A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 June 2015

"កុមារ​ក្រីក្រ​ជា​ឧបករណ៍​រក​ប្រាក់​ឲ្យ​ឪពុក​ម្ដាយ​និង​បាត់​ឱកាស​សិក្សា"


កុមារ​សុំ​ទានលើ​​ចិញ្ចើម​ផ្លូវ ម្តុំស្តុប​​រង្វង់​មូល​ចេនឡា ​(ផ្សារ​ដើមគ) រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៤។
Photo: RFA

ដោយ សិរីមុនី
2015-06-02

មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា កុមារ​កម្ពុជា មួយ​ចំនួន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​រក​លុយ​ជូន​ម្តាយ​ឪពុក។ ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ បាន​កើត​មាន​ច្រើន​ទៅ​លើ​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ មិន​ថា​នៅ​ទី​ជនបទ ឬ​នៅ​ទីក្រុង​នោះ​ឡើយ។

កុមារ​មួយ​ចំនួន​រស់នៅ​តំបន់​ជនបទ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ធ្ងន់ៗ​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្ដាយ ជួយ​ដក​សន្ទូង និង​ការងារ​ផ្សង​ទៀត។ រីឯ​នៅ​ទីក្រុង​វិញ ឪពុក​ម្ដាយ ឬ​កុមារ​កំព្រា​ដើរ​សុំ​ទាន លក់​ផ្កា ជួយ​សម្អាត​ឡាន ម៉ូតូ តាម​ដង​ផ្លូវ ជាដើម។

នេះ​ជា​ការ​លើក​ឡើង​នៃ​កុមារ​ម្នាក់​ដែល​មាន​មាឌ​តូច​ល្អិត សម្បុរ​ស្រអែម សក់​រលាស់ ស្បែក​មាន​កម​រមាស់ និង​មាន​ទឹក​មុខ​ស្លេកស្លាំង ដែល​តែង​តែ​ដើរ​លក់​ផ្កា​ជា​ប្រចាំ​នៅ​ស្តុប​កាណាឌីយ៉ា ក្រុង​ភ្នំពេញ។ កុមារ​ម្នាក់​នេះ​មាន​ឈ្មោះ​ថា ហេង។ ក្មេង​ប្រុស​នេះ​មាន​អាយុ ៧​ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​អ្នក​លឿង ខេត្ត​កណ្ដាល។ គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​២ និង​មាន​បង​ប្អូន​ប្រាំបី​នាក់។ កុមារ ហេង បាន​រៀបរាប់​ថា ប្អូន​ចង់​រៀន និង​មិន​ចង់​មក​លក់​ផ្កា​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ហែង​នេះ​ទេ។ ការ​ដែល​មក​លក់​ផ្កា​នេះ ដោយសារ​ការ​បង្ខំ​ពី​ម្តាយ​ឪពុក​របស់​គាត់៖ «ជួន​ពេល​ខ្លះ​រក​លុយ​បាន​យក​ទៅ​មើល​ម៉ែ​ឈឺ និង​ពេល​ខ្លះ​ពុក​បង្ខំ​ខ្ញុំ​ឲ្យ​ឈប់​រៀន»។

កុមារ​ម្នាក់​ផ្សេង​ទៀត​ដែល​តែង​តែ​រត់​ចុះ​រត់​ឡើង​នៅ​ស្តុប​អាង​ទឹក​អូឡាំពិក ក្រុង​ភ្នំពេញ កុមារ សុជាតិ និយាយ​ថា គាត់​ទើប​បាន​ចូល​រៀន​នៅ​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ក្មេង​ប្រុស​ម្នាក់​នេះ​បន្ត​ថា គាត់​ចង់​រៀន​ឲ្យ​បាន​ទៀងទាត់​ដែរ ប៉ុន្តែ​នៅ​ពេល​ទៅ​រៀន​ម្តងៗ ម្តាយ​ឪពុក​របស់​គាត់​តែង​តែ​មើល​មុខ ដោយ​ការ​មិន​ពេញ​ចិត្ត និង​បង្ខំ​ឲ្យ​គាត់​ដើរ​សុំ​លុយ​អ្នក​ដំណើរ ដើម្បី​យក​មក​ផ្គត់ផ្គង់​គ្រួសារ៖ «ដល់​សាលា គ្រូ​ខ្ញុំ​វ៉ៃ​រហូត កុំ​ឲ្យ​ឈប់​កុំ​ឲ្យ​ឈប់ ឈប់​រហូត»។

កុមារ​នៅ​ក្នុង​ទីក្រុង​ខ្លះ​មាន​ឪពុក​ម្ដាយ​រស់នៅ​ជាមួយ​ខ្លះ​ទៀត​មក​ពី​តាម​បណ្ដា​ខេត្ត ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ដើរ​សុំ​ទាន​នៅ​តាម​ស្តុប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ មួយ​ចំនួន​ទៀត​នៃ​ពួក​គាត់ បាន​ប្រើប្រាស់​គ្រឿង​ញៀន ហិត​កាវ គ្មាន​អាណាព្យាបាល​គ្រប់គ្រង​ច្បាស់លាស់​ទេ។ ពួក​គេ​ដើរ​ផ្សង​ព្រេង​រក​លុយ​ដើម្បី​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កុមារ​ខ្លះ បាន​ចង​គ្នា​ជា​ក្រុម​ដើរ​លក់​ផ្កា​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ស្ដុប​ក្នុង​រាជធានី​ភ្នំពេញ។

កុមារ​ដើរ​បោស​សម្អាត​ឡាន​អ្នក​ដំណើរ និង​សុំ​លុយ​នៅ​តាម​ដង​ផ្លូវ​មួយ​នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Chanthuna


ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ទាំង​នេះ ទោះ​ជា​បង្ខំ ឬ​មិន​បង្ខំ​ក្ដី គឺ​ជា​ការ​រំលោភ​សិទ្ធិ​កុមារ​ធ្ងន់ធ្ងរ ហើយ​ខុស​នឹង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ដែល​កម្ពុជា ក្លាយ​ជា​រដ្ឋ​ភាគី​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២។

ថ្ងៃ​ទី​១ មិថុនា នេះ គឺ​ជា​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​ជាតិ​កម្ពុជា ដែល​កុមារ​ជាច្រើន​ទៀត​រស់នៅ​ក្នុង​ស្ថានភាព​គ្រួសារ​មធ្យម និង​កូន​អ្នក​មាន​ជាដើម បាន​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​ត្រូវ​បាន​អាណាព្យាបាល​នាំ​ទៅ​ដើរ​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​នានា។ ខ្លះ​ទៀត ទៅ​លេង​នៅ​ផ្សារ​ទំនើប និង​ហូប​អាហារ​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ស្ថានភាព​នេះ បើ​ប្រៀបធៀប​នឹង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើរ​សុំ​ទាន ឬ​ដើរ​លក់​ផ្កា​នោះ ពួក​គាត់​មាន​វាសនា​ខុស​គ្នា​ស្រឡះ។

អ្នក​ឯកទេស​សុវត្ថិភាព​កុមារ​នៃ​អង្គការ​មិត្ត​សំឡាញ់ លោក សែម រតនា លើក​ឡើង​ថា ជា​រៀង​រាល់​ថ្ងៃ ក្រុម​ការងារ​របស់​លោក​តែង​មក​យក​ក្មេង​ដែល​សុំ​ទាន​នៅ​តាម​ភ្លើង​ស្តុប​ទៅ​រៀន។ លោក​បន្ត​ថា ភាគ​ច្រើន កុមារ​ទាំង​នេះ​ចូល​ចិត្ត​រៀន និង​រៀន​បាន​ពូកែ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា កុមារ​ដែល​ដើរ​សុំ​ទាន​តាម​ភ្លើង​ស្តុប មិន​បាន​ទៅ​រៀន​ទៀងទាត់​ប៉ុន្មាន​ទេ ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​ទីលំនៅ មិន​មាន​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​ដើម្បី​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន៖ «១២៨​នាក់​ទាំង​ចាស់​ទាំង​ក្មេង គួរ​កុំ​ឲ្យ​លុយ​គាត់ កាល​ណា​យើង​ឲ្យ​លុយ យើង​ទិញ​ផ្កា ការ​ឲ្យ​សម្ភារៈ​ហាក់​គាំទ្រ​ឲ្យ​មក​នៅ​នឹង​ភ្លើង​ស្តុប​អ៊ីចឹង។ យើង​ចង់​ឲ្យ​គាត់​ចាក​ចេញ​ពី​ជីវិត​តាម​ថ្នល់ និង​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ»។

លោក សែម រតនា បញ្ជាក់​ថា ការ​ដែល​កុមារ​រស់នៅ​ជា​ប្រចាំ​តាម​សួន​ផ្កា តាម​សំយាប​ផ្ទះ គឺ​ខ្វះ​អនាម័យ ខ្វះ​ភាព​កក់ក្តៅ ហើយ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន។ លោក​បន្ត​ថា គ្រួសារ គឺ​ជា​ទី​ជម្រក​ដ៏​មាន​ន័យ​ក្នុង​ជីវិត ហើយ​ឪពុក​ម្ដាយ​ត្រូវ​តែ​ផ្តល់​ឱកាស​ឲ្យ​កុមារ​បាន​សិក្សា ដើម្បី​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់​នៅ​ពេល​អនាគត។

ស្ត្រី​ម្នាក់​ដែល​កំពុង​រាប់​លុយ​ដែល​មាន​ក្រដាស ១០០ ៥០០ ១០០០ ២០០០ ដែល​បាន​មក​ពី​ការ​សុំ​ទាន​របស់​កូន​គាត់​និយាយ​ថា គាត់​មិន​ចង់​ឲ្យ​កូន​ដើរ​សុំ​ទាន​គេ​ទេ ប៉ុន្តែ​មក​ពី​ក្រុម​គ្រួសារ​របស់​គាត់​ក្រ គ្មាន​ដី​ស្រែ​ធ្វើ និង​ម្យ៉ាង​ជំពាក់​លុយ​គេ​ច្រើន​ពេក។ គាត់​ប្រើ​កូន​គាត់​ទាំង​បង្ខំ​ចិត្ត និង​គ្មាន​ជម្រើស។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង នេះ​បន្ត​ថា បើ​សិន​គាត់​មាន​ការងារ មាន​ដី​ស្រែ​ចម្ការ​ធ្វើ​ត្រឹមត្រូវ​នឹង​គេ ម្ល៉េះ​លោកស្រី​នឹង​ឈប់​សុំ​ទាន​ទៀត​ហើយ៖ «ព្រោះ​តែ​ក្រ​ហ្នឹង​ហើយ បាន​ជា​ដាច់​ចិត្ត​មក​សុំ​ទាន ឡាន​ដេញ​ចាប់ អត់​ចេះ​ជួយ​មើល​អ្នក​ក្រ​ផង»។

បុរស​ម្នាក់​អង្គុយ​លើ​រទេះ​ជន​ពិការ ដៃ និង​ជើង​ស្វិត​ទាំងអស់ រួម​ទាំង​ពិការ​ភ្នែក​ស្តាំ​ផង​នោះ​ប្រាប់​ថា លោក​ពិត​មិន​ចង់​នាំ​កូន​មក​សុំ​ទាន​គេ​នោះ​ទេ។ លោក​ចង់​ឲ្យ​កូន​បាន​រៀន​សូត្រ​នឹង​គេ ក្រែង​អនាគត​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​លោក។ លោក​និយាយ​បន្តើរ​ទឹក​មុខ​ប្រែ​ពណ៌​ពី​ខ្មៅ​មក​ជា​ក្រហម អម​នឹង​ការ​រមៀល​ចុះ​នៃ​ទឹក​ភ្នែក​ទាំង​មិន​បាន​ព្រៀង​ទុក៖ «ចង់​ចោទ​សួរ​សម្ដេច ហ៊ុន សែន ដែរ​ថា ហេតុ​អ្វី​បាន​គាត់​អត់​គិតគូរ​ជន​ពិការ​សោះ​ចឹង ខ្មាស​សាសន៍​គេ​ដទៃ​ទៀត​ណាស់»។

លោក​បន្ត​ថា ក្នុង​គ្រួសារ​របស់​លោក​មាន​ជន​ពិការ​បី​នាក់ ហើយ​គ្មាន​នរណា​រក​ស៊ី​ចិញ្ចឹម​នោះ​ទេ។ លោក​អះអាង​ថា ឲ្យ​តែ​រដ្ឋាភិបាល​មាន​ផែនការ​ជួយ​លោក​ពិត​ប្រាកដ ដោយ​បង្កើត​ការងារ​ឲ្យ​លោក​ធ្វើ ហើយ​ប្រាក់​ខែ​អាច​ចាយ​បាន លោក​នឹង​ឈប់​សុំ​ទាន​ភ្លាម។

បុរស​អ្នក​ដំណើរ​ម្នាក់​លើក​ឡើង​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដើរ​សុំ​ទាន​របស់​ក្មេងៗ​ទាំង​នេះ​ទាល់​តែ​សោះ៖ «កុំ​ឲ្យ​នៅ​សុំ​ទាន​អ៊ីចឹង វា​ប៉ះពាល់​ដល់​សុខភាព វា​គ្រោះថ្នាក់ ធ្វើ​អ៊ីចឹង​ក្មេង​ទម្លាប់​អត់​ល្អ ក្មេង​ខូច​អនាគត»។

កុមារី​ម្នាក់​ដែល​អាយុ​ត្រឹម ៨​ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​ទី​២ នៃ​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និយាយ​ថា គាត់​មិន​ចង់​ដើរ​សុំ​ទាន​ទេ តែ​បើ​មិន​សុំ​លុយ​គេ​ទេ ឪពុក​នឹង​រក​រឿង​ជាក់​ជា​មិន​ខាន៖ «ពេល​ខ្ញុំ​ទៅ​រៀន ខឹង​ខ្ញុំ មិន​ប៉ាច់​ទៅ​ទេ ដល់​ចឹង​ខ្ញុំ​ខឹង​អត់​ទៅ​រៀន​ហ្មង»។

មាត្រា​១៨ នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ឆ្នាំ​១៩៨៩ ចែង​ថា រដ្ឋ​ភាគី​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ធានា​ការ​ទទួល​ស្គាល់​គោលការណ៍​ដែល​ថា ឪពុក​ម្ដាយ​ទាំង​ពីរ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម ក្នុង​ការ​ចិញ្ចឹម​បីបាច់ និង​ធ្វើ​ឲ្យ​កុមារ​មាន​ការ​អភិវឌ្ឍ។ ការ​ទទួល​ខុស​ត្រូវ​បឋម​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ការ​អភិវឌ្ឍ ត្រូវ​ស្ថិត​នៅ​លើ​ឪពុក​ម្ដាយ ឬ​បើ​ពុំ​នោះ​ទេ អ្នក​អាណាព្យាបាល​ស្រប​ច្បាប់​របស់​កុមារ។ ពួក​គេ​នេះ ត្រូវ​គិត​មុន​បង្អស់​ដល់​ឧត្តម​ប្រយោជន៍​របស់​កុមារ។

ដើម្បី​ធានា និង​លើក​ស្ទួយ​សិទ្ធិ​ដូច​ចែង​ក្នុង​អនុសញ្ញា​នេះ រដ្ឋ​ភាគី​ត្រូវ​ផ្តល់​ជំនួយ​សមស្រប​ដល់​ឪពុក​ម្តាយ និង​អាណាព្យាបាល​ស្រប​ច្បាប់​របស់​កុមារ ដើម្បី​បំពេញ​តួនាទី​ចិញ្ចឹម អប់រំ​កុមារ និង​ធានា​ដល់​ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន គ្រឹះស្ថាន និង​សេវាកម្ម​ទទួល​បន្ទុក​ថែទាំ​កុមារ។

ការ​រៀបចំ​ផែនការ​ចំពោះ​ជីវិត​កុមារ​សុំ​ទាន​តាម​ភ្លើង​ស្តុប​ក្នុង​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​ក្រុង​ភ្នំពេញ​តែ​មួយ​មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​ទាមទារ​ឲ្យ​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត។ លោក​បន្ត​ថា សាលា​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​យក​ក្មេង​ទាំង​នោះ​ទៅ​សាលា ដើម្បី​ទទួល​បាន​ការ​អប់រំ​នឹង​គេ៖ «មាន​សង្កាត់​រួម​គ្នា ដើម្បី​ជួយ​ទប់ស្កាត់​ការ​សុំ​ទាន​របស់​កុមារ។ នៅ​ពេល​ខាង​មុខ យើង​នឹង​អនឡាញ​សម្រាប់​សាធារណជន ដើម្បី​ទាក់ទង​ប្រាប់​កន្លែង​ដែល​មាន​ក្មេង​សុំ​ទាន»។

តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រជាជន​ខ្មែរ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​មាន​ចំនួន ២០,៥% ប្រជាជន​ជិត​ក្រីក្រ ហើយ​រងគ្រោះ​មាន​ចំនួន ៦៥%។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី អះអាង​ថា ក្មេង​អាយុ​ពី ៦ ដល់ ១៤​ឆ្នាំ ដែល​រងគ្រោះ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មាន​ចំនួន ១៦% ហើយ​ក្មេង​ក្រោម​អាយុ ១៨​ឆ្នាំ ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​មាន​ចំនួន ៤៥%។

ទិវា​កុមារ​អន្តរជាតិ​ខួប​លើក​ទី​៦៦​ឆ្នាំ​នេះ ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ "លើក​កម្ពស់​អាហារូបត្ថម្ភ​ប្រកប​ដោយ​គុណភាព​ដើម្បី​កុមារ"។

មន្ត្រី​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ត្រូវ​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ដើម្បី​ធានា​ថា កុមារ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​អប់រំ និង​ចំពោះ​មុខ​ច្បាប់។

ម្តាយ​ឪពុក​របស់​កុមារ​សុំ​ទាន ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ឲ្យ​ពួក​គាត់​មាន​ការងារ មាន​ប្រាក់​ខែ​សមរម្យ និង​ដី​ផ្ទះ ស្រែ​ចម្ការ​ធ្វើ​នឹង​គេ។ ពួក​គាត់​អះអាង​ថា គាត់​មិន​ចង់​ឲ្យ​កូន​ដើរ​សុំ​ទាន​គេ​នោះ​ទេ ហើយ​ចង់​ឲ្យ​កូនៗ​របស់​ពួក​គាត់​មាន​ការ​សិក្សា​ដូច​កូន​អ្នក​ដទៃ​ទៀត​ដែរ៕

No comments: