A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 June 2015

Local villagers accused the Cambodian authority of not doing anything to stop Thai farmers from farming inside Cambodian territory in O'Chrov district, Banteay Meanchey province ពលរដ្ឋ​ថា​សមត្ថកិច្ច​ព្រំដែន​មិន​ទប់ស្កាត់​ពលរដ្ឋ​ថៃ​ចូល​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​នៅ​បន្ទាយមានជ័យ

ថៃ​ធ្វើ​ស្រែ​លើ​​ដី​ខ្មែរ​បន្ទាយមានជ័យ ៦២០
ទីតាំង​ដី​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​ដែន​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​បញ្ហា​ប្រជាពលរដ្ឋ​ថៃ ចូល​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​លេខ​ទី​៤៣ នៅ​ស្រុក​អូរជ្រៅ។ ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ដោយសារ​ជនជាតិ​ថៃ នាំ​គ្នា​យក​ត្រាក់ទ័រ​ចូល​ភ្ជួរ​ដី​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​អស់​ប្រមាណ ៣០​ហិកតារ​ជា​បន្តបន្ទាប់ កាល​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ ប៉ុន្តែ​ពុំ​មាន​សមត្ថកិច្ច​កម្ពុជា ណា​ទប់ស្កាត់​នោះ​ទេ។
ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ ទីកន្លែង​ខ្លះ​ត្រូវ​គេ​ព្រោះ​ស្រូវ​ដុះ​ខ្លីៗ​ប្រមាណ​ជា ១០​ថ្ងៃ និង​ទីតាំង​ខ្លះ​ទៀត​ទើប​តែ​ព្រោះ​ស្រូវ​ថ្មីៗ គឺ​ប្រមាណ​ពី ៣ ទៅ ៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មាន​ចម្ងាយ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ប្រមាណ ៥០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣ នៃ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។
នៅ​តំបន់​ជាយ​ដែន​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣០​នាក់ នាំ​គ្នា​ការពារ​ទឹក​ដី​នៅ​ក្រោម​ដើម​ឈើ​នៅ​តំបន់​ដី​ដែល​មាន​បញ្ហា​នោះ​ដោយ​ខ្លួន​ឯង។ ក្រៅ​អំពី​ប្រជាពលរដ្ឋ​ហើយ យើង​ក៏​សង្កេត​ឃើញ​មាន​មន្ត្រី​ប៉ូលិស និង​ទាហាន​ការពារ​ព្រំដែន​ប្រមាណ ៣​នាក់ ចង​អង្រឹង​តាម​ដើម​ឈើ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​ពួក​គេ​ហាក់​ពុំ​ខ្វល់​ការពារ​ទឹក​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ​ឡើយ។ មន្ត្រី​ទាំង​នោះ ព្យាយាម​រារាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ចូល​ទៅ​ផ្ដិត​រូបភាព​នៅ​បង្គោល​ឡាក់​ព្រំដែន​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ឈរ​ក្រោម​ដើម​ឈើ​ការពារ​ទឹក​ដី​នៅ​តំបន់​ព្រំដែន ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នោះ​អះអាង​ថា ប្រជាពលរដ្ឋ​ថៃ ចូល​មក​ភ្ជួរ​ដី​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​បែប​លួច​ឆ្មក់ ដោយ​ធ្វើ​សកម្មភាព​ម្ដងៗ​ដែល​ប្រជាពលរដ្ឋ​ថៃ ប្រហែល ២០​នាក់ និង​ត្រាក់ទ័រ​ភ្ជួរ​ដី​ប្រមាណ​ពី ៣ ទៅ ១០​គ្រឿង ហើយ​នាំ​គ្នា​ភ្ជួរ​ព្រោះ​ក្នុង​ពេល​តែ​មួយ ដោយ​ប្រើ​រយៈពេល​ខ្លី​ប្រមាណ ២​ម៉ោង ហើយ​ពួក​គេ​វិញ​ត្រឡប់​ចូល​ទឹក​ដី​ថៃ វិញ៖ «បាទ! ដី​ខាង​ដែល​ថៃ ធ្វើ​នេះ​បាន​កំណត់​ថា ជា​ដី​របស់​ខ្មែរ ហើយ​ផ្នែក​ចាប់​ពី​បង្គោល​ឡាក់​លេខ​៤៣ ទៅ​ជា​ដី​របស់​ថៃ។ យើង​មក​នេះ​ដើម្បី​រួម​គ្នា​ការពារ​ដី​របស់​ខ្មែរ មិន​ឲ្យ​ពលរដ្ឋ​ថៃ ធ្វើ​ស្រែ​លើ​ទឹក​ដី​ខ្មែរ​ទៀត»

ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ផ្ទៃដី​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ នោះ ពួក​គេ​នឹង​បន្ត​សកម្មភាព​ភ្ជួរ​ស្រែ​ទៅ​មុខ​ទៀត។ បញ្ហា​នេះ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​សមត្ថកិច្ច​ខ្មែរ​មិន​ទប់ស្កាត់​ទេ ផ្ទៃដី​ប្រមាណ ២០០​ហិកតារ​នៅ​តំបន់​ជាយ​ដែន នឹង​ក្លាយ​ជា​ដី​ស្រែ​របស់​ថៃ គ្មាន​សល់​ក្នុង​ពេល​ឆាប់ៗ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៥១៥ ប្រចាំ​ការ​នៅ​តំបន់​នោះ លោក ឃួន ជឿន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ភ្ជួរ​ដី​ធ្វើ​ស្រែ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ នៃ​ឃុំ​អូរបីជាន់ នោះ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ពុំ​មែន​ខាង​សមត្ថកិច្ច​ខ្មែរ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ មិន​ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ។ មូលហេតុ​ដែល​ពុំ​បាន​ទៅ​រារាំង​ពលរដ្ឋ​ថៃ នោះ ដោយសារ​ពុំ​មាន​បញ្ជា​ពី​ថ្នាក់​លើ៖ «ពួក​ខ្ញុំ​ទទួល​បទបញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ដាក់​កម្លាំង​ការពារ​តំបន់​នោះ​ជា​ប្រចាំ ហើយ​ខ្ញុំ​ក៏​បាន​រាយការណ៍​ជុំវិញ​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ​ជា​រៀង​រាល់​ថ្ងៃ​ដែរ»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ហេតុការណ៍​ដែល​កើត​ឡើង​ចំពោះ​មុខ សមត្ថកិច្ច​មិន​បំពេញ​ការងារ​ដោយ​មិន​បាច់​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឡើយ។
ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​ម្ដងៗ គឺ​តែងតែ​មាន​ប៉ូលិស​ថៃ ជាច្រើន​នាក់ ចូល​មក​ការពារ​ដល់​ប្រជា​កសិករ​របស់​គេ​ជានិច្ច៖ «សមត្ថកិច្ច​ថៃ គេ​មក​ពី​ដំបូង​ចំនួន ៣​នាក់។ ក្រោយ​មក​ទៀត គេ​បញ្ជូន​កម្លាំង​ប៉ូលិស​ចំនួន ១០​នាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ។ សមត្ថកិច្ច​គេ​ចូល​មក​ដល់ ពួក​គេ​បញ្ជា​ឲ្យ​ពលរដ្ឋ​ថៃ ភ្ជួរ​ដី​ធ្វើ​ស្រែ​លើ​ទឹក​ដី​របស់​ខ្មែរ​តែ​ម្ដង​ទៅ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ គឺ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​មាន​សញ្ជាតិ​ទៅ​រស់នៅ​ប្រទេស​ថៃ ដែល​ពួក​គេ​ធ្លាប់​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ពី​មុន​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ដោយសារ​មាន​កិច្ច​ព្រមព្រៀង​អនុសារណៈ​យោគយល់​គ្នា ឬ​ហៅ​ថា អិម.អូ.យូ (MOU) ឆ្នាំ​២០០០ ដែល​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​នៅ​លើ​ដី​ចំណុច​ណា ឲ្យ​រក្សា​នៅ​ដដែល​សិន៖ «អ៊ីចឹង​ទេ​បាន​ជា​រឿង​នោះ​វា​នៅ​ស្មុគស្មាញ​ទៅ។ ម្យ៉ាង​ទៀត យើង​មាន ស.ជ.ណ របស់​រាជ​រដ្ឋាភិបាល​ទើប​ចេញ​ថ្មី បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សម ផាណារិទ្ធ អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ធ្វើ​ផ្លូវ ដើម្បី​ឈាន​ទៅ​បើក​ច្រក​ទ្វារ​នៅ​ទីនោះ។ ប៉ុន្តែ​បើក​ច្រក​នោះ​បាន លុះ​ណា​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​អ្នក​កាន់​កាប់​ឲ្យ​អស់​ជា​មុន​សិន»
ទោះ​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក ស្រែ​នោះ​កន្លង​មក​ជា​ដី​របស់​ខ្មែរ ហើយ​អាជ្ញាធរ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ជា​បន្តបន្ទាប់៖ «ថៃ មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ខ្មែរ​នៅ​ចំណុច​ព្រំដែន​នោះ​ទៅ​បាន ដោយ​មាន​ពាក់ព័ន្ធ​មន្ត្រី​មេ​ច្រក​ជាប់​សាច់ញាតិ​ជាមួយ​ថៃ ដែល​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ»
យ៉ាង​ណា លិខិត​លេខ​៥៨៣ ស.ជ.ណ ផ.ក ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៣ របស់​គណៈរដ្ឋមន្ត្រី​ត្រង់​ចំណុច​ទី​២ ភាគី​កម្ពុជា បាន​បញ្ជាក់​ថា ភាគី​កម្ពុជា បាន​សុំ​ឲ្យ​ភាគី​ថៃ មុន​នឹង​ចូល​ទៅ​ធ្វើ​ស្រែ​ជា​បណ្ដោះអាសន្ន ត្រូវ​ជួប​ពិភាក្សា​គ្នា​រវាង​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​កុំ​ឲ្យ​មាន​ការ​រុក​រាន​បន្ថែម​ទៀត។ ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង នោះ​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​កម្ពុជា មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មការ​ចម្រុះ​នៃ​ភាគី​កម្ពុជា ទេ។ ម្យ៉ាង​ទៀត ក៏​ពុំ​មាន​ប្រជាពលរដ្ឋ​ថៃ មក​ធ្វើ​ស្រែ​ទៀត​ដែរ។ លិខិត​ដដែល​បញ្ជាក់​ថា ដើម្បី​ធានា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​គង់វង្ស អាជ្ញាធរ​ខេត្ត​ត្រូវ​បញ្ឈប់​ការ​ចូល​មក​ធ្វើ​ស្រែ​របស់​ប្រជាពលរដ្ឋ​ថៃ ក្នុង​ទឹក​ដី​កម្ពុជា ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ថៃ នៅ​តែ​ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ នោះ​ដដែល៕

No comments: