A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

បក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​រដ្ឋាភិបាល​បើក​ចំហ​សេចក្ដី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ

ដោយ ឡេង ម៉ាលី
2015-06-01
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បើ​ទោះ​ជា​មាន​ភាព​ចម្រូងចម្រាស​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ដោយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​មិន​ល្អ​សម្រាប់​ផល​ប្រយោជន៍​សង្គម។

នៅ​ថ្ងៃ​ទី​១ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​ដល់​ការ​បើក​ចំហ និង​មាន​តម្លាភាព​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល ថា​គួរ​រង់ចាំ​លទ្ធផល​សេចក្ដី​ព្រាង​នោះ​សិន។

មន្ត្រី​រាជ​រដ្ឋាភិបាល ចាត់​ទុក​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​សម្រាប់​ផល​ប្រយោជន៍​គណបក្ស។

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​១ មិថុនា ថា សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ទិសដៅ​ទាក់ទាញ​អារម្មណ៍​របស់​គណបក្ស ឬ​ហៅ​ថា ប្រជាភិថុតិ មិន​ពាក់ព័ន្ធ​អ្វី​នឹង​សេចក្ដី​ព្រាង​ច្បាប់​នោះ​ទេ៖ «ខ្ញុំ​ចង់​ជម្រាប​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុចរិត ហើយ​មាន​យុត្តិធម៌​ជាមួយ​នឹង អិន.ជី.អូ (NGO) គួរ​គាត់​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ពេល​ការ​ពិចារណា នៅ​ពេល​ជជែក​គ្នា​នៅ​សភា ជា​ជាង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដែល​អត់​មាន​ន័យ ដោយសារ​យល់​ច្បាស់​ហើយ​ថា យើង​ខ្ញុំ​ខាង​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ឱកាស ដើម្បី​ទទួល​អនុសាសន៍​ពី​ភាគី​ពាក់ព័ន្ធ»។



លោក ផៃ ស៊ីផាន ថ្លែង​ទៀត​ថា ដំណាក់​កាល​នេះ គឺ​ជា​ដំណាក់​កាល​សមត្ថកិច្ច និង​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​ផ្ចង់​អារម្មណ៍​របស់​ខ្លួន​នៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​ច្បាប់​ដែល​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ ដែល​ខ្លួន​ជា​តំណាង។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​ថា ខ្លួន​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ចូលរួម​ផ្ដល់​យោបល់ នៅ​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ជូន​មក​ដល់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត។ លោក យឹម សុវណ្ណ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ដាក់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ មិន​មែន​ជា​បញ្ហា​នយោបាយ​ទេ៖ «គ្មាន​ចង់​បាន​ចំណេញ​ផ្នែក​នយោបាយ​អី​ទេ។ យើង​ចង់​ឲ្យ​ប្រទេស​ជាតិ​យើង ប្រជាពលរដ្ឋ​យើង​ចំណេញ ហើយ​សង្គម​ស៊ីវិល​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ជាតិ​មក​ដល់​សង្គម​ច្រើន​ណាស់ ជួយ​រដ្ឋាភិបាល​ច្រើន​ណាស់ ហើយ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់ ជា​ធម្មតា យើង​ត្រូវ​ប្រមែប្រមូល​មតិ​យោបល់​ពី​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ មុន​នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ហើយ​មុន​នឹង​ច្បាប់​ហ្នឹង​ចូល​ទៅ​ដល់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត។ បើ​សិន​ជា​យើង​ចាំ​ដល់​សភា​ពិភាក្សា និង​អនុម័ត ហើយ​បាន​ទៅ​សួរ​យោបល់​សង្គម​ស៊ីវិល ភាគី​ពាក់ព័ន្ធ អា​ហ្នឹង​វា​យឺត​ពេល​ទៅ​ហើយ។ អ៊ីចឹង​ដំណើរ​ការ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់ យើង​ត្រូវ​តែ​គិត​ជា​មុន»។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ គូស​បញ្ជាក់​ថា ការ​ការពារ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន ជាពិសេស​សេរីភាព​ក្នុង​បង្កើត​សហជីព សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល ជា​គោល​បំណង​សំខាន់​នៃ​ច្បាប់​នេះ។ ដូច្នេះ ច្បាប់​នេះ​គប្បី​ការពារ​ឆន្ទៈ​របស់​សហគមន៍​មូលដ្ឋាន សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​កំពុង​ប្រតិបត្តិការ​បម្រើ​ផល​ប្រយោជន៍​សង្គម​ខ្មែរ​ទាំង​មូល និង​ការ​ចូលរួម​វិភាគទាន​របស់​ពលរដ្ឋ​ក្នុង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការ​ការពារ​សិទ្ធិ​មនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​វប្បធម៌។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​ថា គណៈកម្មការ​ជំនាញ​ទី​៥ រដ្ឋសភា នឹង​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់ ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ។

ទោះ​ជា​ដូច្នេះ​ក្ដី លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​ពេល​នេះ​ជា​ដំណាក់​កាល​ធ្វើ​សេចក្ដី​ព្រាង គឺ​នៅ​មិន​ទាន់​បង្ហាញ​អ្វី​ពី​ជំហរ​របស់​រដ្ឋាភិបាល​ទេ។ លោក​ថា នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​ចប់ ទើប​ឃើញ​ជំហរ​របស់​រដ្ឋាភិបាល ហើយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​យក​ជំហរ​របស់​ខ្លួន​មក​ប្រជែង​បាន៕

No comments: