A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 June 2015

សម្ដេច​ក្រុម​ព្រះ​រិះគន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា​ប្រើ​វប្បធម៌​សន្ទនា​បោកប្រាស់​ពលរដ្ឋ


សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន ២​ពាន់​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Um Rainsy


ដោយ អ៊ុំ រង្សី
2015-05-30 rfa

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​រិះគន់​សាជាថ្មី​ទៅ​កាន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចូលរួម​បង្កើត និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​រិះគន់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន ២​ពាន់​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដើម្បី​បង្ហាញ​គោល​នយោបាយ​នៃ​ចលនា​យុវជន​រាជា​និយម​កម្ពុជា។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​រិះគន់​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ និង​មិន​ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ​នោះ​ទេ។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​សំណេះសំណាល សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​ថ្លែង​រិះគន់​ចំៗ​ទៅ​កាន់ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​វប្បធម៌​សន្ទនា​មាន​ចរិត​នយោបាយ បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​ផ្តាំ​ទៅ​កាន់ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ខ្ញុំ​ព្រះករុណា​ធ្លាប់​ស្រោចស្រង់​ជីវិត ហើយ​ប្រសិន​ជា​ប្រុង​ធ្វើ​វប្បធម៌​សន្ទនា​ដដែល សូម​ផ្ដាំ​ថា សូម​កុំ​នាំ​យក​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ស្លាប់​ជំនួស និង​វេទនា​ជំនួស សូម​គិត​ពី​ប្រយោជន៍​រាស្ត្រ​យក​ជាតិ​ជា​ធំ»។



ឆ្លើយ​តប​នឹង​ការ​រិះគន់​ចំពោះ​វប្បធម៌​សន្ទនា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍ និង​មិន​ខ្វល់​ចំពោះ​ការ​រិះគន់​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ចរិត​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ ហើយ​វា​ជា​ទម្លាប់​របស់​សម្ដេច​ក្រុម​ព្រះ​ទៅ​ហើយ។ លោក​បន្ត​ថា រាល់​ការ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​វប្បធម៌​សន្ទនា ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទាំងអស់​រាល់​សម្ដី​របស់​សម្ដេច​ក្រុម​ព្រះ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​អ្វី​ក៏ដោយ​មាន​គោល​ជំហរ​របស់​ខ្លួន មាន​ការ​ពិចារណា​ត្រឹមត្រូវ ពិសេស​វប្បធម៌​សន្ទនា គឺ​យើង​ចេះ​គិតគូរ​ហើយ»។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ក្នុង​នាម​សម្ដេច​ក្រុម​ព្រះ​ជា​អ្នក​ដឹក​នាំ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ លោក​គួរ​តែ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ និង​ការ​បរាជ័យ​របស់​ខ្លួន​ដែល​ធ្វើ​ជា​អ្នក​នយោបាយ។ លោក​បន្ត​ថា វប្បធម៌​សន្ទនា​របស់​បក្ស​ទាំង​ពីរ​នៅ​ពេល​នេះ ជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ព្រម​ទាំង​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា៖ «ខ្ញុំ​គិត​ថា សម្ដេច​ក្រុម​ព្រះ​គួរ​តែ​គិត​ឡើង​វិញ សម្ដេច​ក្រុម​ព្រះ​ត្រូវ​ចេះ​ធ្វើ​នយោបាយ កុំ​គ្រាន់​ចេះ​តែ​ទិតៀន​អ្នក​ដទៃ គួរ​តែ​ចេះ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន។ ម្យ៉ាង​ទៀត​គួរ​តែ​រក​យុទ្ធសាស្ត្រ​អី ដើម្បី​បម្រើ​ប្រយោជន៍​បក្ស​របស់​ខ្លួន​ទៅ»។

ក្រៅ​ពី​ការ​រិះគន់​ចំពោះ​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក៏​ដាស់តឿន​ទៅ​កាន់​អ្នក​រាជា​និយម កុំ​ឲ្យ​ភ្លេច​ជ័យជម្នះ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ឆ្នាំ​១៩៩៣ ដែល​ជា​អ្នក​ជាតិ​និយម យក​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ។ លើស​ពី​នេះ សម្ដេច​ក្រុម​ព្រះ​ប្រកាស​ថា នឹង​ឈរ​ឈ្មោះ​ជា​អ្នក​នយោបាយ​បន្ត​ទៀត៕

1 comment:

Kim Ea said...

Did this fool prince tell Khmer the truth? The dog born with curling tail never trait it up . they lied from majority party to non elect party,sale all party properties, and now he got bribe from dictator,this dog got out with the leash attached but bark louder for his money . This guy have no shame, no honor,no human dignity no brain. Please be careful of this womanize dog,keep a way your good looking daughter .