A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Cambodian Foreign Ministry sends a second diplomatic note to Vietnam to protest border encroachments ​ក្រសួងការបរទេស​កម្ពុជា​ចេញ​កំណត់ទូត​លើក​ទី​ពីរ​ទៅ​ស្ថានទូត​វៀតណាម​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃអាទិត្យ ទី14 មិថុនា 2015, 

ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា
​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចេញ​កំណត់​ទូត​លើក​ទី​២​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​មាន​ស្រះ​ទឹក​បី​បន្ថែមទៀត ដែល​វៀតណាម​បាន​ជីក​ក្នុង​ទឹកដី​កម្ពុជា និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​បន្ទាត់​ព្រំដែន​តាម​ផែនទី​ខ្នាត ១/១០០០០០ ។​
​កំណត់​ទូ​តរបស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​លេខ ១៣៨៨ ចេញ​ថ្ងៃ​អាទិត្យ ទី​១៤ ខែមិថុនា នេះ​បញ្ជាក់ថា ក្រុមបច្ចេកទេស​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​រកឃើញ​ស្រះ​ចំនួន​៣​បន្ថែម​ទៀត​នៅក្នុង​ព្រៃ​ជ្រៅ ដែល​វៀតណាម​បាន​ជីក​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​៤០ ក្នុង​ភូមិឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​កន្លែង​នោះ​មិនទាន់​បាន​កំណត់​ព្រំដែន​ច្បាស់លាស់​នៅឡើយ ។ 
​កំណត់​ទូត​ដដែល​បញ្ជាក់​ថា ផ្អែក​លើ​ផែនទី​ខ្នាត​១/១០០០០០ ស្រះ​ទឹក​ទាំងបី​នោះ​បាន​ជីក​ចូល​ក្នុង​បូរណភាព​ទឹកដី​កម្ពុជាយ៉ាងជ្រៅ ។ កំណត់​ទូត​បញ្ជាក់ថា ស្រះ​ទឹក​ទី​១​មាន​ទំហំ ១២​ម៉ែត្រ គុណ​នឹង​១៨​ម៉ែត្រ មានកូអ័​រដោ​ណេ E775587, N1516394 មាន​ចម្ងាយ​ប្រហែល​៣១៥ ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន ។ ស្រះ​ទឹក​ទី​២ មាន​ទំហំ ១៤,៥​ម៉ែត្រ គុណ​នឹង ១៧​ម៉ែត្រ មានកូអ័​រដោ​ណេ E775648, N1515857 មាន​ចម្ងាយ​ប្រហែល​៤២៥​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន ។ ស្រះ​ទឹក​ទី​៣ មាន​ទំហំ ១០​ម៉ែត្រ គុណ​នឹង ២៤,៥​ម៉ែត្រ មានកូអ័​រដោ​ណេ E775744, N1515661 មាន​ចម្ងាយ​ប្រហែល​៣៩០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន ។​

​ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់ថា ខណៈ​ព្រំដែន​នៅ​តំបន់​នោះ​មិន​ទាន់​បាន​បោះបង្គោល​ច្បាស់លាស់​នៅឡើយ កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​គោរព​បន្ទាត់​ព្រំដែន​តាម​ផែនទី​ខ្នាត​១/១០០០០០ ដែល​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ជាតិ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៥ សម្រាប់​ការកំណត់​ព្រំដែន​គោក​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ។​
​កំណត់​ទូត​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​សូម​ស្នើឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរពតាមចំណុច​ទី​៨ នៃ​សេចក្ដីថ្លែងការណ៍​រួម​រវាង​កម្ពុជា​-​វៀតណាម ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ។ 
​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ថ្មីៗ​នេះ ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​កំណត់​ទូត​ទៅ​ស្ថានទូត​វៀតណាម​អំពី​ការរកឃើញ​ថា វៀតណាម​បាន​ជីក​ស្រះ​ទឹក​ចំនួន​៥ ក្នុង​ភូមិឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​រួច​ម្ដងមកហើយ ៕​

សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

No comments: