A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 June 2015

Interior Ministry will restrict border crossings to prevent the illegal flow of Vietnamese immigrannts ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​ច្រក​ព្រំដែន​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់

ដោយ សេក បណ្ឌិត
2015-06-11
ក្រសួង​មហាផ្ទៃ ៦២០
ក្រសួង​មហាផ្ទៃ ៧៥
RFA/Rann Samnang

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បង្កើន​ការ​រឹត​បន្តឹង​តាម​ច្រក​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ស្នាក់នៅ​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា។ ជា​លទ្ធផល ជន​បរទេស​ខុស​ច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម រាប់​ពាន់​នាក់ ត្រូវ​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ។
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មាន​ចំនួន​កើន​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​ការ​រឹត​បន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​ពួក​គេ​នៅ​ដើម​ឆ្នាំ​២០១៥ នេះ។
ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម ៦​នាក់ ដែល​បម្រើ​សេវា​កម្សាន្ត​ខារ៉ាអូខេ​នៅ​សង្កាត់​វត្តភ្នំ និង​ភ្ញៀវ ២​នាក់​ផ្សេង​ទៀត ហើយ​នៅ​ថ្ងៃ​ទី​១១ មិថុនា រក​ឃើញ​ជាង ៤០​នាក់​ថែម​ទៀត​នៅ​សង្កាត់​ផ្សារដើមថ្កូវ។ ភាគ​ច្រើន​នៃ​ជនជាតិ​វៀតណាម ទាំង​នោះ គឺ​ជា​ជាង​ឈើ​ធ្វើ​តុ​ទូ៖ «អ៊ីចឹង​ឃើញ​ថា​ក្នុង​ចំណោម​វៀតណាម ៤១​នាក់ គាត់​មាន​លិខិត​ឆ្លង​ដែន ២១​នាក់ ហើយ ៩​នាក់ លិខិត​ឆ្លង​ដែន​គាត់​មាន​ទិដ្ឋាការ​ពីរ តែ​គាត់​អត់​សៀវភៅ​ការងារ អ្នក​ផ្សេង​ទៀត​ដែល​មិន​មាន​ឯកសារ​នោះ គឺ​យើង​ប្រកាស​បណ្ដេញ​ចេញ​ដូច​ជនជាតិ​ដទៃ​ទៀត​ដែរ»

លោក​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ជាង ២​ពាន់​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចំនួន​ជិត ២​ពាន់​នាក់។
កាល​ពី​ឆ្នាំ​២០១៤ គេ​រក​ឃើញ​ជន​បរទេស ១.៣០៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ១.០៥៩​នាក់ ហើយ​នៅ ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ សមត្ថកិច្ច​រក​ឃើញ​ជាង ៧០០​នាក់​ថែម​ទៀត ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម មាន​ជាង ៥០០​នាក់។
លោក អ៊ុក ហៃសិលា បាន​បញ្ជាក់​មូលហេតុ​នៃ​ចំនួន​ជនជាតិ​វៀតណាម និង​ចិន នេះ​ច្រើន​ជាង​គេ ដោយសារ​តែ​ចរន្ត​ស្វែងរក​ការងារ​ធ្វើ និង​អាជីវកម្ម ព្រម​ទាំង​មាន​អ្នក​វិយោគ​កើន​ឡើង​ច្រើន​ដែល​ត្រូវ​ការ​ធនធាន​មនុស្ស៖ «ជនជាតិ​វៀតណាម មក ដោយសារ​មាន​ជនជាតិ​វៀតណាម ដូច​គាត់​ដែរ​មក​រស់នៅ​ស្រុក​ខ្មែរ​យូរ​មក ធ្វើ​ជា​មេការ​សំណង់ ជាង​ឈើ ដល់​ពេល​គាត់​ខ្វះ​កម្មករ​អ៊ីចឹង ភាគ​ច្រើន​គាត់​ទៅ​យក​កម្មករ​ពី​វៀតណាម មក​ធ្វើ​ការ​ឲ្យ​គាត់ អ៊ីចឹង​បាន​ចេះ​តែ​មាន​ជនជាតិ​វៀតណាម ចេះ​តែ​លួច​ចូល​មក​ខុស​ច្បាប់»
ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី សង្កេត​ឃើញ​ថា ការ​ចុះ​អង្កេត​ស្វែងរក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នេះ​មិន​មាន​តម្លាភាព និង​ពិបាក​ជឿ​លើ​របាយការណ៍​របស់​សមត្ថកិច្ច​នេះ ពីព្រោះ​ការ​ចុះ​ធ្វើ​ការ​អង្កេត​រក​ជន​បរទេស​កន្លង​មក​ពុំ​មាន​ការ​ប្រឹក្សា​យោបល់​គ្នា ខ្វះ​កិច្ច​សហការ​ពី​អ្នក​ពាក់ព័ន្ធ​នានា ដែល​អាច​ឲ្យ​ការ​អង្កេត​នោះ​មាន​ភាព​ត្រឹមត្រូវ និង​តម្លាភាព៖ «វា​ត្រូវ​នឹង​យើង​ធូរ​រលុង​តាម​ព្រំដែន ធូរ​រលុង​ខាង​គ្រប់គ្រង​រដ្ឋបាល អ៊ីចឹង​អា​ការ​មក​ហ្នឹង​វា​លឿន តាម​រយៈ​ទេសចរណ៍ ច្រក​របៀង​ជាដើម។ ទី​ពីរ​ដោយសារ​កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​មិន​បាន​ល្អ ហើយ​ពេល​ខ្លះ​មិន​ហ៊ាន​នឹង​អនុវត្ត​ទៅ​ទៀត បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ»
រហូត​មក​ដល់​ពេល​នេះ មិន​មាន​ទិន្នន័យ​ជាក់លាក់​ណា​មួយ​បង្ហាញ​ថា មាន​ជនជាតិ​ចិន និង​វៀតណាម ចំនួន​ប៉ុន្មាន​រស់នៅ​កម្ពុជា នោះ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម​វៀតណាម និង​ចិន បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចិន រស់នៅ​កម្ពុជា មាន​ចំនួន ១​លាន​នាក់ និង​ជនជាតិ​វៀតណាម មាន​ចំនួន​ជាង ១​លាន​នាក់។
មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ មាន​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​ទិន្នន័យ​មួយ​ជាក់ស្តែង​ពី​ចំនួន​ជន​អន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ទិន្នន័យ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ ហើយ​កំពុង​មាន​បញ្ហា​ប្រឈម​នោះ ក៏​មាន​ការ​អះអាង​ខុស​គ្នា​ដែរ ដូចជា​ខាង​គណបក្ស​ប្រឆាំង​ថា​មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​ខាង​រដ្ឋាភិបាល​វិញ​ធ្លាប់​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា មាន​ចំនួន​តែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ៕

No comments: