A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 June 2015

Sam Rainsy determined to follow Chea Sim's last wish (which is to see the unity of all Khmer people) លោក សម រង្ស៊ី ប្ដេជ្ញា​ធ្វើ​តាម​បណ្ដាំ​របស់​លោក ជា ស៊ីម

ដោយ ថា កិត្យា
2015-06-11
សម រង្ស៊ី គោរព​វិញ្ញាណក្ខន្ធ​ ជា ស៊ីម ៦២០
លោក សម រង្ស៊ី (រូប​ជួរ​មុខ ឆ្វេងដៃ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​សមាជិក​សមាជិក​របស់​ខ្លួន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Tha Kitya

ក្រុម​អ្នក​នយោបាយ​ដែល​ចូល​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅ​ថ្ងៃ​ទី​១១ មិថុនា រួម​ទាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង ប្ដេជ្ញា​ដើរ​តាម​បណ្ដាំ​របស់ លោក ជា ស៊ីម ដែល​ចង់​ឃើញ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​រុងរឿង​ដូច​អរិយ​ប្រទេស​ដទៃ​ទៀត។
បើ​ទោះ​បី​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ផ្សេងៗ នៅ​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ប្រវត្តិ​នៃ​ការ​ដឹកនាំ​របស់ លោក ជា ស៊ីម កន្លង​មក។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​បក្ស​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​តាម​ការ​ផ្តាំ​ផ្ញើ​របស់​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ ដែល​ប្រាថ្នា​ចង់​ឲ្យ​ខ្មែរ ជាពិសេស​អ្នក​នយោបាយ​ទាំងអស់​ចេះ​ស្រឡាញ់​គ្នា និង​បង្រួប​បង្រួម​គ្នា ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ឲ្យ​មាន​សុខ​សន្តិភាព និង​រុងរឿង​ថ្កំថ្កើង៖ «បណ្ដាំ​របស់​លោក គឺ​យើង​នឹង​ខិតខំ​រួបរួម​ខ្មែរ​ទាំងអស់ អ្នក​ស្នេហា​ជាតិ​ទាំងអស់ ដើម្បី​ការពារ​ទឹក​ដី​ឲ្យ​បាន​គង់វង្ស និង​រៀបចំ​ប្រទេស​យើង​ឲ្យ​បាន​ល្អ​ប្រសើរ រុងរឿង​ដូច​អរិយ​ប្រទេស​ក្នុង​ពិភពលោក»
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ដែរ​ថា លោក ជា ស៊ីម និង​សម្ដេច​ព្រះ​នរោត្តម សីហនុ គឺ​ជា​វីរជន​ដូច​គ្នា ដែល​បាន​បង្ហាញ​ពី​ឧត្តម​គតិ​រួបរួម​ជាតិ និង​ស្នេហា​ជាតិ​បន្ទាប់​ពី​ឆ្នាំ​១៩៩៣។

ជាមួយ​គ្នា​នេះ ក្រោយ​ដឹក​នាំ​គណៈ​ប្រតិភូ​បក្ស​ចូល​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ​នោះ អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ប្រាប់​អ្នក​កាសែត​ថា លោក ជា ស៊ីម គឺ​ជា​រដ្ឋ​បុរស​ផង និង​ជា​អ្នក​មាន​ចិត្ត​មនុស្សធម៌​ផង ដែល​បាន​បន្សល់​ទុក​នូវ​គំរូ​ជាច្រើន​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ៖ «សម្ដេច ជា ស៊ីម បាន​បន្សល់​ទុក​នូវ​គំរូ​មនុស្សធម៌​និយម​ជាច្រើន​សម្រាប់​សង្គម​កម្ពុជា មិន​តែ​ប៉ុណ្ណោះ សម្ដេច ជា ស៊ីម ក៏​ជា​រដ្ឋ​បុរស​មួយ​រូប​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចារ​ទុក​ចំពោះ​ការងារ​បម្រើ​ជាតិ សាសនា និង​ព្រះ​រាជបល្ល័ង្គ ដែល​សម្ដេច​បាន​ធ្វើ​កន្លង​មក​នេះ»
នៅ​ថ្ងៃ​ទី​១១ មិថុនា ក៏​មាន​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ជាច្រើន បាន​ចូល​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ។
លោក ជា ស៊ីម គឺ​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​សម័យ​កាល​ជាច្រើន​ក្នុង​ឆាក​នយោបាយ​កម្ពុជា។ ជា​រួម ក្នុង​រយៈពេល ៣៦​ឆ្នាំ​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ លោក ជា ស៊ីម បាន​កាន់​តំណែង​សំខាន់ៗ​ជាច្រើន។ លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​តំណាង​រាស្ត្រ ជា​ប្រធាន​រដ្ឋសភា ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា រួម​នឹង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី ចាប់​ពី​ឆ្នាំ​១៩៩៩ រហូត​មក​ដល់​ឆ្នាំ​២០១៥ នេះ។
សព លោក ជា ស៊ីម នឹង​ត្រូវ​បូជា​នៅ​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥។ មេរុ​បូជា​សព​មាន​ទំហំ ២៤​ម៉ែត្រ គុណ​នឹង ២៤​ម៉ែត្រ និង​កម្ពស់ ២១​ម៉ែត្រ មាន ៣​ថ្នាក់៕

No comments: