A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 June 2015

Opposition MPs reacted to the refusal by parliament president not to allow them to use the parliament building to hold a news conference តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​ប្រធាន​សភា​មិន​ឲ្យ​ធ្វើ​សន្និសីទ​កាសែត​ពី​បញ្ហា​ព្រំដែន

ដោយ សេក បណ្ឌិត


2015-06-18

អ៊ុំ សំអាន ៦២០
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រកាស​លើក​ពេល​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដោយ​គ្មាន​កាល​កំណត់។ ការ​ប្រកាស​លើក​ពេល​នេះ ដោយសារ​លិខិត​ស្នើសុំ​របស់​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បដិសេធ។
អ្នក​តំណាង​រាស្ត្រ និង​មន្ត្រី​សិទ្ធិ​មនុស្ស ប្រតិកម្ម​តប​ចំពោះ​ការ​រឹតត្បិត​របស់​ប្រធាន​រដ្ឋសភា ដែល​មិន​ឲ្យ​យក​ទីតាំង​រដ្ឋសភា​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​ពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ថ្ងៃ​ទី​១៨ មិថុនា។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ បាន​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា ដើម្បី​ស្នើសុំ​ទីកន្លែង​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋសភា ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន លោក ហេង សំរិន ចារ​ដោយ​ដៃ​យ៉ាង​ខ្លី​នៅ​លើ​លិខិត​ស្នើសុំ​នោះ ហើយ​ផ្ញើ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ដដែល។
ចំណារ​របស់ លោក ហេង សំរិន បញ្ជាក់​ថា រដ្ឋសភា​ពុំ​ដែល​ចេញ​លិខិត​បេសកកម្ម​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចុះ​ទៅ​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នោះ​ទេ។ ដូច្នេះ លោក​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋសភា​នោះ​ឡើយ។
ប្រតិកម្ម​តប​នឹង​សេចក្តី​បដិសេធ​នេះ លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ដែល​សកម្ម​ក្នុង​ការ​ឃ្លាំ​មើល​កិច្ចការ​ព្រំដែន បាន​ហៅ​ការ​រារាំង​នេះ គឺ​ជា​ការ​រំលោភ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ៖ «ប្រធាន​រដ្ឋសភា​អត់​មាន​ចែង​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង ឬ​រដ្ឋធម្មនុញ្ញ​ឲ្យ​ប្រើ​សិទ្ធិ​ហ្នឹង​ទេ អ៊ីចឹង​សិទ្ធិ​ហ្នឹង គឺ​គាត់​ប្រើ​លើស​ព្រំដែន​ជា​ប្រធាន​រដ្ឋសភា»
លោក​បន្ត​ថា អ្នក​តំណាង​រាស្ត្រ​មាន​សិទ្ធិ​ចុះ​ធ្វើ​ការងារ​ជួប​ជាមួយ​ពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ចាំបាច់​មាន​លិខិត​អនុញ្ញាត​បេសកកម្ម​ពី​ប្រធាន​សភា​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត រដ្ឋសភា គឺ​ជា​របស់​សភា​ជាតិ​ទាំង​មូល មិន​មែន​សម្រាប់​តែ លោក ហេង សំរិន ឬ​សម្រាប់​តែ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​នោះ​ទេ៖ «ជា​ធម្មតា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន គឺ​ជា​រឿង​រសើប ដូច្នេះ​រដ្ឋាភិបាល​តែងតែ​ខ្លាច ជាពិសេស​រឿង​ព្រំដែន​ជាមួយ​យួន។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​មិន​ឲ្យ​ធ្វើ​សន្និសីទ​កាសែត​ជុំវិញ​រឿង​នេះ»

សម្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស​វិញ ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​បដិសេធ មិន​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ប្រើប្រាស់​ទីតាំង​រដ្ឋសភា ដែល​ជា​កន្លែង​ធ្វើ​ការ​របស់​គាត់ ដើម្បី​ប្រាប់​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​នោះ​ដែរ។
ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​គិត​ពី​ផល​ប្រយោជន៍​រួម អ្នក​តំណាង​រាស្ត្រ​ត្រូវ​មាន​សិទ្ធិ​ប្រើប្រាស់​ទីតាំង​រដ្ឋសភា ដើម្បី​ជួប​ប្រជុំ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ដល់​អ្នក​ពាក់ព័ន្ធ​ទៅ​តាម​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ៖ «ប៉ុន្តែ​បើ​គេ​គិត​ពី​ផល​ប្រយោជន៍​នយោបាយ ឬ​ផល​ប្រយោជន៍​បក្ស ការ​ហាមឃាត់​របៀប​នេះ​វា​មិន​មែន​ជា​ផ្នែក​មួយ ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ»
តែ​ទោះ​យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​លើក​ពេល​ធ្វើ​សន្និសីទ​កាសែត​នេះ​ទៅ​ពេល​ក្រោយ​ទៀត ពីព្រោះ​មិន​ចង់​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​ជា​កន្លែង​ធ្វើ​ការងារ​ផ្លូវ​ការ​របស់​អ្នក​តំណាង​រាស្ត្រ ប៉ុន្តែ​នៅ​តែ​ព្យាយាម​ចរចា​ដោយ​សន្តិវិធី ដើម្បី​សុំ​ទីតាំង​វិមាន​រដ្ឋសភា​ធ្វើ​សន្និសីទ​កាសែត​នៅ​ពេល​ក្រោយ​ទៀត៕

No comments: