A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 June 2015

Opposition MPs and youths will visit the area in Ratanakiri where Vietnamese authority had dug the pond inside Cambodian territory ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​និង​យុវជន​នឹង​ចុះ​ពិនិត្យ​តំបន់​វៀតណាម​ជីក​ស្រះ​នៅ​រតនគិរី

ពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម រតនគិរី ៦២០
រថយន្ត​ជាង ១០​គ្រឿង​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​យុវជន រួម​ទាំង​ព្រះសង្ឃ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគិរី ដើម្បី​ត្រួត​ពិនិត្យ​រណ្ដៅ​ស្រះ​ទឹក នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided
ក្រុម​តំណាង​រាស្ត្រ រួម​ទាំង​យុវជន​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​រតនគិរី ក្នុង​គោលដៅ​ដើម្បី​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា វៀតណាម បាន​ជីក​ស្រះ​ទឹក​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ត្រួត​គ្នា​នៃ​ភាគី​កម្ពុជា-វៀតណាម។
ក្រុម​តំណាង​រាស្ត្រ​ចំនួន ៤​រូប និង​យុវជន រួម​ទាំង​ព្រះសង្ឃ​ផង គ្រោង​នឹង​ចេញ​ដំណើរ​ទៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ចម្ងាយ​ប្រហែល​ជាង ៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនគិរី ដើម្បី​ត្រួត​ពិនិត្យ​វៀតណាម ជីក​រណ្ដៅ​ស្រះ​ទឹក​ចំនួន​៧ ក្នុង​ដី​ដែល​ត្រួត​ស៊ី​គ្នា​នៃ​ភាគី​កម្ពុជា-វៀតណាម នៅ​តំបន់​មាន​ជម្លោះ​នោះ។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ដែល​ដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ និង​យុវជន រួម​ទាំង​ព្រះសង្ឃ​ផង ឲ្យ​ដឹង​ថា លោក​នឹង​រក​យន្តការ​តាម​ផ្លូវ​ច្បាប់ ព្រម​ទាំង​ភស្តុតាង​ជាក់លាក់ ហើយ​នឹង​ធ្វើ​របាយការណ៍​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ប្រទេស​វៀតណាម ទាក់ទិន​ការ​ជីក​រណ្ដៅ​ស្រះ​នេះ ថា​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​វៀតណាម ជា​ម្ចាស់​ហត្ថលេខី៖ «វា​ជា​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ហើយ យើង​អង្កេត​ឃើញ​ថា រដ្ឋាភិបាល​គាត់​បាន​ឆ្លើយ​តប​ដែរ​ថា កន្លែង​ហ្នឹង​យួន រំលោភ​អធិបតេយ្យ​យើង​ហើយ»
ក្រុម​យុវជន​ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន និង​រថយន្ត​ឈ្នួល​ផង​ជាង ១០​រថយន្ត នឹង​រក​មធ្យោបាយ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ការពារ​ដែន​អធិបតេយ្យ​ដែល​រង​ការ​រំលោភ​ពី​ប្រទេស​វៀតណាម កន្លង​មក និង​នៅ​ពេល​បច្ចុប្បន្ន។
តំណាង​យុវជន លោក អៀ ចាន់ណា អង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប្រទេស​វៀតណាម នៅ​តែ​បន្ត​រំលោភ​ទឹក​ដី​ខ្មែរ​ជា​បន្តបន្ទាប់ ដែល​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​យន្តការ​ទប់ស្កាត់ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ។ លោក​បារម្ភ​ថា ប្រទេស​កម្ពុជា នឹង​មាន​វាសនា​ដូច​ទឹក​ដី​កម្ពុជា​ក្រោម បើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​បញ្ហា​ព្រំដែន៖ «រឿង​នេះ​ជា​រឿង​ប្រទេស​ជា​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​ប្រជាពលរដ្ឋ​យុវជន ព្រះសង្ឃ ដូចជា​អ្នក​នយោបាយ​ទាំងអស់​គ្នា គឺ​មាន​សុឆន្ទៈ​ក្នុង​ការ​ការពារ​ទឹក​ដី​ក្នុង​ការ​ស្រឡាញ់​ជាតិ​នេះ»
មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន វៀតណាម បាន​ជីក​រណ្ដៅ​ស្រះ​ទឹក​ចំនួន​៧ ក្នុង​នោះ​មាន​ស្រះ​ចំនួន​៤ ដែល​វៀតណាម បាន​ជីក​តាំង​ពី​ឆ្នាំ​២០១៤ ឋិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ ចំណែក​រណ្ដៅ​ស្រះ​នោះ​មាន​ជម្រៅ​ជាង ៤​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​បណ្តោយ ១០​ម៉ែត្រ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​ទេ​នៅ​ថ្ងៃ​ទី​៧ មិថុនា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​បញ្ហា​នេះ។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គណៈ​ប្រតិភូ​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​មាន​ជម្លោះ​នោះ​ហើយ។ លោក​ថា អាជ្ញាធរ​ខ្មែរ​នឹង​ស្នើ​ឲ្យ​ភាគី​វៀតណាម លុប​ស្រះ​នោះ​វិញ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​វត្តមាន​ក្រុម​តំណាង​រាស្ត្រ និង​ក្រុម​យុវជន ក្នុង​ការ​ចុះ​ពិនិត្យ​ព្រំដែន​នេះ។ តែ​ទោះ​យ៉ាង​ណា លោក​រិះគន់​សមត្ថកិច្ច​ព្រំដែន​តំបន់​នោះ ថា​មិន​បំពេញ​ភារកិច្ច​ការពារ​ដែន​អធិបតេយ្យ និង​ឃ្លាំ​មើល​សកម្មភាព​ការ​ជីក​ស្រះ​ដោយ​ភាគី​វៀតណាម ទេ។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​តំបន់​នោះ​ឲ្យ​បាន​ច្បាស់លាស់៖ «យើង​គិត​ថា​នៅ​ពេល​ដែល​បោះ​បង្គោល​ព្រំដែន គេ​នឹង​ខិត​មក​បន្ថែម​ទៀត គេ​នឹង​ចាត់​ទុក​ថា​កន្លែង​ហ្នឹង​ជា​ដី​របស់​គេ​ហើយ»

លោក ឆាយ ធី បន្ថែម​ទៀត​ថា ដី​នៅ​តំបន់​នោះ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣១ ដល់​បង្គោល​លេខ​៣៩ ឋិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ​ទេ។
យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​ភូមិ​ឡំ លោក រចំ ខាំ ថ្លែង​ថា ទីតាំង​ដី​វៀតណាម ជីក​រណ្ដៅ​ស្រះ​នេះ កន្លង​មក​ជា​ដី​ចម្ការ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល៖ «កាល​មុន​ហ្នឹង​វា​ចម្ការ​ភូមិ​ឡំ អា​ហ្នឹង​ដី​ហ្នឹង​ដី​ភូមិ​ឡំ»
កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី រួម​ទាំង​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​តម្រួត​វៀតណាម គំរាម​បាញ់​សម្លាប់​មិន​ឲ្យ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ​ទេ ដោយ​សំអាង​ថា ជា​ទឹក​ដី​វៀតណាម។
ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អះអាង​ថា ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ខ្មែរ លោក សេវ ហ្វិញ ត្រូវ​បាន​រថយន្ត​ធុន​តូច​ពណ៌​ខ្មៅ​ស្រដៀង​កាម៉ារី (Camry) និង​លុច្យស៊ីស (Luxus) ប៉ង​សម្លាប់​ដោយ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​ពី​ក្រោយ កាល​ពី​រសៀល​ថ្ងៃ​ទី​៦ មិថុនា បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ដំណំ ៤​នាក់ រួម​ទាំង​កូនស្រី​លោក​ពីរ​នាក់ និង​ចៅ​ស្រី​ម្នាក់ ឋិត​នៅ​ឃុំ​សោម ស្រុក​អូរយ៉ាដាវ។ បន្ទាន់​ពី​កើត​ហេតុ​ភ្លាម រថយន្ត​នោះ​បាន​បើក​សំដៅ​ទៅ​ប្រទេស​វៀតណាម។ បញ្ហា​នេះ លោក ឆាយ ធី ដាក់​ការ​សង្ស័យ​ថា ការ​ប៉ង​សម្លាប់​នេះ​ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី លោក សេវ ហ្វិញ គ្រោង​ដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ​ពិនិត្យ​រណ្ដៅ​ស្រះ​ទឹក ដែល​វៀតណាម បាន​ជីក​នោះ៕

No comments: