A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 June 2015

Opposition MPs and the civil society worry about border villagers leasing farmlands to Vietnamese people តំណាង​រាស្ត្រ​និង​សង្គម​ស៊ីវិល​បារម្ភ​រឿង​ពលរដ្ឋ​តាម​ព្រំដែន​ជួល​ដី​ស្រែ​ឲ្យ​កសិករ​វៀតណាម

ដី​ខ្មែរ​ចម្ការ​វៀតណាម ខេត្ត​កណ្ដាល ៦២០
ទីតាំង​ដី​ពលរដ្ឋ​ខ្មែរ​ដែល​ជួល​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​ជាប់​ព្រំដែន​ធ្វើ​ចម្ការ ស្ថិត​នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Sek Bandith

អ្នក​តំណាង​រាស្ត្រ និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​រឿង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ជួល​ដី​ស្រែ​ទៅ​ឲ្យ​កសិករ​ប្រទេស​មួយ​នេះ។ អ្នក​វិភាគ​បញ្ហា​សង្គម​បង្ហាញ​ដែរ​ថា បញ្ហា​ទាំង​នេះ​អាច​កើត​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ខាង​មុខ បើ​សិន​ជា​តំបន់​ទាំង​នោះ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​រួច​រាល់​នៅ​ឡើយ។
នៅ​អម​សង​ខាង​នៃ​កំណាត់​ផ្លូវ​ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ចូល​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ភូមិ​ព្រែកស្បូវ លំអ​ទៅ​ដោយ​វាល​ស្រែ​ខៀវ​ខ្ចី​ដាច់​កន្ទុយ​ភ្នែក។ នៅ​ក្នុង​ចំណោម​ផ្ទាំង​ទេសភាព​នេះ ក៏​មាន​ស្រែ​ខ្លះ​ជិត​ទុំ​ប្រែ​ពណ៌​ស្លាប​សេក និង​មាន​ចម្ការ​បន្លែ​លាយឡំ​គ្នា​ខ្លះ​ផង​ដែរ។
ទេសភាព​ដ៏​ល្អ​ប្រណិត​អម​សង​ខាង​ផ្លូវ​ចម្ងាយ​ប្រមាណ​ជិត ១០​គីឡូម៉ែត្រ​នេះ អ្នក​ធ្វើ​ដំណើរ​ម្នាក់ៗ​តែង​តែ​រំភើប​ចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​ម្ចាស់​ស្រែ​ចម្ការ ជាពិសេស​មាន​មោទនភាព​ចំពោះ​កសិករ​ខ្មែរ​នៅ​តំបន់​នោះ។ ប៉ុន្តែ​នៅ​ពេល​ជួប​ពលរដ្ឋ​ម្ចាស់​ស្រុក​នៅ​ទីនោះ​ផ្ទាល់ អ្វីៗ​បាន​ផ្ទុយ​ពី​ការ​គិត និង​ការ​រំពឹង​ទុក​ទាំងអស់។
ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកស្បូវ ជាប់​នឹង​ព្រំដែន​វៀតណាម បាន​បញ្ជាក់​ថា ម្ចាស់​ស្រូវ​ស្រែ និង​ដំណាំ​ចម្ការ​ជុំវិញ​ភូមិ​ប្រមាណ ៩០​ភាគរយ​នោះ គឺ​ជា​ជនជាតិ​វៀតណាម។ ជនជាតិ​វៀតណាម បាន​មក​ជួល​ដី​ស្រែ​ចម្ការ​ពី​ពលរដ្ឋ​ខ្មែរ​ធ្វើ​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មក​ហើយ។
ពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ស្រែ​ចម្ការ បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ជួល​ដី​ទៅ​ឲ្យ​វៀតណាម ដូច​គ្នា​ថា ដោយសារ​ពួក​គាត់​ខ្វះ​បច្ចេកទេស ប្រព័ន្ធ​ធារាសាស្ត្រ និង​បញ្ហា​លំបាក​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ពួក​គាត់​ខាតបង់​ក្នុង​មុខ​របរ​នេះ​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ៖ «ទឹក​របស់​គេ ស្អី​របស់​គេ​ទាំងអស់ យើង​ទិញ​គ្រប់​មុខ​គ្រប់​សព្វ​វា​អត់​ចំណេញ ទឹក​ក៏​ទិញ​គេ​ដែរ មួយ​កុង ១៣​លីត្រ​ប្រេង ហើយ​គេ​យក​ស្រូវ​បួន​តៅ​ទៀត ហើយ​នៅ​ថ្លៃ​ប្រេង ជី ថ្នាំ ពេល​សរុប​ទៅ​អត់​ចំណេញ។ ជួល​ឲ្យ​គេ​មួយ​ហិកតារ​បាន ៣​ជី ៤​ជី​មាស តាម​ដី​ទាប​ដី​ខ្ពស់ មួយ​ហិកតារ​គេ​ធ្វើ​បាន​ដប់​តោន យើង​ធ្វើ​បាន​តែ​តែ ៥ ទៅ ៦​តោន យើង​ធ្វើ​អត់​ប្រសប់​ដូច​គេ»
ទាក់ទង​នឹង​ការ​ជួល​ដី​ស្រែ​ចម្ការ​ទៅ​ឲ្យ​កសិករ​វៀតណាម នេះ​ដែរ ចាស់​ទុំ​ម្នាក់​ក្នុង​ភូមិ​ព្រែកស្បូវ លោកតា រស់ ជីម មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា បញ្ហា​ធំ​ផុត គឺ​ប្រភព​ទឹក​ដែល​កសិករ​ខ្មែរ​ពឹង​ផ្អែក​ទាំង​ស្រុង​ពី​ប្រទេស​វៀតណាម និង​បញ្ហា​បច្ចេកទេស ប្រេង ជី ថ្នាំ ថ្លៃ​ជាង​នៅ​វៀតណាម ដែល​បញ្ហា​ទាំង​នេះ កម្ពុជា មិន​អាច​ប្រជែង​ជាមួយ​វៀតណាម បាន​ឡើយ៖ «បញ្ហា​ទី​មួយ បើ​ហាម​គេ​មិន​ឲ្យ​ចូល យើង​ក៏​អត់​មាន​ទឹក​ធ្វើ​ស្រែ​ដែរ ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន គឺ​អត់​ទាំងអស់»

អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា វៀតណាម ហាក់​មាន​ចេតនា​រាំង​ខ្ទប់​ផ្លូវ​ទឹក​តាម​រយៈ​ការ​ចាក់​ដី​លុប​ក្បាល​ព្រែកស្បូវ ដែល​បែក​ចេញ​ពី​ដៃ​ទន្លេ​មួយ ដែល​វៀតណាម ហៅ ប៊ិន យី ស្ថិត​នៅ​តំបន់ ១០០​ម៉ែត្រ​ពី​មាត់​ទន្លេ ស្រប​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន​នៃ​ប្រទេស​ទាំង​ពីរ ដែល​ហូរ​ចូល​មក​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ដើម្បី​ធ្វើ​ផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ក្រៅ​ពី​ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម ក៏​មាន​ករណី​ជួល​ដី និង​រហូត​មាន​ដាក់​បញ្ចាំ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ទៀត​ផង។
ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែកស្បូវ ៦២០
ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែកស្បូវ ស្ថិត​នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Sek Bandith

ចំពោះ​ទិដ្ឋភាព​បែប​នេះ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស។ លោក​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ហើយ​លោក​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ៖ «គេ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​តាម​រយៈ​គេ​ធ្វើ​បែប​ហ្នឹង ហើយ​រដ្ឋាភិបាល​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ធ្វើ​ឲ្យ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​មាន​ការ​អភិវឌ្ឍ មិន​មាន​ធារាសាស្ត្រ​គ្រប់គ្រាន់ ដើម្បី​បង្កបង្កើនផល។ ដូច្នេះ​វៀតណាម បាន​ប្រើ​យុត្តិសាស្ត្រ​នេះ​លេប​ទឹក​ដី​ខ្មែរ​បន្តិច​ម្តងៗ​រហូត​បាន​សម្រេច»
ឆ្លើយ​តប​នឹង​ក្តី​កង្វល់​នេះ អភិបាល​ស្រុក​កោះធំ លោក ចាន់ សុខុម មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។
ប៉ុន្តែ​មេ​បញ្ជាការ​វរៈ​ការពារ​ព្រំដែន​ស្រុក​កោះធំ លោក លុយ ធៀម មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា នៅ​ពេល​តំណាង​រាស្ត្រ ព្រះសង្ឃ ក្រុម​យុវជន ព្រម​ទាំង​ប្រជាពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រំដែន​នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន នោះ​ថា អាជ្ញាធរ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន បាន​យក​ចិត្ត​ទុក​ដាក់​មិន​ឲ្យ​មាន​ការ​រំលោភ​ព្រំដែន​ដោយ​មធ្យោបាយ​ណា​មួយ​ពី​ភាគី​វៀតណាម នោះ​ទេ៖ «ពួក​ខ្ញុំ​ដើរ​ល្បាត​ផ្ទាល់​ហើយ មិន​ព្រងើយ​កន្តើយ​ទេ»
យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម នៅ​តែ​ចាត់​ទុក​ថា ការ​ជួល​ដី​នៅ​តាម​ព្រំដែន គឺ​ជា​ភាព​ផុយ​ស្រួយ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី នៅ​ពេល​តំបន់​នោះ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ និង​ជា​វិបត្តិ​មួយ​ធ្ងន់ធ្ងរ នៅ​ពេល​ចាប់​ផ្ដើម​កំណត់​ព្រំដែន​ជា​ផ្លូវ​ការ​នោះ។
អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មើល​ឃើញ​ថា នៅ​តាម​តំបន់​ព្រំដែន​ជុំវិញ​កម្ពុជា ជាពិសេស​ជាប់​វៀតណាម មិន​ត្រឹម​តែ​មាន​ករណី​ជួល​ប៉ុណ្ណោះ​ទេ គឺ​មាន​លក់ ដាក់​បញ្ចាំ​ទៀត​ផង​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ។ ករណី​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អត់​ដី​ធ្វើ​ស្រែ​ចម្ការ អត់​ការ​ធ្វើ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក។ ពេល​នោះ វិបត្តិ​ធ្ងន់ធ្ងរ​ក្រៅ​ពី​បញ្ហា​សង្គម គឺ​វិបត្តិ​បាត់​ដី​ព្រំដែន ហើយ​ទន្ទឹម​គ្នា លោក​ឃើញ​ថា វៀតណាម ហាក់​មាន​យុទ្ធនាការ​មួយ​ជួល ឬ​ទិញ​ដី​តាម​ព្រំដែន​ពី​ពលរដ្ឋ​ខ្មែរ​តាម​រូបភាព​ផ្សេងៗ​កាន់​តែ​ច្រើន​ឡើងៗ៖ «វៀតណាម រំងាប់​សេដ្ឋកិច្ច​កសិកម្ម​ខ្មែរ សូម្បី​តែ​ទិញ​ពូជ​គេ ទាំង​ដើម​ឈើ ទាំង​សត្វ សុទ្ធតែ​ខ្ទើយ ដែល​មិន​អាច​យក​មក​បង្កាត់​ពូជ​បន្ត​បាន។ មួយ​ទៀត ខ្មែរ​ក្លាយ​ជា​កន្លែង​ទីផ្សារ​របស់​វៀតណាម ដោយសារ​ខ្មែរ​បាត់បង់​ផលិតភាព ហើយ​ចុង​ក្រោយ វិបត្តិ​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​វៀតណាម ទាំង​ស្រុង។ អ៊ីចឹង​បើ​កម្ពុជា មិន​ខំ​ស្ដារ​ទេ កម្ពុជា នឹង​ក្លាយ​ជា​ខ្ញុំ​របស់​វៀតណាម»
ទោះ​យ៉ាង​ណា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ចំនួន​បី​ដង​ផ្ទួនៗ​គ្នា​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​រំលោភ​បំពាន​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ។
ទន្ទឹម​គ្នា​នេះ បក្ស​ប្រឆាំង​វិញ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​នីតិវិធី​ប្ដឹង​ភាគី​វៀតណាម ដែល​បាន​រំលោភ​ទឹក​ដី​តាម​ព្រំដែន​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

No comments: