A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Cambodia sends a second diplomatic note to protect Vietnam's encroachments of Cambodian borders ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​កំណត់​ទូត​រឿង​ព្រំដែន​ជា​ថ្មី​ទៀត​ទៅ​វៀតណាម

វៀតណាម​ជីក​ស្រះ រតនគិរី ៦២០
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​សហគមន៍

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រតិកម្ម​ជា​ថ្មី​ម្ដង​ទៀត​ប្រឆាំង​វៀតណាម បន្ទាប់​ពី​រក​ឃើញ​ថា វៀតណាម​បាន​ជីក​ស្រះ​ទឹក​ចូល​ក្នុង​អធិបតេយ្យភាព​ដែន​ដី​របស់​កម្ពុជា។ ជុំវិញ​រឿង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​គាំទ្រ​សកម្មភាព​រដ្ឋាភិបាល​ក្នុង​ការ​ចេញ​កំណត់​ទូត​នេះ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​នៅ​ពេល​នេះ ក្នុង​ផ្លូវ​ត្រូវ និង​ចំណេញ​ដល់​ជាតិ គឺ​​លោក​ត្រូវ​តែ​គាំទ្រ។
នេះ​ជា​កំណត់​ទូត​លើក​ទី​ពីរ​ហើយ និង​ជា​ការ​កម្រ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ដែល​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ខ្លួន តាម​រយៈ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​រក​ឃើញ​ថា វៀតណាម​ពិត​ជា​​បាន​រំលោភ​ចូល​ក្នុង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា នៅ​លើ​ចំណុច​ដែល​ពុំ​ទាន់​បាន​ព្រមព្រៀង​គ្នា​ជា​ផ្លូវការ​នៅ​ឡើយ​នោះ។
កំណត់​ទូត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បច្ចេកទេស​នៃ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា នៅ​ខេត្ត​រតនគិរី បាន​រក​ឃើញ​ស្រះ​ទឹក​ចំនួន ៣​បន្ថែម​ទៀត​ដែល​កំបាំង​ក្នុង​ព្រៃ ហើយ​ស្រះ​ទឹក​នោះ​ជីក​ដោយ​វៀតណាម។ កំណត់​ទូត​បន្ត​ថា ស្រះ​ទឹក​ដែល​រក​ឃើញ​ថ្មី​បន្ថែម​ទៀត​នេះ គឺ​ជីក​ចន្លោះ​បង្គោល​ឡាក​លេខ ៣០ និង​បង្គោល​ឡាក ៤០ ស្ថិត​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ទីតាំង​នោះ​មិន​បាន​កំណត់​ខណ្ឌ​សីមា​ព្រំដែន​នៅ​ឡើយ។

ជុំវិញ​រឿងរ៉ាវ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កន្លង​ទៅ​តែង​វាយ​ប្រហារ​ដោយ​មិន​សំចៃ​មាត់​ប្រឆាំង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​រឿង​បូរណភាព​ទឹកដី​នេះ ក៏ប៉ុន្តែ​ឥឡូវ​នេះ​វិញ លោក​បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា នេះ​ជា​យន្តការ​ដែល​ល្អ និង​ជា​ការ​កម្រ​ក្នុង​ប្រវត្តិ​នយោបាយ​កម្ពុជា ដែល​រដ្ឋាភិបាល​ខ្មែរ​ហ៊ាន​បញ្ចេញ​ប្រតិកម្ម ដោយ​ផ្ញើ​ចេញ​កំណត់​ទូត​ប្រឆាំង​ការ​ប៉ុនប៉ង​ម្ដង​ជា​ពីរ​ដង​របស់​វៀតណាម ដែល​រំលោភ​ដី​កម្ពុជា នេះ៖ 
«ខ្ញុំ​និយាយ​មិញ​​គាំទ្រ ទង្វើ​រដ្ឋាភិបាល។ រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ហ៊ាន​តតាំង​ជាមួយ​យួន។ យើង​គាំទ្រ មិន​អ៊ីចឹង​បង​ប្អូន? គេ​ធ្វើ​ល្អ​អ្នក​ណា​ហ៊ាន​តតាំង។ ដូច្នេះ​អ្នក​ណា​ធ្វើ​អី​ល្អ​យើង​គាំទ្រ និង​លើក​ទឹក​ចិត្ត។ លើក​ទឹក​ចិត្ត​អ្នក​ស្នេហា​ជាតិ ពី​ខាង​ណា​ក៏ដោយ ឲ្យ​តែ​ធ្វើ​ល្អ»

រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ ដែល​កម្ពុជា បាន​ផ្ញើ​កំណត់​ជា​ថ្មី​ទៀត បន្ទាប់​ពី​ការ​ចេញ​កំណត់​ទូត​ដ៏​កម្រ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ នៅ​ក្នុង​កំណត់​ទូត​ដែល​កម្ពុជា អះអាង​ថា បាន​រក​ឃើញ​ស្រះ​ទឹក ៣​បន្ថែម​ពី​ទៀត ស្ថិត​ក្នុង​ទី​កំបាំង​ក្នុង​ចំណោម​ស្រះទឹក​ចំនួន ៥ ដែល​បាន​រក​ឃើញ​លើក​មុន​នោះ បាន​សរសេរ​ថា ផ្អែក​លើ​ផែន​ទី​ដែល​មាន​ខ្នាត ១/១០០.០០០ (១​លើ​១០០​ពាន់) ស្រះ​ទឹក​ទាំង​៣ ​គឺ​ជីក​ចូល​ដី​កម្ពុជា យ៉ាង​ជ្រៅ ដោយ​ស្រះ​ទឹក​ទី​១ មាន​ចម្ងាយ​ប្រមាណ ៣១៥​ម៉ែត្រ ពី​ខ្សែ​បន្ទាត់​ព្រំដែន។ស្រះ​ទឹក​ទី​២ ជីក​ចូល​ចម្ងាយ ៤២៥​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ ចម្ងាយ ៣៩០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន។
ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា វៀតណាម​គឺ​ពិត​ជា​បាន​រំលោភ​ចូល​មក​ក្នុង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ពិត​មែន។
នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា ចេញ​ប្រតិកម្ម​ដ៏​កម្រ​ជាមួយ​វៀតណាម ពី​រឿង​ព្រំដែន​ម្ដង​ហើយ​ម្ដង​ទៀត​នេះ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ត្រូវ​គោរព​តាម​ខ្សែ​ព្រំដែន ដែល​មាន​ខ្នាត​ផែនទី ១​លើ​១០០​ពាន់ ដែល​ជា​មូលដ្ឋាន​នៃ​សន្ធិសញ្ញា ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ដែល​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ឆ្នាំ​២០០៥ ដែល​ប្រទេស​ទាំង​ពី​កំណត់​ដែន​គោក រវាង​កម្ពុជា និង​វៀតណាម។
ផ្ទុយ​ពី​ការ​ថ្លែង​គាំទ្រ​របស់​លោក សម រង្ស៊ី ដោយ​ឡែក​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ៅ ពិសេស វិញ​យល់​ឃើញ​ថា ការ​ចេញ​កំណត់​ទូត​របស់​កម្ពុជា ដោយ​ទាមទារ​ឲ្យ​វៀតណាម គោរព​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៥ គឺ​ពុំ​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​កម្ពុជា​ទេ។ ជាង​នេះ​ទៀត កំណត់​ទូត​នេះ នឹង​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ទឹក​ដី​យ៉ាង​ច្រើន​ទៅ​វៀតណាម និង​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម រឹត​តែ​ពេញលេញ​ទៅ​វិញ។

លោក ម៉ៅ ពិសេស នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជំរុញ​ឲ្យ​វៀតណាម គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា​វិញ ដែល​កិច្ច​ព្រមព្រៀង​នោះ គឺ​បាន​ធានា​យ៉ាង​ច្បាស់​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា៖ 
«សន្ធិសញ្ញា​បំពេញ​បន្ថែម និង​កិច្ច​ព្រមព្រៀង​នេះ គឺ​វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​ទឹកដី​អស់​យ៉ាង​ច្រើន។ អ៊ីចឹង​ទេ យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ទូត​សា​ថ្មី គឺ​ធ្វើ​កំណត់​ទូត​ឲ្យ​វៀតណាម គោរព​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង​បាន​ត្រឹមត្រូវ»

កំណត់​ទូត​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ឡេ ហុងអាញ់ (Lê Hồng Anh) កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ទន្ទ្រាន​របស់​ភាគី​វៀតណាម មក​លើ​ទឹក​ដី​កម្ពុជា និង​ស្នើ​ឲ្យ​វៀតណាម បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​រឿង​​ព្រំដែន៕

No comments: