A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 June 2015

Cambodia lodges another diplomatic note against border encroachments by Vietnam កម្ពុជា​ដាក់​កំណត់​ទូត​មួយ​ទៀត​រឿង​វៀតណាម​សង់​ប៉ុស្តិ៍​យោធា

គណបក្ស​សង្គ្រោះជាតិ​ទៅ​ពិនិត្យ​ស្រះ​ដែល​វៀតណាម​ចូល​មក​ជីក​ក្នុង​ខេត្ត​រតនគិរី​​​។
គណបក្ស​សង្គ្រោះជាតិ​ទៅ​ពិនិត្យ​ស្រះ​ដែល​វៀតណាម​ចូល​មក​ជីក​ក្នុង​ខេត្ត​រតនគិរី​​​។ រូបថត អាដហុក 
     
ភ្នំពេញៈ ជា​ថ្មី​ម្តង​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជីក​ដី​ ដើម្បី​ចាក់​គ្រឹះ​សាងសង់​ប៉ុស្តិ៍​យោធា​​នៅ​ជិត​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ ខណៈ​ដែល​វៀតណាម​នៅ​តែ​ស្ងៀមស្ងាត់​មិន​ទាន់​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ឲ្យ​លុប​​ស្រះ​​ដែល​បាន​ជីក​ក្នុង​ទឹកដី​កម្ពុជា​នៅ​ខេត្ត​រតនគិរី​។
ក្នុង​កំណត់​ទូត​មួយ​ទៀត​ដែល​​បាន​​ផ្ញើ​​ទៅ​ស្ថានទូត​វៀតណាម ​នៅ​​ភ្នំពេញ​ កាលពី​ម្សិលមិញ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ស្ថានទូត​វៀតណាម​អំពី​កំណត់​ទូត​ចុះ​ថ្ងៃ​ទី​ ៨ ខែ​មិថុនា​ឆ្នាំ ២០១៥ ​ដោយ​ស្នើឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ភ្លាម​​នូវ​ការ​ជីក​​ដី​ដើម្បី​ចាក់​គ្រឹះ​សាងសង់​ប៉ុស្តិ៍​​យោធា​​មួយ​នៅ​​និយាម​ WT-06065-07703 ជិត​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល។
កំណត់​ទូត​របស់​ក្រសួង​ការបរទេស​បាន​សរសេរ​ថា៖ «ក្នុង​អំឡុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​​ចម្រុះ​​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០១៥ ភាគី​កម្ពុជា​បាន​ស្នើ​ភាគី​វៀតណាម​ឲ្យ​បញ្ឈប់​ការ​សាងសង់​​នេះ​»។
ក្រសួង​ការបរទេស​បាន​ប្រាប់​​ភាគី​វៀតណាម​ថា អាជ្ញាធរ​កម្ពុជា​​នៅ​ខេត្ត​កណ្តាល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ខេត្ត​អានយ៉ាង ចាប់​តាំងពី​ថ្ងៃ​ទី​ ២១ ខែ​មេសា និង​ទី​ ០៩ ខែ​មិថុនា ឆ្នាំ ២០១៥ ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ។
កំណត់​ទូត​បាន​បន្ត​ថា៖ «ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ខេត្ត​អានយ៉ាង នៅ​តែ​បន្ត​សាងសង់​​​ប៉ុស្តិ៍​​​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​​»​។
កំណត់​ទូត​បាន​បន្ថែម​ថា៖ «​អាស្រ័យ​ហេតុ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​សា​ជាថ្មី​ចំពោះ​​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​​​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​​សកម្មភាព​​ទាំង​នេះ​រហូត​ទាល់​តែ​​គណៈកម្មការ​ព្រំដែន​ចម្រុះ​​ព្រំដែន​នៃ​​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​ក្នុង​តំបន់​នេះ​ចប់​​ជា​ស្ថាពរ​​»។
ទន្ទឹម​នឹង​​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​កិច្ចពិភាក្សា​​តុ​មូល​​​​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD ​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​​ពាក្យបណ្តឹង​​ទៅ​តុលាការ​យុតិ្តធម៌​អន្ដរជាតិ​នៅពេល​ដែល​​​កំណត់​ទូត​កម្ពុជា​បាន​ផ្ញើ​​ទៅ​វៀតណាម​នៅ​តែ​មិន​​មាន​ប្រសិទ្ធភាព​ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​​ខ្មែរ​ទាំងអស់​គ្រប់​និន្នាការ​នយោបាយ​ផ្តោត​លើ​បញ្ហា​ព្រំដែន​​​​ទាំងអស់​​គ្នា​ ដើម្បី​ដោះស្រាយ​​បញ្ហា​ព្រំដែន​​ជាមួយ​នឹង​វៀតណាម។

លោក សុខា ​ថ្លែង​ថា៖ «ខ្ញុំ​ឮ​ថា​កំណត់​ទូត​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ ដល់​ ២០១៥ ​នៅ​តែ​ជា​កំណត់​ទូត​ដដែល​ហើយ​បញ្ហា​​ឈ្លានពាន​នៅ​តែ​មាន​​ដដែល​។ ប្រសិន​បើ​​មិន​​មាន​ប្រសិទ្ធភាព​​បែប​នេះ តើ​យើង​​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត​ទៅ​? ប្រសិន​បើ​មិន​មាន​ប្រសិទ្ធភាព​យើង​ត្រូវ​តែ​​ចាត់​វិធានការ​មួយ​ទៀត ដើម្បី​ដោះស្រាយ​។ រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ធ្វើ​ជាមួយ​ភាគី​ថៃ​ដែរ ហើយ​ប្រសិន​​បើ​​មិន​មាន​ប្រសិទ្ធភាព​រាជរដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​មួយ​ទៀត​រហូត​ដល់​ដាក់​​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ។ ដូច្នេះ​បញ្ហា​នេះ​បើ​សិន​ជា​មិន​​មាន​ប្រសិទ្ធភាព​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​​ពី​ជំហរ​របស់​ខ្លួន​ថា​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត​»។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក កឹម សុខា អនុប្រធាន​បាន​ជួប​ប្រជុំ​​ជាមួយ​នឹង​សមាជិក​​រដ្ឋសភា​របស់​គណបក្ស​ដើម្បី​​ពិភាក្សា​​​ពី​បញ្ហា​ព្រំដែន​ដែល​កំពុង​​តែ​ឡើង​កម្ដៅ​នេះ​ដោយ​ស្នើ​​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​ថា លោក សម រង្ស៊ី​ ប្រហែល​ជា​​​​​​​និយាយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើ​បញ្ហា​ព្រំដែន​នៅក្នុង​ខែ​នេះ។​
លោក បុញ្ញឫទ្ធិ បន្ត​ថា៖ «ជា​គោលការណ៍​យើង​បាន​ស្នើសុំ​ [រដ្ឋាភិបាល] ពន្យារ​ពេល [ការ​បោះ​បង្គោល​ព្រំដែន​] រង់ចាំ​គណៈកម្មការ​អ្នក​ជំនាញ​វាស់​តាម​ផែនទី​ត្រឹមត្រូវ»។
លោក​បាន​បន្ថែម​ថា​ គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​ស្គាល់​សមាជិក​រដ្ឋសភា​ដែល​​កំពុង​ធ្វើការ​លើ​បញ្ហា​​ព្រំដែន​កន្លងមក​ដោយ​​លោក​​បាន​បន្ត​ថា លោក​ សម រង្ស៊ី នឹង​ប្រើ​វប្បធម៌​សន្ទនា ដើម្បី​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេល​សម​ស្រប​ណា​មួយ។
ស្ថានទូត​វៀតណាម ​ប្រចាំ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ខណៈ​ដែល​រដ្ឋាភិបាល​វៀតណាម​នៅ​តែ​មិន​ទាន់​ឆ្លើយតប​ចំពោះ​កំណត់​ទូត​របស់​ក្រសួង​ការបរទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី​ដែល​វៀតណាម​ចូល​មក​ជីក​ស្រះ​ជា​បន្តបន្ទាប់​យ៉ាង​ហោច​ណាស់​ចំនួន ៩ នៅក្នុង​ខេត្ត​រតនគិរី​​នា​ពេល​ថ្មីៗ​នេះ​៕ TK

1 comment:

Kim Ea said...

Did Khmer government authority have an international right to summon Vietnam ambassador to protest them about this incursion on the border matter? Why they not do that ? Why they need to send the protest by mail ? Did all of this is a trick to fake Khmer and yank away their boiling sentiment of border affair? This scheme of a delay tactic to appease Khmer anger is a professional tactic use by Yuon in Khmer political affair for 30 years, it's enough .