A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 18 June 2015

Khmer Krom Federation to raise the issue of human rights abuses against Khmer Krom people by the Vietnamese government with the European parliament ខ្មែរ​ក្រោម​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម​ប្រាប់​សមាជិក​សភា​សហភាព​អឺរ៉ុប

ដោយ យាង សុជាមេត្តា

2015-06-17
ថាច់ង៉ុកថាច់៣០៥
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)
Photo: RFA

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ជួប​ជាមួយ​សមាជិក​សភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​មិថុនា នា​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium)។
នៅ​ក្នុង​ជំនួប​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​យក​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជា​ក្រោម ប្រាប់​ដល់​សមាជិក​សភា​សហភាព​អឺរ៉ុប និង​អំពាវនាវ​ឲ្យ​ពួក​គេ ជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ម្ចាស់​ស្រុក។
នៅ​ក្នុង​ជំនួប​ជាមួយ​សមាជិក​សភា​សហភាព​អឺរ៉ុប តំណាង​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​បញ្ហា​ជាច្រើន ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ ក្នុង​នោះ​មាន​ដូចជា បញ្ហា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច គ្រួសារ ការ​បោះបង់​ចោល​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ ឬ​អ្នក​បម្រើ​គេ​នៅ​តាម​ទីក្រុង និង​ពី​ការ​រឹតត្បិត​នានា​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។
ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា នៅ​ក្នុង​ជំនួប​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្ហាញ​នូវ​ការ​បារម្ភ​ពី​ភាព​ក្រីក្រ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ។ លោក​បញ្ជាក់​ថា ភាព​ក្រីក្រ​របស់​ខ្មែរ​ក្រោម មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​តែ​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា និង​ការ​ថែរក្សា​នូវ​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​ក្រោម​ទៀត​ផង៖ «យើង​បាន​ជជែក ឧទាហរណ៍​ថា ព្រោះ​ខ្មែរ​ក្រោម​ស្រែ​វា​ទាក់ទង​ដល់​រឿង​សេដ្ឋកិច្ច រឿង​ចិញ្ចឹម​ក្រពះ តែ​កាលណា​យើង​ខ្វះខាត យើង​ក្រ លទ្ធិ​ជំនឿ​សាសនា​ទៅ​ណា ព្រោះ​ថា បើ​កាលណា​បង​ប្អូន​ក្រ​រត់​ចោល​ស្រុក​ភូមិ ព្រះសង្ឃ​ដែល​ជា​អ្នក​បណ្តុះបណ្តាល​សាសនា ផ្សព្វផ្សាយ​សាសនា ក៏​អន់​ថយ​ទៅ​តាម​ហ្នឹង​ដែរ។ ព្រះសង្ឃ​យើង​ត្រូវ​ថយ​ចង្ហាន់ មិន​មាន​អ្នក​សាង​ផ្នួស​ច្រើន នេះ​ជា​បញ្ហា»
លោក ថាច់ ង៉ុកថាច់ អះអាង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​វៀតណាម ដែរ​នោះ លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ធ្វើ​យ៉ាង​ណា​ឲ្យ​ផល​ដែល​ទទួល​បាន​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ធ្លាក់​ដល់​ដៃ​ជនជាតិ​ទាំងអស់​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​មិន​ត្រឹម​តែ​ជនជាតិ​វៀតណាម មួយ​នោះ​ទេ។ លោក​ថា សមាជិក​សភា​សហភាព​អឺរ៉ុប លោក គ្រីស្ទៀន ដែន ប្រេដា (Cristian Dan Preda) សន្យា​ថា នឹង​លើក​យក​សំណើ​របស់​ខ្មែរ​ក្រោម​ទៅ​ជជែក​ជាមួយ​នឹង​សមាជិក​សភា​សហភាព​អឺរ៉ុប ដទៃ​ទៀត។
ជំនួប​រវាង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក និង​សមាជិក​សភា​សហភាព​អឺរ៉ុប និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ឃ្លាំង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​តាំង​ពី​ឆ្នាំ​២០១៣ មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ។

លោក ថាច់ ង៉ុកថាច់ ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​ជួប​ជាមួយ​សមាជិក​សភា​សហភាព​អឺរ៉ុប តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ក៏​បាន​ជួប​ជាមួយ​តំណាង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា និង​តំណាង​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ផង​ដែរ។
លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​ពេល​នោះ ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​ករណី​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២​អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​ដោយសារ​តែ​ពួក​គាត់​តវ៉ា​ទាមទារ​ឲ្យ​មាន​សាលា​រៀន​ភាសា​ខ្មែរ​នៅ​ក្នុង​វត្ត និង​ដោយសារ​តែ​ពួក​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស។
ក្រៅ​ពី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​លើក​ឡើង​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ដែល​ហាមប្រាម​មិន​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ប្រើប្រាស់​ត្រា​វត្ត​ជា​អក្សរ​ខ្មែរ ហើយ​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ប្ដូរ​ឈ្មោះ​ត្រា​វត្ត​ទៅ​ជា​ភាសា​វៀតណាម វិញ។ ខ្មែរ​ក្រោម ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម នេះ ថា​ជា​ការ​ប៉ុនប៉ង​លុប​បំបាត់​អត្តសញ្ញាណ និង​ឈ្មោះ​វត្ត​អារាម​របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម។
បន្ថែម​ពី​លើ​នេះ ក្នុង​ជំនួប​ជាមួយ​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ក៏​បាន​លើក​ឡើង​ពី​បញ្ហា​លំបាក​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​ព្យាយាម​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​កាន់​ប្រទេស​ទី​៣ ផង​ដែរ។ បើ​តាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ​មាន​ប្រមាណ ១០០​នាក់។ ពួក​គេ​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម ដូចជា ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង និង​ខេត្ត​ពលលាវ ជាដើម។
លោក ថាច់ ង៉ុកថាច់ អះអាង​ថា ខ្មែរ​ក្រោម​ទាំងអស់​នោះ​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ គឺ​ដើម្បី​រត់​គេច​ចេញ​ពី​ការ​តាម​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។
ជាទូទៅ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ជួប​ជាមួយ​តំណាង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ចំនួន ២​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជជែក​អំពី​បញ្ហា​ខ្មែរ​ក្រោម គឺ​នៅ​រៀង​រាល់​ខែ​មិថុនា នៅ​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទ្វីប​អឺរ៉ុប រៀបចំ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​នៅ​ខែ​វិច្ឆិកា នៅ​ពេល​ដែល​មាន​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ៕

1 comment:

Anonymous said...

Very good diplomacy.