​យោង​តាម​ពាក្យ​ស្នើសុំ​របស់ លោក ឡាវ កាង និង​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខា អូតែល រៀបចំ​សួនច្បារ​កន្ទុយ​នាគ​នា​ពេល​កន្លង​មក រូប​លោក​មិន​ជំទាស់​ទេ។ តប​តាម​កម្មវត្ថុ និង​យោង​ខាង​លើ លោក ឈិត សុខុន បាន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា ឡាវ កាង ដែល​ស្នើសុំ​បើក​ការដ្ឋាន និង​ហ៊ុមព័ទ្ធ​ការដ្ឋាន រៀបចំ​សួនច្បារ​កន្ទុយ​នាគ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​សោភ័ណភាព​ខេត្ត​ព្រះសីហនុ តាម​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ស្អាត រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​ជា​គោលការណ៍ ដោយ​តម្រូវ​ឲ្យ លោក ឡាវ កាង កំណត់​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​បិទ​ផ្សាយ​អំពី​គម្រោង​ប្លង់​រៀបចំ​កែលំអ​សួនច្បារ​កន្ទុយ​នាគ​នៅ​ការដ្ឋាន ហើយ​ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ។ នៅ​ចុង​បញ្ចប់​លិខិត​របស់ លោក ឈិត សុខុន លោក​ក៏​បាន​ស្នើ​ដល់ លោក ឡាវ កាង ត្រូវ​តែ​អនុវត្ត​តាម​ខ្លឹមសារ​របស់​សាលា​ខេត្ត​ព្រះសីហនុ ដែល​បាន​អនុញ្ញាត ឬ​ផ្តល់​ជូន​ឲ្យ​មាន​ប្រសិទ្ធភាព។
បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នឹង​មិន​ឲ្យ​មាន​សកម្មភាព​រំលោភ​កាន់​កាប់​ដី​នៅ​តាម​ឆ្នេរ ឬ​មាត់​សមុទ្រ បឹង ព្រែក កោះ ឬ​ដី​ភ្នំ ជាដើម កើត​មាន​ខុស​ច្បាប់​នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក​ទៀត​ទេ ហើយ​ថា រាល់​សេចក្តី​សម្រេច​ផ្សេងៗ​ដែល​សាលា​ខេត្ត​បាន​អនុវត្ត​ស្រប​តាម​ច្បាប់ ឬ​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ត្រឹមត្រូវ។
ប៉ុន្តែ​ការ​អះអាង​របស់ លោក ឈិត សុខុន ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ពោល​ចំអក​ថា គ្មាន​ប្រសិទ្ធភាព​ទេ ហើយ​សកម្មភាព​របស់​ឈ្មួញ​ជីក​កកាយ​ដី​ភ្នំ ដើម្បី​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ​នៅ​ម្តុំ​ឆ្នេរ​កំពេញ ឬ​ចាក់​ដី​រំលោភ​យក​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​មាត់​បឹង​ព្រែក​ទប់ និង​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​លេខ​៧០ និង​លេខ​៧៦ នៅ​តំបន់​ក្បាលឆាយ បាន​បន្ត​កើត​មាន​មក​ដល់​ពេល​នេះ។ ជាង​នេះ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​មាន​ឋានៈ ឬ​មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ខេត្ត​នេះ​មិន​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ប្រជាពលរដ្ឋ​ក្រីក្រ​វិញ បើ​ហ៊ាន​តែ​កាប់​ឈើ​នៅ​តំបន់​រដ្ឋ​ហាម​ឃាត់​ត្រឹម​មួយ​ដើម ឬ​ពីរ​ដើម ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ច្រវាក់​មក​ដល់​ពេល​នេះ មិន​ទាន់​ដោះ​លែង​ទេ។ ប៉ុន្តែ​បើ​អ្នក​មាន​អំណាច​វិញ ពួក​គេ​អាច​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទេ​សព្វថ្ងៃ​នេះ។
ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ ត្រង់​ជំពូក​ទី​៥ មាត្រា​៥៨ បាន​ចែង​ថា ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជាអាទិ៍ ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ បាត​សមុទ្រ ក្រោម​បាត​សមុទ្រ ឆ្នេរ​សមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ​ឈើ ធនធាន​ធម្មជាតិ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស និង​សំណង់​ផ្សេងៗ​ទៀត ត្រូវ​បាន​កំណត់​ថា​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ដូច្នេះ រាល់​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ នឹង​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់៕

No comments: