A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 June 2015

Opposition MPs urge the government to develop border areas to prevent border encroachments by neighboring countries មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន

ដោយ តាំង សារ៉ាដា


2015-06-18
អ៊ុំ សំអាន ព្រំដែន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​អភិវឌ្ឍ​​តំបន់​ព្រំដែន​ឲ្យ​មាន​ការ​ជឿនលឿន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង។ ជាមួយ​គ្នា​នេះ មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ជា​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ព្រំដែន​ខ្លះ។
អ្នក​ណា​ក៏​ដឹង​ដែរ​ថា ព្រំដែន​ខ្មែរ​ទាំង​ខាង​លិច និង​ខាង​កើត មាន​ភាព​រខេករខាក​ទាំង​បង្គោល​ព្រំប្រទល់ ទាំង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ទាំង​វិស័យ​កសិកម្ម និង​ភាព​ខ្វះខាត​ក្នុង​ការ​បំពាក់​ប្រព័ន្ធ​ការពារ​ព្រំដែន។
ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​បារម្ភ​ថា ប្រសិនបើ​ព្រំដែន​របស់​កម្ពុជា នៅ​តែ​មាន​សភាព​ដូច​សព្វថ្ងៃ​នេះ​ទៀត នោះ​វា​ជា​ការ​បើកដៃ ឬ​ជា​ហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​អាច​លេប​ត្របាក់​ដែនដី​របស់​កម្ពុជា បាន​យ៉ាង​ងាយ។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ថ្លែង​ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន រដ្ឋាភិបាល​កម្ពុជា ត្រូវ​លើក​ទឹក​ចិត្ត​ដល់​ទាហាន​ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​ថែម​ទៀត ទាំង​សម្ភារៈ ថវិកា និង​ស្មារតី៖ «យើង​ត្រូវ​ធ្វើ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ជាយដែន ដូចជា​សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់​អី​ហ្នឹង​ឲ្យ​បាន​ស្អាត ដូច​នៅ​ខាង​ព្រំដែន​ថៃ អី​ហ្នឹង។ បើ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​ជាយដែន យួន​ក៏​មិន​ហ៊ាន​យក​ដី​យើង​ដែរ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​កង​កម្លាំង​ការពារ​ព្រំដែន»

​ការ​ទាមទារ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​នៅ​គ្រា​បញ្ហា​រំកិល​ព្រំដែន​របស់​ប្រទេស​វៀតណាម ចូល​ក្នុង​ទឹកដី​កម្ពុជា តែង​តែ​កើត​ឡើង​ឥត​ឈប់ឈរ។
​ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នេះ​ដែរ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា កម្ពុជា​បាន​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​ខ្លះ​ដែរ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា នៅ​តំបន់​ណា​ខ្លះ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ទទួល​ស្គាល់​ថា កម្ពុជា​ខ្សត់​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ព្រំដែន៖ «គេ​មាន​យន្តការ​គេ។ យន្តការ​ខាង​ក្រសួង​ការបរទេស​ក៏​មាន យន្តការ​របស់​គណៈកម្មការ​ព្រំដែន​ក៏​មាន​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ព្រំដែន។ យន្តការ​ទាំង​នេះ​វា​ជា​សេនាធិការ​ខាង​នីតិកម្ម និង​បច្ចេកទេស»
​ដោយសារ​ភាព​ធ្វេសប្រហែស​ក្នុង​កិច្ច​ការពារ​របង​ប្រទេស​របស់​ខ្លួន​នេះ​ហើយ​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា កម្ពុជា​នៅ​តែ​បន្ត​បាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម ស្ទើរ​រៀងរាល់​ថ្ងៃ ដូចជា​ករណី​ទាហាន​វៀតណាម បាន​ជីក​ស្រះ​ទឹក​ចំនួន ៨​កន្លែង​ក្នុង​ខេត្ត​រតនគិរី។ ករណី​ចោទ​ប្រកាន់​ថា វៀតណាម​បាន​រំកិល​ចូល​ព្រំដែន​ខ្មែរ​ក្នុង​ឃុំ​ជាំ ចំនួន ១១៦,៦​ហិកតារ និង​ការ​បាត់​ភូមិ​ខ្មែរ​ចំនួន​ពីរ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ករណី​រំលោភ​យក​ចំការ​ស្វាយចន្ទី របស់​ពលរដ្ឋ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ ករណី​បាត់​ដី​ខ្មែរ​ចម្ងាយ ១,២៧០​ម៉ែត្រ នៅ​ច្រក​ព្រំដែន​ភ្នំ​ដិន ខេត្ត​តាកែវ តាម​របាយការណ៍​របស់​លោក កែ គឹមយ៉ាន អតីត​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​ការ​បាត់​ព្រំដែន​ខ្មែរ​ប្រហែល​ជាង ១​គីឡូម៉ែត្រ​ថែម​ទៀត​នៅ​ច្រក​ព្រំដែន​តន់ហន់ ក្នុង​ខេត្ត​កំពត ជាដើម។
ទាក់ទិន​បញ្ហា​នេះ លោក អ៊ុំ សំអាន ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បំពាក់​សព្វាវុធ​ទំនើបៗ ដើម្បី​បង្កើន​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ជា​ជាង​យក​អាវុធ​យុទ្ធភណ្ឌ​ទាំង​នោះ​គ្រាន់​ទុក​ពង្រឹង​អំណាច​នៅ​ក្នុង​ទីក្រុង។
​លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ការ​បាត់បង់​ព្រំដែន​របស់​ខ្មែរ​ទាំង​នេះ គឺ​ដោយសារ​ភាព​ទន់​ខ្សោយ និង​ការ​ធ្វេសប្រហែស​របស់​កម្ពុជា ក្នុង​កិច្ចការ​ការពារ​ព្រំប្រទល់​របស់​ខ្លួន និង​ដោយសារ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដ៏​គ្រោះថ្នាក់ ដែល​ប្រែក្លាយ​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ រវាង​កម្ពុជា-​វៀតណាម ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់។​
ព្រំដែន ប៉ៃលិន ៣០៥
បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ RFA/Morm Moniroth

ជាមួយ​គ្នា​នេះ អង្គការ​ឃ្លាំមើល​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ​រក​ឃើញ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រួម​បញ្ចូល​ទាំង​កោះ​ត្រល់ ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ ប៉ិន​ប្រទេស​សិង្ហបុរី កោះ​ប៉ូឡូប៉ង់ហ្សង់ ឬ​កោះ​ក្រចកសេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ និង​បាត់​ព្រំដែន​គោក​ប្រហែល ៤​ពាន់ ទៅ ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​១៧ មិថុនា ថា ការ​បន្ត​ឈ្លានពាន​របស់​វៀតណាម មក​លើ​ព្រំដែន​របស់​កម្ពុជា គឺ​ដោយសារ​វៀតណាម ប្រើប្រាស់​ផែនទី UTM ខ្នាត ១ លើ ៥០​ពាន់ ដែល​គូរ​ជា​ឯកតោភាគី​ដោយ​សហរដ្ឋអាមេរិក ក្នុង​ពេល​សង្គ្រាម​ជាមួយ​វៀតណាម នោះ។ លោក​បន្ត​ថា ផែនទី​ដែល​ត្រឹមត្រូវ គឺ​ផែនទី​ខ្នាត ១ លើ ១០០​ពាន់ ដែល​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។
លោក ស៊ាន ប៉េងសែ បន្ត​ថា មាន​តែ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុណ្ណោះ ដែល​អាច​ជួយ​កម្ពុជា ចាក​ផុត​ពី​ការ​ត្រួតត្រា និង​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​បាន៖ «ក្មួយ​ឯង​ជ្រាប​ស្រាប់​ហើយ​ថា គ្មាន​អ្វី​ល្អ​ជាង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស នោះ​ទេ។ គឺ​ថា មិន​ងាយ​ទេ ដែល​ខ្មែរ​បាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ហ្នឹង ព្រោះ​គេ​ដឹង​ថា យួន​ហ្នឹង​វា​ចង់​បាន​ដី​យើង​តាំង​ពី​ដើម​មក គឺ​វា​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​វា​បាន​ដី​របស់​យើង​ត​ទៅ​ទៀត​តាម​ច្បាប់​អន្តរជាតិ។ ច្បាប់​អន្តរជាតិ​ហ្នឹង​គេ​ដឹង​អ៊ីចឹង​ហើយ បាន​ជា​គេ​ឲ្យ​វា​លុប​ចោទ​ទៅ​នូវ​ស្អីៗ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​តើ​ហេតុ​អី​បាន​ជា​វា​អត់​លុប​ចោល? គឺ​ថា ទេវតា​ហ្នឹង​ធ្វើ​បាប​យើង​ឲ្យ​មនុស្ស​ដូច ហ៊ុន សែន ហ្នឹង​យក​ត្រួតត្រា​ស្រុក​ខ្មែរ»
មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា បូរណភាព​ទឹកដី​របស់​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩។
ប៉ុន្តែ​លោក អ៊ុំ សំអាន បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០០ លោក វ៉ា គឹមហុង បាន​យក​ផែនទី​ចំនួន ៦៦​ផ្ទាំង​ដែល​មាន​ផែនទី SGI ខ្នាត ១/១០០.០០០ ចំនួន ២៦​ផ្ទាំង និង​ផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន​៤០​ផ្ទាំង ជា​ផែនទី​គូរ​ដោយ​កងទ័ព​អាមេរិកាំង ហើយ​ភ្ជាប់​ជាមួយ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៨៥ ទៅ​ឲ្យ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ពិនិត្យ។
​ក្រុម​អ្នក​ឃ្លាំមើល​ព្រំដែន​និយាយ​ថា ផែនទី​ទាំង​នេះ​ត្រូវ​បាន​គូរ​ឡើង​វិញ​ជា​ឯកតោភាគី​ដោយ​រដ្ឋាភិបាល​វៀតណាម នៅ​ឆ្នាំ​១៩៨៥។
ព្រឹត្តិបត្រ​ឯកសារ​ប្រចាំ​ខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា ដែល​គូសវាស​ជា​ឯកតោភាគី​ដោយ​វៀតណាម មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្ត្រ​និយម៕

No comments: