A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 June 2015

Sam Rainsy to raise the issue of the illegal sales of public land in Sihanoukville with Hun Sen លោក សម រង្ស៊ី នឹង​យក​ករណី​លក់​ដី​រដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ជជែក​ជាមួយ​លោក ហ៊ុន សែន

ដោយ ដែន អយុធ្យា

2015-06-18
ជម្លោះ​ដីធ្លី​ក្បាល​ឆាយ ព្រះសីហនុ ៦២០
ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​រក្សា​ទុក​ជា​ប្រភព​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Den Ayuthyea

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ត្រៀម​លើក​យក​ករណី​សមាជិក​ក្រុមប្រឹក្សា​ខ្លះ​នៃ​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ឋិត​ក្នុង​តំបន់​របស់​រដ្ឋ​ហាម​ឃាត់​មិន​ឲ្យ​លក់​ដូរ​នៅ​តំបន់​ក្បាល​ឆាយ ទៅ​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល។
មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ចោទ​ថា បច្ចុប្បន្ន​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ត្រូវ​សាច់ញាតិ ឬ​ក្រុម​គ្រួសារ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពុះ​ច្រៀក​ជា​ឡូ​លក់​ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ។
បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ផ្ទាល់​មាត់​ពី​មន្ត្រី​សង្គម​ស៊ីវិល ជាពិសេស​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ថា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​ក្បាល​ឆាយ​នោះ។ ក្រុម​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទៅ​លោក​ថា លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​សាច់ញាតិ ប្រពន្ធ​កូន​របស់​គាត់ ស្ថិត​នៅ​ពី​ក្រោយ​បទល្មើស​កាប់​ទន្ទ្រាន​ព្រៃ​ឈើ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ មាន​ទីតាំង​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​លក់​ដូរ​អនាធិបតេយ្យ៖ «នេះ​ជា​អំពើ​មិន​ប្រក្រតី ហើយ​ខ្ញុំ​នឹង​តាមដាន​ជាមួយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​គណៈកម្មការ​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​រដ្ឋសភា ដើម្បី​ឈាន​ដល់​ស៊ើប​អង្កេត និង​តាមដាន​រឿង​កាប់​ព្រៃ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ប្រភព​ទឹក​ស្អាត​រដ្ឋ​ហាម​ឃាត់ ឈាន​ដល់​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ»
សម រង្ស៊ី ហ៊ុន សែន ៦២០
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។ RFA/Hang Savyouth

ត្រង់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ មាន​រដ្ឋបាល​ព្រៃ​ឈើ ជាដើម ពិសេស លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្តោយ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាប់​ព្រៃ​ពុះ​ច្រៀក​ដី​ជា​ឡូ​លក់​ដូរ​អនាធិបតេយ្យ លើ​ដី​អនុក្រឹត្យ​លេខ​៧៦ ដោយ​គ្មាន​ការ​ហាម​ឃាត់​គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុនា។
មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ភរិយា​ឈ្មោះ លោកស្រី កោ សុផានី និង​គូកន​ជា​បុគ្គល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​នេះ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​កើត​ហេតុ កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា ថ្លែង​ថា សកម្មភាព​នេះ​ជា​រូបភាព​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​នេះ ហាក់​មិន​ញញើត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​មក​ទប់ស្កាត់​ទេ ហើយ​អាច​ទំនង​ជា​មាន​មន្ត្រី​ស្ថាប័ន​ខ្លះ​នា​ខេត្ត​ព្រះសីហនុ មាន​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ឬ​មន្ត្រី​ថែរក្សា​ដី​តំបន់​ក្បាល​ឆាយ ជា​អ្នក​រួម​គំនិត​លក់​ដូរ​ដី​អនុក្រឹត្យ​នេះ។
លោក ប៊ួន ណារិទ្ធ បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ថា​មិន​គួរ​អនុវត្ត​ច្បាប់​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី ឬ​កាប់​ព្រៃ​រដ្ឋ​ហាម​ឃាត់​ដើម្បី​ធ្វើ​ជម្រក ព្រោះ​ខ្វះ​ដី​សង់​ផ្ទះ​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​បទល្មើស​ជាក់ស្តែង​ដែល​ជា​សាច់ញាតិ​របស់ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បែរ​ជា​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ​មិន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ចាប់​ទៅ​ផ្ដន្ទាទោស​ដាក់​គុក​ច្រវាក់​ដូច​ពលរដ្ឋ​សាមញ្ញ​ឲ្យ​បាន​ស្មើ​ភាព​ផង ឬ​មួយ​ជា​បក្ខពួក​ខ្លួន៖ «ការ​ទន្ទ្រាន​ពុះ​ច្រៀក​ដី​ជា​ឡូ​លក់​នៅ​តំបន់​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​ហាម​ឃាត់​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ភរិយា​របស់​គាត់ ដែល​គាត់​អះអាង​ថា គាត់​មាន​ដី​នៅ​តំបន់​នេះ និង​មាន​ប្លង់​កម្មសិទ្ធិ ហើយ​គាត់​បាន​វាស់វែង និង​ពុះ​ច្រៀក​ជា​ឡូ​លក់​បន្ត»
ចំណែក លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​តំបន់​ក្បាល​ឆាយ​នោះ​ដែរ ចាត់​ទុក​សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​រាប់​សិប​ឡូ ហើយ​មាន​ហ៊ុមព័ទ្ធ​របង​បន្លា​លួស​ផង​នោះ ថា​មាន​រូបភាព​ធ្ងន់ធ្ងរ និង​មាន​ទំហំ​ផ្ទៃដី​ច្រើន​ជាង ១០​ហិកតារ។ លោក សុខ សុខុម មើល​ឃើញ​ថា ភាគ​ច្រើន​ដី​ឡូ​ដែល​ក្រុម​គ្រួសារ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ភរិយា​ឈ្មោះ លោកស្រី កោ សុផានី បាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ លក់​ដូរ​នៅ​តំបន់​ក្បាល​ឆាយ​នេះ គឺ​មាន​សង់​ផ្ទះ​តូចៗ​ប្រក់​ស័ង្កសី​នៅ​លើ​ដី​ឡូ​មួយ​ចំនួន និង​មាន​ហ៊ុមព័ទ្ធ​របង​បន្លា​លួស និង​មាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។
លោក​បន្ត​ថា ផ្ទះ​ខ្លះ​ឃើញ​មាន​មនុស្ស​រស់នៅ និង​ផ្ទះ​ខ្លះ​ទៀត​មិន​មាន​មនុស្ស​រស់នៅ​ទេ គឺ​ត្រូវ​គេ​សង់​ព័ទ្ធ​របង​បន្លា​លួស​ទុក​ចោល ហើយ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ស័ង្កសី​ទាំង​នោះ គឺ​ភាគ​ច្រើន​មិន​មែន​ជា​ម្ចាស់​ដី​ទេ ប៉ុន្តែ​ជា​អ្នក​យាម​ចាំ​ដី​ឲ្យ​គេ។ លោក​ថា ម្ចាស់​ដី​ពិត​ប្រាកដ គឺ​មាន​អ្នក​ខ្លះ​មាន​លំនៅឋាន​រស់នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ផ្សេងៗ​ទៀត ដែល​បាន​មក​ទិញ​ដី​នៅ​តំបន់​ក្បាល​ឆាយ​នេះ។
លោក សុខ សុខុម បន្ត​ថា បទល្មើស​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់ មិន​គួរ​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ពិសេស លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៖ «ប្រជាពលរដ្ឋ​បាន​ដី​សង់​ផ្ទះ​នៅ​តំបន់​ក្បាល​ឆាយ ឬ​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ នេះ គឺ​បាន​ដោយសារ​លោក​ជំទាវ កោ សុផានី ភរិយា​របស់ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ជា​អ្នក​កាត់​ចែក​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​សង់​ផ្ទះ​នៅ​តំបន់​នោះ។ បញ្ហា​នេះ​ចំពោះ​ផ្លូវ​ច្បាប់ គឺ​មិន​អាច​ឲ្យ​បុគ្គល​មាន​ឋានៈ​ថ្នាក់​ណា​ក៏ដោយ មិន​អាច​មក​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ទេ។ ដូច្នេះ​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ចុះ​មក​ស្រាវជ្រាវ​ជា​បន្ទាន់ ឬ​ហៅ​ភាគី​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​លក់​ដូរ មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ហើយ​ប្រាប់​ឲ្យ​ដក​ខ្លួន​ចេញ កុំ​ឲ្យ​ពាក់ព័ន្ធ​ដី​រដ្ឋ»
បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា ដើម្បី​លុប​លាង ឬ​លាក់​បាំង​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​នេះ បច្ចុប្បន្ន​ក៏​មាន​ចលនា​បំផុស​បែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​សង់​ផ្ទះ មាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​គ្រួសារ ឲ្យ​មក​សង់​ផ្ទះ​នៅ​តំបន់​នេះ​ថែម​ទៀត។
ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ទទួល​ចំណែក​ដី​នៅ​តំបន់​អនុក្រឹត្យ​លេខ​៧៦ នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​ទៅ​តំបន់​នោះ​ថា ដី​នេះ​ត្រូវ​ប្រពន្ធ​កូន លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​តំណែង​សព្វថ្ងៃ​នេះ​ជា​អ្នក​ចែក​ឲ្យ និង​កាប់​ដើម​ឈើ​នៅ​ទីតាំង​នោះ​ធ្វើ​ផ្ទះ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី ព្រោះ​ពួក​គាត់​គ្មាន​ដី​សង់​ផ្ទះ ឬ​ដី​កសិកម្ម។
ទោះ​យ៉ាង​ណា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា ថា សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ​ឈើ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ លក់​ដូរ​ជា​ឡូៗ​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា ករណី​នេះ​លោក​បាន​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ល្មើស​នេះ​មក​សាកសួរ​ម្តង​រួច​ហើយ។ ប៉ុន្តែ​លោក​ក៏​មាន​ចម្ងល់​ថា ហេតុ​អ្វី​សកម្មភាព​នេះ​នៅ​តែ​បន្ត​កើត​មាន​ទៀត។
លោក ឈិត សុខុន ថ្លែង​ថា នឹង​ចាត់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​នៅ​តំបន់​នោះ។ តែ​ទោះ​យ៉ាង​នេះ​ក្តី លោក​អភិបាល​ខេត្ត​មិន​បាន​បញ្ជាក់​ពី​វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​បទល្មើស​យ៉ាង​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ប្រកាស​មិន​ទទួល​ខុស​ត្រូវ ឬ​មិន​ទទួល​ស្គាល់​រាល់​ការ​ខាតបង់​ចំពោះ​អ្នក​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ទេ៖ «បញ្ហា​នេះ​ខ្ញុំ​បាន​ហៅ​គាត់​ឲ្យ​មក​ជួប​ហើយ ឲ្យ​ឈប់​ធ្វើ​សកម្មភាព​នេះ​ម្តង​រួច​មក​ហើយ ហេតុ​អ្វី​ក៏​នៅ​បន្ត​ធ្វើ​សកម្មភាព​កាប់​រុករាន​ជា​បន្ត​ទៀត។ ចាំ​ខ្ញុំ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ទៅ​ពិនិត្យ​ដល់​ទីតាំង​កើត​មាន​បញ្ហា»
ទាក់ទិន​បញ្ហា​នេះ លោក ឌី សុខុម ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ព្រះសីហនុ និយាយ​ថា លោក​បាន​ដឹង​ឮ​លើ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​នេះ​ដែរ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​ក្រុម​ចម្រុះ ដែល​ទទួល​មើល​ការ​ខុស​ត្រូវ​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ​នេះ​ទៅ​វិញ៖ «រឿង​ហ្នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ការងារ​ចម្រុះ​របស់​សាលា​ខេត្ត​ព្រះសីហនុ កំពុង​ពិចារណា​ថា ត្រូវ​អនុវត្ត ឬ​ក៏​ធ្វើ​អ្វី​បន្ត​ទៀត​លើ​ករណី​កាប់​ព្រៃ និង​ពុះ​ច្រៀក​ដី​ជា​ឡូ​លក់​ដូរ​លើ​ដី​អនុក្រឹត្យ​រដ្ឋ​បាន​ហាម​ឃាត់​នេះ។ ព្រោះ​បញ្ហា​នេះ គឺ​ជា​ករណី​ពិសេស​ចាំបាច់​មួយ ដែល​ត្រូវ​យើង​មាន​ការ​ប្រយ័ត្នប្រយែង មុន​នឹង​ត្រូវ​មាន​វិធានការ​អ្វី​មួយ​ទៅ​លើ​បញ្ហា​នេះ។ ករណី​នេះ អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ​បាន​ដឹង​ឮ​រឿង​នេះ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មាន​ក្រុម​ចម្រុះ និង​អ្នក​ច្បាប់ បាន​ប្រចាំ​ការ​នៅ​តំបន់​ក្បាល​ឆាយ ដើម្បី​ថែរក្សា​ព្រៃ និង​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​នេះ»
យ៉ាង​ណា​ក៏ដោយ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ដែល​រង​ការ​ចោទ​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ​ដើម្បី​លក់​ដូរ​បន្ត​ជាង ១០​ហិកតារ​នោះ បាន​បដិសេធ​ថា ក្រុម​គ្រួសារ​លោក ឬ​ក៏​រូប​លោក​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​នោះ​ទេ៖ «ខ្ញុំ​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​កាប់​ដើម​ឈើ​នៅ​លើ​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​នៅ​តំបន់​ក្បាល​ឆាយ​ហ្នឹង​ទេ»
ជម្លោះ​ដីធ្លី​ក្បាល​ឆាយ ព្រះសីហនុ ៦២០
ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​រក្សា​ទុក​ជា​ប្រភព​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Den Ayuthyea

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ពិសេស​ប្រជាពលរដ្ឋ​មាន​ផ្ទះ​ស្ថិត​ក្នុង​សង្កាត់​លេខ១ ជាពិសេស​ពលរដ្ឋ​ដែល​បាន​ទិញ​ដី​ឡូ​នៅ​មូលដ្ឋាន​នេះ បាន​អះអាង​ថា លោក សូ ជុងហ៊ួរ និង​ភរិយា​ឈ្មោះ កោ សុផានី ជា​អ្នក​ពុះ​ច្រៀក​លក់​ដី​ឡូ​មាន​ទីតាំង​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​លេខ១ ខេត្ត​ព្រះសីហនុ ពិត​មែន។ ពលរដ្ឋ​ថ្លែង​ថា ករណី​ទិញ​លក់​នេះ សូម្បី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​ប្រឆាំង​ក៏​បាន​ដឹង​ឮ​រឿង​នេះ​ដែរ ហើយ​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា ក៏​ឃើញ​មាន​វត្តមាន លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​វត្តមាន​នៅ​ទីតាំង​មាន​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​ជា​ឡូ​លក់​ដូរ​អនាធិបតេយ្យ​នេះ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា វត្តមាន​របស់​មន្ត្រី​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ចុះ​ទៅ​តំបន់​នោះ​ទាក់ទង​រឿង​អ្វី​នោះ​ទេ។
បញ្ហា​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា ក្រៅ​ពី​មាន​សមាជិក​ក្រុមប្រឹក្សា​ខ្លះ​នៃ​ខេត្ត​ព្រះសីហនុ ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ដែល​រដ្ឋាភិបាល​រក្សា​ទុក​ជា​តំបន់​ប្រភព​ទឹក​ស្អាត​នោះ ក៏​នៅ​មាន​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ច្រើន​ទៀត​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ ទុក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដែរ។
ត្រង់​ចំណុច​នេះ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ព្រមាន​ថា អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​ទុក​ធ្វើ​ជា​ប្រភព​ទឹក​ស្អាត​នា​តំបន់​ក្បាល​ឆាយ ត្រូវ​តែ​នាំ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​ព្រហើន​ហ៊ាន​ល្មើស​នឹង​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ចេញ ឬ​ក៏​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ៕

1 comment:

Kim Ea said...

The irresponsibility of the provincial authority of all branchs, plus the corruption of all kind rule this country . The rich use money to buy power and influence, they don't really care about this nation law. Anarchic behavior of the outlaw culprit can exist, because they have strong big man backup them behind the scene .